ប្រទេស​អាល្លឺម៉ង់​ ​ប្តេជ្ញា​ចិត្ត​បន្ត​ចូលរួម​លុប​បំបាត់​ភាព​ក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា​

ប៉ិច សុធារី / Khmer Times No Comments Share:
Germany-committed-to-ending-poverty-in-Cambodia
លោក​ ​Norbert​ ​Barthle​ ​សមាជិកសភា​សហព័ន្ធ​អាល្លឺម៉ង់​ ​និង​ជារ​ដ្ឋ​លេខាធិការ​ក្រសួង​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍។

​ភ្នំពេញ​៖​ ​ប្រទេស​អាល្លឺម៉ង់​ ​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​បន្ត​ចូលរួម​លុបបំបាត់​ភាព​ក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា​ ​តាមរយៈ​ការ​គ្រោង​ផ្តល់​ឥណទាន ​(​កម្ចី​)​ ​និង​ជំនួយឥតសំណង​ ​សម្រាប់​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ ​វិស័យ​អាហារូបត្ថម្ភ​ និង​ប្រព័ន្ធ​គណនេយ្យ​ភាព​សង្គម​ ​និង​ការ​ជួយ​លើ​វិស័យ​អភិវឌ្ឍន៍​ជនបទ​មួយចំនួន​ទៀត​។​

​ការ​បេ​ជ្ញា​ចិត្ត​នេះ​ ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចចរចា​ទ្វេភាគី​រវាង​រដ្ឋាភិបាល​អាល្លឺម៉ង់​ ​និង​រាជរដ្ឋាភិបាល​កម្ពុជា​ ​នៅ​រដ្ឋធានី​ប៊ែរឡាំង​ ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ ​កាលពី​ថ្ងៃទី១៥​ ​ខែឧសភា​។​

​បន្ទាប់់​ពី​កិច្ចចរចា​ទ្វេភាគី​នោះ​ ​ស្ថានទូត​សាធារណរដ្ឋ​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា​ ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យដឹង​ថា​ ​វិស័យ​គាំពារ​សង្គម​ ​អភិវឌ្ឍន៍​ជនបទ​ ​និង​វិមជ្ឈការ​ ​នៅតែ​ជាសកម្ម​ភាព​ស្នូល​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​-​អាល្លឺម៉ង់​ ​សម្រាប់​ការ​អភិវឌ្ឍ​។​ ​សេចក្តី​ប្រកាស​ព័ត៌មាន​ ​បាន​បន្ត​ថា​ ​ប្រទេស​អាល្លឺម៉ង់​ ​នឹង​ផ្តល់​ឥណទាន​(​កម្ចី​)​ ​សម្រាប់​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ ​ដែល​ជា​គម្រោង​រួមគ្នា​រវាង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​ ​និង​សហភាព​អឺរ៉ុប​ ​នូវ​ទឹកប្រាក់​ជាង​ ​៨០លាន​អឺ​រ៉ូ​។​

. .

​សេចក្តី​ប្រកាស​ព័ត៌មាន​ ​បញ្ជាក់​ថា​៖​ ​«​កិច្ចប្រឹងប្រែង​រួមគ្នា​ដ៏​ពិតប្រាកដ​របស់​ប្រទេស​អឺរ៉ុប​មួយ​នេះ​ ​នឹង​ជួយ​បង្កើត​ឲ្យ​មានការ​ប្រែប្រួល​ជា​វិជ្ជមាន​ដល់​ជីវភាព​ ​និង​ការរស់នៅ​របស់​ប្រជាជន​នៅ​តាម​ទី​ជនបទ​»​។​

