អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​ ​បន្ត​គាំទ្រ​កម្ពុជា​ក្នុង​ការ​អភិរក្ស​ប្រាសាទ​

ប៉ិច សុធារី / Khmer Times No Comments Share:
Anniversary-of-World-Monument-Fund
​ពិធី​អបអរ​ខួប​លើក​ទី៣០​ ​នៃ​មូលនិធិ​ប្រាសាទ​ពិភពលោក​ ​នៅ​លើ​ភ្នំ​បាខែង​ ​ខេត្តសៀមរាប។ ​ប៉ិច សុធារី

​សៀមរាប​៖​ ​រដ្ឋមន្ត្រី​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​បាន​អំពាវនាវ​ជាថ្មី​ឲ្យ​មានការ​ចូលរួម​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​ ​និង​វប្បធម៌​ដែល​ជា​ព្រលឹង​របស់​ជាតិ​ ​ខណៈ​ដែល​មន្ត្រីទូត​អាមេរិក​ ​និង​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​ ​បាន​បង្ហាញ​ពី​ឆន្ទៈ​បន្ត​គាំទ្រ​កម្ពុជា​ក្នុង​ការ​អភិរក្ស​ប្រាសាទ​មួយចំនួន​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ខេត្តសៀមរាប​។​

​ការ​អំពាវនាវ​នេះ​ ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​អបអរ​ខួប​លើក​ទី៣០នៃ​មូលនិធិ​ប្រាសាទ​ពិភពលោក​ ​នៅ​លើ​ភ្នំ​បាខែង​ ​ខេត្តសៀមរាប​ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​។​

​លោកស្រី​ ​ភឿង​ ​សកុណា​ ​រដ្ឋមន្ត្រី​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​បាន​មាន​ប្រសាសន៍​ថា​ ​កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​សហការ​ជាមួយ​បណ្តា​ប្រទេស​ប្រមាណ​ ​១៤ប្រទេស​ ​រួម​និង​អង្គការ​ជាតិ​-​អន្តរជាតិ​នានា​ ​ដើម្បី​ធ្វើការ​អភិរក្ស​ ​និង​ជួសជុល​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ​ ​និង​នៅ​តាម​តំបន់​ផ្សេង​ៗ​ទូទាំង​ប្រទេស​ ​ដោយ​ចំណាយ​ថវិកា​អស់​ជាង​ ​៥០០លាន​ដុល្លារ​។​ ​លោកស្រី​ថា​៖​ ​«​ប្រាសាទខ្មែរ​យើង​ត្រូវការ​ជួសជុល​ច្រើនណាស់​ ​ព្រោះ​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ​មក​ហើយ​ ​ដូច្នេះ​ខាង​ ​ICCអង្គរ​ ​និង​បណ្តា​ប្រទេស​មិត្ត​ភ័ក្ត​បាន​ជួយ​រាជរដ្ឋាភិបាល​យើង​ច្រើន​ ​ដើម្បី​ថែរក្សា​អ្វី​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ​មិន​ត្រឹមតែ​ជា​សម្បត្តិ​របស់​ជាតិ​ទេ​»​។​

. .

​ករណីនេះ​ ​លោកស្រី​ ​ភឿង​ ​សកុណា​ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ​ចូលរួម​ក្នុង​ការ​អភិរក្ស​សម្បត្តិ​វប្បធម៌​ទាំងនោះ​ ​មិនថា​វប្បធម៌​រូ​បីយ​ ​និង​អ​រូបិយ​ ​ដូចជា​ ​ប្រាសាទបុរាណ​ ​វត្ត​អារ៉ាម​ ​ស្ពាន​បុរាណ​ ​ផ្ទះ​បុរាណ​ ​ឧបករណ៍​ភ្លេងបុរាណ​ ​ភ្លេង​ ​របាំ​ ​និង​ម្ហូបអាហារ​ជាដើម​។​

​លោកស្រី​ថា​៖​ ​«​ការ​ជួយ​ថែរក្សា​មិនមែន​តែ​ជា​ភារកិច្ច​របស់​រាជរដ្ឋាភិបាល​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ត្រូវតែ​មាន​កម្លាំង​មហាជន​ចូលរួម​ដែរ​ ​អីចឹង​យើង​ចង់​ឲ្យ​មាន​និន្នាការ​ជួយ​នោះ​មាន​កាន់តែ​ច្រើនឡើង​ថែមទៀត​.​.​.​អីចឹង​យើង​ចង់​អោយ​ថែរក្សា​អ្វី​ដែល​ជា​របស់​ជាតិ​ដើម្បី​ទុកឲ្យ​ក្មេង​ជំនាន់​ក្រោយ​»​។​

​បើ​តាម​លោកស្រី​រដ្ឋមន្ត្រី​ ​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​នៃ​សហរដ្ឋអាមេរិក​ ​ជា​អង្គការ​មួយ​ក្នុងចំណោម​អង្គការ​ជាច្រើន​ ​រួម​និង​បណ្តា​ប្រទេស​ចំនួន១៤​ ​ដែល​បាន​ជួយ​អភិរក្ស​និង​ជួសជុល​ប្រាសាទ​ ​ជាច្រើន​ក្នុង​តំបន់​អង្គរ​ ​ជាពិសេស​ ​ប្រាសាទព្រះខ័ន​ ​តាសោម​ ​អង្គរវត្ត​ ​និង​ប្រាសាទភ្នំបាខែង​។​

