ឱសថ​ក្លែង​ក្លាយ នឹងត្រូវ​ប្រយុទ្ធប្រឆាំងទូទាំង អាស៊ាន

ប៉ិច សុធារី / Khmer Times No Comments Share:
Fake medicine
សម្មត្ថកិច្ច​កំពុង​កម្ទេច​ឱសថ​ក្លែងក្លាយ​និងអន់​គុណភាព​បន្ទាប់ពី​ប្រមូលបានពី​ទីផ្សារ។ ជរ​ ​សុ​គន្ធា​

ភ្នំពេញ៖ មន្ត្រីសុខាភិបាល​​នៃបណ្តា​ប្រទេស​អាស៊ាន​ទាំង​១០ បានបង្ហាញជំហរ​​សហការគ្នា​​ក្នុងការ​ដោះ​ស្រាយ​កង្វល់​​រួមនៃ​​ការ​ចរាចរ​ឱសថ​ក្លែង​ក្លាយ និងអន់គុណ​ភាព តាមរយៈ​ការ​លក់​ និង​ចែក​ចាយឱ​សថ​គ្មាន​ប្រភព​ច្បាស់​លាស់ និង​ការ​លក់​ឱសថ​តាមប្រព័ន្ធអន​ឡាញ។

កា​របង្ហាញ​ជំហរ​លើ​កិច្ច​សហ​ការ​នេះ បាន​ធ្វើឡើងនៅ​ក្នុ​ង​កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់​ ស្តីពី «ការពង្រឹង​កិច្ច​សហ​ការ​​ក្នុង​តំបន់​សម្រាប់ការងារប្រយុទ្ធ​ប្រឆាំង​ឱ​សថ​ក្លែង​ក្លាយ​ និង​អន់​គុណ​ភាព»​ នៅខេត្ត​សៀម​រាប កាល​ពី​ថ្ងៃ​ចន្ទនិងអង្គារ​​ដើម​សប្តាហ៍នេះ ដោយមានការ​ចូលរួម​ពីឧត្តម​មន្ត្រីសុខាភិបាល​អាស៊ាន​​ អាជ្ញាធរ​ឱសថពីបណ្តាប្រទេស​សមាជិក​អាស៊ាន​ទាំង​​១០ តំណាង​គណៈកម្មការ​​ប្រយុទ្ធប្រឆាំង​​ផលិត​​ផល​ក្លែង​​ក្លាយនៃ​​ក្រសួង​មហា​ផ្ទៃ និងដៃគូរ​ពាក់ព័ន្ធ​ជា​ច្រើន​រូប​​ទៀត។​

យោង​តាមសេចក្តីជូនព័ត៌មាន​របស់​​ក្រសួង​សុខា​ភិបាល ស្តីពីលទ្ធផលនៃ​កិច្ច​ប្រជុំ​នេះ កាលពី​ល្ងាច​ថ្ងៃ​អង្គារ បាន​ឲ្យ​ដឹង​​​ថា បណ្តា​ប្រទេស​សមាជិកអាស៊ាន​ទាំង​​១០ និងដៃគូរ​ពាក់ព័ន្ធ មាន​ក្តីបារម្ភ​​​​ជា​ខ្លាំង​​​លើការ​ចរាចរ​ឱសថ​ក្លែង​ក្លាយ និង​អន់​គុណ​ភាព តាមរយៈការ​លក់​និង​ចែក​ចាយ​ឱសថ​​គ្មាន​ប្រភព​ច្បាស់​​លាស់ ព្រមទាំងការ​លក់​ឱសថ​នៅ​តាមប្រព័ន្ធ​អន​ឡាញ​ផង​ដែរ ដែលបណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខ​ភាព​ប្រជា​ពលរដ្ឋ​ក្នុងតំបន់​អាស៊ាន ប៉ះ​ពាល់​ដល់​សេដ្ឋ​កិច្ចជាតិ និង​​​សេដ្ឋកិច្ច​​ក្នុង​តំ​បន់​។