​ជាមួយគ្នា​នេះ​ដែរ​ ​តាមរយៈ​គម្រោង​ផ្តួចផ្តើម​សកល​ ​«​ពិភពលោក​ដែល​គ្មាន​ភាព​អត់ឃ្លាន​»​ ​អាល្លឺម៉ង់​ ​ក៏​នឹង​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ចំនួន​ ​១០លាន​អឺ​រ៉ូ​ ​សម្រាប់​គម្រោង​អាហារូបត្ថម្ភ​នៅ​កម្ពុជា​ ​ដែល​ជា​គម្រោង​រួមគ្នា​ ​រវាង​ធនាគារពិភពលោក​ ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ប្រទេស​អូស្ត្រាលី​ ​និង​ប្រទេស​អាល្លឺម៉ង់​។​

​អាល្លឺម៉ង់​ ​បាន​បញ្ជាក់​បន្ថែម​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ ​សម្រាប់​ឆ្នាំ២០១៩​ ​និង​ឆ្នាំ២០២០​ ​អាល្លឺម៉ង់​ ​ក៏​នឹង​ជួយ​ផ្នែក​ហិរញ្ញវត្ថុ​ថ្មី​នូវ​ទឹកប្រាក់​សរុប​ ​៤៨.៦លាន​អឺ​រ៉ូ​ ​ទៅលើ​គម្រោង​អភិវឌ្ឍន៍​មួយចំនួន​ផង​ដែរ​ ​ដូចជា​ ​គម្រោង​អនុវត្ត​ក្របខ័ណ្ឌ​គណនេយ្យ​ភាព​សង្គម​ ​គម្រោង​កំណត់​អត្តសញ្ញាណ​កំណត់​គ្រួសារ​ក្រីក្រ​ ​គម្រោង​គាំពារ​សុខភាព​សាធារណៈ​ ​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ ​និង​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ថ្នាក់​តំបន់​ ​រួម​និង​ការសិក្សា​និង​ថវិកា​សម្រាប់​អ្នកជំនាញ​បច្ចេកទេស​ផង​ដែរ​។​

​លោក​ ​Norbert​ ​Barthle​ ​សមាជិកសភា​សហព័ន្ធ​អាល្លឺម៉ង់​ ​និង​ជារ​ដ្ឋ​លេខាធិការ​ក្រសួង​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍​ ​បាន​ថ្លែង​ថា​ ​មិត្តភាព​រវាង​កម្ពុជា​ ​និង​អាល្លឺម៉ង់​ ​នៅតែ​ឈរ​រឹង​ម៉ាំ​ជានិច្ច​។​ ​លោក​ថា​៖​ ​«​ការ​លុបបំបាត់​ភាព​ក្រីក្រ​ ​និង​ការ​កើនឡើង​នៃ​វិបុលសុខ​សម្រាប់​ទាំងអស់គ្នា​ ​គឺជា​គោលដៅ​រួម​របស់​ពួក​យើង​»​។​

​លោក​បន្ថែម​ថា​ ​ការគោរព​សិទ្ធិមនុស្ស​ ​សិទ្ធិ​ក្នុង​សង្គម​ ​សិទ្ធិ​សេដ្ឋកិច្ច​ ​និង​សិទ្ធិ​ចូលរួម​នយោបាយ​ ​គឺជា​មូលដ្ឋាន​គ្រឹះ​របស់​កិច្ច​សហប្រតិបត្តិ​ការ​អាល្លឺម៉ង់​ដើម្បី​ការ​អភិវឌ្ឍ​។​

. .

​លោក​ ​Norbert​ ​Barthle​ ​បាន​និយាយ​ថា​៖​ ​«​ប្រសិនបើ​លំហ​នយោបាយ​ ​និង​សង្គម​ ​ពិតជា​ត្រូវ​បាន​បើក​ចំហរ​ ​កម្ពុជា​នឹងអាច​គេច​ផុត​ពី​ការបាត់បង់​នូវ​ក្របខណ្ឌ​គាំពារ​ពិសេស​ផ្នែក​ពាណិជ្ជកម្ម​ ​(​EBA​ ​Preferences​)​។​ ​ច្បាប់​ជាតិ​ ​និង​ការអនុវត្ត​ជាក់ស្តែង​ ​ត្រូវតែ​ស្របតាម​កាតព្វកិច្ច​សិទ្ធិមនុស្ស​អន្តរជាតិ​ ​ដូចជា​ ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ​និង​សេរីភាព​ខាង​ការ​ជួបជុំ​និង​ប្រមូល​ផ្តុំ​ ​ហើយ​ខ្ញុំ​ជឿជាក់​ថា​ ​វា​មិន​ពិបាក​នឹង​សម្រេច​ទេ​»​។​

