លោក​ អេង ហ៊ី៖ ​គ្រប់មធ្យោបាយបទល្មើស​ធនធាន​ធម្មជាតិ​ នឹង​កម្ទេច​ចោលនៅនឹងកន្លែង

ប៉ិច សុធារី / Khmer Times No Comments Share:
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ម៉ៃ វីរៈ

ភ្នំពេញ៖ គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅ​ថ្ងៃ​​ចន្ទ​​នេះ​ បាន​ប្រកាស​ពី​ការ​អនុវត្ត​​វិធាន​ការ​​​ច្បាប់​​​តឹង​​រឹង ជាមួយ​នឹង​ការ​​បំផ្លាញ​ចោល​នូវ​មធ្យោបាយ​ដែល​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​​ព្រៃ​ឈើ​​នៅ​នឹង​​កន្លែង។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​គណៈ​កម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទ​​ល្មើស​ធន​ធាន​ធម្មជាតិ​​ បាន​លើក​​ឡើង​​ថា បើទោះបី​មាន​ការ​ផ្សព្វផ្សាយ​​អប់រំ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​​ជាបន្ត​បន្ទាប់​​ក៏​ដោយ នៅ​តែ​មាន​ការ​លួច​បន្លំ​កាប់​ឈើ ​ដឹក​ជញ្ជូន​ផល​អនុផល​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់​តាម​គ្រប់​មធ្យោបាយ និងគ្រប់​រូប​ភាព។

គណៈកម្មការ បានបន្តថា៖ «ដើម្បី​ថែរក្សា​បាន​ព្រៃឈើ​គង់វង្ស​​ យើង​នឹង​អនុវត្ត​​វិធានការ ​រួមមាន បុគ្គល​​ឬ​ក្រុមហ៊ុន​ដែល​ពាក់​​ព័ន្ធ​ការប្រព្រឹត្ត​ល្មើស​ច្បាប់​​នេះ​ នឹង​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​តឹង​រឹង​ ហើយ​មធ្យោបាយ​ដែល​ពាក់ព័ន្ធ​នឹងបទ​​ល្មើស​​ព្រៃ​​ឈើ​ ​ដូច​ជា ​រថយន្ត​ គោ​យន្ត ម៉ូតូ… ត្រូវ​បាន​ស្នើ​សុំទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ដើម្បី​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង»។

អ្នកនាំពាក្យ​កង​រាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃប្រទេស និង​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និងបង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក​ឧត្តមសេនីយ៍ អេង ហ៊ី បាន​មាន​ប្រសាសន៍​ប្រាប់​កាសែត​ខ្មែរ​ថាមស៍​ថា បញ្ហា​បទ​ល្មើស​ព្រៃ​ឈើ និងការ​លួច​​បន្លំ​កាប់ឈើ​ ​បាន​កើត​ឡើង​​ភាគ​ច្រើននៅ​​​​ខេត្តមួយ​ចំនួន​នៃ​ភាគ​ឥសាន​ប្រទេស ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ធំ​ជា​ដើម​ ដែល​ករណី​នេះ​ទាមទារ​ឲ្យមាន​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត ដើម្បី​ទប់ស្កាត់​។

លោក​ថា៖ «កន្លង​មក​នេះ ពេល​ដែល​ចុះ​បង្ក្រាប​បទ​ល្មើស​ យើង​ឃើញ​ថា​ មាន​បទ​ល្មើស​តូចៗ​ដែល​ប្រជា​ពលរដ្ឋ​​​ដឹក​ឈើ​​​តាម​ឡាន​តួរីស ​តាម​ម៉ូតូ ឬ​​តាម​គោ​យន្ត​​​ជា​ដើម ហើយ​យើងបាន​ធ្វើ​ការ​អប់រំ​​ និង​ឲ្យ​ពួកគាត់​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​សកម្ម​ភាព​ល្មើស​ច្បាប់​ទាំង​នោះ ប៉ុន្តែ​​ពួកគាត់​នៅ​តែ​ប្រព្រឹត្ត​ អីចឹង​ហើយ​បាន​ជា​យើង​​ដាក់​ចេញ​នូវ​វិធានការ​អនុវត្ត​ច្បាប់​​​តឹង​រឹង និង​សុំ​ទៅ​អាជ្ញាធរ​ឲ្យ​ធ្វើ​ការ​បំផ្លាញ​ចោល​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ទាំងនោះ​នៅនឹង​​កន្លែង​​តែ​ម្តង»។

លោក​ អេង ហ៊ី ក៏បាន​​​អំពាវនាវ​ដល់​សមត្ថកិច្ច​ជំនាញ​គ្រប់​ជាន់​ថ្នាក់ ត្រូវ​រួមគ្នា​ចាត់​វិធានការ​ទាំង​នេះ​ឲ្យ​​មាន​​​ប្រសិទ្ធិ​ភាព។​ លោក​ថា៖ «សូមអំពាវ​នាវ​​ដល់​សមត្ថកិច្ច​ជំនាញ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​ មេត្តារួម​​គ្នា​គិត រួមគ្នា​ធ្វើ និង​រួមគ្នា​ទទួលខុស​ត្រូវ និង​សូមអំពាវ​នាវ​ដល់​ប្រជាពល​រដ្ឋទាំង​​អស់ ត្រូវ​ផ្លាស់ប្តូរ​គំនិត​​ពីការ​ប្រក​ប​មុខ​របរ​កាប់ឈើ ដឹក​​ជញ្ជូន​ឈើ​ខុស​ច្បាប់ ទៅ​ប្រកប​មុខ​របរ​ស្រប​ច្បាប់​វិញ ​ដើម្បី​រួមគ្នា​ការ​ពារ​បរិស្ថាន​ និងការបម្រែ​បម្រួល​អាកាស​ធាតុ»។

