​លោកនាយក​រដ្ឋមន្ត្រី​ ​ជំរុញ​ដល់​គ្រប់​ស្ថានីយ​ទូរទស្សន៍​ឲ្យ​ប្រើ​ភាសា​សញ្ញា​នៅក្នុង​ការផ្សាយ​កម្មវិធី​ព័ត៌មាន​

ប៉ិច​ សុធារី / Khmer Times No Comments Share:
hun-sen
លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ក្នុង​ពិធី​ផ្ទេរ​សាលា​ពិការ​គ-ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី​។​ ខឹម​ ​សុវណ្ណារ៉ា​

ភ្នំពេញ​៖​ ​ប្រមុខ​រាជរដ្ឋាភិបាល​ ​បាន​ជំរុញ​ជាថ្មី​ដល់​គ្រប់​ស្ថានីយ​ទូរទស្សន៍​ទាំងអស់​ ​រៀបចំ​ឲ្យ​មាន​អ្នក​បក​ប្រើ​ភាសា​សញ្ញា​នៅក្នុង​ការផ្សាយ​កម្មវិធី​ព័ត៌មាន​របស់​ខ្លួន​ ​ដើម្បីឲ្យ​ជន​ពិការ​គ​-​ថ្លង់​ ​បាន​ទទួល​ព័ត៌មាន​ដូច​មនុស្ស​មិន​ពិការ​ដែរ​។​

​ការជំរុញ​នេះ​ ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​ផ្ទេរ​សាលា​ពិការ​គ-ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី​ ​មក​ដាក់​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់ក្រ​សួង​អប់រំ​ ​យុវជន​ ​និងកីឡា​វិញ​ ​ដែល​ស្ថិតនៅ​ខណ្ឌ​សែនសុខ​ ​រាជធានី​ភ្នំពេញ​។​ ​សាលា​កុមារ​ពិការ​ភ្នែក​ ​និង​គថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី​ ​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ១៩៩១​ ​ដោយមាន​ឈ្មោះថា​ ​«​មជ្ឈមណ្ឌល​ជាតិ​ ​អប់រំ​ជន​ពិការ​ភ្នែក​ ​និង​គ​-​ថ្លង់​»​ ​ដែល​ជា​កន្លែង​បណ្តុះបណ្តាល​គ្រូបង្រៀន​ជន​ពិការ​ភ្នែក​ ​និង​គ-ថ្លង់​ ​និង​សម្រាប់​ជាទី​តាំង​បោះ​ពុម្ភ​ផ្សាយ​ផលិត​សម្ភារៈ​សិក្សា​របស់​ជន​ពិការ​ភ្នែក​ ​និង​គថ្លង់​ផង​ដែរ​។​

​ក្នុង​ពិធី​នោះ​ ​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​មានប្រសាសន៍​ថា​ ​កន្លងមក​ ​មាន​ស្ថានីយ​ទូរទស្សន៍​មួយចំនួន​តូច​ ​បាន​ដាក់ឲ្យ​មាន​អ្នកបកប្រែ​ភាសា​សញ្ញា​នៅ​តាម​កញ្ចក់​ទូរទស្សន៍​របស់​ខ្លួន​ ​ប៉ុន្តែ​មួយ​រយៈ​ចុងក្រោយ​នេះ​ ​ហាក់​មាន​ភាព​ស្ងប់​ស្ងាត់់​វិញ​ ​ដែល​ករណីនេះ​ ​លោក​បាន​ស្នើ​ជាថ្មី​ដល់​គ្រប់​ស្ថានីយ៍​ទូរទស្សន៍​ទាំងអស់​ ​ត្រូវ​រៀបចំ​ដាក់​អ្នក​បក​ប្រើ​ភាសា​សញ្ញា​នៅក្នុង​កម្មវិធី​ព័ត៌មាន​របស់​ខ្លួន​ ​ដើម្បីឲ្យ​ជន​ពិការ​គ​-​ថ្លង់​ ​អាច​ទទួល​បាន​ព័ត៌មាន​ដូច​ពលរដ្ឋ​ដទៃ​ ​ព្រោះ​នេះ​ក៏​ជា​សិទ្ធិ​មួយ​របស់​កុមារ​និង​ពលរដ្ឋ​ពិការ​ផង​ដែរ​។​