សេចក្តីជូន​ព័ត៌មាន​​បន្តថា៖ «​បញ្ហានេះ​ជា​បន្ទុកមួយ​ដ៏​ធ្ងន់​ធ្ងរ​​​សម្រាប់បណ្តា​​ប្រទេស​សមា​​ជិក​អាស៊ាន ដែល​ត្រូវ​រិះ​រក​វិធាន​​ការ​រួម​គ្នា ក្នុងការ​ដោះស្រាយ​បញ្ហា​ដ៏​ស្មុគ​ស្មាញនេះ»។

ពាក់ព័ន្ធនឹង​បញ្ហា​​នេះ អង្គប្រជុំ​​ បានលើក​ឡើងពីបញ្ហាប្រឈម ទិដ្ឋ​ភាព​ផ្នែក​ច្បាប់​ និង​យុទ្ធ​សាស្រ្ត​របស់​អង្គការ​សុខ​ភាព​​​​​ពិភព​លោក ដើម្បី​ទប់ស្កាត់​ការ​ចរាចរ ការ​ស្រាវ​ជ្រាវ និងការឆ្លើយ​តប​ក្នុងការប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែង​ក្លាយនិង​អន់​គុណ​ភាព ព្រមទាំង​បាន​​ចែក​រំលែកពីបទ​ពិសោធន៍​ ការ​​កំណត់នូវ​សកម្ម​ភាព​សម្រាប់​កិច្ចខិត​ខំប្រឹង​ប្រែ​ងរួម​គ្នា និងការ​រៀប​ចំ​ផែនការ​សកម្ម​ភាព​រួម​គ្នា សម្រាប់ការ​ងារ​​ប្រយុទ្ធ​ប្រឆាំង​​​ឱសថ​ក្លែង​ក្លាយ​និងអន់​គុណ​ភាពនេះ។

​សេចក្តីជូន​ព័ត៌មាន​​ បាន​បន្ថែម​ថា៖ «អង្គ​ប្រជុំ​បាន​សម្រេចឯក​​ភាព​​លើ​​ចំណុ​ច​គន្លឹះ​ពាក់ព័ន្ធ​ការ​ប្រយុទ្ធ​​ប្រឆាំង​ឱសថ​ក្លែង​ក្លាយ​ និងអន់គុណ​ភាព ដែល​ត្រូវដាក់បញ្ចូលទៅក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​​ សម្រាប់ការអនុម័ត​​​​​នៅក្នុងកិច្ចប្រជុំ​​​រដ្ឋមន្ត្រី​សុខាភិបាល​​អាស៊ាន​លើក​ទី​​១៤ ​នៅខែ​សីហា​​ខាង​មុខ»។

រដ្ឋ​លេខាធិការ​ និងជា​អ្នកនាំពាក្យ​នៃក្រសួង​សុខាភិបាល លោកស្រី​វេជ្ជ​បណ្ឌិត ឱ វណ្ណ​​ឌីន បាន​មាន​ប្រសាសន៍ថា​ លទ្ធ​ផលនៃ​កិច្ចប្រជុំ​នេះ មានសារសំខាន់ណាស់​ក្នុងការលើកកម្ពស់ប្រសិទ្ធិ​ភាព និងបង្កើន​កិច្ច​​​​សហ​​ប្រតិបត្តិ​ការ​ក្នុងបណ្តា​ប្រទេស​​សមា​ជិក​អាស៊ាន​ទាំង​អស់ ដើម្បី​ប្រយុទ្ធ​​​ប្រឆាំង​ឱសថ​ក្លែង​ក្លាយ និងអន់​គុណ​ភាព​​នៅក្នុងតំបន់។

លោកស្រី​ថា៖ «សេចក្តីព្រាង​ចំណុច​គន្លឹះ​ពាក់ព័ន្ធនឹង​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែង​ក្លាយ ​​និង​​អន់គុណ​ភាព​ បញ្ជាក់ពី​ការ​​​​​ប្តេជ្ញា​​​ចិត្ត​​​រួម​គ្នា​ក្នុងការ​​បង្កើន​សកម្ម​ភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​​សុខ​ភាព​សាធារណៈ ដែលមាន​លក្ខណៈ​ជា​សកល»។

