ចាន់ សោភ័ន៖ “បរិស្ថាន​គឺជា​ជីវិត​របស់​យើង!”

សាយ តុលា / Khmer Times No Comments Share:
Dance draw

បរិស្ថាន​គឺជា​ជីវិត​របស់​យើង!” នេះ​ជាការ​លើកឡើង​ពី​វិចិត្រករ ចាន់ សោភ័ន។ ក្នុង​ឆ្នាំ ២០០៩ លោក​សោភ័ន បានចាប់ផ្តើម​ដើរ​កំសាន្ត​លក្ខណៈ​ផ្សងព្រេង​ក្នុងព្រៃ​នៅ​ខេត្តសៀមរាប និង​តំបន់​មួយចំនួន​ក្នុង​ខេត្តព្រះវិហារ។ លោក​មាន​អារម្មណ៍​រំភើប​ទៅនឹង​សូរសំឡេង​ស្រែកច្រៀង​របស់​ហ្វូងបក្សី​នៅលើ​ដើមឈើធំៗ ដែល​លម្អ​ទៅដោយ​ទេសភាព​បៃតង។ តែ​ក្រោយមក លោក​សោភ័ន​បែរជា​ក្រៀមក្រំ ព្រមទាំង​សោកស្តាយ ពេល​ឃើញ​ព្រៃឈើធំៗក្នុង​តំបន់​នោះ បែរជា​នៅសល់តែ​គល់​យ៉ាងច្រើន​ស្អេកស្កះ។

«ក្នុងនាម​ជា​និស្សិត​ម្នាក់ ខ្ញុំ​ដឹងខ្លួន​ថា ដឹងថា​ខ្ញុំ​មិនអាច​បញ្ឈប់​គេ​ទាំងឆៅៗ ក្នុងការ​ឆ្លើយតប​ទៅនឹង​បញ្ហា​កាប់បំផ្លាញ​ព្រៃឈើ​នេះ​បានទេ ” នេះ​ជា​សំដី​និស្សិត​គំនូរ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ រំ​ឮ​ក​ពី​អតីតកាល​របស់ខ្លួន។

Chan-Sophornបន្ទាប់ពី​បញ្ចប់​ការសិក្សា​ពី​សាកល វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ លោក​សោភ័ន បានទទួល​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត​ទៅ​សិក្សា​ផ្នែក គំនូរ​បែប​លោកខាងលិច [Western Painting] ពី​សាកលវិទ្យាល័យ Sangmyung ក្នុង ប្រទេស​កូរ៉េខាងត្បូង​ក្នុង​ឆ្នាំ ២០១១ ។ ទោះបី​មានការ​លំបាក​ក្នុង ក្នុង​ការរៀន​ភាសា​ថ្មី និង​វប្បធម៌ផ្សេងៗក្តី លោក​សោភ័ន នៅតែ​អាច​បង្ហាញ​ពី​បញ្ហា​បរិស្ថាន និង​ការបាត់បង់​ព្រៃឈើ​នៅ​ប្រទេស​ប៉ែក​អាស៊ីអាគ្នេយ៍​មួយចំនួន ជាពិសេស​បញ្ហា​នៅ​កម្ពុជា តាមរយៈ​ផ្ទាំងគំនូរ​របស់លោក។

 

លោក​សោភ័ន​បាន​សរសេរ​និក្ខេបបទ​បញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​កូរ៉េខាងត្បូង ស្តីពី​បញ្ហា​បរិស្ថាន បន្ទាប់ពី​សង្កេតឃើញថា​បញ្ហា​បរិស្ថាន​នៅក្នុង​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ពិតជា​អ្វីដែល​គួរ​ឲ្យ​សិក្សា។ លោក​និយាយថា៖ «ពេល​ទៅលេង​ភ្នំ​នៅ​កូរ៉េ ភាពស្រស់​បំព្រង​របស់​ប្រទេស​នេះ​បាន​រំឭក​ខ្ញុំ​ពី​អនុស្សាវរីយ៍​នៅ​ខ្មែរ។ប្រជាជន​គេ​ស្រលាញ់​នឹង​អភិរក្ស​ព្រៃឈើ​គេ​ណាស់។  អ៊ីចឹង​ហើយ ខ្ញុំ​បាន​សុំ​សាស្ត្រាចារ្យ ដើម្បី​គូរគំនូរ​ពី​បញ្ហា​បរិស្ថាន​នៃ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ សម្រាប់​ជា​គម្រោង​ដើម្បី​បញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត។ ពេលនោះ​សាស្ត្រាចារ្យ​ក៏​យល់ព្រម»

