​រឿងរ៉ាវ​អំពី​អ្នក​ដែល​នៅ​រស់រាន​មានជីវិត ​ក្នុង​ឧបទ្ទវហេតុ​ការ​បាក់​រលំ​អគារ​ក្នុង​ខេត្ត​ព្រះសីហនុ​

​ឃី​ ​សុ​វុឌ្ឍី​ / Khmer Times No Comments Share:
Kak Kea in a hospital after he was rescued from a collapsed building
លោក​ ​កាក់​ ​គា​ដែល​នៅ​រស់រាន​មានជីវិត​ក្នុង​ឧបទ្ទវហេតុ​ការ​បាក់​រលំ​អគារ​ក្នុង​ខេត្ត​ព្រះសីហនុ​។ ជរ​ ​សុ​គន្ធា​

ឧបទ្ទវហេតុ​ការ​បាក់​រលំ​អគារ​កាលពី​ថ្ងៃសៅរ៍​នៅ​ខេត្ត​ព្រះសីហនុ​បាន​សម្លាប់​មនុស្ស​ចំនួន​ ​២៨​ ​នាក់​និង​មនុស្សជា​ច្រើន​នាក់​ផ្សេងទៀត​រង​របួស​។​ ​ក្រុម​អ្នកជួយ​សង្គ្រោះ​បាន​បន្ត​ស្វែងរក​អ្នក​ដែល​នៅ​រស់រាន​មានជីវិត​បន្ទាប់ពី​ហេតុការណ៍​នេះ​កើតឡើង​។​ ​កាលពី​ថ្ងៃ​ចន្ទ​ ​ក្រុម​អ្នកជួយ​សង្គ្រោះ​បាន​ប្រទះឃើញ​អ្នក​ដែល​រស់រាន​មានជីវិត​ពីរ​នាក់​ចុងក្រោយ​ ​បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​កប់​នៅ​ក្រោម​កម្ទេចកម្ទី​នៃ​ការ​បាក់​រលំ​អាគារ​អស់​រយៈពេល​ជិត​ ​៦០​ ​ម៉ោង​។​ ​ពួកគេ​បាន​ចែករំលែក​អំពី​រឿងរ៉ាវ​នៃ​ការរស់រាន​មានជីវិត​ក្នុង​ការ​បាក់​រលំ​អគារ​នេះ​។​

ក្រុង​ព្រះសីហនុ​ ​ខេត្ត​ព្រះសីហនុ​ ​-​ ​ស្ថិតនៅ​លើ​គ្រែ​ក្នុង​មន្ទីរពេទ្យ​ជាមួយ​ឪពុក​ដែល​នៅ​ក្បែរ​ខណៈ​ពេល​ដៃ​កំពុងតែ​ជាប់​សេរ៉ូម​ ​លោក​ ​កាក់​ ​គា​ ​បាន​និយាយ​ថា​លោក​មិន​អាច​បំភ្លេច​នូវ​ហេតុការណ៍​ដែល​បាន​កើតឡើង​មក​លើ​រូបលោក​ ​នៅពេល​ដែល​លោក​តស៊ូ​ដើម្បី​រស់​ ​ខណៈ​ដែល​កប់​នៅ​ក្រោម​គំនរ​បាក់បែក​នៃ​អាគារ​ ​ដែល​បាន​ដួល​រលំ​នេះ​។​

​នៅ​ប្រហែលជា​ម៉ោង​ ​៤​ ​ព្រឹក​ ​កាលពី​ថ្ងៃសៅរ៍​ ​រូបលោក​និង​កម្មករ​សំណង់​ ​៣​ ​នាក់​ផ្សេងទៀត​ធ្លាក់ចុះ​ក្រោម​ចំនួន​ពីរ​ជាន់​នៅពេល​ដែល​អគារ​បាន​ដួល​រលំ​។​ ​

នៅពេល​ដែល​លោក​ក្រោក​ឡើង​បន្ទាប់ពី​ហេតុការណ៍​នេះ​ ​លោក​បាន​ស្រែកហៅ​រក​កម្មករ​សំណង់​ដែល​ធ្វើការ​ជាមួយ​លោក​ផ្សេងទៀត​ដើម្បី​ធ្វើ​ឱ្យ​ដឹង​ថា​ពួកគេ​មិន​អី​ទេ​។​