កញ្ញា ណយ សុម៉ាលីស កម្មការិនីរោង​ចក្រកាត់​ដេរ​មួយនៅរាជ​ធានីភ្នំពេញ បាន​សាទរ​​ចំពោះកិច្ច​​សហ​​ការ​របស់​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ាន​​លើ​បញ្ហា​នេះ ខណៈដែល​កញ្ញា​មើល​ឃើញថា ការ​លក់​ផលិត​ផល​ឱសថ និង​​គ្រឿង​សំអាង​ផ្សេង​ៗនៅលើ​បណ្តាញ​អនឡាញ កាន់តែ​មាន​ភាព​រីក​ដុះដាលខ្លាំង​ឡើង គួរឲ្យ​ព្រួយ​បារម្ភ។ កញ្ញាថា៖ «យើង​ឃើញ​ហើយ​​ មានឱសថ​ជាច្រើនត្រូវបាន​ប្រកាស​លក់នៅតាមហ្វេសប៊ុក​ ដូចជា ​​ថ្នាំ​សម្រករាង ថ្នាំជំនួយ​ស្បែក​ឲ្យស និង​ផលិត​​​ផល​គ្រឿង​សំអាង​រាប់​រយ​មុខ​ ដែលយើងមិន​ដឹង​ថា​មានប្រភព​មក​ពីណា​ខ្លះ ឃើញ​តែ​គេដាក់​ថា​មកពីប្រទេស​នេះ​​ប្រទេស​នោះ អីចឹង​យើង​មានការបារម្ភ​ខ្លាចផលិត​ផល​ទាំងនោះ​វា​ក្លែងក្លាយ ឬ​ផុត​សុពលភាពប្រើប្រាស់​អីចឹង​​ អីចឹង​​​ខ្ញុំគាំទ្រឲ្យមានចំណាត់ការ​លើ​រឿង​នេះ»។

ក្រសួង​សុខាភិបាល កាល​ពីខែ​មិថុនា ក៏បានជូនដំណឹង​ដល់​​​​អគ្គនាយកគ្រឹះ​​ស្ថាន​ឱសថ​ និង​គ្រឿង​សំអាង ព្រមទាំង​សាធារណជន​ទាំង​អស់ថា ក្រសួង​នឹង​អនុវត្តចុះ​ទិដ្ឋាការ បញ្ជិកា​ឱសថ ឧបករណ៍បរិក្ខា​ពេទ្យ និង​ចុះ​ប្រវេទន៍​គ្រឿង​សំអាង​​តាម​ប្រព័ន្ធ​អនឡាញ ចាប់ពីខែ​សីហាខាង​មុខ​នេះ ដើម្បី​ពង្រឹង​ការ​ងារ​គ្រប់គ្រង​ឱសថ​ ឧបករណ៍​ពេទ្យ និង​គ្រឿង​សំអាង កាន់​តែល្អ​ប្រសើរ​ និង​​មានតម្លា​ភាព។ ការ​អនុវត្ត​នេះ ក្រសួង​នឹង​ប្រើ​ប្រព័ន្ធ​ QR Code នៅ​លើ​ប្រអប់​ផលិត​ផល​ឱសថ ឧបករណ៍​ពេទ្យ និង​គ្រឿង​​សំអាង ដើម្បីធានា​នូវព័ត៌មាន​ជាក់​លាក់របស់​ផលិត​​ផល​ និងបង្ក​ភាព​ងាយ​​ស្រួល​ដល់​ភ្នាក់ងារ​ត្រួត​ពិនិត្យ​​ឱសថ ក៏ដូចជា​អ្នក​ប្រើ​ប្រាស់ អាច​​តាម​ដាន​នូវ​ផលិត​ផល​​ឱសថនិងគ្រឿង​សំអាង​ក្លែង​ក្លាយ ឬ​គ្មាន​ច្បាប់អនុញ្ញាត​ពី​​​ក្រសួង​ជា​ដើម៕

Share and Like this post

Related Posts

Previous Article

ចាន់ សោភ័ន៖ “បរិស្ថាន​គឺជា​ជីវិត​របស់​យើង!”

Next Article

ផ្សារ​ទំនើប​ខ្នាត​តូច កំពុង​ពង្រីក​ខ្លួន​ទ្រង់​ទ្រាយ​ធំ