ឃុំខ្លួន​ព្រះសង្ឃ​ព្រះជន្ម ៦១ព្រះវស្សា​ រំលោភ​ក្មេងស្រី​អាយុ ១២​ឆ្នាំ​ អាច​ជាប់ទោស​ ១៥​ឆ្នាំ​

ប៊ុត រស្មីគង្គា / Khmer Times No Comments Share:
The monk
ជនជាប់ចោទ ត្រូវបានចាប់​ផ្សឹក​ក្រោយពី​ត្រូវបាន​គេសង្ស័យថាគាត់រំលោភ​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ។ រូបថត សហការី

សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​បាន​ចោទប្រកាន់​ និង​ឃុំខ្លួន​ព្រះសង្ឃ​ព្រះជន្ម​ ៦១ព្រះវស្សា​ មួយ​អង្គ​ ​ពី​បទ​រំលោភ​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ​នៅ​ក្រុង​ប៉ោយប៉ែត​។

ឧត្តមសេនីយ៍ឯក ​សិត​ ឡា​ ស្នងការ​រង​ខេ​ត្ដ​បាន​ឱ្យ​ដឹង​ថា​ ជន​ជាប់​ចោទ​ដែល​ត្រូវ​បាន​ចាប់​ផ្សឹក​ នាម​ព្រះ​តេ​ជគុណ​ នុ​ត តាំង​អឿន​ ជា​ព្រះសង្ឃ​គង់នៅ​វត្ត​និមិត្ត​សុធី​រាម​ ស្ថិត​ក្នុង​ឃុំ​និមិត្ត​។

ជនជាប់ចោទ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​ ដោយមាន​ស្ថាន​ទម្ងន់ទោស​ និង​ប្រឈមមុខ​នឹង​ការ​ជាប់ពន្ធ​នា​គារ​ពី ៧​ ទៅ​ ១៥​ឆ្នាំ​ប្រសិនបើ​ត្រូវ​បានរកឃើញថាមានទោស​។

. .

លោក​បាន​រៀបរាប់​ថា​ ជន​ជាប់​ចោទ​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​សមត្ថកិច្ច​ កាលពី​ថ្ងៃសុក្រ​បន្ទាប់ពី​ត្រូវ​បាន​គេ​ចាប់​ផ្សឹក ​និង​បណ្តេញ​ចេញពី​វត្ត ​និមិត្ត​សុធី​រាម​ ពី​បទ​រំលោភ​ក្មេងស្រី​អាយុ ១២​ឆ្នាំ​ម្នាក់​។

លោក​ ផុន​ ពៅ​ មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ ដែល​បាន​ធ្វើសហការ​ជាមួយ​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​និយាយ​ថា​ ជន​ជាប់​ចោទ​កាលពី​ខែមីនា​បាន​មកលេង​ផ្ទះ​ជីតា​របស់​ក្មេងស្រី​រងគ្រោះ​ដែល​នៅ​ជិត​វត្ត​។

ជនជាប់ចោទ​និង​ជីតា​ក្មេងស្រី​រងគ្រោះ​ជា​មិត្ត​ភ័ក្តិ​នឹងគ្នា​។ លោក​បាន​បន្ថែម​ថា ​រាល់ពេល​ដែល​ជនជាប់ចោទ​មកលេង​ផ្ទះ​ គាត់​តែងតែ​ឱ្យ​លុយ​នាង​ប្រហែល៥​ ទៅ​ ១០​ដុល្លារ​។ លោក​ ពៅ​ បន្ថែម​ទៀត​ថា​ ជនជាប់ចោទ​បាន​ទិញ​ទូរសព្ទ​២គ្រឿង​ ឱ្យ​ក្មេងស្រី​រងគ្រោះ​កាលពី​ខែមេសា​។

