បាញ់របួសជនជាតិ​វៀតណាមចូលនេសាទ​ខុសច្បាប់ ក្នុង​ឃុំស្វាយ​​ភ្លោះខេត្តព្រៃវែង​

ប៉ិច​ សុធារី / Khmer Times No Comments Share:
Vietnamese-fisherman
សមត្ថកិច្ច​ជំនាញ​ខេត្ត​ព្រៃវែង​ចាប់​ទុក​នេសាទ​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម។ Fresh News

ព្រៃវែង៖ បុរស​ជនជាតិ​វៀតណាម​ចំនួន ៥នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ខេត្តព្រៃ​វែង ចាប់ឃាត់ខ្លួន​ ក្នុង​នោះ​មាន​ម្នាក់​រង​របួស​ដោយ​ត្រូវ​គ្រាប់​កាំភ្លើង ខណៈ​ដែល​ពួកគេ​លួច​ចូលមក​នេសាទ​ដោយ​ខុស​ច្បាប់នៅក្នុង​ដែន​ទឹក​ទន្លេ​មេគង្គក្នុង​ឃុំស្វាយ​​ភ្លោះ ស្រុក​ពាមជ័រ​ ​ខេត្តព្រៃវែង​។

ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តព្រៃ​វែង លោក គឹម សាលួត បាន​ឲ្យ​ដឹង​នៅថ្ងៃអាទិត្យ​នេះ​​​​ថា កាល​ពី​យប់​ថ្ងៃ​​សុក្រ កម្លាំង​សមត្ថកិច្ចជំនាញ​បាន​ចុះ​ល្បាត និង​បាន​ប្រទះ​ឃើញការនេសាទ​ខុសច្បាប់​ក្នុង​ដែន​ទឹក​ហាម​ឃាត់ ពីសំណាក់​ជន​ជាតិ​វៀតណាមចំនួន​ ​៦នាក់។ លោក​បន្តថា នៅពេល​​​ចុះ​បង្ក្រាបនោះ ក្រុមជនជាតិ​វៀត​ណាម​​​​ទាំង​នោះ បាន​បើក​ទូកនេសាទ​ចំនួន ​៣គ្រឿង​ បម្រុង​បុក​ទូកអូប័ររបស់សមត្ថកិច្ច ដើម្បីរត់​ទៅ​ទឹក​ដីវៀតណាម​វិញ ទើប​សមត្ថកិច្ច​បាន​បង្ខំចិត្តបាញ់​​ឡើង​លើ និងបាញ់​ចូល​ទឹក​​ជា​ច្រើនគ្រាប់ ដើម្បីស្ទាក់​ចាប់ ក៏បានធ្វើ​ឲ្យ​ជន​​ជាតិ​វៀតណាម​ម្នាក់​រង​របួស​ត្រង់​ជើង។

លោកថា៖ «ពេល​សមត្ថកិច្ច​យើងទៅបង្ក្រាប​ហ្នឹង ពួកគេ[ជនជាតិ​វៀតណាម]ព្យាយាម​បើក​ទូករត់ និង​ចង់​បើក​បំបុក​ទូក​​សមត្ថ​កិច្ច​​យើង ទើប​យើងបង្ខំចិត្តបាញ់ឡើង​លើ ហើយក៏ចាប់​បានជន​សង្ស័យ​ ៤នាក់ ចំណែកទូកនេសាទ​ពីរនាក់​ទៀត បាន​ព្យាយាម​រត់​ឡើង​គោក និង​បាន​យក​កាំបិត និង​ពូថៅ បម្រុង​ប្រើហិង្សា​តប​តសមត្ថកិច្ចវិញ​ អីចឹងយើង​ក៏​បង្ខំ​ចិត្ត​​បាញ់​ចុះក្រោម​ផ្ទប់នឹង​ទឹក ក៏សា្រប់តែគ្រាប់កាំភ្លើង​ផ្លាតត្រូវ​ជើង​ជន​សង្ស័យ​ម្នាក់​ តែ​របួស​មិន​ធ្ងន់ធ្ងរ​​ទេ»។

ជន​សង្ស័យដែលរង​របួសនោះ មានឈ្មោះ ង្វៀន វ៉ាន់​អុក អាយុ​ ៣៤​ឆ្នាំ រង​របួស​ត្រូវ​ជើង​ខាងស្តាំបៀមក្បាល​គ្រាប់​ជាប់ និងត្រូវបាន​សមត្ថកិច្ចបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ​បង្អែក​ខេត្ត។

បើតាម​លោក គឹម សាលួត ក្នុងការ​បង្ក្រាប​បទ​ល្មើស​នេសាទ​នោះ សមត្ថកិច្ច​បាន​ធ្វើ​ការឃាត់ខ្លួន​មនុស្ស ​៥នាក់ ខណៈ​ដែលជន​សង្ស័យ​ម្នាក់ទៀត​ ជា​អនិតិជន ទើប​សមត្ថកិច្ចជំនាញ​បានសម្រេច​ប្រគល់​ខ្លួន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​វិញ។ លោក​ថា៖ «ជនសង្ស័យ​ដែលនៅសល់ចំនួន​ ៥នាក់ យើង​បាន​បញ្ជូន​ទៅ​ឲ្យ​មន្ត្រីជល​ផល​នៅ​ម៉ោង២រសៀល​ថ្ងៃ​អាទិត្យ​នេះ ​ដើម្បី​ឲ្យ​​ខាង​មន្ត្រីជលផល​កសាង​សំណុំរឿង​បញ្ជូនទៅតុលាការតាមនីតិវិធី​ច្បាប់​»។

នាយខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ព្រៃវែង លោក​អូន ស៊ីណាត ពុំអាចសុំការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​​ថ្ងៃអាទិត្យ​នេះ​។

ប៉ុន្តែ​លោកបានប្រាប់សារព័ត៌មាន​ក្នុងស្រុកថា ករណីចុះ​បង្ក្រាប​នេះ កម្លាំង​រដ្ឋបាល​ជល​ផល​ខេត្ត ពុំ​បានចូលរួម​បង្ក្រាប​នោះទេ គឺ​ខាង​សមត្ថកិច្ច​ជា​អ្នក​បង្ក្រាប ប៉ុន្តែ​ខាង​​ជលផល​នឹង​ទទួលយកជន​សង្ស័យ និង​ធ្វើបែប​បទចោទ​ប្រកាន់​ទៅ​តាម​ច្បាប់​ជលផល ដើម្បីបញ្ជូន​ទៅ​កាន់​តុលាការ។ លោក​បានបញ្ជាក់ដែរថា កន្លងមក មន្ត្រី​ជល​ផល​ម្នាក់​បាន​ស្លាប់​ ដោយសារ​ការ​ចុះ​ទៅ​បង្ក្រាប​បទ​ល្មើស​នេសាទ​នេះដែរ ដោយសារ​តែ​ពេលនោះ​ពុំ​មាន​​កម្លាំងនគរ​បាល​ជំនាញចុះទៅ​ជាមួយ​៕

Share and Like this post

Related Posts

Previous Article

​​នគរបាល​ខេត្តកំពង់ធំ​កំពុង​ស្រាវជ្រាវ​ជន​មិន​ស្គាល់​មុខ​ព្រួត​គ្នា​វាយ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​

Next Article

ភ្នាក់ងារ​ទេសចរណ៍​កម្សាន្ដ​ទៅក្រៅ​ស្រុក​ ​បោក​លុយ​អតិថិជន​ជាង១០ម៉ឺន​ដុល្លា​