ខេត្ដត្បូងឃ្ម៊ំ​ត្រៀម​ខ្លួន​ទប់ទល់ ជំងឺប៉េសជ្រូកអាហ្រ្វិក ខណៈភូមិ​ចំនួន​​២ បានរកឃើញមេរោគ

ប៉ិច សុធារី / Khmer Times No Comments Share:
ASF
ប្រទេស​កម្ពុជា បានផ្ទុះ​ឡើងនៅ​ជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក​លើក​ដំបូង កាល​ពី​​ខែ​មិនា ​នៅ​ស្រុក​អូរយ៉ា​​ដាវ ខេត្តរតនគិរី។ បន្ទាប់ពីមាន​ការស្ងប់ស្អាត់មួយ​រយៈ​ ជំងឺនេះ​បាន​មកដល់​ខេត្ត​ ត្បូងឃ្ម៊ំ។ ជរ​ ​សុ​គន្ធា​

ភ្នំពេញ៖ មន្ត្រីផ្នែកកសិកម្មនៅ​ខេត្តត្បូង​ឃ្មុំ បាននិងកំពុងឲ្យ​មេភូមិ​និមួយៗ​ទូទាំង​ខេត្ត ចុះ​​ស្រង់​ស្ថិតិ​​​ព័ត៌មាន​ពី​ចំនួន​សត្វ​​ជ្រូក​​​ឈឺ​​​​និង​ងាប់ ព្រមទាំងបង្កើន​ការបាញ់ថ្នាំ​សម្លាប់មេរោគ ខណៈដែលខេត្តនេះត្រូវ​បាន​​​ក្រសួង​កសិកម្មប្រកាស​ថា​​មានផ្ទុះឡើងនូវ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក។

កាលពី​ថ្ងៃ​អង្គារ រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ លោក​វេង សាខុន​ បាន​ចេញប្រកាស​ដោយ​កំណត់​តំបន់​​ផ្ទុះ​​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​នៅក្នុង​ភូមិចំនួន​២ គឺភូមិ​កំពង់​សេរី និងភូមិ​ស្វាយ ក្នុងឃុំមៀន ស្រុក​អូរ​រាំង​ឪ​ ខេត្តត្បូង​ឃ្មុំ ដែល​ជា​ខេត្តទី២នៃ​ការផ្ទុះជំងឺ​នេះ បន្ទាប់ពីខេត្តរតនៈគិរី។

ប្រធានមន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ លោក ហេង ពិសិដ្ឋ បានឲ្យដឹង​នៅថ្ងៃពុធនេះ​ថា បន្ទាប់​ពី​រក​ឃើញ​​​ពី​ភាព​​វិជ្ជមាន​នៃការកើត​មាន​ជំងឺ​ប៉េស្តជ្រូក​អាហ្រ្វិក ទៅលើ​សត្វ​ជ្រូក​ចំនួន១០​ក្បាល​នោះ លោកបាន​ស្នើ​ឲ្យ​អាជ្ញាធរ​នៅ​តាមភូមិនិមួយៗជួយ​ចុះ​ពិនិត្យ និង​តាម​ដាន​ជំងឺនេះនៅក្នុងមូលដ្ឋាន​របស់ខ្លួន ប៉ុន្តែគិត​មកដល់ល្ងាច​​ថ្ងៃ​ម្សិល​​មិញ​ នៅមិនទាន់មាន​ការរាយការណ៍​ពីការ​រាល​ដាន​នៃ​ជំងឺនេះទៅកាន់​ភូមិផ្សេង​នៅឡើយ។

លោកថា៖ «ខ្ញុំបាន​ឲ្យមន្ត្រីរបស់​យើង​រៀបចំជា​តារាង​ព័ត៌មាន សម្រាប់ចែកដល់​មេភូមិនិមួយៗ ដើម្បីឲ្យ​គាត់គូស​ពី​ចំនួន​​​​សត្វ​​ជ្រូក​​ឈឺ​ ​ឬ​ងាប់​​ នៅក្នុងភូមិ​របស់​ពួកគាត់ និងបាន​ឲ្យ​ពួកគាត់​ជួយ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​ដល់​ប្រជា​ពលរដ្ឋ​ពីបញ្ហា​នេះ»។

លោក​ហេង ពិសិដ្ឋ បាន​បន្តថា ក្រៅពីនោះ មន្ត្រី​បសុពេទ្យក៏បាន​​ចុះ​បាញ់​ថ្នាំ​ជីវ​សុវត្ថិ​ភាព​នៅតាម​ផ្ទះ​របស់អ្នក​ភូមិ​ដែល​ចិញ្ចឹមសត្វ​​ជ្រូក​ក្នុង​ភូមិកើត​ហេតុ និងភូមិក្បែរនោះ ព្រមទាំង​បាញ់តាម​​ផ្លូវ​ចេញ​ចូល​ភូមិ និង​តាម​​​យាន​​ជំនិះ​មួយចំនួន​ដែល​ចេញ​ចូល​នៅក្នុង​ភូមិ​កើត​ហេតុផងដែរ។ លោក​ថា៖ «យើង​បានអនុវត្ត​​ទៅតាមការ​ណែនាំ​របស់​ក្រសួង​ពីការ​ការ​ពារ​កុំ​ឲ្យ​ឆ្លង​រាលដាល និងកំពុងស្រាវ​ជ្រាវ​​រកមូលហេតុនៃ​​ការផ្ទុះ​ឡើងនូវ​ជំងឺនេះ​ផងដែរ»។

