រូបបដិមា​ធំ​មួយ​ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​កសិន្ធុ​ប្រាសាទ​ព្រះ​គោ​

ប៉ិច សុធារី / Khmer Times No Comments Share:
មន្ត្រី​ពិនិត្យ​រូប​បដិមា​ដែល​រក​ឃើញ​។​ ​ រូបថត​ ​អាជ្ញាធរ​អប្ប​រា​

ភ្នំពេញ​៖​ ​រូប​បដិមា​ធំ​មួយ​ដែល​មាន​ប្រវែង​បណ្តោយ ១១៤សង់ទីម៉ែត្រ​ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដោយ​ចៃដន្យ​នៅ​ជ្រុង​ភាគ​ឥសាន​នៃ​កសិន្ធុ​ប្រាសាទ​ព្រះ​គោ​ ​ភូមិ​ឪឡោក​ ​ឃុំ​បាគង​ ​ស្រុក​ប្រាសាទបាគង​ ​ខេត្តសៀមរាប​ ​កាលពី​ថ្ងៃ​ចន្ទ​។​

​ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​ ​និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ​លោក​ ​លី​ ​វណ្ណា​ ​បាន​មានប្រសាសន៍​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ​រូប​បដិមា​ដែល​បាន​ប្រទះឃើញ​នេះ​ ​គឺ​មានតែ​តួខ្លួន​ប៉ុណ្ណោះ​ ​ខណៈ​ដែល​ព្រះកេស​ ​ព្រះ​ហស្ថ​ទាំង​សង្ខាង​ ​និង​ព្រះបាទ​ទាំងពីរ​ត្រឹម​ជង្គង់​ ​ត្រូវ​បាន​បាត់បង់​ ​ដែល​ធ្វើឲ្យ​មន្ត្រី​ជំនាញ​បុរាណវិទ្យា​ពិបាក​ក្នុង​ការកំណត់​អត្តសញ្ញាណ​។​

​លោក​ថា​៖​ ​«​រូប​បដិមា​នេះ​ធ្វើ​ពី​ថ្មពួក​ ​ហើយ​ការ​តុបតែង​ ​ក្បាច់ក្បូរ​ ​ដែល​រចនា​លើ​សំពត់​ហ្នឹង​ ​ដែល​ជា​សំពត់​ខ្លី​លើ​ជង្គង់​បន្តិច​ ​មាន​ជាយសំពត់​ធ្លាក់​មក​សង្ខាង​ ​និង​ខាងមុខ​ជា​រាង​កន្ទុយត្រី​ ​មាន​ក្រវាត់​ខ្សែ​ក្រ​វ៉ាត់​ ​ក្រ​វ៉ាត់​លើក​ជាយសំពត់​ឡើង​មក​លើ​ ​មានន័យថា​ ​លក្ខណៈ​សំគាល់​សំលៀកបំពាក់​បែបនេះ​ ​គឺ​ស្រដៀងគ្នា​ខ្លាំង​ទៅ​នឹង​សំពត់​នៃ​រូប​ព្រះ​នរាយណ៍​ ​ឬ​ព្រះវិស្ណុ​ ​នៃ​រចនា​បទ​ព្រះ​គោ​ ​ដែល​សព្វថ្ងៃ​រូប​បដិមា​ព្រះ​នរាយណ៍៍​នោះ​ ​ក៏​មាន​តាំងនៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ​ដែរ​»​។​

​បើ​តាម​ ​លោក​ ​លី​ ​វណ្ណា​ ​បើសិនជា​រូប​បដិមា​នេះ​មាន​រូបរាង​ពេញលក្ខណៈ​ ​អាច​មាន​កម្ពស់​ដល់ទៅ​ជិត២ម៉ែត្រ​។​

​លោក​បាន​បញ្ជាក់​ថា​ ​ក្រោយពី​បាន​រក​ឃើញ​រូប​បដិមា​នេះ​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​នឹង​យក​រូប​បដិមា​នោះ​ទៅ​លាង​សំអាត​ ​និង​សិក្សា​ចងក្រង​ជាឯក​សារ​ ​មុននឹង​យក​ទៅ​រក្សាទុក​នៅ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ​ ​នា​ពេល​ខាងមុខ​។​