តំណាង​សហគមន៍​បណ្តាញ​ព្រៃ​ឡង់ និង​ជា​សកម្ម​ជន​ការ​ពារ​ព្រៃ​​ឈើ​​​ លោក​ ហឿន សុភាព បាន​សាទរ​ចំពោះ​វិធានការតឹង​រឹង​របស់​​គណៈ​កម្មការ​ ដែល​លោក​រំពឹង​ថា ​នឹង​អាចទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ដែល​បាន​និងកំពុងកើ​តមាន​ ​ហើយ​ក៏អាច​ធ្វើ​ឲ្យ​ជន​ល្មើស​រាង​ចាល​​ផង​​ដែរ បើសិន​​មានការ​ចាត់​វិធានការបំផ្លា​ញ​មធ្យោ​បាយ​ដឹកជញ្ជូន​ឈើ​របស់​ពួកគេនៅ​នឹង​កន្លែង​នោះ។

លោកថា៖ ​«​វិធានការ​​នេះ​ ក៏ស្រប​ទៅនឹងការ​ស្នើ​សុំ​របស់បណ្តាញ​សហ​គមន៍​យើង​ដែរ បើ​សិន​ជា​ឧប​ករណ៍ ឬមធ្យោ​បាយ​​​ដែល​រឹប​អូសបាន​ពីបទល្មើសព្រៃ​ឈើនេះ ​ត្រូវ​បាន​​កម្ទេចចោល​នៅនឹង​កន្លែងគឺជា​វិធីសាស្ត្រមួយ​ដ៏ល្អមែន​ទែន​ ដើម្បី​ធ្វើ​ឲ្យ​ជន​ល្មើស​រាង​​ចាល ព្រោះ​ឡាន​ឬ​ម៉ូតូ​​មួយ​ៗវា​មាន​តម្លៃថ្លៃគួរ​សម​ដែរ​ ហើយ​ណា​មួយ​សមត្ថកិច្ចយើង​ពេល​ចុះ​ទៅ​​​បង្ក្រាប​បទ​ល្មើស​ក្នុងព្រៃ​ជ្រៅ​ម្តងៗ ក៏​ពិបាក​នឹង​ដឹកជញ្ជូន​វត្ថុ​តាង​ទាំង​នោះទៅរក្សា​ទុកដែរ​»។

លោក ហឿន សុភាព ​​ក៏​បាន​ស្នើ​​ដល់​គណៈកម្មការ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ គួរតែ​​ចាត់វិធា​នការ​នេះ​ឲ្យ​បានដូច​ភ្លៀង​រលឹម ​ដើម្បី​ទប់​​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ដែល​បាន​និង​កំពុងកើត​មាន​ ឲ្យមាន​ប្រសិទ្ធិ​ភាព​។ លោកថា៖ «​ខ្ញុំក៏មាន​ការ​ព្រួយ​​​បារម្ភ​ដែរ ព្រោះ​ថា កន្លង​មក គណៈកម្មការ​​ធ្លាប់មាន​​​​​ចំណាត់ការ ​ឬ​ក៏សេចក្តី​ប្រកាស​ជា​​ច្រើន​​សារ​ហើយ​​ ​ប៉ុន្តែ​ការ​អនុវត្ត​ ​ដូច​ជា​​នៅពុំ​ទាន់​មាន​ប្រសិទ្ធិ​ភាព​ល្អ​ អីចឹង​បើ​សិន​ជា​ការ​អនុវត្ត​ច្បាប់បែប​នេះ​មាន​ប្រសិទ្ធិ​​ភាព​ល្អ ខ្ញុំគិត​​​ថានឹង​​អាច​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​បាន»។

កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៦ រាជ​រដ្ឋាភិបាល បាន​សម្រេច​បង្កើត​​គណៈកម្មការជាតិ​ដើម្បី​ទប់ស្កាត់​ ​និងបង្ក្រាប​​បទ​ល្មើស​ធន​ធាន​ធម្មជាតិ​​​ ដើម្បី​ចុះ​​ទប់ស្កាត់​ និងបង្ក្រាប​បទល្មើស​​ធនធាន​ធម្មជាតិ ដូច​ជា ការកាប់​ព្រៃ​ឈើ ការ​ដឹក​ឈើ ​និង​ការ​នាំ​ចេញ​ឈើ​ខុស​ច្បាប់​នៅ​ទូទាំង​ប្រទេស។ គណៈកម្មការ​​នេះ ក៏នឹង​ទទួល​ខុស​ត្រូវ​ផង​ដែរ​ក្នុង​ការ​អង្កេត និង​ស្រាវ​ជ្រាវ​​​​រក​អ្នក​ប្រព្រឹត្ត​ អ្នក​ពាក់ព័ន្ធ និង​សកម្ម​ភាព​បទ​ល្មើស​ធនធាន​ធម្មជាតិ​ដោយ​ចាប់​ជន​ល្មើស និង​វត្ថុតាង​​ ដើម្បី​រៀបចំ​ឯក​សារ​​កសាង​សំណុំរឿង​ទៅ​តុលាការ​តាម​នីតិវិធី៕

Share and Like this post

Related Posts

Previous Article

ក្រសួង​កសិកម្ម​បាន​ប្រកាស​​​ថា​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​​ឆ្លង​រាល​ដាល​ដល់​ខេត្ត​ស្វាយ​រៀង និង​ខេត្ត​តាកែវ

Next Article

អេ​ស៊ី​លីដា​ ចាប់ដៃ​គូ​យុទ្ធ​សាស្រ្ត​ជាមួយ​ លី​ ​ហួរ​ ​ផេប្រ៉ូ​ ​