ប្រទះឃើញ​សត្វ​ផ្សោតញី​ស្លាប់​ ​នៅ​កាំ​ពី​

សែន ដាវិដ / Khmer Times No Comments Share:
Irrawaddy Dolphin
​ផ្សោត​ញី​មាន​ប្រវែង​ ​២,២៣​ ​ម៉ែត្រ​ ​និង​មាន​ទម្ងន់​ ​១៩១​ ​គីឡូក្រាម បានស្លាប់​។ រូបថត សហការី

​​ក្រុម​អ្នកនេសាទ​ខេត្តក្រចេះ​កាលពី​ថ្ងៃសុក្រ​ ​បាន​ប្រទះឃើញ​សាកសព​ផ្សោត​ញី​មួយ​ក្បាល​ ​ដែល​មាន​ទម្ងន់​ជិត​ ​២០០​ ​គីឡូក្រាម​នៅ​ទន្លេមេគង្គ​ ​ក្រុង​ក្រចេះ។​

​សេចក្តី​ថ្លែងការណ៍​មួយ​របស់​អង្គការ​ ​WWF​ ​កាលពី​ថ្ងៃសុក្រ​បាន​និយាយ​ថា​ ​ក្រុម​ស្រាវជ្រាវ​របស់​ខ្លួន​ ​សហការ​ជាមួយនឹង​មន្រ្តី​រដ្ឋបាល​ជលផល​ខេត្ត​ ​បាន​ប៉ាន់ប្រមាណ​ថា​ ​ថនិកសត្វ​នេះ​មាន​អាយុ​ចន្លោះ​ពី​ ​២៥​ ​ទៅ​ ​២៧​ ​ឆ្នាំ​ ​ហើយ​អាច​ស្លាប់​ដោយសារ​អាយុ​ចាស់​។​

​សេចក្តី​ថ្លែងការណ៍​បាន​កត់សម្គាល់​ថា​ ​ផ្សោត​នេះ​មាន​ប្រវែង​ ​២,២៣​ ​ម៉ែត្រ​ ​និង​មាន​ទម្ងន់​ ​១៩១​ ​គីឡូក្រាម​។​ ​នេះ​គឺជា​ការ​ស្លាប់​ផ្សោត​លើក​ទី​ ​៤​ ​ហើយ​ ​នៅក្នុង​ខេត្ត​នេះ​ចាប់តាំងពី​ខែមករា​មក​។​

​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​ ​WWF​ ​បាន​និយាយ​ថា​ ​”​យើង​មានការ​សោក​ស្តាយ​ ​ដែល​លឺ​ថា​ត្រីផ្សោត​ញី​មួយ​ក្បាល​ស្លាប់​។​ ​សាកសព​ត្រូវ​បាន​ស្រង់​ ​និង​រក្សាទុក​នៅក្នុង​ទូ​រក្លាេ​សនៃ​ការិយាល័យ​របស់​យើង​នៅ​ខេត្ត​នេះ​ ​មុន​ពេល​ការ​ធ្វើ​កោសល្យវិច័យ​។​”​

​តាម​អ្នកភូមិ​នៅ​ភូមិ​កាំ​ពី​ ​ដែល​បាន​រក​ឃើញ​សាកសព​នៅក្នុង​ទន្លេ​ ​ជឿ​ថា​ផ្សោត​នេះ​បាន​ស្លាប់​អស់​រយៈពេល​ជាង​ពីរ​ថ្ងៃ​មក​ហើយ​។​

​លោក​ ​ស៊ាន​ ​គីន​ ​ប្រធាន​រដ្ឋបាល​ជលផល​ខេត្ត​ ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ ​មន្ត្រី​មិនបាន​រក​ឃើញ​សញ្ញា​ណាមួយ​នៃ​ការ​រង​របួស​លើ​សត្វ​ផ្សោត​ទេ​ ​ហើយ​បាន​សន្និដ្ឋាន​ថា​វា​បាន​ស្លាប់​ដោយសារ​វ័យចាស់​របស់​វា​។​

​ទោះ​យ៉ាងណា​យើង​បាន​បញ្ជូន​សាកសព​ទៅ​ឲ្យ​អង្គការ​ ​WWF​ ​ដើម្បី​ធ្វើតេស្ត​បន្ថែម​ទៀត​ ​រក​ឲ្យ​ឃើញ​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ស្លាប់​នេះ​។​

​នៅ​ថ្ងៃទី​ ​១៨​ ​ខែមេសា​ ​ក្រុម​មន្រ្តី​រដ្ឋបាល​ជលផល​របស់​អង្គការ​ ​WWF​ ​បាន​ប្រទះឃើញ​កូន​ផ្សោត​ទើបនឹង​កើត​មួយ​ក្បាល​ ​ដែល​មាន​អាយុ​ប្រហែល​ប្រាំពីរ​ថ្ងៃ​ ​កំពុង​ហែល​ក្នុង​ហ្វូង​ជាមួយ​ផ្សោត​ ​៥​ ​ក្បាល​ទៀត​នៅក្នុង​អន្លង់​កាំ​ពី​។​ ​ក្រុម​ត្រួតពិនិត្យ​ស្រាវជ្រាវ​ ​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តក្រចេះ​បាន​និយាយ​ថា​ ​វា​ជា​កូន​ផ្សោត​ទី​ ​៦​ ​ដែលគេ​បានឃើញ​តាំងពី​ខែមករា​មក​។​

​របាយការណ៍​ពីមុន​របស់​ ​WWF​ ​បាន​ឲ្យដឹង​ថា​សត្វ​ផ្សោត​ចំនួន​ ​៩​ ​ក្បាល​បាន​កើត​កាលពី​ឆ្នាំមុន​។​ ​វា​ជា​ប្រភេទ​សត្វ​កម្រ​ដែល​ជិត​ផុតពូជ​។​

​របាយការណ៍​ក៏បាន​កត់សម្គាល់​ផង​ដែរ​ថា​ ​ចំនួន​សត្វ​ផ្សោត​នៅ​ខេត្តក្រចេះ​ ​និង​ស្ទឹងត្រែង​បាន​កើន​ដល់​ ​៩២​ ​ក្បាល​ ​ក្នុង​ឆ្នាំ​ ​២០១៧​ ​ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ក្នុងរយៈពេល​ជាង​ ​២០​ ​ឆ្នាំ​។​ ​ទោះជាយ៉ាងណា​ក៏ដោយ​ ​កំណត់សម្គាល់​នេះ​បាន​បន្ត​ទៀត​ថា​ ​ជម្រក​សត្វ​ផ្សោត​នៅក្នុង​ទន្លេមេគង្គ​ ​នៅតែ​បន្ត​ប្រឈម​នឹង​ការ​គំរាមកំហែង​៕​

Share and Like this post

Related Posts

Previous Article

​កងកម្លាំង​ចម្រុះ​ស៊ើបអង្កេត​ ​ក្រុម​អន្ត​ពាល​ចិន​នៅ​ខេត្ត​ព្រះសីហនុ​

Next Article

ទស្សនៈ​អ្នកអាន៖ គណបក្សខ្មែ​រក្រោក លោក សុខ ទូច និង​រានដី​និយម