ក្រសួង​កសិកម្ម​បាន​ប្រកាស​​​ថា​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​​ឆ្លង​រាល​ដាល​ដល់​ខេត្ត​ស្វាយ​រៀង និង​ខេត្ត​តាកែវ

ប៉ិច សុធារី / Khmer Times No Comments Share:
មន្ត្រីបាញ់​ថ្នាំ​តំបន់​មានជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក។ សហការី

ភ្នំពេញ៖ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​​ថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក បាន​ឆ្លង​រាល​ដាលថ្មីនៅ​ខេត្ត​ចំនួន​២​ បន្ថែម​ទៀត គឺ​ខេត្ត​ស្វាយ​រៀង និង​ខេត្ត​តាកែវ ដែល​ទាមទារឲ្យមន្ត្រីជំនាញ និងអាជ្ញាធរ​ខេត្ត​ទាំងនោះ ត្រូវ​ចាត់​វិធានការ​បសុព្យាបាល​ជា​បន្ទាន់​នៅតំបន់​ផ្ទុះ​ជំងឺ។

ខេត្ត​ស្វាយរៀង និងខេត្ត​តាកែវ ជាខេត្តទី​៣ និងទី​៤ ដែល​មាន​ករណីផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រិកទៅ​លើសត្វជ្រូក​របស់​កសិករ​​ បន្ទាប់​ពី​ប្រទេស​​​កម្ពុជា​ មាន​វត្ត​មាន​​ដំបូង​នៃ​ជំងឺ​នេះ នៅ​ខេត្ត​រតនគិរី ដែលឆ្លង​ពីប្រទេសវៀតណាម កាល​ពី​ខែ​មិនា​ និង​ខេត្ត​ត្បូង​ឃ្មុំ កាលពីចុង​ខែមិថុនា។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក​វេង សាខុន បាន​ឲ្យ​ដឹង​ក្នុង​ប្រកាសដាច់​ដោយ​ឡែក​ពីគ្នា​​​ចំនួន​២ ស្តីពី​​ការ​កំណត់​តំបន់​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិកថា ជំងឺ​ប៉េស្តជ្រូក​អាហ្រ្វិក​ ត្រូវបាន​រក​ថាបាន​ឆ្លង​រាល​ដាលនៅភូមិ​ឬស្សី​​ជួ​​ខាង​ត្បូង ឃុំ​ក្រោល​គោ ស្រុក​ស្វ្រាយ​ជ្រុំ ខេត្ត​ស្វាយ​រៀង និង​នៅ​ភូមិ​អំពិល ឃុំ​ពន្លៃ​​ស្រុក​អង្គរ​បូរី ខេត្ត​តាកែវ។

លោករដ្ឋមន្ត្រី ក៏​​បានណែនាំ​ដល់អគ្គ​នាយកដ្ឋាន​សុខ​ភាព​សត្វ និង​ផលិត​កម្មសត្វ​ ត្រូវ​ចាត់​វិធានការ​​បសុ​ព្យាបាល​ជា​បន្ទាន់​​​នៅ​​តំបន់​​ផ្ទុះជំងឺ​ប៉េស្តជ្រូកអាហ្រិក​​​ ដោយ​ត្រូវ​បំផ្លាញ​ចោល​​ចំពោះ​សត្វ​ជ្រូក​គ្រប់ប្រភេទ​ក្នុង​តំបន់​ផ្ទុះជំងឺ​ទៅ​តាម​វិធាន​ការបសុព្យាបាល​​ និង​​ត្រូវ​ផ្អាកការទិញ ការលក់ និងការដឹកជញ្ជូន​សត្វ​ជ្រូក​ សាច់​ជ្រូក​ និង​ផលិត​ផល​​មាន​ដើម​កំណើត​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទចូល ចេញ ឬ​ឆ្លង​កាត់​ក្នុងរង្វង់​៣​គីឡូ​ម៉ែត្រ​ ព្រមទាំង​​​ត្រូវ​សិក្សា​ត្រួត​ពិនិត្យ​ឃ្លាំ​មើល​ចល​នា​​សត្វ​ជ្រូក សាច់​ជ្រូក និងផលិត​ផល​មានដើម​កំណត់​ពីសត្វ​ជ្រូក​​ជាប្រចាំក្នុង​រង្វង់​ ១០គីឡូ​ម៉ែត្រ​ ​​ពីចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះនិងដាក់តំបន់​ទាំង​​​នោះ។