​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រទះឃើញ​រូប​បដិមា​នេះ​ ​លោក​ ​ថៃ​ ​មិច​ ​ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​ស្រង់​សម្តី​ថា​ ​កន្លងមក​ ​លោក​តែងតែ​ធ្វើដំណើរ​ឆ្លងកាត់​នៅ​ក្បែរ​ក​សិន្ធុ​ប្រាសាទ​ព្រះ​គោ​នោះ​ជា​ញឹកញាប់​ ​ប៉ុន្តែ​ពុំ​បាន​ចាប់អារម្មណ៍​ថា​មាន​រូប​បដិមា​ទេ​ ​ទើបតែ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​លោក​បាន​ឆ្លងកាត់​និង​បាន​កាយដី​មើល​ ​ក៏​ឃើញ​ ​លោក​ថា​៖​ ​«​ដំបូង​ឡើយ​ ​មិន​នឹកស្មាន​ថា​ជា​រូប​បដិមា​នោះ​ទេ​ ​តែ​មើលតាម​សណ្ឋាន​ថ្ម​ខ្ញុំ​ក៏​មានការ​សង្ស័យ​ ​រួច​ក៏បាន​កាយដី​ ​ទើប​ដឹង​ថា​ជា​បដិមា​ ​ហើយក៏​បាន​រាយការណ៍​ទៅ​នគរបាល​បេតិកភណ្ឌ​ ​ដើម្បី​មាន​វិធានការ​យក​ទៅ​រក្សាទុក​នៅកន្លែង​មាន​សុវត្ថិភាព​»​។​

​ចំណែក​ ​នគរបាល​បេតិកភណ្ឌ​ប្រចាំ​ឧទ្យាន​រលួស​នៃ​តំបន់​រមណីយដ្ឋាន​អង្គរ​ ​លោក​អនុសេនីយ៍ទោ​ ​អួន​ ​យ៉ង់​ ​បាន​ឲ្យដឹង​ដែរ​ថា​ ​កន្លងមក​ ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​ ​ក៏បាន​ប្រទះឃើញ​នូវ​រូប​បដិ​មា​ផ្សេង​ៗ​ដែល​កប់​ក្នុង​ដី​ដូចគ្នា​នេះ​ជាច្រើន​ដង​មក​ហើយ​ ​ហើយ​ពួកគេ​តែងតែ​រាយការណ៍​ដល់​សមត្ថកិច្ច​ជាប្រចាំ​ ​ដើម្បី​យក​រូប​បដិមា​ទាំងនោះ​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​ដើម្បី​រក្សាទុក​ ​និង​ស្រាវជ្រាវ​។​

​លោក​ថា​៖​ ​«​សកម្ម​នេះ​ជា​គំរូ​ល្អ​មួយ​ ​ហើយ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ​ក៏ដូចជា​សាធារណជន​ទាំងអស់​ ​ដែល​បាន​ប្រទះឃើញ​នូវ​បដិមា​សំណល់​បុរាណវត្ថុ​ ​នៅកន្លែង​ណាមួយ​ ​សូម​ប្រគល់​ឬ​រាយការណ៍​ដល់​អាជ្ញាធរ​មានសមត្ថកិច្ច​ ​ដើម្បី​ចុះ​ពិនិត្យ​និង​យក​ទៅ​រក្សាទុក​ជា​កេរ្តិ៍​តំណែ​ល​ជាតិ​»​៕​

Share and Like this post

Related Posts

Previous Article

មនុស្ស​ ៤នាក់​ ​រង​របួសធ្ងន់​និង​ស្រាល​ ​ក្នុងករណី​ផ្ទុះ​ពី​ដុង​លាយ​ជីគីមី​

Next Article

លោក វេង សាខុន៖ ក្រុមជន​ខិលខូច​ដែល​បាន​ឈូសឆាយ​រំលោភ​យក​ដី​ព្រៃ​សហគមន៍ និង​ប្រឈម​ចំពោះ​មុខ​ច្បាប់