​លោក​បាន​ថ្លែង​ថា​៖​ ​«​បណ្តា​ទូរ​ទស្ស​សន៍​ដែល​មិនព្រម​យក​អ្នកបកប្រែ​[​ភាសា​សញ្ញា​]​ទៅ​ ​អ្នកឯង​កំពុង​កាត់​សិទ្ធិ​ចំពោះ​ជន​ពិការ​គ-ថ្លង់​ហើយ​ ​អីចឹង​សូម​ម្ចាស់​ទូរទស្សន៍​ទាំងឡាយ​អនុវត្ត​នូវ​រឿង​នេះ​ ​ពេល​ដែល​មាន​ព័ត៌មាន​ ​ហៅ​គេ​[​អ្នកបកប្រែ​សញ្ញា​]​ទៅ​ ​កុំ​កាត់​សិទ្ធិ​យល់ដឹង​អំពី​បណ្តា​ព័ត៌មាន​សម្រាប់​អ្នក​គ-ថ្លង់​ ​សម្រាប់​អ្នក​ពិការ​ភ្នែក​គឺ​គាត់​អាច​ស្តាប់​លឺ​នឹង​ត្រ​ជៀ​ក​បាន​ ​ប៉ុន្តែ​អ្នក​គ-ថ្លង់​ពុំ​អាច​ស្តាប់​បានទេ​ ​អីចឹង​ត្រូវ​មាន​សញ្ញា​ភាសាគ​នៅ​ទីនោះ​»​។​

​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​សង្កត់ធ្ងន់​ថា​៖​ ​«​សូម​ផ្តាំ​ចុងក្រោយ​ ​ខ្ញុំ​នឹង​តាមមើល​គ្រប់​ប៉ុស្តិ៍​ទូរទស្សន៍​ទាំងអស់​ ​ប៉ុស្តិ៍​ណា​ផ្តល់​សិទ្ធិ​ឲ្យ​មនុស្ស ​គ-ថ្លង់​ ​ប៉ុស្តិ៍​ណា​មិន​ផ្តល់​សិទ្ធិ​ ​ហើយនិង​ទូរស័ព្ទ​ទៅ​រក​ម្ចាស់​ស្ថានីយ៍​ទូរទស្សន៍​នោះ​ ​ហើយ​បើ​ម្ចាស់​ស្ថានីយ៍​ទូរទស្សន៍​ទាំងនោះ​ថា​អត់​ចំណេញ​ទេ​ ​ខាត​រាល់​ខែ​ ​ខ្ញុំ​នឹង​សួរ​ថា​ក្នុង​កម្មវិធី​ព័ត៌មាន​ម្តង​ចំណាយ​លុយ​ប៉ុន្មាន​ ​ជួយ​ចេញលុយ​ឲ្យ​ទូរទស្សន៍​នោះ​ទៀត​ ​ដើម្បី​ផ្តល់​សិទ្ធិ​ឲ្យ​ចៅៗ​បាន​ទទួល​ព័ត៌មាន​ជាក់លាក់​តាមរយៈ​មធ្យោបាយ​ទូរទស្សន៍​ដែល​យើង​មាន​»​។​

​អ្នកគ្រប់គ្រង​កម្ម​វីធី​ព័ត៌មាន​របស់​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន​ ​និង​ ​BTV​ ​លោក​ ​សៅ​ ​ភិរុណ​ ​បាន​មានប្រសាសន៍​ថា​ ​ការផ្សាយ​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​បាយ័ន​ ​មាន​បី​ពេល​ ​គឺ​ពេលព្រឹក​ ​ថ្ងៃត្រង់​ ​និង​ពេលល្ងាច​ ​ហើយ​ក្នុង​នោះ​ ​ក៏​មានការ​ដាក់​អ្នកបកប្រែ​ភាសា​សញ្ញា​នៅក្នុង​កម្មវិធី​ព័ត៌មាន​ពេលល្ងាច​ដែល​ជា​ម៉ោង​សំខាន់​ផង​ដែរ​។​ ​លោក​ថា​៖​ ​«​ខាង​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន​បាន​ដាក់ជា​ប្រចាំ​នៅ​អ្នកបកប្រែ​ភាសា​សញ្ញា​ ​ព្រោះ​ជា​រឿង​ល្អ​ដែល​យើង​អាច​ផ្តល់​នូវ​ព័ត៌មាន​នានា​ដល់​ពួកគាត់​ដែល​ជា​អ្នក​ស្តាប់​សំឡេង​មិនបាន​»​។​