លោក​វេង សាខុន ​បាន​បញ្ជាក់ក្នុងប្រកាស​នោះថា៖ «កា​រចិញ្ចឹម​ ទិញ​ លក់ និងដឹកជញ្ជូន​សត្វ​ជ្រូក សាច់ជ្រូក​ និង​ផលិត​​ផល​​មានដើម​កំណើត​ពី​សត្វ​ជ្រូក​​គ្រប់​ប្រភេទនៅ​ក្នុង​តំបន់​ផ្ទុះជំងឺ​ ត្រូវ​ផ្អាក​ជាបណ្តោះ​អាសន្ន ហើយការ​អនុញ្ញាត​ឲ្យ​មាន​ការ​​ចិញ្ចឹម ទិញ លក់ និងដឹកជញ្ជូន​ឡើង​វិញ ​និងការរំសាយ​តំបន់ជំងឺ​ ត្រូវកំណត់​ដោយ​ប្រកាស​ជា​ថ្មី»។

នៅថ្ងៃ​ចន្ទ​នេះ​ដែរ លោករដ្ឋមន្ត្រី វេង សាខុន ក៏បាន​ផ្ញើលិខិតទៅអភិបាល​ខេត្ត​ស្វាយរៀង និង​ខេត្ត​តាកែវ​ ដោយ​ស្នើ​ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​ចល​នា​សត្វ​ជ្រូក សាច់ជ្រូក និង​ផលិតផល​មានដើម​កំណើត​ពី​សត្វ​ជ្រូក​ចេញ​ពី​តំបន់​ផ្ទុះ​​​ជំងឺ ដើម្បី​​ការ​ពារ​ការ​ឆ្លង​រាល​ដាល​បន្ថែម​ផង​ដែរ។

លោក​​បាន​លើកឡើង​ថា យោង​តាមការ​វិភាគរបស់​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​សុខ​ភាពសត្វ និង​ផលិត​កម្ម​សត្វ កាលពីថ្ងៃ​ទី​៥​កក្កដា បាន​រកឃើញ​នូវវត្តមាន​មេរោគ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រិក​ពីឈាម​​ជ្រូក របស់​កសិករ​​ចិញ្ចឹមជ្រូក​នៅតំបន់​ផ្ទុះជំងឺ ខណៈ​​ដែល​ជំងឺ​ដ៏​កាច​សាហាវ​នេះ អាច​ឆ្លង​រាល​ដាល​ខ្លាំង​ពីតំបន់​មួយ​ទៅ​តំបន់​មួយ ដែល​បណ្តាល​ឲ្យ​សត្វ​ជ្រូក​ឈឺ និង​ងាប់​មាន​អត្រា​ខ្ពស់រហូត​ដល់​១០០​ភាគរយ ដែល​ឲ្យបណ្តាលឲ្យ​មានការ​ខាតបង់​ខ្ពស់ដល់អ្នក​ចិញ្ចឹម​សត្វ​ជ្រូក។

ករណីនេះ លោក ​វេង សាខុន បាន​បញ្ជាក់ថា៖ «សូម​អភិបាលខេត្ត និង​អាជ្ញា​ធរ​មូលដ្ឋានគ្រប់លំដាប់​ថ្នាក់​ ជួយ​​ផ្តល់​កិច្ច​​សហការ​ក្នុងការអនុវត្ត​វិធានការ​បសុ​ព្យាបាល​របស់​មន្ត្រីជំនាញ ក្នុងការ​ពង្រឹង​ការ​ទប់ស្កាត់​​ចល​នា​សត្វ​​ជ្រូក​​ សាច់​ជ្រូក និងផលិត​ផល​មានដើម​កំណើត​ពីសត្វជ្រូក​ ចេញ​ពីតំបន់ផ្ទុះ​ជំងឺ​ឆ្លង​ក្នុង​រង្វង់​៣គីឡូម៉ែត្រ ដើម្បី​អនុវត្ត​វិធានការ​​បសុ​ព្យាបាល​​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់»។

ប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋានសុខ​ភាព​សត្វ​ និងផលិត​កម្ម​សត្វ លោក​តាន់ ផាន់ណារ៉ា ​បាន​មាន​ប្រសាសន៍ថា​​ អគ្គ​​នាយក​ដ្ឋាន​នៅ​មិន​ទាន់រក​ឃើញមូល​ហេតុនៃ​​ការផ្ទុះឡើង​​នៃ​ជំងឺ​​ប៉េស្ត​ជ្រូក​អា​ហ្រ្វិក​​​​​​នៅ​ក្នុង​​ខេត្ត​ទាំងពីរនេះ​នៅឡើយ ប៉ុន្តែអគ្គនាយកដ្ឋាន​នឹង​អនុវត្តនូវ​វិធានការទប់ស្កាត់​​តាមការណែនាំ​របស់​ថ្នាក់​ដឹក​​នាំ​ក្រសួង។