មិន​ត្រឹមតែ​បង្ហាញ​ស្នាដៃ​គំនូរ​ដល់​មិត្ត​រួម​ថ្នាក់ និង​សាស្ត្រាចារ្យ​របស់លោក​នៅ​សាកលវិទ្យាល័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្នុង​រយៈពេល២ឆ្នាំកន្លះ លោក​សោភ័ន អាច​បង្ហាញ​ស្នាដៃ​សិល្បៈ​របស់ខ្លួន​ដល់​ទៅ៣ដង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង។ លោក​បន្តថា៖ «មាន​មនុស្ស​ច្រើនណាស់​ដែល​មក​ទស្សនា និង​គាំទ្រ​ការងារ​សិល្បៈ​របស់ខ្ញុំ។ ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា គំនូរ​ទាំងនេះ​ពិតជា​ប្លែក​ពី​គំនូរ​នៅ​ប្រទេស​របស់គេ។ វា​ប្លែក ព្រោះ​ខ្ញុំ​បាន​បង្កើត​ស្ទីល​ផ្ទាល់ខ្លួន​របស់ខ្ញុំ»។

នៅពេល​លោក​សោភ័ន ត្រឡប់មក​មាតុប្រទេស​វិញ លោក​បាន​គូរគំនូរ​ជាច្រើន​ដែល​មួយចំនួនធំ​ជា​គំនូរ​ស្តីពី​បរិស្ថាន ដោយ​មិន​ខ្វល់​ថា នឹងត្រូវ​ប្រើប្រាស់​រូប​ទាំងនោះ​ដើម្បី​តាំង​បង្ហាញ​ក្នុង​ពិ​ពរ​ណ៌​ណាមួយ​ឬ​អត់​ទេ។ យ៉ាងណាក៏ដោយ ប៉ុន្មាន​ឆ្នាំ​ក្រោយមក​លោក​បាន​ផ្លាស់ប្តូរ​ទស្សនៈ​របស់​ខ្លូន ដោយ​ព្យាយាម​ស្វែងរក​កន្លែង​បង្ហាញ​ស្នាដៃ​ទាំងនោះ។

 

គួរ​ឲ្យ​ស្តាយ​វិចិត្រករ​រូបនេះ​បង្ហើប​ថា៖ «សំណើ​របស់ខ្ញុំ​ទាំងអស់​ត្រូវបាន​បដិសេធ​អស់​រយៈពេល​ជិត ១០ឆ្នាំ​ដោយ​វិចិត្រសាល​មួយចំនួន  និង​សូម្បីតែ​សណ្ឋាគារ​ក៏​មិន​ទទួល​ដែរ។ ប្រហែល​មកពី​ខ្ញុំ​មិន​ល្បី ឬក៏​បណ្តាលមកពី​គំនូរ​របស់ខ្ញុំ​បង្ហាញ​អំពី​បញ្ហា​សង្គម»។

លោក​បន្តថា៖ «ប៉ុន្តែ​ខ្ញុំ​គូរ​ទៅតាម​តថភាព​សង្គម។ ថង់​ប្លា​ស្ទិ​កមាន​គ្រប់​ទីកន្លែង។ តាម​របាយការណ៍​ដែល​ខ្ញុំ​ធ្លាប់​អាន ព្រៃឈើ​ត្រូវបាន​បាត់បង់ ពី ៧៣% មក​សល់​ត្រឹម​តិចជាង ១០% នៅក្នុង​ប្រទេស​របស់​យើង។ ខ្ញុំ​យល់ថា​ព្រៃឈើ​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយសារ​សង្គ្រាម គ្រោះធម្មជាតិ និង​កត្តា​មនុស្ស។ ហើយ​បច្ចុប្បន្ននេះ មានតែ​មនុស្ស​ប៉ុណ្ណោះ​ដែល​កំពុង​បំផ្លាញ​វា។ តើ​យើង​មិនអាច​បញ្ឈប់​សកម្មភាព​ទាំងនោះ​បានទេ​រឺ​យ៉ាងណា?»

