​មន្ត្រី​ជំនាញ​ ​ជំរុញ​ឲ្យ​គ្រឹះស្ថាន​សិក្សា​បង្កើន​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​បរិវេណ​សាលា​

ប៉ិច ​សុធារី / Khmer Times No Comments Share:
He-is-smoke-infront-Noton-University
បុរស​ម្នាក់​កំពង់​ជក់បារី​នៅ​ខាងមុខ​សាលា​វិទ្យាល័យ​មួយ​កន្លែងនៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។​ ​ប៉ាន់​ ​រចនា​

ភ្នំពេញ​៖​ ​មន្ត្រី​រាជធានី​ភ្នំពេញ​ ​និង​អង្គការ​សង្គម​ស៊ីវិល​ ​បាន​ជំរុញ​ដល់​ថ្នាក់ដឹកនាំ​គ្រឹះស្ថានសិក្សា​បង្កើន​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​នៅក្នុង​បរិវេណ​សាលា​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ ​ដើម្បី​ការពារ​កុមារ​ ​និង​យុវជន​ជៀស​ផុត​ហានិភ័យ​បណ្តាល​មក​ពី​ផលិតផល​ថ្នាំជក់​។​

​លោកស្រី​ ​កែវ​ ​សុខ​ពិសី​ ​អភិបាលរង​សាលា​រាជធានី​ភ្នំពេញ​ ​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ស្តី​ពី​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​ ​នៅ​មន្ទីរអប់រំ​ ​យុវជន​ ​និងកីឡា​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃពុធ​នេះ​ថា​ ​កន្លងមក​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ ​អនុក្រឹត្យ​និង​លិខិត​បទដ្ឋាន​គតិ​យុត្តិ​ផ្សេង​ៗ​ ​ព្រមទាំង​ពង្រឹង​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​ ​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​កើនឡើង​ពី​ហានិភ័យ​នៃ​ផលិតផល​ថ្នាំជក់​។​

​អ្នកស្រី​បន្ត​ថា​៖​ ​«​ប៉ុន្តែ​ភាព​វិជ្ជមាន​ទាំងនេះ​ ​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​ ​ព្រោះថា​សុខភាព​ប្រជាពលរដ្ឋ​ ​យើង​នៅតែ​ប្រឈម​នឹង​គ្រោះ​ថ្នា​ក់់​ ​ដរាបណា​នៅតែ​មានការ​បំពានច្បាប់​ពីសំណាក់​ឧស្សាហកម្ម​ថ្នាំជក់​ ​ដោយ​នៅតែ​មានការ​លក់​បារី​ដែល​គ្មាន​ដាក់​សារ​ព្រមាន​សុខភាព​ ​ការផ្សាយ​ពាណិជ្ជកម្ម​បារី​តាម​ទម្រង់​ផ្សេង​ៗ​ ​ការ​ជក់បារី​នៅកន្លែង​ធ្វើការ​និង​ទី​សាធារណៈ​ ​ដែល​កត្តា​ទាំងនោះ​ហើយដែល​យើង​ត្រូវ​ហាមឃាត់​ដោយ​ច្បាប់​»​។​

​ករណីនេះ​ ​អ្នកស្រី​ ​ពិសី​ ​បាន​អំពាវ​នាវ​ដល់់​ថ្នាក់ដឹកនាំ​គ្រឹះស្ថានសិក្សា​ទាំងអស់​ ​ចូលរួម​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​ ​និង​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​ផលិតផល​ថ្នាំជក់​ទៅដល់​សិស្សានុសិស្ស​នៅ​តាម​សាលា​របស់​ខ្លួន​។​