លោក​ពៅ​ បាន​ប្រាប់​ពី​ហេតុការណ៍​នោះ​ថា​ ជន​ជាប់​ចោទ​ទៅលេង​ផ្ទះ​ក្មេងស្រី​រងគ្រោះ​ នៅ​ប្រហែល​ម៉ោង​ ២រសៀល​ កាលពី​ថ្ងៃអង្គារ​ ខណៈពេល​ជីតា​ និង​សាច់ញាតិ​ផ្សេងទៀត​របស់​នាង​មិន​នៅផ្ទះ​។ ជនជាប់ចោទ​បាន​លួងលោម​នាង ​ហើយក៏​ចាប់រំលោភ​នាង​។ បន្ទាប់ពី​រំលោភ​គាត់​បានឱ្យ​ប្រាក់​នាង​ ៣មុឺ​ន រៀល​។ គាត់​បាន​ប្រាប់​នាង​កុំឱ្យ​ប្រាប់​ជីតា​ ឬអ្នក​ផ្សេងទៀត​។

លោក​ពៅ​ បាន​និយាយ​ថា​ ជន​ជាប់​ចោទ​បាន​ទៅលេង​ក្មេងស្រី​រងគ្រោះ​ម្តង​ទៀត​ នៅ​ប្រហែល​ម៉ោង​ ២រសៀល​ ថ្ងៃ​ព្រហស្បតិ៍​ ដោយ​ឃើញថា​គ្មាន​នរណា​ម្នាក់​នៅផ្ទះ​ក៏​រំលោភ​នាង​ម្តង​ទៀត​។ ​ពេលនោះ​ជីតា​របស់​នាង​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ​ឃើញ​ចៅស្រី​ ត្រូវ​បាន​គេ​ចាប់រំលោភ​។ គាត់​មានការ​ខឹងសម្បា​ហើយ​បាន​រាយការណ៍​ទៅ​នគរបាល​។ ប៉ុន្តែ​ជនជាប់ចោទ​បាន​គេចខ្លួន​បាត់​។ ​ជន​ជាប់​ចោទ​បាន​វិល​ត្រឡប់​មកវិញ​នៅ​ប្រហែល​ម៉ោង ៨​យប់​ថ្ងៃ​ដដែល​ដើម្បី​អង្វរ​ជីតា​របស់​ក្មេងស្រី​រងគ្រោះ​កុំឱ្យ​ប្តឹង​គាត់​។

. .

ដើម្បី​សម្រុះសម្រួល​និង​បញ្ចប់​ហេតុ​ការ​នេះ​ជនជាប់ចោទ​បាន​សន្យា​សងជំងឺចិត្ត​ជីតា​ក្មេងស្រី​រងគ្រោះ​ចំនួន​៥ មុឺន​ បាត​ និង​ដីស្រែ​ ១ហិ​កតា​ជា​ថ្នូរ​ នឹង​ការ​មិន​ប្តឹង​គាត់​។ ជីតា​ក្មេងស្រី​មិន​ជឿ​គាត់​ទេ​ គាត់​បាន​ប្តឹង​នគរបាល​ ហើយ​បាន​ស្នើសុំ​អន្តរាគមន៍​ឱ្យ​ដាក់ទោស​គាត់​តាមច្បាប់ ​ពីព្រោះ​គាត់​ចាត់ទុកថា​សកម្មភាព​របស់​ជនជាប់ចោទ ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​ និង​កេរ្តិ៍ឈ្មោះ​សាសនា​។

លោក​ ពៅ​ បាន​និយាយ​ថា​ ជនជាប់ចោទ​ត្រូវ​បាន​ចាប់​ផ្សឹក ​និង​ចាប់ខ្លួន​កាលពី​ថ្ងៃសុក្រ​ ហើយបញ្ជូន​ទៅ​តុលាការខេត្ត​ដើម្បី​សាកសួរ​កាលពី​ថ្ងៃសៅរ៍​។ ជនជាប់ចោទ​ពេលនេះ​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង​រង់ចាំ​ការ​កាត់ទោស​៕

Share and Like this post

Related Posts

Previous Article

ទិវា​បរិស្ថាន​ជាតិ​ ​និង​ទិវា​បរិស្ថាន​ពិភពលោក​ ​“​រួមគ្នា​ទប់ស្កាត់​ការ​បំពុល​ខ្យល់​”​

Next Article

​កម្មករ​រោងចក្រ​កាត់ដេរ​ស្វាយរៀង ៦០នាក់​ ​រង​របួសស្រាល​ នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​