លោក វេង សាខុន៖ ក្រុមជន​ខិលខូច​ដែល​បាន​ឈូសឆាយ​រំលោភ​យក​ដី​ព្រៃ​សហគមន៍ និង​ប្រឈម​ចំពោះ​មុខ​ច្បាប់

ប៉ិច​​ សុធារី / Khmer Times No Comments Share:
ដីព្រៃ​សហគមន៍​បម្រុង​ទុក​របស់​រដ្ឋ​ដែល​ត្រូវ​គេ​ឈូសឆាយ​នៅ​ខេត្តកំពង់ឆ្នាំង។ រូបថត Fresh News

ភ្នំពេញ៖​​ ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ និងនេសាទ នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ក្រុមជន​ខិលខូច​មួយចំនួន ដែល​បាន​​ឈូសឆាយ​រំលោភ​យក​ដីព្រៃ​សហគមន៍​បម្រុងទុក​របស់​រដ្ឋជាង ១ពាន់ហិកតា នៅ​ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង។

រដ្ឋ​មន្ត្រីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ ​លោក​ វេង​ សាខុន បាន​មាន​ប្រសាសន៍​នៅថ្ងៃ​​អង្គារ​នេះ​​​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​​ថា​មាន​ការ​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​សហគមន៍​បម្រុង​​ទុក​របស់​រដ្ឋ ស្ថិត​នៅ​ភូមិត្រពាំង​អំពិល ភូមិ​ប្រស្និប និងភូមិ​ស្អំ ក្នុង​ស្រុក​រលាប្អៀរនោះ លោក​បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ទីតាំង​ក្នុង​ពេល​ឆាប់​ៗ​ខាង​​មុខ​នេះ ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ទៅតាម​ផ្លូវ​ច្បាប់។

លោកថា៖ «ខ្ញុំ​បាន​ជូន​ដំណឹង​នេះ​ទៅ​ឯកឧត្តម​ អ៊ុង សំអាត​ ថា​នឹង​អាច​ចុះមើលទី​តាំង ព្រោះ​គាត់​ទទួល​បន្ទុក​​លេខាធិការដ្ឋាន អីចឹង​​​​អ្នក​ដែលកាប់​ឈូស​​ឆាយ​យកដីធ្លី​នោះ យើង​អាចនឹង​ទៅត្រួត​ពិនិត្យ​មើល ហើយ​​​អាច​​នឹង​កសាង​សំណុំ​​​រឿង​[បញ្ជូន​ទៅ​​តុលាការ​]ទាក់ទង​នឹងបញ្ហា​នេះ»។​​​

ប្រជាពលរដ្ឋ​រស់​នៅ​សហគមន៍ក្បែរ​​ដីព្រៃ​សហគមន៍​នោះ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​​​ថា កាល​​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​​​ថ្មីៗ​នេះ មានក្រុម​​ឈ្មួញ​បាន​យក​គ្រឿង​ចក្រ​ទៅឈូស​ឆាយ​​ដីព្រៃសហគមន៍​​ ដើម្បីយក​ទៅពុះ​ឡូតិ៍​លក់ ​ក្រោម​រូប​ភាព​ធ្វើ​ផ្លូវ ដែលធ្វើ​ឲ្យពួកគាត់​មាន​ក្តីបារម្ភ​ពីការបាត់​ដី​​​ព្រៃ​សហគមន៍​ដែល​មាន​ជាង​​ ១០០០ហិកតា។​​

អភិបាល​ខេត្ត​កំពង់​ឆ្នាំង​​ លោក ឈួរ ​ច័ន្ទ​ឌឿន ​បាន​ប្រាប់​កាសែត​ខ្មែរ​ថាមស៍នៅថ្ងៃអង្គារនេះ​​ថា ​នៅពេលទទួល​បាន​ព័ត៌មាន​ពីការ​ឈូស​ឆាយ​ដីគម្រប​ព្រៃ​ឈើ​បម្រុង​ទុក​​របស់​រដ្ឋ​នេះ អាជ្ញាធរ​ខេត្ត​ចាត់​​កម្លាំងសមត្ថកិច្ច​ចុះ​ទៅ​ទប់​ស្កាត់​ភ្លាម​ៗ​កាល​ពី​ថ្ងៃ​អាទិត្យ និងបាន​សម្រេច​បង្កើត​គណៈ​កម្មការ​​មួយ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ពី​ករណីនេះ។

