សមាគម​សម្ព័ន្ធ​និសិត្ស​​បញ្ញវន្ត​ខ្មែរ ​ នឹងបន្ត​រៀបចំពិធី​គោរពវិញ្ញាណក្ខន្ធ​សពលោក​​បណ្ឌិត កែម ឡី បើ​ទោះជាអាជ្ញាធរ​​មិន​អនុញ្ញាត

ប៉ិច សុធារី / Khmer Times No Comments Share:
ពលរដ្ឋចូលរួម​ពិធី​គោរពវិញ្ញាណក្ខន្ធ​សពលោក​​បណ្ឌិត កែម ឡី កន្លងមក។ AFP

ភ្នំពេញ៖ សមាគម​សម្ព័ន្ធ​និសិត្ស​​បញ្ញវន្ត​ខ្មែរ ​នៅ​បន្ត​រៀបចំពិធី​គោរពវិញ្ញាណក្ខន្ធ​សពលោក​​បណ្ឌិត កែម ឡី គម្រប់​ខួប​៣​ឆ្នាំ នៅ​ទីតាំងស្ថានីយ៍​ប្រេង​ឥន្ទនៈកាល់តិច ក្បែរ​ស្តុប​បូកគោ​ រាជ​​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ បើ​ទោះ​សាលា​រាជ​ធានីភ្នំពេញ​ប្រកាស​មិន​អនុញ្ញាត។

កាលពី​ថ្ងៃ​ទី​១​ កក្កដា សមាគម​សម្ព័ន្ធ​បញ្ញវន្ត​ខែ្មរ​ បាន​ដាក់លិខិតទៅ​សាលារាជ​ធានី​ភ្នំពេញ ដោយ​ស្នើ​សុំ​ជួប​ជុំ​ដាក់​កម្រង​ផ្កា​ជូន​វិញ្ញាណ​ក្ខន្ធ​សព ​លោក កែម ឡី អ្នកស្រាវ​ជ្រាវ​បញ្ហា​សង្គម​និង​ជា​អ្នក​វិភាគ នៅ​ស្តារ​ម៉ាត​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​កាល់តិត ជាប់​ស្តុប​បូកគោ​។

អនុប្រធានសមាគម​សម្ព័ន្ធនិសិត្ស​​បញ្ញវន្ត​ខ្មែរ លោក សួង នាគព័ន្ធ បាន​ឲ្យ​ដឹង​នៅថ្ងៃ​អាទិត្យ​នេះ​​ថា សមាជិក​​សមា​គម​​ដែល​មាន​គ្នា​ប្រមាណ​ ១០​នាក់ ​ជា​កូន​សិស្ស និង​ជាមិត្ត​របស់ ​លោក​ កែម ឡី កាលនៅ​រស់​​ នៅ​តែ​ប្រកាន់​​ជំហរ​​​ដាក់​កម្រង​​​ផ្កា​ ដើម្បី​​​រំលឹក​​ដល់​វិញ្ញាក្ខន្ធ​​​នៃ​សព​របស់​លោក​តាម​ការគ្រោង​ទុក នៅទីតាំង​ដែល​ឃាតករ​បាន​បាញ់​សម្លាប់​រូប​លោក ​​កែម ឡី កាលពី​ ៣​ឆ្នាំ​មុន។ ​

លោកថា៖ «បើទោះ​ជា​សាលា​​រាជធានីភ្នំពេញ​ បដិសេធ​មិន​ឲ្យ​ពួក​​​​យើ​ងធ្វើ​ក៏​ដោយ ក៏​​​ពួក​យើ​ងនៅ​តែទៅ​​​​​​ធ្វើ​ដូច​រាល់​ឆ្នាំ ដោយ​​​​ទៅ​ក្នុង​​នាមជាអតិ​ថិជន​របស់​ស្តារ​ម៉ាត យើង​​នឹង​ជួប​ជុំ​គ្នា​​​​ដាក់កម្រ​ងផ្កា និង​កាហ្វេ​ដែល​​គាត់​ធ្លាប់​ហូប និង​គោរព​វិញ្ញាណក្ខន្ធ​របស់​គាត់​​​នៅម៉ោង​ប្រហែល ​​៩កន្លះព្រឹក រួច​បាន​យើ​ង​បន្ត​ដំណើរ​ទៅ​គោរព​វិញ្ញាណ​ក្ខន្ធ​​​នៅស្រុក​កំណើត​របស់​​គាត់ ​នៅ​ខេត្ត​តាកែវ​បន្ត​ទៀត​»។

