ទស្សនៈ​អ្នកអាន៖ គណបក្សខ្មែ​រក្រោក លោក សុខ ទូច និង​រានដី​និយម

Thomas Fowler / Khmer Times No Comments Share:
The “Brévié Line” (1939)
The “Brévié Line” (1939)

រានដីនិយម​ (ការ​ចង់ទាមទារ​អតីតទឹកដី​មកវិញ) គឺជាឥរិយាបថនយោបាយ​មួយ​ដ៏​គ្រោះថ្នាក់។ វា​គឺ​វិធីសាស្រ្ត​ដ៏មាន​ប្រជាប្រិយភាព​មួយ​ក្នុង​ការ​សម្តែង​សេចក្តី​ទាមទារទឹកដី​តំបន់​មួយដោយ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​ទំនាក់ទំនង​ប្រវត្តិសាស្រ្ត ​ឬជាតិសាស្រ្ត​។

គោលនយោបាយ​​​រានដី​​និយម​ជា​ទូទៅ​ត្រូវ​បាន​តស៊ូមតិគាំទ្រ​ដោយ​ចលនា​​ជាតិ​និយម​ជ្រុល។ ពួក​គេ​ប្រើប្រាស់​ការ​មិន​អើពើ​ផ្នែកច្បាប់ និង​ប្រវត្តិសាស្រ្ត​របស់​​ប្រជាជន​សាមញ្ញ​ដើម្បី​ទាមទារ​នូវសិទ្ធ​ដែល​លែង​មាន​ទៀត​ទៅហើយ។ វា​គឺជា​ទម្រង់​នៃ​នយោបាយ​ប្រជាភិថុតិ​មួយ​ដែល​អាច​ជួយ​ឲ្យ​ឈ្នះ​សម្លេង​នៅ​ក្នុង​ការ​បោះឆ្នោត ក៏ប៉ុន្តែវា​​បង្កើត​​ទៅ​ជាការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ ​ដោយ​​សារ​តែការ​ទាមទារ​ដូច្នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​បែងចែក​ (បែកបាក់)​ប្រជាជន​យ៉ាង​ជ្រាលជ្រៅ។

របៀប​ដែល​ក្រុម​​អ្នក​នយោបាយ​ប្រើប្រាស់​និយាយ​​ពី​អតីតកាល​តែង​តែ​មាន​ភាព​ចម្រូងចម្រាស់​ ប្រសិន​ជា​ពួក​គេ​មិន​បាន​គោរព​ទៅតាម​ការ​ពិតនិង​ផលវិបាក​ផ្នែកច្បាប់​ឲ្យ​បាន​ល្អិតល្អន់។ ជាមួយ​គ្នា​នោះដែរ សំនួរ​នៃកម្មសិទ្ធ​ទឹកដី គឺ ជា​ប្រធានបទ​ដ៏ផុយ​ស្រួយ​មួយ ជា​ពិសេស​នៅ​ពេល​ដែល​វា​ក្លាយ​ទៅ​ជា​ប្រធានបទ​ចម្រូចម្រាស់។ វា​បង្កើត​​ជា​បណ្តាការ​​បែងចែក​ដ៏​ជ្រៅ និង​គ្រោះថ្នាក់​សម្រាប់​សន្តិភាព​សាធារណៈ។

ប្រធានបទ​កោះត្រល់​ គឺ​ជា​ការ​បន្សល់ទុក​មួយ​នៃ​អតីតកាល​ដែល​យើង​ត្រូវ​ចាត់ចែង​ដោយ​ប្រុងប្រយ័ត្ន។ ​វាគឺ​ជា​ការ​បន្សល់​ទុក​មួយ​នៃ​អំណាច​អាណានិគម​បារាំង។ នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​១៩៣៩ ទេសា​ភិបាល​បារាំង​ប្រចាំ​នៅឥណ្ឌូចិន លោក Jules Brévié បាន​សម្រេច​ផ្ទេរ​រដ្ឋបាល​គ្រប់គ្រង់​កោះនេះ​ទៅ​ឲ្យ​តំបន់​កូសាំងស៊ីន។