​ជាមួយគ្នា​នេះ​ដែរ​ ​អ្នកស្រី​ថា​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ក៏​នឹង​បន្ត​ខិតខំ​ទប់ស្កាត់​រាល់​មធ្យោបាយ​ផ្សព្វផ្សាយ​ដែល​មាន​និន្នាការ​ទាក់ទាញ​អតិថិជន​ឲ្យ​មានការ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​ ​សំដៅ​ការពារ​ប្រជាពលរដ្ឋ​ទូទៅ​ ​ជាពិសេស​យុវវ័យ​ជំនាន់​ក្រោយ​ឲ្យ​រួចផុត​ពី​ការបំផ្លាញ​សុខភាព​ ​សេដ្ឋកិច្ច​ ​សង្គម​ ​បរិស្ថាន​ ​និង​ឈាន​ទៅ​លុបបំបាត់​ទាំងស្រុង​នូវ​រាល់​ទម្រង់​នៃ​ការផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​។​

​ប្រធានមន្ទីរ​អប់រំ​ ​យុវជន​ ​និងកីឡា​រាជធានី​ភ្នំពេញ​ ​លោក​ហែម​ ​ស៊ី​ណា​រ៉េ​ត​ ​បាន​ថ្លែង​ថា​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​នៅក្នុង​គ្រឹះស្ថានសិក្សា​ ​គឺជា​វិធានការ​មួយ​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ដែល​បណ្តាល​មក​ពី​ការប្រើ​ប្រាស់​ផលិតផល​ថ្នាំជក់​ ​ហើយក៏​ជា​ការ​អនុ​ឡោម​ទៅតាមច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ថ្នាំជក់​ ​និង​អនុក្រឹត្យ​ស្តី​ពី​ការ​ហាម​ការ​ជក់បារី​ឬ​ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​នៅកន្លែង​ធ្វើការ​និង​កន្លែង​សាធារណៈ​ ​ដែល​បាន​ហាមឃាត់​មិន​ឲ្យ​មានការ​ជក់បារី​ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា​។​ ​លោក​ថា​៖​ ​«​ខ្ញុំ​សូម​លើកទឹកចិត្ត​ឲ្យ​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​ ​យកចិត្ត​ទុកដាក់​និង​ស្វែងយល់​ពី​ភារកិច្ច​របស់​ខ្លួន​ ​និង​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​នៅក្នុង​សាលា​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់់​»​។​

​ប្រធាន​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ ​លោក​វេជ្ជបណ្ឌិត​ ​មុំ​ ​គង់​ ​បាន​ថ្លែង​ថា​ ​អនុក្រឹត្យ​ស្តី​ពី​ការ​ហាម​ជក់​ ​និង​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​នៅកន្លែង​ធ្វើការ​ឬ​កន្លែង​សាធារណៈ​ ​បាន​ចែង​ពី​ការ​ហាមឃាត់​ការប្រើ​ប្រាស់​ផលិតផល​ថ្នាំជក់​នៅក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា​ ​ដោយ​ថ្នាក់ដឹកនាំ​គ្រឹះស្ថានសិក្សា​ ​ត្រូវ​បិទ​សញ្ញា​ហាម​ជក់បារី​នៅ​ផ្លូវចូល​ឬ​កន្លែង​ងាយ​មើលឃើញ​ច្បាស់​ ​និង​ត្រូវ​ប្រាប់​ដល់​អ្នក​ជក់បារី​ឲ្យ​ទៅ​ជក់​នៅ​ក្រៅ​បរិវេណ​គ្រឹះស្ថានសិក្សា​។​

​លោក​បន្ត​ថា​ ​នៅ​តាម​គ្រឹះស្ថានសិក្សា​ ​អនុក្រឹត្យ​ក៏បាន​ហាម​ការ​លក់​ឬ​ចែកចាយ​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ​ ​និង​មិន​ឲ្យ​ទទួលយក​ការឧបត្ថម្ភ​ជា​ផលិតផល​ថ្នាំជក់​ឬ​ជា​សម្ភារៈ​ដែល​បង្ហា​ពី​ឈ្មោះ​ ​ឬសញ្ញា​សំគាល់​ផលិតផល​ថ្នាំជក់​ ​ព្រមទាំង​ហាមមិនឲ្យ​មានការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​នៅក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា​ផង​ដែរ​។​

