​កម្មករ​រោងចក្រ​កាត់ដេរ​ស្វាយរៀង ៦០នាក់​ ​រង​របួសស្រាល​ នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​

ប៉ិច សុធារី / Khmer Times No Comments Share:
garment-worker
​កម្មករ​រោងចក្រ​ដែ​លល​រង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​។​ ប៉ូលីស

​ភ្នំពេញ​៖​ ​កម្មករ​រោងចក្រ​កាត់ដេរ​យូលី​ប្រមាណ ៦០នាក់​ ​បាន​រង​របួសស្រាល​ ​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ចំនួន ៤គ្រឿង​ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ​នៅ​ចំណុច​ភូមិ​លាប​ ​ឃុំ​ប្រសូត្រ ​ស្រុក​ស្វាយទាប​ ​ខេត្តស្វាយរៀង​។​

​តំណាង​កម្មករ​ ​និង​ជា​មន្ត្រី​សហព័ន្ធ​សហជីព​ចលនា​កម្មករ​ប្រចាំ​រោងចក្រ​យូលី​ ​បាន​ឲ្យដឹង​ថា​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ​បាន​កើតឡើង​កាលពី​ម៉ោង ៧ព្រឹក​ ​នៅពេល​ដែល​កម្មករ​បាន​ធ្វើដំណើរ​តាម​រថយន្ត​សាំយ៉ុង​ចំនួន​ ​២គ្រឿង​ទៅ​ធ្វើការ​។​ ​លោក​ថា​៖​ ​«​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ​បង្កឡើង​ដោយ​រថយន្ត​ស្ទូច ១គ្រឿង​ ​រថយន្ត​ហាយឡែនឌ័រ ១គ្រឿង​ ​និង​រថយន្ត​សាំយ៉ុង​ដឹក​កម្មករ ២គ្រឿង​ ​ហើយ​បច្ចុប្បន្ន​កម្មករ​ទាំង​នោះ​ ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ ​និង​ខេត្ត​»​។​

​លោក​បន្ថែម​ថា​៖​ ​«​មាន​កម្មករ​ប្រហែល​ ​៦០នាក់​ ​បាន​រង​របួស​ ​តែ​មិន​ធ្ងន់ធ្ងរ​ទេ​ ​តែ​អ្វី​ដែល​យើង​បារម្ភ​ ​គឺ​កម្មការិនី​ដែល​មានផ្ទៃពោះ​ ​៣ទៅ ៤នាក់​ ​ខ្លាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ ​ឥលូវ​ពេទ្យ​កំពុង​ពិនិត្យ​»​។

. .

អធិការរង​នគរបាល​ស្រុក​ស្វាយទាប​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់​ចរាចរណ៍​ ​លោក​វិរៈសេនីយ៍ទោ​ ​ឡឹក​ ​នាង​ ​បាន​មាន​ប្រសាសន៍​ថា​ ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ​បាន​កើតឡើង​ខណៈ​ដែល​រថយន្ត​ស្ទូច​មួយ​គ្រឿង​ ​បាន​បើក​ឡើង​មក​លើ​ផ្លូវជាតិ​លេខ១​ ​ហើយ​ស្រប​ពេលនោះ​ ​រថយន្ត​ហាយឡែនឌ័រ​បាន​មកដល់​ ​ក៏​ជៀស​ ​និង​ជាន់​ហ្វ្រាំង​ ​ធ្វើឲ្យ​រថយន្ត​ស៊ាំយ៉ុង​ដឹក​កម្មករ​ពីរ​គ្រឿង​ដែល​បើកបរ​មក​ពីក្រោយ​បាន​បុក​បន្តកន្ទុយ​គ្នា​តែ​ម្តង​។

តែ​យ៉ាងណា​ ​លោក​ថា​៖​ ​«​កម្មករ​ដែល​ជិះ​ក្នុង​រថយន្ត​នោះ​ ​រង​របួសស្រាល​តិចតួច​ប៉ុណ្ណោះ​ ​ខូចខាត​តែ​រថយន្ត​ ​ហើយ​ភ្លាម​ៗ​នោះ​ ​ភាគី​រថយន្ត​ទាំងអស់​បាន​សម្រប​សម្រួល​ដោះស្រាយ​គ្នា​រួចហើយ​ដែរ​ ​ដោយ​ពួកគេ​សុខចិត្ត​ចេញថ្លៃ​ខូចខាត​រថយន្ត​ឲ្យ​គ្នា​ ​ចំណែក​កម្មករ​ក៏​មាន​រថយន្ត​ផ្សេង​មក​ដឹក​យក​ទៅវិញ​អស់​ដែរ​»​។

យោង​តាម​របាយការណ៍​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ​ ​កាលពី​ខែមីនា​ ​បាន​ឲ្យដឹង​ថា​ ​ក្នុង​ឆ្នាំ២០១៨ កន្លងទៅ​ ​មាន​កម្មករ​និយោជិត​ជិត​ ​២ពាន់​នាក់់​ ​បាន​រងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ចំនួន ១៦៩២ករណី​ ​ក្នុង​នោះ​មាន​កម្មករ​ចំនួន​ ​៤០នាក់​បាន​ស្លាប់​។​ ​របាយការណ៍​បាន​បន្ត​ថា​ ​មូលហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​លើ​កម្មករ​និយោជិក​ ​ដោយសារ​ការ​បើកបរ​ហួស​ល្បឿន​កំណត់​មាន ៤០​%​ ​ការ​ជែង ២៤​%​ ​មិន​គោរព​សិទ្ធិអាទិភាព​ ​១៧​%​ ​និង​បច្ចេកទេស​យានយន្ត ១៨​%​៕​

Share and Like this post

Related Posts

Previous Article

ឃុំខ្លួន​ព្រះសង្ឃ​ព្រះជន្ម ៦១ព្រះវស្សា​ រំលោភ​ក្មេងស្រី​អាយុ ១២​ឆ្នាំ​ អាច​ជាប់ទោស​ ១៥​ឆ្នាំ​

Next Article

រលក​កម្ដៅ​កើន​ដល់៥០​ អង្សា​សេ​ នៅ​ឥណ្ឌា​