ឃុំ​ខ្លួន​បុរស ​៣នាក់ រុករាន​ដីព្រៃ​របស់​រដ្ឋ នៅ​ឧទ្យាន​ជាតិ​ព្រះសីហនុរាម

ប៉ិច​ ​សុធារី / Khmer Times No Comments Share:
មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​បង្ក្រាប​ពលរដ្ឋ​ចូល​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ។ ក្រសួង​បរិស្ថាន

ភ្នំពេញ៖​ បុរស​ ៣នាក់ ត្រូវបាន​សាលាដំបូង​ខេត្តព្រះសីហនុ សម្រេចចោទ​ប្រកាន់ និងឃុំ​ខ្លួន​ជាបណ្តោះអាសន្ន​​នៅ​​ពន្ធនាគារ ពាក់ព័ន្ធនឹង​ករណី​កាប់រុករាន​ដីព្រៃ​របស់​រដ្ឋ នៅក្នុងឧទ្យាន​ជាតិ​ព្រះសីហនុ​រាម ដោយ​ខុស​ច្បាប់។

យោងតាម​ដីកាបង្គាប់​ឲ្យ​ឃុំខ្លួនជា​បណ្តោះអាសន្ន​របស់​ចៅ​ក្រម​​ស៊ើប​សួរ​សាលាដំបូង​ខេត្តព្រះសីហនុ​​ លោក ​​សុខ សឿន កាល​ពី​ថ្ងៃ​អាទិត្យ បាន​សម្រេច​បញ្ជា​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច នាំ​ខ្លួនជនត្រូវ​ចោទ​ចំនួន ​៣នាក់ រួមមាន ឈ្មោះ​ រឿន​​ ចាន់ធី អាយុ ​​៣៦ឆ្នាំ មកពី​​​ខេត្តត្បូង​​ឃ្មុំ ឈ្មោះ វ៉ាន់ ស៊ីណែត អាយុ​ ៣៧ឆ្នាំ មកពី​ខេត្ត​កំពង់ឆ្នាំង និងឈ្មោះ​ ហៀង ផាន់ណា អាយុ​ ២៩ឆ្នាំ មកពី​ខេត្ត​កំពង់ស្ពឺ​ ទៅឃុំខ្លួន​ជា​បណ្តោះអាសន្ន​​នៅ​ពន្ធនាគារ​ខេត្តទៅ​តាមនីតិវិធី​ច្បាប់។

លោក​​បាន​​បញ្ជាក់ថា៖ «ជន​ទាំងនេះ ត្រូវ​បានដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពីបទ កាប់​គាស់​ រុករាន​ដីព្រៃ ឆ្ការ​ និង​ដុត និង​​ឈូសឆាយ​ដីព្រៃ​ ដើម្បីយក​ធ្វើជាកម្មសិទ្ធិ​ក្នុង​តំបន់ការ​ពារ​​​ធម្មជាតិ​ បទល្មើស​ដែលមាន​បញ្ញត្តិ​ផ្តន្ទា​ទោស​តាម​មាត្រា​៦២ និងមាត្រា៥៦ នៃ​ច្បាប់ស្តី​ពីការពារ​ធម្មជាតិ ប្រព្រឹត្តនៅចំណុច​អូរ​តែ ភូមិ​​រាម ឃុំរាម ស្រុកព្រៃនប់​ ខេត្ត​​ព្រះ​សីហនុ កាលពីថ្ងៃទី​០៦ ខែ​មិថុនា ឆ្នាំ​២០១៩»។

រដ្ឋលេខាធិការ​នៃ​ក្រសួង​បរិស្ថាន លោក ​នេត្រ ភក្ត្រា បានឲ្យដឹង​កាលពី​ថ្ងៃម្សិលមិញ​ថា ក្រោយ​​ការចាប់​ខ្លួន​ ជន​សង្ស័យ​ទាំង ៣នាក់​នេះ​ បាន​សារ​ភាពថា ពួកគេ​ពិត​ជាបាន​កាប់​ឆ្ការ​ដីព្រៃ​ក្នុង​ឧទ្យាន​​ជាតិព្រះសីហនុ​រាម​ពិតប្រាកដមែន ដោយ​​​​ពួកគេ​​បានស៊ី​ឈ្នួល​​ចាំ​ដី​ឲ្យឈ្មោះ ម៉េង លើ​ដី​ទំហំ ២១ហិកតា នៅ​ខេត្តព្រះសីហនុ​។ លោកថា៖ «​ដីនោះ ជន​សង្ស័យ​​​បាន​កាប់ឆ្ការ​ព្រៃ​អស់​ខ្លះ​​ហើយ នៅសល់ប្រហែល​ ៤ហិកតា ពួកគេ​ក៏បាន​នាំបន្ត​​គ្នា​កាប់ដី​ ​និង​ជួលគេ​ឲ្យ​កាប់ដី​ថែម​ទៀត រួច​​​សង់ខ្ទម​ចាំ​ដី​ចំនួន​ ២ខ្នង​ថែមទៀត»។