​ម្នាក់​ក្នុងចំណោម​ពួកគេ​បាន​ស្រែក​ត្រឡប់មកវិញ​ ​ប៉ុន្តែ​បន្ទាប់មក​ ​ពួកគេ​បានដឹង​ថា​មិត្ត​រួមការ​ងារ​ម្នាក់​របស់​ពួកគេ​បាន​ស្លាប់​បាត់បង់ជីវិត​ទៅ​ហើយ​ ​ដែល​ធ្វើ​ឱ្យ​ស្ថានការណ៍​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​ខណៈ​ពេល​ដែល​សាកសព​បាន​ចាប់ផ្តើម​មាន​ក្លិន​។​

​លោក​ ​កាក់​ ​គា​ ​អាយុ១៨ឆ្នាំ​ ​ត្រូវ​ចំណាយពេល​បី​ថ្ងៃ​ទៀត​នៅក្នុង​ធូលី​និង​ភាព​ងងឹត​ ​ជាមួយ​និង​សាកសព​មិត្ត​របស់​គាត់​។​

​លោក​បាន​និយាយ​ថា​៖​ ​«​ខ្ញុំ​បានឃើញ​កម្មករ​ម្នាក់ទៀត​ស្លាប់​នៅ​ក្បែរ​ខ្ញុំ​ ​ហើយ​ខ្ញុំ​បាន​ស្រែកហៅ​រក​អ្នកជួយ​ ​ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ស្តាប់​លឺ​ខ្ញុំ​នោះ​ទេ​។​ ​នៅពេល​ដែល​អាគារ​ដួល​រលំ​ ​ខ្ញុំ​កំពុងតែ​គេង​នៅ​លើ​ជាន់ទី​ ​២​ ​ជាមួយ​មិត្ត​របស់ខ្ញុំ​បី​នាក់​។​ ​ខ្ញុំ​មិនបាន​ភ្ញាក់​ឡើង​នោះ​ទេ​ ​នៅពេល​ដែល​ខ្ញុំ​ធ្លាក់​ទៅលើ​ដី​នៅពេល​អាគារ​ដួល​រលំ​»​។​

​លោក​បាន​បន្ថែម​ថា​៖​ ​«​នៅពេល​ដែល​ខ្ញុំ​ភ្ញាក់​ឡើង​ ​ខ្ញុំ​ដឹង​ថា​ ​ខ្ញុំ​នៅ​រស់រាន​មានជីវិត​នៅឡើយ​»​។​

​ខណៈ​ដែល​ស្ថិតនៅ​ក្នុង​មន្ទីរពេទ្យ​ជាមួយ​ឪពុក​ដែល​នៅ​ក្បែរ​ ​លោក​ ​កាក់​ ​គា​ ​បាន​និយាយ​ថា​រូបលោក​និង​មិត្ត​រួមការ​ងារ​របស់​លោក​មានសំណាង​ណាស់​ដែល​នៅ​មានជីវិត​រស់​។​ ​ខណៈ​ពេល​ដែល​រូបលោក​កប់​នៅក្នុង​អាគារ​ដែល​រលំ​ ​លោក​អាច​ធ្វើការ​រំកិល​ដៃ​របស់​លោក​បាន​ ​ប៉ុន្តែ​ជើង​របស់​លោក​ត្រូវ​បាន​ជាប់​គាំង​ដែល​មិន​អាច​ឱ្យ​គាត់​ងើបអង្គុយ​បាន​នោះ​ទេ​។​

​លោក​ ​កាក់​ ​គា​ ​និយាយ​ថា​មិត្ត​រួមការ​ងារ​របស់​លោក​ម្នា​ក​ឈ្មោះ​ ​រស់​ ​ស៊ី​ថា​ ​ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​របស់​ម្ដាយ​លោក​ ​បាន​ស្រែក​ហើយ​ប្រាប់​គាត់​កុំឱ្យ​រើ​ដៃ​និង​ជើង​របស់​គាត់​ដើម្បី​រក្សា​កម្លាំង​។​

​លោក​ ​កាក់​ ​គា​ ​និយាយ​ថា​៖​ ​«​ខ្ញុំ​កាន់តែ​ខ្សោយ​ទៅៗ​។​ ​ខ្ញុំ​អាច​ស្លាប់​បាត់បង់ជីវិត​នៅពេល​ណាមួយ​បើ​គ្មាន​នរណា​ម្នាក់​រក​ខ្ញុំ​នោះ​ទេ​»​។​