​លោក​មុំ​ ​គង់​ ​បាន​និយាយ​ថា​៖​ ​«​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​នៅ​តាម​សាលារៀន​ក្នុង​រាជធានី​ភ្នំពេញ​ ​នា​ពេល​កន្លងមក​ ​យើង​ឃើញថា​ ​មាន​ភាពល្អ​ប្រសើរ​ ​ប៉ុន្តែ​យើង​នៅ​មិនទាន់​មានការ​ចុះ​តាមដាន​ណាមួយ​ឲ្យបាន​ច្បាស់លាស់​នៅឡើយ​ទេ​ ​ដូច្នេះ​ការ​ចុះ​សិក្សា​និង​តាមដាន​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​នេះ​ ​ក្រុមការងារ​នឹង​ចុះ​ធ្វើ​នៅ​ខែក្រោយ​»​។​

​លោក​សុខ​ ​សុវណ្ណ​ ​នាយក​អនុវិទ្យាល័យ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​ចំបក់​មាស​ ​នៅ​ខណ្ឌ​ជ្រោយ​ចង្វា​រ​ ​រាជធានី​ភ្នំពេញ​ ​បាន​មានប្រសាសន៍​ថា​ ​កន្លងមក​ ​អនុវិទ្យាល័យ​នេះ​ពុំ​បាន​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ដល់​សិស្ស​ពី​ផល​ប៉ះពាល់​ដោយសារ​ផលិតផល​ថ្នាំជក់​នេះ​ទេ​ ​ខណៈ​ដែល​បរិស្ថាន​នៅក្នុង​សាលា​ពុំ​មាន​ផ្សែង​បារី​ឡើយ​។​ ​ប៉ុន្តែ​ ​លោក​ថា​៖​ ​«​បន្ទាប់ពី​សិក្ខាសាលា​នេះ​ ​ខ្ញុំ​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​ការ​ជក់បារី​ ​ឬ​ការប្រើ​ប្រាស់​ផលិតផល​ថ្នាំជក់​ ​ដល់​លោកគ្រូ​អ្នកគ្រូ​ ​និង​សិស្សានុសិស្ស​ ​នៅពេល​គោរព​ទង់ជាតិ​ ​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មានការ​ជក់បារី​ទៅ​ថ្ងៃក្រោយ​ ​និង​អាច​ឲ្យ​ពួកគាត់​យក​ទៅ​ផ្សព្វផ្សាយ​បន្ត​»​។​

​បើ​តាម​ ​លោ​ក​យ៉ិល​ ​ដារ៉ា​វុធ​ ​តំណាង​អង្គការសុខភាព​ពិភពលោក​ ​បាន​ឲ្យដឹង​ថា​ ​ក្នុង​បារី​មួយ​ដើមមាន​សារជាតិ​គីមី​ប្រមាណ​ ​៧ពាន់​ប្រភេទ​ ​ហើយ​ការប្រើ​ប្រាស់​ផលិតផល​ថ្នាំជក់​ ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​សុខ​ភាព​ចម្បង​ៗ​ ​ដូចជា​ ​ជំងឺ​សសៃ​ឈាម​បេះដូង​ ​ទឹកនោមផ្អែម​ ​មហារីក​ ​និង​រលាក​ផ្លូវដង្ហើម​ជាដើម​៕​

Share and Like this post

Related Posts

Previous Article

​ក្រសួងបរិស្ថាន​៖​ ​គ្មាន​ជន​ណា​ម្នាក់​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី​នៅក្នុង​ឧទ្យានជាតិ​ព្រះសីហនុ​រាម​ និង​ក្បាលឆាយ​

Next Article

កម្ពុជា​ប្រុងប្រយ័ត្ន​ខ្ពស់ ​ករណី​រា​ត្បាត​ជំងឺ​ប៉េស​ជ្រូក​អាហ្វ្រិកថ្មីៗទៀត នៅ​វៀតណាម​