ក្រោយពី​ត្រូវបាន​បដិសេធ​ជាច្រើនលើក​ច្រើនសារ លោក​សោភ័ន​ក៏​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​តាំង​បង្ហាញ​ស្នាដៃ​សិល្បៈ​របស់ខ្លួន​នៅ​មជ្ឈមណ្ឌល​បុប្ផា​ណា។ ក្រោម​ប្រធានបទ “ជីវិត​របស់​ធម្មជាតិ”ដោយ​គំនូរ ៣០ ផ្ទាំង​ត្រូវបាន​បង្ហាញ​ជា​សាធារណៈ​ចាប់ពី​ថ្ងៃទី ៣ ដល់​ថ្ងៃទី ២៩ ខែមិថុនា​កន្លងទៅថ្មីៗនេះ។ គំនូរ​មួយចំនួន​ដែលមាន​លក្ខណៈ​ជា​គំនូរ​លិ​ប ដែល​ក្នុងនេះ​មាន​បង្ហាញ​ពី​សោភ័ណ​នៃ​អ្នករបាំ​ប្រពៃណី ទេវតា រុក្ខជាតិ បក្សី និង​ការបញ្ចូល​ការស្រមើស្រមៃ​បែប​សិល្បៈ​បង្កប់​ដោយ​ភាព​ច្នៃ​ប្រឌិដ្ឋ។

«ខ្ញុំ​មិន​ត្រឹមតែ​បង្ហាញ​ពី​រូបភាព នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​រូបភាព​បញ្ហា​នៅ​ប៉ែក​អាស៊ី​អា​គ្ន​យ៍​ផងដែរ។ ហើយ​វា​គឺជា​បុព្វហេតុ​ចម្បង ដែលនាំឱ្យ​មានការ​កើនឡើង​កំដៅ​ផែនដី និង​បម្រែបម្រួល​អាកាសធាតុ​ផងដែរ។ ខ្ញុំ​មិន​រំពឹងថា​មាន​មនុស្ស​ទិញ​រូប​ទាំង​នោះទេ តែ​ខ្ញុំ​គ្រាន់តែ​សង្ឃឹមថា​អ្នក​ទាំងនោះ យល់​ពី​បំណង​របស់ខ្ញុំ ហើយ​ចាប់ផ្តើម​យកចិត្តទុកដាក់ ដើម្បី​ក្លាយជា​ផ្នែក​មួយ​នៃ​អ្នកដោះស្រាយ​បញ្ហា។ សង្ឃឹមថា​ទាំង​រដ្ឋាភិបាល និង​ប្រជាជន​អាច​សហការគ្នា​ដើម្បី​ការពារ​ព្រៃឈើ​ដែល​នៅ​សេសសល់»

ទោះបីជា​វា​ជាការ​តាំងពិព័រណ៍​លើកដំបូង​បង្អស់​នៅ​កម្ពុជា​របស់លោក​សោភ័ន​ក៏ពិតមែន តែ​រូបភាព​ទាំង​នោះបាន​ទាក់ទាញ​អ្នកទស្សនា​បាន​ប្រមាណ​ជាង ១០០០ នាក់ និង​លក់ដាច់​គំនូរ​ចំនួន១១ផ្ទាំង​ទៀតផង។ លើសពីនេះ​លោក​សោភ័ន​បានបង្ហាញ​អារម្មណ៍​រំភើប ដែល​ទទួលបាន​ការ កោតសរសើ​រ ការគាំទ្រ និង​ការ លើកទឹកចិត្ត​ពី​សំណាក់​ស្ស​និក​ជន​ដែល​ចូល​ទស្សនា។

ក្រៅពី​ការងារ​ជា​វិចិត្រករ​គំនូរ​ម្នាក់ លោក​សោភ័ន​ក៏​ជា​អ្នក​រចនា​ម៉ូដ និង​ជា​សាស្ត្រាចារ្យ​នៅ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ផងដែរ។ បច្ចុប្បន្ន​លោក​កំពុងធ្វើការ​លើ​គម្រោង​គំនូរ​មួយ​ដែល​ទាក់ទង​នឹង ​នាដ​ការី​របាំ​បុរាណ ដែល​ សាស្ត្រាចារ្យ​រូបនេះ​សង្ឃឹមថានឹង​អាចដាក់​បង្ហាញ​នៅ​ខែកញ្ញា​ខាងមុខ៕

Share and Like this post

Related Posts

Previous Article

គ្រោះថ្នាក់ចរាចរណ៍នៅបាវិត សម្លាប់មនុស្យ ៣នាក់និងរបួសធ្ងន់ ២នាក់

Next Article

Scholarships