ប្រទេស​កម្ពុជា បានផ្ទុះ​ឡើងនៅ​ជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក​លើក​ដំបូង កាល​ពី​​ខែ​មិនា ​នៅ​ស្រុក​អូរយ៉ា​​ដាវ ខេត្តរតនគិរី និង​បាន​​ឆ្លង​​រាល​ដាល​បន្ត​ដល់​ស្រុកអូរ​ជុំ ដោយ​មាន​សត្វ​ជ្រូក​ប្រហែល​ជាង២១០០ក្បាល ត្រូវបាន​ងាប់​និងសម្លាប់​ចោល។ តែ​យ៉ាងណា មន្ត្រីកសិកម្ម​ខេត្ត​អះអាង​ថា ការ​ផ្ទុះឡើងនូវ​ជំងឺ​​នេះ​ បាន​ស្ងប់ស្ងាត់​​ទៅវិញ​ហើយ​​កាល​ពីខែ​​មេសា ខណៈដែល​ក្រុម​មន្ត្រីជំនាញ​បាន​និងកំពុងបន្តចាត់វិធានការ​ទប់ស្កាត់។

យោង​តាមសេចក្តីប្រកាស​ស្តីពីការកំណត់​​តំបន់​ផ្ទុះជំងឺ​ប៉េស្តជ្រូកអាហ្រ្វិក​របស់​ក្រសួង​កសិកម្ម កាលពី​ថ្ងៃ​អង្គារ ក្រសួង​បាន​សម្រេច​ឲ្យ​អគ្គ​នាយក​ដ្ឋាន​សុខ​​ភាព​សត្វ​និងផលិត​កម្ម​សត្វ​ ត្រូវ​ចាត់វិធានការបំផ្លាញ​ចោល​ចំពោះ​សត្វជ្រូក​គ្រប់​ប្រ​ភេទ​នៅ​តំបន់​ផ្ទុះ, ផ្អាក​ការ​​ទិញលក់ និងការ​ដឹកជញ្ជូន​សត្វ​ជ្រូក​​ និងផលិត​ផល​ធ្វើ​ពីសត្វ​ជ្រូកគ្រប់ប្រភេទចេញចូលក្នុង​រង្វង់​៣គីឡូ​ម៉ែត្រ​​ និងត្រូវ​ពិនិត្យ​ឃ្លាំ​មើល​ចល​នា​​​​សត្វ​ជ្រូក សាច់ជ្រូក​ និងផលិត​ផល​ធ្វើពីសាច់​ជ្រូកក្នុងរង្វង់​​១០គីឡូ​ម៉ែត្រ ពីចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ។

ប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋានសុខ​ភាព​សត្វ​ និងផលិត​កម្ម​សត្វ លោក​តាន់ ផាន់ណារ៉ា​ ពុំអាចសុំការ​អត្ថាធិប្បាយ​​បាន​ទេ​នៅថ្ងៃ​ពុធនេះ។

ប៉ុន្តែបើតាម​លិខិត​របស់​អគ្គ​នាយកដ្ឋាន​សុខ​ភាពសត្វ និងផលិត​កម្ម​សត្វ ​បាន​ឲ្យ​​ដឹង​​កាលពី​​ថ្ងៃទី​២៣​មិថុនាថា នៅភូមិ​កំពង់សេរី និងភូមិ​ស្វាយ​ មាន​សត្វជ្រូក​សរុប ៥៦៨ក្បាល ត្រូវបាន​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​ ក្នុងនោះ​មាន​សត្វ​ជ្រូក​​​ចំនួន​១៩ក្បាល​បានឈឺ​ និងងាប់​ចំនួន​៣ក្បាល។​

ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​​ បាន​ចាប់​ផ្តើម​​​​ផ្ទុះ​​ឡើង​​ក្នុង​ប្រទេស​ចិន កាល​ពី​ខែ​សីហា ឆ្នាំ​មុន​​ ហើយ​បាន​រីក​រាលដាល​ដល់​ប្រទេស​វៀតណាម​នៅ​ដើម​ឆ្នាំ​នេះ។ រហូតដល់ខែមិថុនា អាជ្ញាធរវៀតណាមបាន​សម្លាប់សត្វជ្រូកជាង ២លាន​៥សែន​ក្បាល ខណៈ​ជំងឺនេះឆ្លងស្ទើរទូទាំង​​ប្រទេស៕

Share and Like this post

Related Posts

Previous Article

ខេត្ត​ជាប់​ព្រំដែន​វៀតណាមមួយ​ទៀត​ សង្ស័យថាបាន​ឆ្លង​ជំងឺ​ប៉េស្ដជ្រូក​អាហ្រ្វិក

Next Article

គ្រោះថ្នាក់ចរាចរណ៍នៅបាវិត សម្លាប់មនុស្យ ៣នាក់និងរបួសធ្ងន់ ២នាក់