​ប្រសិនបើ​មិន​មាន​បាវ​អង្ករ​ដែល​លោក​បាន​ទិញ​មុន​ពេល​ការ​ដួល​រលំ​នោះ​ទេ​ ​លោក​ ​កាក់​ ​គា​ ​នឹង​មិន​អាច​រស់រាន​មានជីវិត​បានទេ​។​ ​ខណៈ​ពេល​ដែល​លោក​ត្រូវ​កប់​ក្រោម​កម្ទេចកម្ទី​ ​លោក​មិន​មាន​ទឹក​សម្រាប់​ផឹក​នោះ​ទេ​។​

Building Collapse

​លោក​បន្ត​ថា​៖​ ​«​ខ្ញុំ​មិនបាន​ផឹកទឹក​ជាង​ពីរ​ថ្ងៃ​ ​ប៉ុន្តែ​នៅ​ថ្ងៃទី​ពីរ​ ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​បាន​ទិញ​អង្ករ​ ​ដូច្នេះ​ខ្ញុំ​ញ៉ាំ​វា​ហើយ​បន្ទាប់មក​ ​អ្នកជួយ​សង្គ្រោះ​បាន​រក​ឃើញ​ខ្ញុំ​»​។​

​លោក​បាន​បន្ត​ថា​៖​ ​«​ខ្ញុំ​មាន​អារម្មណ៍​ថា​អស់សង្ឃឹម​ ​ហើយ​ខ្ញុំ​នឹក​ឪពុកម្ដាយ​របស់ខ្ញុំ​។​ ​ខ្ញុំ​បាន​គិតថា​ខ្ញុំ​នឹង​មិន​អាច​ជួប​ពួកគេ​ម្តង​ទៀត​ទេ​»​។​

​លោក​មាន​ភាព​ភ័យខ្លាច​សម្រាប់​ជីវិត​របស់​លោក​និង​អ្នក​រស់រាន​មានជីវិត​ផ្សេងទៀត​។​ ​ប៉ុន្តែ​បន្ទាប់ពី​ការ​ជួយសង្គ្រោះ​ ​លោក​ត្រូវ​បាន​ផ្តល់​ជា​ប្រាក់​ដោយ​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​។​

​លោក​ថ្លែង​ថា​៖​ ​«​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​លោកនាយក​រដ្ឋមន្រ្តី​ដែល​បាន​ផ្តល់​ប្រាក់​ចំនួន​ ​៣០០០០​ ​ដុល្លារ​ដល់​រូប​ខ្ញុំ​»​។​

​ចំពោះ​លោក​ ​រស់​ ​ស៊ី​ថា​វិញ​ ​បាន​និយាយ​ថា​ ​លោក​បាន​ភ្ញាក់​ឡើងជា​មួយ​និង​សម្លេង​បេតុង​ប៉ះ​ជាមួយ​និង​ដែក​ក្នុង​អាគារ​ដែល​បាន​ដួល​រលំ​។​

​លោក​និយាយ​ថា​សម្លេង​នៃ​ការ​ដួល​រលំ​នេះ​គឺ​នៅតែ​ស្ថិតនៅ​ក្នុង​ខួរក្បាល​របស់​លោក​នៅឡើយ​ ​ខណៈ​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​ជាច្រើន​ថ្ងៃ​កន្លងមក​ហើយ​។​ ​លោក​ ​រស់​ ​ស៊ី​ថា​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​ខ្ញុំ​បានឮ​សំលេង​យ៉ាង​ខ្លាំង​ពី​អាគារ​ដែល​រលំ​ ​ហើយ​នៅពេល​នោះ​ ​ខ្ញុំ​បាន​ដួល​ទៅលើ​ដី​»​។​

​បន្ទាប់ពី​ការ​ដួល​រលំ​នេះ​ ​លោក​បាន​នឹកឃើញ​ដល់​ប្រពន្ធ​និង​កូន​ពីរ​នាក់​របស់​គាត់​។​
​លោក​ ​ស៊ី​ថា​ ​បាន​និយាយ​ថា​៖​ ​«​ខណៈ​ដែល​ខ្ញុំ​ត្រូវ​បាន​កប់​ក្រោម​កម្ទេចកម្ទី​ ​កម្លាំង​របស់ខ្ញុំ​បាន​ខ្សោយ​ទៅៗ​ ​ខ្ញុំ​អស់សង្ឃឹម​ហើយ​គិតថា​ ​តើ​ខ្ញុំ​អាច​រស់​បាន​ឬទេ​ ​។​ ​ខ្ញុំ​គិតថា​ខ្ញុំ​នឹង​បាត់បង់ជីវិត​ ​ហើយ​តើ​អ្នកណា​នឹង​ជួយ​ផ្គត់ផ្គង់​ភរិយា​និង​កូន​របស់ខ្ញុំ​?​»​។​
​ទោះជាយ៉ាងណា​ក៏ដោយ​ ​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​រស់​បាន​ចាប់ផ្ដើម​កើតឡើង​សម្រាប់​រូបលោក​នៅពេល​ដែល​លោក​បាន​លឺ​សម្លេង​របស់​លោក​ ​កាក់​ ​គា​។​