​លោក​ ​ភិរុណ​ ​បាន​បន្ត​ថា​ ​សម្រាប់​កម្មវិធី​ព័ត៌មាន​នៅ​ស្ថានីយ៍​ទូរទស្សន៍​ ​BTV​ ​វិញ​ ​នៅ​ពុំ​ទាន់​មានការ​ដាក់​អ្នកបកប្រែ​ភាសា​សញ្ញា​នៅឡើយ​ ​ប៉ុន្តែ​ជា​ការ​ឆ្លើយតប​នឹង​ការជំរុញ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ​ស្ថានីយ៍​ទូរទស្សន៍​នេះ​នឹង​ដាក់​អ្នកបកប្រែ​ភាសា​សញ្ញា​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ​។​ ​លោក​បន្ថែម​ថា​៖​ ​«​ការ​ដាក់​អ្នកបកប្រែ​សញ្ញា​បន្ថែម​ក្នុង​កម្មវិធី​ព័ត៌មាន​នេះ​ ​មិន​មានការ​ខាតបង់​ថវិកា​ច្រើន​នោះ​ទេ​ ​ព្រោះ​យើង​គ្រាន់តែ​ឧបត្ថម្ភ​ទឹកប្រាក់​សមរម្យ​សម្រាប់​ពួកគាត់​ ​ក្រៅពី​ការងារ​ស្នួល​នៅ​អង្គការ​គ្រួសារ​ថ្មី​នោះ​ប៉ុណ្ណោះ​»​។​

​បើ​តាម​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការ​ដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ​ ​លោក​ ​ឯម​ ​ច័ន្ទ​មករា​ ​បាន​ឲ្យដឹង​ក្នុង​ទិវា​មនុស្ស​គ-ថ្លង់​កម្ពុជា​ ​កាលពី​ខែតុលា​ ​ឆ្នាំមុន​ថា​ ​បច្ចុប្បន្ន​ ​កម្ពុជា​ ​មាន​ជន​ពិការ​ប្រមាណ​ ​៥២៤០០០នាក់​ ​ក្នុង​នោះ​មាន​ជន​ពិការ​គ-ថ្លង់​ប្រមាណ​ជាង​ ​៤៣០០០​នាក់​។​ ​ករណីនេះ​ ​លោក​ស្នើ​ឲ្យ​ការប្រើ​ប្រាស់​ភាសា​សញ្ញា​សម្រាប់​មនុស្សគ​ថ្លង់​ ​នៅ​តាម​ក្រសួង​ស្ថាប័ន​ ​និង​គ្រប់​កម្មវិធី​សំ​ខាន់​ៗ​នានា​ ​ជាពិសេស​នៅ​តាម​ស្ថានីយ​ទូរទស្សន៍​ទាំងអស់​ ​ដើម្បីឲ្យ​មនុស្សគ​ថ្លង់​ ​បាន​យល់​នូវ​អ្វី​ដែល​មនុស្ស​ទូទៅ​បាន​និយាយ​ ​និង​អាច​ទទួល​បាន​នូវ​ព័ត៌មាន​ដូច​មនុស្ស​មិន​ពិការ​ដែរ​៕​

Share and Like this post

Related Posts

Previous Article

​ស្ថានភាព​នៃ​ការ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ខុសច្បាប់​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​ស្ងប់ស្ងាត់​

Next Article

កុមារីម្នាក់បានស្លាប់បន្ទាប់ពីធ្លាក់​ចូល​ក្នុង​អាង​ចិញ្ចឹម​ក្រពើក្នុងខេត្តសៀមរាប