​ក្រសួងបរិស្ថាន​ ​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​បន្ត​ចូលរួម​ការពារ​បរិស្ថាន​ ​ធនធាន​ធម្មជាតិ​ ​និង​អភិរក្ស​ជីវៈ​ចម្រុះ

ប៉ិច​ សុធារី / Khmer Times No Comments Share:
26th-anniversary
ក្រសួង​បរិស្ថាន​ប្រារព្ធ​ខួប​ទី២៦​ ​នៃ​ទិវា​បរិស្ថាន​ជាតិ​ ​និង​ទិវា​បរិស្ថាន​អន្តរជាតិ​ ​ក្រោម​ប្រធានបទ​ ​«​ការ​បំពុល​ខ្យល់​»​ ​នៅ​ក្រុង​ប៉ោយប៉ែត​។​ ហ្វេសប៊ុក

បន្ទាយមានជ័យ​៖​ ​ក្នុង​ទិវា​បរិស្ថាន​ជាតិ​ ​និង​អន្តរជាតិ​ថ្ងៃទី៥​ ​មិថុនា​ ​មន្ត្រី​ជាន់ខ្ពស់​ក្រសួងបរិស្ថាន​ ​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​ត្រូវ​បន្ត​ចូលរួម​ការពារ​បរិស្ថាន​ ​ថែរក្សា​ធនធាន​ធម្មជាតិ​ ​និង​អភិរក្ស​ជីវៈ​ចម្រុះ​ ​ដើម្បី​រក្សា​បាន​នូវ​សុវត្ថិភាព​នៃ​ភពផែន​ដី​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។

​ការ​អំពាវនាវ​នេះ​ ​បាន​ធ្វើឡើង​នៅក្នុង​ការ​ប្រារព្ធ​ខួប​ទី២៦នៃ​ទិវា​បរិស្ថាន​ជាតិ​ ​និង​ទិវា​បរិស្ថាន​អន្តរជាតិ​ ​ក្រោម​ប្រធានបទ​ ​«​ការ​បំពុល​ខ្យល់​»​ ​នៅ​ក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​ ​នៅ​ថ្ងៃពុធ​នេះ​ ​ដោយមាន​ការចូលរួម​ពីសំណាក់​មន្ត្រី​ក្រសួងបរិស្ថាន​ ​អាជ្ញាធរ​ខេត្ត​-​ក្រុង​ ​វិស័យ​ឯកជន​ ​និង​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​ ​១ពាន់​នាក់​។​

​លោកស្រី​ ​ម៉ុម​ ​ថា​នី​ ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ ​បាន​ថ្លែង​ថា​ ​ការងារ​បរិស្ថាន​ ​គឺជា​កិច្ចការ​ដ៏​មាន​សារសំខាន់​ដែល​ពិភពលោក​ ​បាន​និង​កំពុង​យកចិត្ត​ទុកដាក់​ខ្លាំង​ ​ដែល​តម្រូវឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​ទាំង​ក្នុង​ក្របខណ្ឌ​សហគមន៍​ ​សង្គមជាតិ​ ​តំបន់​ ​និង​ពិភពលោក​ ​បន្ត​ចូលរួម​ពង្រឹង​ប្រសិទ្ធិ​ភាព​ការងារ​គ្រប់គ្រង​ ​និង​អភិវឌ្ឍ​បរិស្ថាន​និង​ធនធាន​ធម្មជាតិ​ ​ដោយ​ខិតខំ​រិះរក​វិធានការ​និង​ដំណោះស្រាយ​ឲ្យបាន​សមស្រប​ ​ដើម្បី​រក្សា​ឲ្យបាន​នូវ​សុវត្ថិភាព​ ​និង​តុល្យភាព​នៃ​ភពផែន​ដី​។​

