លទ្ធផលសិក្សា៖ ជក់បារី ​បង្ក​ឲ្យ​​ខាតបង់​​ចំណូល​​​ថវិកា​​ជាតិ​ ៣%

ប៉ិច សុធារី / Khmer Times No Comments Share:
Smoking
ប្រជា​ពលរដ្ឋ​កម្ពុជាចំនួន ១៥០០០នាក់ បានស្លាប់ជា​​រៀង​រាល់​ឆ្នាំ​ដោយសារ​ជំងឺ​នានា​ដែលទាក់ទង​នឹង​ថ្នាំ​ជក់។ ជរ​ ​សុ​គន្ធា​

ភ្នំពេញ៖​ ការ​សិក្សា​របស់​អង្គការ​អន្តរ​ជាតិចំនួន៣ បានរក​ឃើញ​​​ថា ថ្នាំ​ជក់​នៅតែ​កត្តា​ហា​និភ័យ​ចម្បង​ដែលប៉ះ​ពាល់​ដល់​​​សុខ​ភាព សង្គម សេដ្ឋកិច្ច​​​ និងបរិស្ថាន ដោយ​បាន​បង្កឲ្យ​ខាតបង់​ចំណូល​​ថវិកា​ជាតិ (GDP) 3% និង​មានពលរដ្ឋ​ប្រមាណ​ ១៥០០០​​នាក់​​ស្លាប់​​ជា​រៀង​រាល់​ឆ្នាំ​។

ការ​រក​ឃើញ​នេះ ត្រូវ​បាន​បង្ហាញនៅ​ក្នុងសិក្ខា​សាលា​ផ្សព្វផ្សាយ​លទ្ធផល​​ប៉ានប្រមាណ ស្តីពី «ការសិក្សា​អំពី​ផល​ប៉ះ​​ពាល់​​នៃ​ការប្រើប្រាស់​​​ផលិតផល​ថ្នាំ​ជ​ក់​មកលើ​សុខ​ភាព​ សង្គម​ សេដ្ឋកិច្ច​​ និងបរិស្ថាន​» នៅ​​សណ្ឋាគារ​សាន់វេ រាជ​ធានី​ភ្នំពេញ កាលពី​​ថ្ងៃម្សិលមិញ​។ ការ​​សិក្សា​នេះ​ត្រូវ​បានធ្វើឡើង​ដោយ​ក្រុមការ​ងារ​បច្ចេកទេស​របស់អង្គការ​សុខ​ភាព​ពិភព​​លោក (WHO), UNDP និង FCTC 2030។

យោងតាមការលទ្ធផលសិក្សា​ករណីវិនិយោគ​សម្រាប់ការត្រួត​​ពិនិត្យ​ថ្នាំ​ជក់នៅ​ក្នុងប្រទេស​កម្ពុជា បានបង្ហាញ​ថា ប្រជា​ពលរដ្ឋ​កម្ពុជាចំនួន ១៥០០០នាក់ បានស្លាប់ជា​​រៀង​រាល់​ឆ្នាំ​ដោយសារ​ជំងឺ​នានា​ដែលទាក់ទង​នឹង​ថ្នាំ​ជក់​ ក្នុង​នោះ​១​ភាគ​​៣​ភាគរយនៃ​ករណីស្លាប់ទាំង​នោះ កើតឡើងនៅក្នុងចំណោមអ្នក​ដែលមានប្រាក់ចំណូលទាបបំផុត។ ការសិក្សា​​បានបន្តថា ជំងឺ​​ដែលទាក់ទង​នឹងថ្នាំ​ជក់ បាន​ធ្វើ​ឲ្យ​ខាត​បង់​ដល់សេដ្ឋកិច្ច​កម្ពុជា​ប្រមាណជាង ៦៥០លាន​ដុល្លារ​អាមេ​រិក​​ជា​​រៀង​រាល់​ឆ្នាំ​​ ឬស្មើ​នឹង​ ៣% នៃ​ផលិតផល​ក្នុងស្រុកសរុប​របស់​ប្រទេស។ ​ការសិក្សា​បាន​លើកឡើងថា៖ «ការបាត់​បង់​ទាំង​នេះ គឺ​ដោយសារ​​តែ​ការចំណាយ​លើការថែ​ទាំសុខ​ភាព​ និងការបាត់​បង់​​​ផលិត​ភាព​ ដោយសារ​ការស្លាប់មុន​អាយុ​ ពិការ​ភាព និងការសម្រាកក្នុងពេល​ធ្វើការដើម្បីជក់បារី»។

