​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ​ស្នើសុំ​ឲ្យ​មានការ​កែប្រែ​ច្បាប់​

ប៉ិច ​សុធារី / Khmer Times No Comments Share:
តំណាង​រាជរដ្ឋាភិបាល​ ​និង​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ​បាន​ជួប​ជជែកគ្នា​ជាថ្មី​ពាក់ព័ន្ធ​នឹង​ការ​ស្នើសុំ​ឲ្យ​មានការ​កែប្រែ​ ​ឬ​រៀបចំ​តាក់តែង​ច្បាប់​។​ ស៊ីវ​ ​ចាន់​ណា​

ភ្នំពេញ​៖​ ​តំណាង​រាជរដ្ឋាភិបាល​ ​និង​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ​បាន​ជួប​ជជែកគ្នា​ជាថ្មី​ពាក់ព័ន្ធ​នឹង​ការ​ស្នើសុំ​ឲ្យ​មានការ​កែប្រែ​ ​ឬ​រៀបចំ​តាក់តែង​ច្បាប់​ ​និង​គោលនយោបាយ​ ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ជាអាទិភាព​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។​

​នៅក្នុង​កិច្ច​សន្ទនា​ស្តី​ពី​ ​ច្បាប់​និង​គោលនយោបាយ​សាធារណៈ​គាំពារ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​ប្រទេស​កម្ពុជា​ ​ដែល​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​ ​កញ្ញា​ ​លី​ ​ពិសី​ ​ប្រធាន​សម្របសម្រួល​នៃ​សហគមន៍​ឥន្ទធនូ​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ស្ថានភាព​រើសអើង​ទៅលើ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ហាក់​មានការ​ថមថយ​ច្រើន​ ​ខណៈ​ដែល​រាជរដ្ឋាភិបាល​ ​ក៏បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​គាំទ្រ​ ​និង​លើកកម្ពស់​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ផង​ដែរ​។​

​កញ្ញា​បន្ត​ថា​ ​ទោះ​យ៉ាងណា​ ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ​ក៏​នៅតែ​ចង់​ឲ្យ​មានការ​គាំពារ​បន្ថែម​ទៀត​ផ្នែក​ផ្លូវច្បាប់​ ​និង​គោលនយោបាយ​សាធារណៈ​នានា​ ​ដើម្បីឲ្យ​ពួកគេ​មាន​សិទ្ធិ​ដូចគ្នា​ទៅ​នឹង​អ្នក​ស្រឡាញ់​ភេទ​ផ្ទុយគ្នា​ ​ដូចជា​ ​ការ​ទទួល​បាន​នូវ​អត្តសញ្ញាណ​ប័ណ្ណ​តាម​អត្តសញ្ញាណ​យេនឌ័រ​ដែល​ពួកគេ​ស្រឡាញ់​ ​ចង់បាន​សំបុត្រ​អាពាហ៍​ពិពាហ៍​ ​សៀវភៅ​គ្រួសារ​ និង​ស្នាក់នៅ​ ​និង​នីតិវិធី​ស្មុំ​កូន​ធម្មតា​របស់​ដៃគូ​ភេទ​ដូចគ្នា​ជាដើម​។​ ​កញ្ញា​ថា​៖​ ​«​យើង​គ្រាន់តែ​ចង់​រស់នៅ​ជាផ្នែក​មួយ​នៃ​សង្គមជាតិ​យើង​ ​ដែល​មាន​ភាព​ពេញមុខ​ពេញមាត់​ដូច​ប្រជាពលរដ្ឋ​ដទៃ​»​។​