​លោក​បាន​និយាយ​ថា​ ​បើ​ទោះបីជា​មិន​អាច​ជួយគ្នា​បាន​ទៅវិញទៅមក​ក៏ដោយ​ ​ប៉ុន្តែ​សំឡេង​របស់​លោក​ ​កាក់​ ​គា​ ​បាន​ផ្ដល់​ជា​ក្តី​សង្ឃឹម​និង​អ្វី​ដែល​ចាំបាច់​ដើម្បី​នៅ​រស់រាន​រហូតដល់​មានការ​ជួយសង្គ្រោះ​សម្រាប់​ពួកគេ​។​

​លោក​ ​រស់​ ​ស៊ី​ថា​ ​និយាយ​ថា​៖​ ​«​ខ្ញុំ​សប្បាយចិត្ត​ណាស់​នៅពេល​ដែល​អ្នកជួយ​សង្គ្រោះ​បាន​រក​ឃើញ​ខ្ញុំ​ ​ពីព្រោះ​វា​ហាក់បីដូចជា​ខ្ញុំ​កើតមក​ម្តង​ទៀត​អញ្ចឹង​ ​។​ ​លោក​បាន​បន្ថែម​ថា​ ​បទពិសោធន៍​ដ៏​លំបាក​ដែល​លោក​បាន​ជួបប្រទះ​បាន​ធ្វើឲ្យ​លោក​ដឹងពី​សារៈសំខាន់​នៃ​គ្រួសារ​របស់​លោក​។​ ​ខ្ញុំ​នឹង​ឈប់​ធ្វើការ​ជា​កម្មករ​សំណង់​ទៀតហើយ​ ​ពីព្រោះ​ខ្ញុំ​មានការ​ភ័យខ្លាច​រឿង​នេះ​។​ ​ខ្ញុំ​នឹង​ត្រលប់​ទៅផ្ទះ​របស់ខ្ញុំ​ហើយ​ជួប​គ្រួសារ​របស់ខ្ញុំ​វិញ​»​។​

​លោក​ ​សេង​ ​ណុង​ ​ប្រធានមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ ​បាន​ថ្លែង​ឲ្យដឹង​ថា​ ​ជនរងគ្រោះ​ទាំងអស់​ចំនួន​ ​២៨​ ​នាក់​ ​ត្រូវ​បាន​បញ្ជូន​ត្រឡប់ទៅ​កាន់​គ្រួសារ​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​វិញ​ហើយ​។​ ​លោក​បាន​បន្ថែម​ថា​ ​ជនរងគ្រោះ​ចំនួន​ ​២​ ​រូប​ក្នុងចំណោម​ ​២៦​ ​នាក់​ត្រូវ​បាន​បញ្ជូន​ត្រឡប់ទៅ​កាន់​ផ្ទះ​របស់​ពួកគេ​ ​ក្រោយពី​ពួកគេ​បាន​ធូរ​សះស្បើយ​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​៖​ ​«​ក្នុងចំណោម​ជនរងគ្រោះ​ទាំងអស់​ ​ស្ត្រី​ម្នាក់​បាន​បាក់ជើង​ ​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​ដើម្បី​សម្រាក​ព្យាបាល​។​ ​ឥឡូវនេះ​ ​ស្ថានភាព​របស់​ជនរងគ្រោះ​ទាំងអស់​បាន​ប្រសើរ​ឡើង​ហើយ​ ​ខ្ញុំ​សង្ឃឹមថា​ពួកគេ​នឹង​ចាកចេញ​ពី​មន្ទីរពេទ្យ​ក្នុង​ពេល​ឆាប់​ៗ​នេះ​»​។​

Share and Like this post

Related Posts

Previous Article

​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ​ស្នើសុំ​ឲ្យ​មានការ​កែប្រែ​ច្បាប់​

Next Article

រថភ្លើង​ ៤ជើងក្នុងមួយថ្ងៃ ពី​ព្រំដែន​កម្ពុជា​ ​ទៅ​បាងកក​ចាប់ពី​ថ្ងៃទី​ ​១​ ​ខែកក្កដា