លោក Rodrigo Santos Feijo មន្ត្រីបច្ចេក​ទេសផ្នែកជំនួយ​អភិវឌ្ឍន៍នៃលេខាធិការដ្ឋាន​ FCTC នៃ​អង្គការ​សុខ​ភាព​​​ពិ​ភព​​លោក​ បានលើកឡើងក្នុងសិក្ខា​​សាលានេះថា​ ​យោង​តាម​ការសិក្សា​ជាលើកដំបូង​​ដែលមានរយៈ​ពេល​១២​ខែ​នេះ ឃើញថា កម្ពុជា​មានការ​ខាត​បង់​​ទៅលើការប្រើប្រាស់ថ្នាំ​ជក់ដល់ទៅ៣%​ នៃ​​ផលិត​ផលក្នុងស្រុកសរុប ដែល​អត្រា​​​នេះ​ខ្ពស់ជាង​បណ្តា​ប្រទេស​ផ្សេង​ៗ​ ឬមធ្យមភាគ​ថ្នាក់សកល​ដែលមាន​ត្រឹម ១.៨ភាគរយ​​។

លោកបន្ត​ថា កម្ពុជា​បានអនុវត្ត​នូវ​វិធានការ​ល្អៗ​ជាច្រើន​ពាក់ព័ន្ធ​នឹងករីណីនេះ ជាពិសេស​​អនុម័ត​ច្បាប់​ស្តីពីការត្រួត​ពិនិត្យ​ផលិត​ផល​​​​ថ្នាំ​​ជក់ និង​​កា​រដំឡើង​ពន្ធលើ​ផលិត​ផលថ្នាំជក់​ជាដើម។ លោកថា៖ «តាមរយៈ​វិធានការ​ទាំង​​នេះ​​​ យើង​ឃើញថាមានការ​ធ្លាក់ចុះនៃអត្រាប្រេវ៉ាឡង់នៃការប្រើប្រាស់ថ្នាំ​ជក់»។

លោក​បន្ថែមថា៖ «ទោះជា​​និន្នាការ​កំពុង​ធ្លាក់ចុះ​ហើយ ប៉ុន្តែ​កម្ពុជា​នៅមាន​ការ​​ងារ​ជា​ច្រើន​ទៀត​ដែល​​ត្រូវ​ធ្វើ ដូច​ជា​​ការបង្កើន​ពន្ធ​ឲ្យ​បាន​ខ្ពស់​បន្ថែម​ទៀត​​ ព្រោះ​បច្ចុប្បន្ន​​នេះ​ អ្នកជក់បារី​នៅតែ​មានលទ្ធ​ភាពទិញ​បារីមកជក់នៅឡើយ អីចឹង​បើយើង​បន្ថែម​ពន្ធឲ្យកាន់តែ​ខ្ពស់ នោះធ្វើ​លទ្ធភាព​ដែលគាត់ទិញបារីមកជក់អាចមានការធ្លាក់ចុះជាង​​មុន ក្នុង​ចំណោម​អ្នកប្រើប្រាស់​ ជា​ពិសេស​យុវជន និង​អ្នក​ដែលមានប្រាក់ចំណូលទាប»។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោក​ទន្តបណ្ឌិត អឿន បូរារ័ត្នន៍ បាន​មាន​ប្រសាសន៍ថា រាជ​រដ្ឋាភិបាល​​កម្ពុជា បាន​ខិត​​ខំប្រឹង​ប្រែងក្នុងការ​ចាត់វិធាន​ការ​ទប់ស្កាត់ និងសម្រេចបាន​នូវការ​ងា​រជា​ច្រើន​ ដូច​ជា ការ​គាំទ្រ​​​ឲ្យ​មានការ​​អនុម័ត​​អនុ​​​សញ្ញា​​ស្តីពី​​ការត្រួត​ពិនិត្យ​ថ្នាំ​​ជក់ ការអនុម័ត​ច្បាប់ស្តីពីការត្រួត​ពិនិត្យផលិត​​ផល​ថ្នាំ​ជក់​ អនុក្រឹត្យ​ស្តីពី​ការបោះពុម្ភ​សារ​ព្រមាន​សុខ​ភាព​លើ​កញ្ចប់​ផលិតផល​ថ្នាំ​​ជក់ វិធាន​​​ការ​​ហាម​ឃាត់​ការ​ជក់​​ឬ​បង្ហុយ​ផ្សែង​ផលិត​ផលថ្នាំ​ជក់​នៅកន្លែង​ធ្វើការ​ឬ​កន្លែងសារធារណៈ ​ការ​អប់រំ​ផ្សព្វផ្សាយ​ពីផលប៉ះ​ពាល់​ទៅ​លើសុខភាព ព្រមទាំងវិធានការមួយចំនួន​ទៀត។ ប៉ុន្តែ​​​ទន្ទឹម​​នឹង​នោះ កម្ពុជា​​ ​ក៏នៅ​មាន​បញ្ហាប្រឈម​មួយចំនួន​​ ដូចជា​ការអនុវត្ត​ច្បាប់មិន​ទាន់​បាន​ពេញ​លេញ ពន្ធ​ផលិត​​​​ផល​​ថ្នាំ​ជក់​​​នៅទាប ខ្វះ​​ការ​ចូលរួម​ពីភាគី​ពាក់ព័ន្ធ​ និង​សាធារណ​ជន​ជា​ដើម។