លោក​​ថា៖ «យើងបាន​ប្រគល់ភារកិច្ច​​​ស្រាវ​ជ្រាវ​លើ​រឿងនេះ ​ទៅឲ្យ​​​គណកម្មការ​មួយ​ក្រុមដែល​យើងបាន​បង្កើត​​ នៅ​ម៉ោង ​​៤រសៀល​[ថ្ងៃមិញ​]នេះ​ហើយ អីចឹង​ខ្ញុំ​មិនទាន់អាច​និយាយ​បាន​ថា​រឿងនេះ​យ៉ាង​ម៉េចទេ រង់ចាំ​គណៈកម្មការ​គេ​​​ធ្វើ​ការ​សិន»។

លោក ឈួរ ច័ន្ទ​ឌឿន ​​បាន​បន្ថែមថា​ ក្នុងកិច្ចការស្រាវជ្រាវ​នេះ គណៈកម្មការនឹង​ចុះ​ពិនិត្យ​វាស់វែង​​ដី​ ដែល​រង​ការ​​រំលោភ​បំពាន និង​​​កំណត់​អត្តសញ្ញាណ​​អ្នកឈូសឆាយ​ មុន​នឹង​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ណា​មួយ​នោះ។ លោកថា៖ «ដោយ​សារ​​​ដីនោះជាដីគម្រប​​ព្រៃ​ឈើ ហើយក៏មាន​ប្រជាពលរដ្ឋ​​ធ្វើ​ស្រែចម្ការ ​នៅតំបន់​នោះ​ផង​​ដែរ អីចឹង​ទំហំ​ដី​ដែល​រង​​ផល​ប៉ះពាល់ប៉ុន្មាន​​នោះ ខ្ញុំ​មិន​ទាន់​អាចនិយាយ​​បានទេ ទាក់​តែ​ក្រុមការងារគណៈកម្មការ​ចុះវាស់វែង​សិន ការ​ពិត​ហើយ ត្រូវ​​តែ​មាន​វិធានការផ្លូវ​ច្បាប់​លើករណី​រំលោភ​ដី​រដ្ឋ​ ប្រសិន​បើយើង​រកឃើញ​ថាមានកំហុស​ នឹងមាន​វិធានការតាម​ផ្លូវ​ច្បាប់​»។

កាល​ពីខែមិនា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក​ វេង សាខុន ក៏ធ្លាប់​បាន​ជំរុញទៅ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ត្រូវ​ចាត់វិធាន​ការ​​ទប់ស្កាត់ និងបង្ក្រាប​បទ​ល្មើស​ព្រៃឈើ ការ​រុករានដី​គម្រប​ព្រៃឈើ បទល្មើសជល​ផល និង​សម្ភារៈកសិកម្ម​ខុស​ច្បាប់​ជា​ដើម។

ចំណែក ក្រសួង​បរិស្ថាន ក៏ធ្លាប់បាន​ព្រមាន និងបាន​​​ចាត់វិធានការ​ផ្លូវ​​ច្បាប់​​ទៅ​លើ​ជន​ខិល​ខូច​មួយចំនួន ​​ដែល​​បាន​ឈូស​​​ឆាយរំលោភ​​ដីរដ្ឋ ជាពិសេស​ដីព្រៃ​តំបន់​ការពារ យក​​ធ្វើ​ជា​កម្ម​​សិទ្ធិ​ ​ក្នុងនោះ នា​រយៈ​ពេល​ប៉ុន្មាន​ខែដើម​ឆ្នាំ​នេះ មាន​ជន​ខិលខូច​​ប្រមាណជិត​ ១០នាក់​មក​ហើយ ដែលត្រូវ​បាន​បញ្ជូន​ខ្លួន និងសំណុំ​រឿង​ទៅតុលាការ៕

Share and Like this post

Related Posts

Previous Article

រូបបដិមា​ធំ​មួយ​ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​កសិន្ធុ​ប្រាសាទ​ព្រះ​គោ​

Next Article

ជនជាតិ​កូរ៉េ​ពី​រនាក់​យក​ប្រាក់​ជាង​ ​២លាន​ដុល្លា​ចូលមក​កម្ពុជា​