​លោកស្រី​ថា​៖​ ​«​យើង​ទាំងអស់គ្នា​ត្រូវ​ចាប់ផ្តើម​យកចិត្ត​ទុកដាក់​ថែរក្សា​ភពផែន​ដី​របស់​យើង​ ​ដោយ​ចាប់ផ្តើម​ពី​បុគ្គល​ម្នា​ក់ៗ​ ​ពី​ភូមិស្រុក​និ​មួយ​ៗ​ ​រហូតដល់​ប្រទេស​នៅ​ទូទាំង​ពិភពលោក​ ​ដោយធ្វើ​យ៉ាងណា​លើកកម្ពស់​នូវ​កិច្ច​គាំពារ​បរិស្ថាន​ ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ ​ការ​អភិរក្ស​ជីវចម្រុះ​ ​និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​»​។​

​លោកស្រី​ ​ថា​នី​ ​បាន​បន្ថែម​ថា​៖​ ​«​ខ្ញុំ​សូម​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​ទាំង​ស្ថាប័នរដ្ឋ​ ​វិស័យ​ឯកជន​ ​ដៃ​គូរ​អភិវឌ្ឍន៍​ ​និង​សាធារណជន​ ​ជាពិសេស​យុវជន​ ​ចូលរួម​ជាមួយ​យើងខ្ញុំ​ ​ក្នុង​ការ​ការពារ​បរិស្ថាន​និង​ធនធាន​ធម្មជាតិ​ ​និង​អភិរក្ស​ជីវចម្រុះ​ ​តាម​គ្រប់​មធ្យោបាយ​និង​លទ្ធភាព​ដែល​ខ្លួន​មាន​ ​ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយ​»​។​

​បើ​តាម​លោកស្រី​ថា​នី​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ប្រកាន់​ភ្ជាប់​នូវ​ជំហរ​ក្នុង​ការ​ការពារ​ ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​ ​ក៏ដូចជា​ការរស់នៅ​ប្រកបដោយ​ចីរភាព​ ​តាមរយៈ​ការ​អនុម័ត​ផែន​កា​រយុទ្ធា​សាស្ត្រ​ជាតិ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​ឆ្នាំ២០១៤​-​២០២៣​ ​និង​ការ​ផ្តល់​នូវ​សច្ចាប័ន​ដល់​អនុសញ្ញា​អន្តរជាតិ​នានា​ ​ដែល​ទាក់ទង​នឹង​វិស័យ​បរិស្ថាន​ជាច្រើន​ ​សំដៅ​ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​នានា​របស់​ពិភពលោក​។​

​អភិបាលរងខេត្ត​បន្ទាយមានជ័យ​ ​លោក​ ​កឿ​ង​ ​វណ្ណៈ​ ​បាន​មានប្រសាសន៍​ថា​ ​ការ​ថយ​ចុះ​នូវ​គុណភាព​នៃ​បរិស្ថាន​បាន​បង្កឡើង​ដោយ​សកម្មភាព​របស់​មនុស្ស​ ​ហើយ​បរិស្ថាន​ធម្មជាតិ​នៅ​លើ​ភពផែន​ដី​ ​កំពុង​ស្ថិត​ក្នុង​ភាព​រងគ្រោះ​ ​ដោយសារ​ការ​ធ្វើអាជីវកម្ម​ព្រៃឈើ​ហួស​កម្រិត​ ​ការ​បំពុល​ទឹក​ ​ការ​បំពុល​ដី​ ​ការ​បំពុល​ខ្យល់​ ​ការ​បា​ត់់​បង់​ជីវចម្រុះ​ ​និង​ការបំផ្លាញ​ស្រទាប់​អូហ្សូន​ ​ដែល​ជា​មូលហេតុ​ចម្បង​ដែល​បង្ក​ឲ្យ​មានការ​ប្រែប្រួល​អាកាសធាតុ​ជាដើម​។​