លោក​ សួង នាគព័ន្ធ ក៏​បាន​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល ស្វែងរក​ឃាត​ករ​ពិត​ដែលបាញ់​សម្លាប់​លោ​ក កែម ​ឡី កាលពី​ឆ្នាំ២០១៦​ នោះ យក​ទៅ​ផ្តន្ទា​ទោស​តាម​ច្បាប់​ផង​ដែរ ខណៈដែល​សមាគម​នេះ​អះអាង​ថា ឃាតករដែល​តុលាការបាន​កាត់​ទោសកន្លងមកនោះ គ្រាន់តែ​ជា​ឃាតករ​សិប្បនិម្មិត​ប៉ុណ្ណោះ។ លោកថា៖ «ដោយសារ​យើងពិនិត្យ​​លើ​វីដេអូដែល​ថត​បាន​​នៅ​ថ្ងៃ​កើត​​ហេតុនោះ ជា​វីដេអូដែលមានការ​កាត់ត ហាក់ដូចជាមានការដូរមនុស្ស​[ខ្មាន់កាំភ្លើង] រួមនិងភាព​មិន​ប្រក្រតី​មួយចំនួន​ទៀត ​ដូច្នេះ​យើង​សុំ​ផ្ញើសារទៅរាជរដ្ឋាភិបាល ថា​យើង​ពុំអាច​​​ទទួល​យក​ឃាតករ​​សិប្បនិម្មិត​បាន​ទេ»។

អភិបាលរង​សាលា​រាជ​ធានីភ្នំពេញ លោក​ មាន ចាន់​យ៉ាដា កាលពី​ថ្ងៃ​ទី​៤​ កក្កដា បាន​បញ្ជាក់​តាមលិខិត​ថា រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ពុំអាច​អនុញ្ញាត​ឲ្យ​សមាគម​នេះរៀបចំ​កម្មវិធី​ដាក់កម្រង​ផ្កា​គោរព​វិញ្ញាណ​ក្ខន្ធ​សព​លោក ​កែម ឡី នៅ​ស្ថានីយ៍ប្រេង​ឥន្ទនៈ​ស្តុប​បូកគោ​បាន​ទេ ដោយសារ​​ទីតាំងនោះ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ឯក​ជន ប៉ុន្តែ​សមាគម​នេះ​អាចប្រារព្ធ​ពិធីនេះ​​បាន​នៅ​ផ្ទះ​គ្រួសារ​សព ឬនៅទីស្នាក់ការ​របស់​ខ្លួន។

លោកថា៖ ​«ក្នុងករណី​មានការជួប​ជុំ​​​រៀបចំពិធី​នេះនៅ​ទីតាំង​ខាង​លើ ឬ​តាមដង​ផ្លូវ​សាធារណៈ ដែល​បណ្តាលឲ្យ​ប៉ះ​ពាល់​​ដល់​សន្តិ​សុខ​ សុវត្ថិភាព សណ្តាប់ធ្នាប់​ និងរបៀប​រៀប​រយ​សាធារណៈ ឬ​ធ្វើសកម្ម​ភាព​ខុស​ពី​គោល​បំណង​​នៃ​ការប្រារព្ធ​ពិធី​នោះ ប្រធាន​សមាគម​​ត្រូវទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន»។​

លោក កែម ឡី ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់​​នៅក្នុងស្តាម៉ាតស្ថានីយ៍​ប្រេង​​​ឥន្ទនៈ​កាល់តិច ​កាលពីថ្ងៃ​ទី​១០ ​ខែ​កក្កដា ឆ្នាំ​២០១៦ ដោយបន្សល់​ទុក​​នៅ​កូន​ប្រុស​កំព្រាចំនួន​៥​នាក់​។ បន្ទាប់​ពី​ហេតុការណ៍នេះ​ អាជ្ញាធរ​​​​បាន​ចាប់​ខ្លួន​ជនសង្ស័យ​​​ម្នាក់​ឈ្មោះ អឿង​ អាង ហៅ​ ជួប​សម្លាប់ ដែល​បច្ចុប្បន្ន ត្រូវបាន​តុលាការរាជ​ធានីភ្នំ​ពេញ ​បាន​​សម្រេច​កាត់​ទោស​​​ឲ្យ​ជាប់​ពន្ធ​នាគារ​មួយ​ជីវិត ក្រោយ​រក​ឃើញថា​​​ ជន​នេះ​​ពិត​​ជាបាន​សម្លាប់​លោក ​កែម ឡី៕

Share and Like this post

Related Posts

Previous Article

អេ​ស៊ី​លីដា​ ចាប់ដៃ​គូ​យុទ្ធ​សាស្រ្ត​ជាមួយ​ លី​ ​ហួរ​ ​ផេប្រ៉ូ​ ​

Next Article

លទ្ធផលសិក្សា៖ ជក់បារី ​បង្ក​ឲ្យ​​ខាតបង់​​ចំណូល​​​ថវិកា​​ជាតិ​ ៣%