​ភារធារី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​លោក​ ​Michael​ ​Newbill​ ​បាន​ថ្លែង​ថា​ ​ព្រឹត្តិ​ការណ៍​នេះ​ ​គឺជា​ការ​បញ្ជាក់​ពី​ទំនាក់ទំនង​យូរអង្វែង​ ​និង​ដោយមាន​ផលិតភាព​រវាង​សហរដ្ឋអាមេរិក​ ​មូលនិធិ​ប្រាសាទ​ពិភពលោក​ ​និង​ក្រសួងវប្បធម៌​ ​ដែល​ក្នុងរយៈពេល​ ​៣០ឆ្នាំ​មកនេះ​ ​WMF​ ​នៅ​កម្ពុជា​ ​បាន​ចងក្រង​នូវ​ឯកសារ​បេតិកភណ្ឌ​ស្ថាបត្យកម្ម​ដ៏​សម្បូរ​បែប​របស់​កម្ពុជា​ ​និង​បាន​ធ្វើឲ្យ​មាន​ស្ថិរភាព​និង​អភិរក្ស​ប្រាសាទ​សំ​ខាន់​ៗ​ ​រួម​និង​ការ​បណ្តុះបណ្តាល​អ្នកជំនាញ​បេតិកភណ្ឌ​ផង​ដែរ​។​

​លោក​ថា​៖​ ​«​យើង​មាន​មោទនភាព​ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​ ​និង​គម្រោង​នេះ​ ​ហើយ​យើង​នៅតែ​ប្តេជ្ញា​បន្ត​គាំទ្រ​កម្មវិធី​អភិរក្ស​រយៈពេល​វែង​នៅ​ភ្នំ​បាខែង​ ​នៅពេល​គម្រោង​នេះ​ឈាន​ចូល​ដល់​ដំណាក់កាល​ទី៦​ ​ដើម្បី​ធ្វើការ​ជួសជុល​ចំហៀង​ខាងលិច​នៃ​ប្រាង្គ​ប្រាសាទ​ដែល​មាន​រាង​ពីរ៉ាមីត​»​។​

. .

​តំណាង​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​ ​លោកស្រី​ ​Ginervra​ ​Boatto​ ​បាននិយាយថា​ ​រយៈពេល៣០ឆ្នាំ​មកនេះ​ ​WMF​ ​បាន​ជួយ​ដល់​កម្ពុជា​ ​លើ​ការងារ​អភរិក្ស​ ​និង​ជួសជុល​ប្រាសាទ​មួយចំនួន​ក្នុង​តំបន់​អង្គរ​ ​ដូចជា​ ​ប្រាសាទព្រះខ័ន​ ​ប្រាសាទ​តាសោម​ ​និង​ការ​ជួយ​រយៈពេល​វែង​លើ​ការ​អភិរក្ស​និង​ជួសជុល​ប្រាសាទភ្នំបាខែង​ ​ព្រមទាំង​បាន​បណ្តុះបណ្តាល​ប្រជាពលរដ្ឋ​កម្ពុជា​ជាង​ ​១០០នាក់​ ​ដើម្បីឲ្យ​ពួកគេ​ក្លាយជា​អ្នកមាន​ជំនាញ​ផ្នែក​បេតិកភណ្ឌ​វប្បធម៌​ ​ហើយ​បង្កើត​នូវ​អ្នកឯកទេស​ជំនាន់​ថ្មី​ខាង​ផ្នែក​ស្ថាបត្យកម្ម​ ​បូរាណ​វិទ្យា​ ​និង​វិស្វកម្ម​។​

​គិត​ចាប់តាំងពី​ឆ្នាំ២០០៤​ ​មក​ ​WMF​ ​តាមរយៈ​មូលនិធិ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​សម្រាប់​ការ​អភិរក្ស​វប្បធម៌​ ​បាន​ជួសជុល​ ​និង​អភិរក្ស​ប្រាសាទភ្នំបាខែង​ ​តាំង​ពី​សត្ស​វត្ស​ទី១០​ ​ក្នុងទឹក​ប្រាក់​ចំនួន​ ​៣,២២៩,០០០ដុល្លារ​អាមេរិក​ (​ជាង​ ​៣លាន​ ​២សែន​ដុល្លារ​)​។​ ​ជាមួយនឹង​គម្រោង​អភិរក្ស​និង​ជួសជុល​ប្រាសាទ​បាខែង​នេះ​ ​ក្រុមការងារ​ ​WMF​ ​បាន​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​ទេសចរណ៍​នៅ​លើ​ទីតាំង​នេះ​ ​និង​រក​វិធី​ល្អ​បំផុត​ក្នុង​ការ​អភិរក្ស​តំបន់​នេះ​នៅពេល​ដែល​មានការ​អនុញ្ញាត​ឲ្យ​សាធារណជន​មក​ទស្សនា​៕​

Share and Like this post

Related Posts

Previous Article

មូលនិ​ធិ​ ​អៃ​រ៉ា​វត្ដា​ ​ស្នើសុំ​ការ​គាំទ្រ​ពី​ក្រសួងបរិស្ថាន​ ​លើ​គម្រោង​បង្កើន​សត្វ​ដំរី​

Next Article

ទឹក​មន្ដ​ព្រះ​សង្ឃ​វត្ដ​សា​រា​វ័ន្ដ​ ​ធ្វើឲ្យ​ស្រ្តី​ម្នាក់​ទទួល​បាន​យីអ៊ុន​ដាក់​ពីរ​ដង​