​លោក​បន្ត​ថា​៖​ ​«​ការស្រាវជ្រាវ​កន្លងមក​ ​ផលវិបាក​នៃ​ការប្រែប្រួល​អាកាសធាតុ​ ​បាន​ជះឥទ្ធិពល​បំផ្លាញ​ធ្ងន់ធ្ងរ​ដល់​សុខមាលភាព​របស់​មនុស្ស​ ​និង​ផលិតភាព​របស់​ប្រព័ន្ធ​ធម្មជាតិ​ ​និង​ផលិតភាព​ដែល​មនុស្ស​គ្រប់គ្រង​.​.​.​ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ​ចាំបាច់​ត្រូវ​ចូលរួម​ក្នុង​កិច្ច​គាំពារ​បរិស្ថាន​ ​និង​អភិរក្ស​ជីវចម្រុះ​ ​និង​សូម​ស្វែងយល់​ពី​បញ្ហា​បរិស្ថាន​ ​និង​សូមឈប់​បំផ្លាញ​បរិស្ថាន​ទោះ​ដោយចេតនា​ក្តី​ ​ឬ​អចេតនា​ក្តី​»​។​

​ក្នុង​ទិវា​បរិស្ថាន​ពិភពលោក​នេះ​ដែរ​ ​កញ្ញា​ ​រឿន​ ​ស្រី​នាង​ ​អាយុ១៨ឆ្នាំ​ ​ជា​និ​សិត្សនៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​ក៏បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ចូលរួម​ក្នុង​កិច្ច​គាំពារ​បរិស្ថាន​ ​និង​ធនធាន​ធម្មជាតិ​ ​ដើម្បី​សុវត្ថិភាព​នៃ​ភពផែន​ដី​ ​និង​ជា​ប្រយោជន៍​សម្រាប់​មនុស្ស​ជំនាន់​នេះ​និង​ជំនាន់​ក្រោយ​។​ ​កញ្ញា​បាន​និយាយ​ថា​៖​ ​«​ក្នុងនាម​ខ្ញុំ​ជា​យុវជន​ ​អាច​និយាយ​បាន​ថា​លទ្ធភាព​របស់ខ្ញុំ​នៅ​ទាប​ ​ប៉ុន្តែ​ខ្ញុំ​នឹង​ព្យាយាម​ចូលរួម​ ​ដោយ​កាត់បន្ថយ​នូវ​ការប្រើ​ប្រាស់​ថង់​ប្លា​ស្ទីក​ ​កាត់បន្ថយ​ការ​ជិះ​ម៉ូតូ​ដោយ​ងាក​មក​ជិះកង់​វិញ​ ​វេច​ខ្ចប់​កាកសំណល់​ឲ្យបាន​ត្រឹមត្រូវ​ ​និង​ការសន្សំសំចៃ​ការប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ជាដើម​»​។​

​បើ​តាម​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​ក្រសួងបរិស្ថាន​បាន​ស្រង់​មក​ផ្សព្វផ្សាយ​ ​បាន​បង្ហាញថា​ ​មាន​មនុស្ស​ប្រមាណ ៧លាន​នាក់​នៅ​ទូទាំង​ពិភពលោក​បាន​ស្លាប់​ដោយ​ការ​បំពុល​ខ្យល់អាកាស​ ​ក្នុង​នោះ​ ​៤លាន​នាក់​ ​បាន​ស្លាប់​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ី​ហ​្វិក​។​ ​ការ​បំពុល​បរិយាកាស​ ​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ ​៥សែន​កោដិ​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​ ​ក្នុង​ការ​ចំណាយ​លើ​សុខមាលភាព​៕​

Share and Like this post

Related Posts

Previous Article

សមត្ថកិច្ច​សង្ស័យ​ ​ជន​វិ​កល​ចរិ​ត​ម្នាក់​ស្លាប់​ ​ដោយ​រង​ទារុណកម្ម​ពី​អ្នកភូមិ​

Next Article

​ប្រទេស​ស្វីស​ផ្តល់​ថវិកា​ ​៦លាន​ដុល្លារ​ជួយ​ដល់​ការ​បោស​សម្អាត​មីន​នៅ​កម្ពុជា​រយៈពេល​ ​៥ឆ្នាំ​