លោក នេត្រ​ ភក្ត្រា បានបន្ថែមថា ក្រុម​ជន​ខិលខូច​​មួយចំនួន បាន​ប្រើ​ប្រាស់វិធី​សាស្ត្រ​ និងល្បិចកល​ជារូប​ភាព​ផ្សេង​ៗ​​គ្នា ដើម្បី​រុក​រាន​ទន្ទ្រាន​កាប់​កាប់ដីព្រៃ​រដ្ឋ​​ដោយ​ខុសច្បាប់​នៅតំបន់ការពារ​ធម្មជាតិ ហើយ​​អះអាង​ថា ពួកគេ​បាន​រស់នៅ​ និង​អាស្រ័​យ​ផល​លើដី​​នោះជាយូរឆ្នាំ​មកហើយ ​ខណៈដែលជន​ខិល​​ខូច​មួយចំនួន​ទៀត បាន​ប្រើ​ល្បិច​បោក​បញ្ឆោត​​ប្រជា​ពលរដ្ឋស្លូត​ត្រង់​ឲ្យ​ចូលរុករាន​ដីព្រៃរដ្ឋដោយ​ខុស​​ច្បាប់ រួច​យកដីនោះទៅ​លក់ក្នុងតម្លៃ​ថោកជា​ដើម។ លោកថា៖ «ទាំង​នេះ គឺជា​ទង្វើ​ខុស​ច្បាប់ ហើយកម្លាំង​សមត្ថកិច្ច​​បាន​ និងកំពុងបន្ត​ស្រាវ​ជ្រាវ​រក​អត្ត​សញ្ញាណ​​ក្រុម​ជនល្មើស​ទាំង​នោះ និងចង​ក្រង​សំណុំរឿង​ទៅ​តុលាការ ដែលនេះ​គឺជា​ការពង្រឹង​ការអនុវត្ត​ច្បាប់ប្រឆាំង​នឹងបទ​ល្មើស​ធនធាន​ធម្ម​ជាតិ»។

បើតាម​មន្ត្រីរូប​នេះ ជារៀង​រាល់ថ្ងៃ​ មន្ត្រី​ក្រសួងបរិស្ថាន ជាពិសេស​មន្ត្រីឧទ្យានុរក្ស​ទាំង ១២២០នាក់ បាន​បង្កើន​​សកម្ម​ភាព​ចុះល្បាត​ការពារ​​ធនធាន​ធម្មជាតិ​លើផ្ទៃ​ដី​អភរិក្សសរុប​ប្រមាណ ៧,៥លាន​ហិកតា ដើម្បី​ទប់ស្កាត់​ការ​​​ទន្ទ្រាន​​​​ដី​ព្រៃ​ខុស​ច្បាប់ និង​បទល្មើស​ព្រៃ​ឈើ និង​ការ​បរបាញ់​សត្វ​ខុស​ច្បាប់​ជាដើម។

ឧទ្យា​ជាតិ​ព្រះសីហនុ​រាម ត្រូវបាន​បង្កើតឡើង​ដោយព្រះរាជ​ក្រឹត្យ​​កាលពី​ឆ្នាំ​១៩៩៣​ ដែលមាន​ផ្ទៃ​ដី​សរុប​ចំនួន ២១០០០​​​ហិកតា។

កន្លង​មក ក្រសួង​បរិស្ថាន ធ្លាប់បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ជាច្រើន​លើក​ច្រើន​សារមក​ហើយ ទៅ​លើ​ជន​ទាំង​ឡាយ​ណា​ដែល​ទៅរុករាន​ទន្ទ្រាន​កាន់​កាប់ដី​រដ្ឋ​ដោយខុស​ច្បាប់ ជា​ពិសេស​​នៅ​តំបន់ការ​ពារ​ឧទ្យាន​ជាតិ​រាម ​តំបន់ប្រើ​ប្រាស់ច្រើន​យ៉ាងព្រែក​ទឹកសាប​ក្បាល​ឆាយ ក្នុង​ខេត្ត​ព្រះសីហនុ និង​តំបន់​ការ​ពារ​នានា​នៅ​តាម​បណ្តា​ខេត្តផ្សេង​​ៗ​ទៀត។  ​

កាលពី​ខែ​ឧសភា សាលា​ដំបូង​ខេត្តព្រះសីហនុ ក៏បាន​ផ្តន្ទា​ទោស​បុរស​ពីរនាក់ ឲ្យ​ជាប់​​ពន្ធនាគារ​រយៈពេល ១៨ខែ​ ពាក់​ព័ន្ធនឹង​បទរំលោភកាន់​កាប់ដី​រដ្ឋខុស​ច្បាប់ និងញុះ​ញង់​ប្រជាពលរដ្ឋ​រារាំង​កម្លាំង​សមត្ថកិច្ច​អនុវត្ត​ច្បាប់នៅ​តំបន់ការ​ពារ​​ក្បាល​​ឆាយ ខណៈ​បុរស​​ពីរនាក់​ទៀត ក៏​​ត្រូវ​បាន​សមត្ថកិច្ចចាប់​ខ្លួនបញ្ជូន​ទៅតុលាការ​ ក្រោយ​ពីពួកគេ​បាន​ដឹកនាំ​ប្រជា​ពរលដ្ឋទៅ​កាប់​រុករាន​ទន្ទ្រាន​ដីព្រៃ​ការ​ពារ​នៅតំបន់​ឧទ្យានជាតិ​ព្រះសីហនុ​រាម យកធ្វើ​ជាកម្មសិទ្ធិ​ផង​ដែរ៕

 

Share and Like this post

Related Posts

Previous Article

ការប្រកួត​ជើងឯក​ ​លេ​ត​វ៉ៃ​ ​ពិភពលោក​​ សម្លឹងមកកម្ពុជា

Next Article

មូលនិ​ធិ​ ​អៃ​រ៉ា​វត្ដា​ ​ស្នើសុំ​ការ​គាំទ្រ​ពី​ក្រសួងបរិស្ថាន​ ​លើ​គម្រោង​បង្កើន​សត្វ​ដំរី​