​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ ​និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​នីតិសម្បទា​ ​និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​លោក​ ​ឈៀង​ ​យ៉ា​ណា​រ៉ា​ ​ដែល​ចូលរួម​កិច្ចចរចា​ទ្វេភាគី​នោះ​ ​ពុំ​អាច​សុំ​ការ​អត្ថា​ធិប្បាយ​បានទេ​ ​នៅ​ថ្ងៃ​ព្រ​ហស្ប​ត្តិ៍​នេះ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ព្រះ​ស្តេច​ ​ខេត្តព្រៃវែង​ ​អ្នកស្រី​ ​ប៉េង​ ​ណេ​ ​បាន​សាទរ​ចំពោះ​ការ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​អាល្លឺម៉ង់​ ​ក្នុង​ការ​ជួយ​លុបបំបាត់​ភាព​ក្រីក្រ​នៅ​កម្ពុជា​ ​ដោយ​អ្នកស្រី​រំពឹង​ថា​គម្រោង​អភិវឌ្ឍ​ទាំងនោះ​ ​នឹងអាច​ជួយ​ធ្វើឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ជនបទ​ ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ ​និង​អាច​លើកកម្ពស់​ជីវភាព​របស់​ពលរដ្ឋ​នៅ​ទី​ជនបទ​បាន​។​ ​អ្នកស្រី​ថា​៖​ ​«​អ្វី​ដែល​ខ្ញុំ​ចង់​ឃើញ​ ​ចង់​ឲ្យ​មានការ​អភិវឌ្ឍ​ផ្លូវថ្នល់​ ​ស្ពាន​ ​ប្រឡាយ​ទឹក​ ​និង​វិ​ស័យ​ផ្សេង​ៗ​ ​ហើយ​ផ្នែក​អាហារូបត្ថម្ភ​ក៏​មាន​ភាព​ចាំបាច់​ដែល​សម្រាប់​ក្មេង​ៗ​នៅ​ជនបទ​»​។​

​បើ​តាម​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​បញ្ជាក់​កាលពី​ខែមករា​ ​ឲ្យដឹង​ថា​ ​អត្រា​ភាព​ក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា​ ​បច្ចុប្បន្ន​ ​ត្រូវ​បាន​កាត់បន្ថយ​មក​នៅក្នុង​រង្វង់​ ​១០ភាគរយ​ ​ខណៈ​ដែល​អត្រា​នេះ​បាន​ធ្លាក់ចុះ​ពី​រង្វង់​ ​៥៣.២ភាគរយ​នៅ​ឆ្នាំ២០០៤​ ​មក​នៅ​ត្រឹម​ប្រមាណ​ ​១៣,៥​ ​ភាគរយ​នៅ​ឆ្នាំ២០១៤​៕

Share and Like this post

Related Posts

Previous Article

ធនាគារពិភពលោក​នឹង​ផ្តល់​ ​១ពាន់​លាន​ដុល្លារ​ ជួយអភិវឌ្ឍកម្ពុជារយៈពេល ៥ឆ្នាំ

Next Article

ផ្លូវដែក​កម្ពុជា​និង​ថៃ​ ​តភ្ជាប់​ប៉ុន្ដែ​ ​នៅ​មិនទាន់​ដឹកទំនិញ​បាន​នៅឡើយ​