​លោក​ សំ​ ​សោម​ ​រស់នៅ​ខេត្តស្វាយរៀង​ ​ដែល​បាន​ស្រឡាញ់​ភេទ​ដូចគ្នា​ជាមួយ​ស្រី្ត​ម្នាក់​អស់​រយៈពេល​ជាង ៣០ឆ្នាំ​មក​ហើយ​នោះ​ ​បាន​លើកឡើង​ថា​ ​ពួកគេ​ចង់​មាន​សៀវភៅ​គ្រួសារ​បញ្ជាក់​ពី​ប្តី​ប្រពន្ធ​ ​និង​ចង់​ស្មុំ​កូន​យក​មក​ចិញ្ចឹម​ដូច​ពលរដ្ឋ​អ្នក​ស្រឡាញ់​ភេទ​ផ្ទុយគ្នា​ ​ប៉ុន្តែ​នៅ​មិនទាន់​មានច្បាប់​គាំពារ​នៅឡើយ​។​ ​លោក​ថា​៖​ ​«​ខ្ញុំ​ចង់​មាន​លិខិត​អាពាហ៍​ពិពាហ៍​ ​និង​សៀវភៅ​គ្រួសារ​ ​បញ្ជាក់​ថា​ជា​ប្តី​​ប្រពន្ធ​នឹងគ្នា​ ​ដូច​អ្នកមាន​ភាព​ផ្ទុយគ្នា​ដែរ​ ​ប៉ុន្តែ​មិន​អាច​ធ្វើ​បាន​ ​អីចឹង​សៀវភៅ​គ្រួសារ​របស់ខ្ញុំ​បាន​ត្រឹមតែ​ដាក់​ថា​ជា​បងប្អូន​នឹងគ្នា​ ​ដូច្នេះ​ខ្ញុំ​ចង់​ស្នើ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​យ៉ាងណា​ឲ្យ​ពួក​ខ្ញុំ​មានលទ្ធភាព​អាច​ធ្វើ​លិខិត​អាពាហ៍​ពិពាហ៍​ ​សៀវភៅ​គ្រួសារ​ ​និង​សំបុត្រ​កំណើត​ឲ្យ​កូនចិញ្ចឹម​របស់ខ្ញុំ​ដូច​ពលរដ្ឋ​ទូទៅ​បាន​»​។​

​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ ​លោក​ ​កែវ​ ​រ៉េ​មី​ ​បាន​មានប្រសាសន៍​ថា​ ​រាជរដ្ឋាភិបាល​មានការ​គាំទ្រ​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ​និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ​និង​អាណាព្យាបាល​ទាំងអស់​ ​កុំ​មានការ​រើសអើង​ទៅលើ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ​បើ​ទោះជា​កម្ពុជា​នៅ​ពុំ​ទាន់​មានការ​កែប្រែ​ច្បាប់​ ​ឬ​តាក់តែង​ច្បាប់​ទៅតាម​តម្រូវការ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ក៏ដោយ​។​ ​លោក​ថា​៖​ ​«​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ​អត់មាន​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ទេ​ ​អីចឹង​យើង​អាច​ធ្វើសកម្មភាព​ដោយសេរី​ ​និង​សុខដុម​ ​ប៉ុន្តែ​យើង​ខ្លួនឯង​ត្រូវ​រៀបចំខ្លួន​ឲ្យ​ល្អ​ ​ធ្វើជា​ពលរដ្ឋ​ល្អ​ ​កុំ​ឲ្យ​គេ​យល់ឃើញ​ថា​ ​យើង​ជា​អ្នក​បង្ក​នូវ​បញ្ហា​ ​ឬ​បា​តុ​ភាព​ផ្សេង​ៗ​នៅ​តាម​សហគមន៍​របស់​យើង​»​។​

​លោក​បាន​បន្ថែម​ថា​៖​ ​«​សំខាន់​គឺ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ ​ត្រូវ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរើសអើង​លើ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ​កុំ​មាន​ហិង្សា​ក្នុង​គ្រួសារ​ព្រោះតែ​ឪពុក​ម្តាយ​មិន​ទទួលស្គាល់​កូនចៅ​របស់​ខ្លួន​ដែល​ប្តូរ​យេនឌ័រ​ ​និង​កុំ​បណ្តេញ​កូន​ចេញពីផ្ទះ​ជាដើម​ ​ព្រោះអី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​មាន​ហើយ​ ​អត់មាន​ការរើសអើង​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ទេ​ ​អីចឹង​នៅពេល​ដែល​សង្គម​មួយ​មានការ​គាំទ្រ​ ​សហគមន៍​មានការ​ទទួលស្គាល់​ថា​រឿង​នេះ​ជា​ធម្មជាតិ​របស់​មនុស្ស​ ​អត់មាន​ទំនោរ​ប្រឆាំង​ពី​មជ្ឈដ្ឋាន​ខ្លាំង​ ​នោះ​អ្នក​តាក់តែង​ធ្វើ​ច្បាប់​ ​គេ​នឹង​ធ្វើ​ច្បាប់​ទាំងនោះ​ហើយ​ ​គ្រាន់តែ​រឿង​នេះ​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​»​។​