លោក​បន្តថា៖ «បើគិត​ពី​ថ្ងៃសង្ស័យ​ថា​​​ផ្ទុះ​​ជំងឺនេះ​កាល​ពី​ថ្ងៃទី​​២៩ ​មិថុនា​មក នៅ​​ខេត្តស្វាយ​​រៀង​​ មាន​សត្វ​​ជ្រូក​ជាង​ ៤០​ក្បាល​ហើយ​បាន​ងាប់ និង​នៅ​ខេត្ត​តាកែវ​​មានជាង​​ ៣០​ក្បាល តែ​ចំនួន​នេះ​អាច​មានការ​កើនឡើង​ទៀត»។

ប្រធាន​​មន្ទីរ​កសិកម្ម​​ រុក្ខា​ប្រមាញ់ និងនេសាទ​ខេត្ត​តាកែវ លោក​ ញិប ស៊្រន បាន​ឲ្យ​ដឹងដែរ​ថា កន្លង​មក​ ​អាជ្ញាធរនិង​មន្ត្រី​ជំនាញ​​​ខេត្ត​ បាន​ខិត​ខំ​ធ្វើការ​ទប់ស្កាត់​ការ​លួច​នាំ​ចូល​សត្វ​ជ្រូក​សើ្ទរ​គ្រប់​ច្រក​នៃព្រំ​ដែនកម្ពុជា​-វៀតណាម បាន​​ស្ទើរ​តែ​១០០​% ប៉ុន្តែលោក​ពុំ​ដឹង​ថា​តើ​មូល​ហេតុ​អ្វី​បាន​ជា​ផ្ទុះ​ជំងឺ​​​ប៉េស្ត​ជ្រូក​នៅក្នុង​ខេត្ត​នេះ​ទេ។ លោកថា៖ «​យើង​បាន​​ទប់ស្កាត់​ករណី​ទប់​​ស្កាត់​ការ​នាំ​ចូល​សត្វ​ជ្រូក​ពីវៀតណាម​​តាំង​ពីខែ​កុម្ភៈ​ម​ក​ដល់ពេល​នេះ ប៉ុន្តែ​​ប្រហែលជា​អាច​ឆ្លង​តាម​រយៈ​ចំណី​ដែលកសិករ​បាន​​យក​ទៅ​ឲ្យ​​​សត្វ​ជ្រូក​ស៊ី ដូចជា ​កាកសំណល់​សាច់ក្រក ឬសាច់ប៉ាតេដែលធ្វើពី​សាច់ជ្រូកដែលមាន​ផ្ទុក​ជំងឺ​នេះ»។

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់អង្គការ​ FAO ​កាលពីខែមេសា បាន​បញ្ជាក់ថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ មិន​មែន​ជាហានិភ័យ​ដល់​សុខ​ភាព​មនុស្ស​ទេ ប៉ុន្តែ​ជំងឺ​នេះ ជាហានិភ័យ​ដល់​ជ្រូក​ស្រុក និងជ្រូក​ព្រៃ​ ដោយសារ​មេរោគ​អាចរស់​បាន​រយៈពេល​យូរ​​ក្នុង​សាច់ជ្រូក​កែ​ច្នៃ​ សាច់ជ្រូកសម្ងួត​ និង​សាច់ជ្រូក​ប្រឡាក់ ដែល​សាច់ទាំងនោះត្រូវបាន​នាំ​ទៅកាន់​កសិដ្ឋាន​តាមរយៈ​ការផ្តល់​កាក​សំណល់​ផ្ទះបាយ​ជា​ចំណី​ជ្រូក។ សេចក្តីប្រកាស​ព័ត៌​មាន បាន​បន្ថែមថា បច្ចុប្បន្ន​ មិន​​មាន​វិធី​ព្យាបាល​ជំងឺនេះ​ឲ្យជា​សះ​ស្បើយ និង​មិនទាន់មាន​ថ្នាំ​បង្ការ​​ ឬការ​ព្យាបាល​ណាមួយដែលមានប្រសិទ្ធិ​ភាព​នៅ​ឡើយ ដូច្នេះ​នៅ​ពេល​ដែល​សត្វ​ជ្រូក​ឆ្លងជំងឺនេះ ​វិធានការ​តែមួយ​គត់​គឺកម្ទេចហ្វូងជ្រូក​ដែលទទួល​រង​ផល​ប៉ះ​ពាល់៕

 

Share and Like this post

Related Posts

Previous Article

ACU​ ​ប្រកាស​មិន​ចូលរួម​ត្រួតពិនិត្យ​ការ​ប្រលង​បាក់ឌុប​ទេ​ ​ក្នុង​ឆ្នាំនេះ​

Next Article

លោក​ អេង ហ៊ី៖ ​គ្រប់មធ្យោបាយបទល្មើស​ធនធាន​ធម្មជាតិ​ នឹង​កម្ទេច​ចោលនៅនឹងកន្លែង