លោក​បូរារ័ត្នន៍ បាន​និយាយថា៖ «ដូច្នេះ​របាយការណ៍​សិក្សា​ប៉ាន់​ប្រមាណ​នេះ ជា​ឯកសារ​​សំខាន់​មួយ​បន្ថែមទៀត​ក្នុងការ​ផ្តល់ជា​ភស្តុ​តាង​ និង​អនុសាសន៍​ដល់រាជ​រដ្ឋាភិបាលកម្ពុជា​សម្រាប់​អនុវត្តការ​ត្រួត​ពិនិត្យ​ផលិត​ផល​ថ្នាំ​ជក់​ប្រកប​​​ដោយ​ប្រសិទ្ធិ​ភាព។ ក្រសួង​សុខាភិបាល និង​គណៈកម្មាធិការ​ត្រួត​ពិនិត្យផលិត​ផល​ថ្នាំ​ជក់​​នឹងបន្តការប្រឹង​ប្រែង​ក្នុងការ​ទប់ស្កាត់​​​ការ​ប្រើ​ប្រាស់​ ដើម្បីធានា​ការអភិវឌ្ឍ​ប្រកប​ដោយចីរ​ភាព»។

បើតាម​មន្ត្រី​សុខាភិបាល​រូប​នេះ ការប្រើ​ប្រាស់​ថ្នាំ​ជក់​​ជា​កត្តា​ហានិភ័យ​បង្ក​ឲ្យមាន​ជំងឺមិន​ឆ្លង​ជា​​អាទិភាពចំនួន​៤ រួម​មាន​ជំងឺ​​សសៃឈាម​បេះ​​ដូង​​ ជំងឺ​មហារីក ជំងឺ​ផ្លូវ​ដង្ហើម និងជំងឺ​ទឹកនោមផ្អែម។

លោកស្រី Nargiza Khodjaeva នាយិកាស្តីទីនៃអង្គការសុខ​ភាព​ពិភព​លោក បានមាន​ប្រសាសន៍ថា ការ​សិក្សា​នេះ​បាន​បង្ហាញពីអំពីកិច្ច​សហ​ប្រតិបត្តិ​ការ​ដ៏រឹ​ងម៉ាំក្នុង​វិស័យ​សុខាភិបាល និង​រួម​ចំណែក​ដល់​របៀបវារៈ​​សកល​ ​និង​តំបន់​ ស្តីពីការ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​មិន​ឆ្លង​ ព្រមទាំង​ជា​គន្លឹះ​ក្នុងការ​ផ្តល់​មូលដ្ឋាន​សម្រាប់​គោល​នយោបាយ​សុខ​ភាព​សាធារណៈ កំណើន​សេដ្ឋកិច្ច និងការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព៕

Share and Like this post

Related Posts

Previous Article

សមាគម​សម្ព័ន្ធ​និសិត្ស​​បញ្ញវន្ត​ខ្មែរ ​ នឹងបន្ត​រៀបចំពិធី​គោរពវិញ្ញាណក្ខន្ធ​សពលោក​​បណ្ឌិត កែម ឡី បើ​ទោះជាអាជ្ញាធរ​​មិន​អនុញ្ញាត

Next Article

ខេត្ត​ជាប់​ព្រំដែន​វៀតណាមមួយ​ទៀត​ សង្ស័យថាបាន​ឆ្លង​ជំងឺ​ប៉េស្ដជ្រូក​អាហ្រ្វិក