​អនុប្រធាន​ស្តីទី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​លោក​ ​Gary​ ​Anderson​ ​បាន​មានប្រសាសន៍​ក្នុង​ពិធី​អបអរ​ខែមិថុនា​ជា​ខែ​មោទនភាព​នៃ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ​កាលពី​ថ្ងៃពុធ​ថា​ ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ដូចជា​មនុស្ស​ទាំងអស់​ដែរ​ ​ដូច្នេះ​ពួកគេ​ត្រូវតែ​មាន​សិទ្ធិមនុស្ស​ ​និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ពួកគេ​ ​រួម​ទាំង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ​ប្រមូល​ផ្តុំគ្នា​ដោយសន្តិវិធី​ ​និង​សេរីភាព​ក្នុង​ការ​ចងក្រង​គ្នា​ជា​សហគមន៍​ដោយ​មិន​មានការ​រើស​អើស​។​ ​លោក​ថា​៖​ ​«​ក្នុងនាម​ជា​ជនជាតិ​អាមេរិក​ ​យើង​ឲ្យ​តម្លៃ​ខ្ពស់​ដល់​សិទ្ធិ​ ​និង​សេរីភាព​ទាំងនេះ​ ​ដែល​មនុស្ស​ទាំងអស់​ ​សមនឹង​មាន​ភាព​ពេញលេញ​ ​ហើយដោយ​ស្មើភាព​»​។​

​ចំណែក​នាយិកា​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ ​UNAIDS​ ​ប្រចាំ​នៅ​កម្ពុជា​ ​លោកស្រី​ ​Vladanka​ ​Andreeva​ ​មាន​មានប្រសាសន៍​ថា​ ​ការរើសអើង​ ​ឬ​ការ​ផាត់ចេញ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ពី​ក្នុង​គ្រួសារ​ ​និង​ពីសង្គម​ ​វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​តម្លៃ​បុគ្គល​គ្រួសារ​ឬ​សង្គម​នោះ​ផ្ទាល់​ទេ​ ​ប៉ុន្តែ​វា​ក៏បាន​ធ្វើឲ្យ​ប៉ះពាល់​ទៅលើ​តម្លៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ ​ផង​ដែរ​។​ ​ករណីនេះ​ ​លោកស្រី​រំពឹង​ថា​ ​កិច្ច​សន្ទនា​ពាក់ព័ន្ធ​នឹង​ច្បាប់​និង​គោលនយោបាយ​សាធារណៈ​គាំពារ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ​នឹងអាច​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ដែល​កើតមានឡើង​ ​និង​ធានា​ថា​មនុស្ស​ទាំងអស់​ ​មាន​សិទ្ធិ​ដូច​ៗ​គ្នា​ ​រស់នៅ​ប្រកបដោយ​ភាព​ថ្លៃថ្នូរ​ ​និង​មាន​ឱ​កា​សស្មើៗ​គ្នា​៕​

Share and Like this post

Related Posts

Previous Article

កុងតែន័រ បុកឡិចស៊ីស បង្កររបួសធ្ងន់ស្រាល បីនាក់នៅភូមិព្រែកថ្លឹង

Next Article

​រឿងរ៉ាវ​អំពី​អ្នក​ដែល​នៅ​រស់រាន​មានជីវិត ​ក្នុង​ឧបទ្ទវហេតុ​ការ​បាក់​រលំ​អគារ​ក្នុង​ខេត្ត​ព្រះសីហនុ​