ការ​ផ្ទេរ​នេះ​គឺ​លទ្ធផល​នៃការ​សម្រេចចិត្ត​ជា​សកល​មួយ​ដើម្បី​បង្កើត​នៅបន្ទាត់​មួយ​ក្នុង​ឈូងសមុទ្រ​ថៃដែល​ខណ្ឌចែក​រវាង​ប្រទេសកម្ពុជា និង​តំបន់​កូសាំងស៊ីន​ ដែល​នៅ​ពេល​នោះជា​ដែនដី​អាណានិគម​របស់​បារាំង ពោល​គឺ​មិន​មែន​ជា​ប្រទេស​ក្រោម​អាណាព្យាបាល​ដូច​កម្ពុជា​នោះឡើយ។ ខ្សែ​បន្ទាត់​ខណ្ឌនេះ​ត្រូវ​បាន​គេ​ដាក់ឈ្មោះថា ខ្សែបន្ទាត់​ប្រេវីយ៉េ។

ចលនា​រានដី​និយម​បាន​ប្រើប្រាស់​ឃ្លា​មួយ​ចេញ​ពីឯកសារ​ឆ្នាំ ១៩៣៩ ដើម្បី​បង្ហាញ​ថាសំនួរ​ទាក់ទង​នឹង​ម្ចាស់កម្មសិទ្ធ​កោះត្រល់​នៅ​ចំហរ​គ្មាន​ចម្លើយ​នៅឡើយ។ ឃ្លា​នោះ​មាន​សរសេរ​ជា​ភាសាបារាំង​ដូច​ខាងក្រោម៖ Il est bien entendu qu’il ne s’agit là que de l’administration et de la police, et que la question de la dépendance territoriale de ces îles reste entièrement réservée.

(បកប្រែថា៖ត្រូវ​បាន​យល់ថា នេះ​គ្រាន់តែ​ជារដ្ឋបាល និង​តម្រួត ហើយ​សំនួរ​នៃ​ភាព​មិន​​ឯករាជ្យ​នៃ​​ទឹកដី​កោះ​ទាំងនេះ​នៅតែ​ត្រូវ​បាន​រក្សាទុក)
ក៏ប៉ុន្តែ ការ​ពិត​នៃ​ប្រវត្តិសាស្រ្តធ្វើ​ឲ្យ​ចាំបាច់​នូវ​ការ​កត់សម្គាល់ថា អំណាច​អាណានិគម​បារាំង​ចាត់​ទុក​ការ​សម្រេច​ចិត្ត​នេះ​ជា​ការ​ផ្ទេរ​នៃ​អធិបតេយ្យភាព​ពិតប្រាកដ​មួយ ដោយ​សារ​តែវា​បាន​ធ្វើ​ការ​ផ្ទេរ​ទៅ​កាន់​តំបន់​មួយ​ដែល​ជា​ផ្នែក​ទឹកដីជាតិ​បារាំង​។

នៅ​ពេល​វៀតណាម​រួបរួម​គ្នា​នៅ​ឆ្នាំ ១៩៤៩ នៅ​ក្នុង​ក្របខណ្ឌ​អាណានិគម​នៃ​សហភាព​បារាំង កោះ​នេះ​បាន​ក្លាយ​ជាផ្នែក​រួម​បញ្ចូល​មួយ​នៃ​ទឹកដីប្រទេស​វៀតណាម។ ត្រង់នេះ​មាន​ការ​បញ្ជាក់​ស្របច្បាប់ដោយ​ប្រទេស​បារាំងថា ខ្សែបន្ទាត់​ប្រេវីយ៉េ មិន​មែន​គ្រាន់​តែ​ជា​ការ​ខណ្ឌ​បែងចែក​រដ្ឋបាល​បណ្ណោះ​នោះទេ។ វា​​គឺ​ជា​ខ្សែ​បែងចែក​អន្តរជាតិ​មួយ​លើដែនសមុទ្រ ទោះ​បី​ជា​មាន​ការ​តវ៉ា​យ៉ាង​ច្រើន​ពី​ប្រទេស​កម្ពុជា​យ៉ាងណា​ក្តី។

នៅពេល​​ដែល​ប្រទេស​កម្ពុជា​ទាម​ទារ​បាន​​ឯករាជ្យ​នៅ​ឆ្នាំ ១៩៥៣ និង​ទទួលបាន​នូវ​អធិបតេយ្យភាព​ពេញលេញ វា​គឺ​ជា​ស្ថានភាពទឹកដី​​មួយ​ដែល​ប្រទេស​នេះ​បាន​ទទួល​​ពីអតីត​អាណាព្យាបា​ល​។ ការ​តវ៉ា​របស់កម្ពុជា​នឹង​មិន​​អាច​ធ្វើ​អ្វី​បាន​នោះទេ រួម​​ទាំងសន្និសីទសឺណែវនៅឆ្នាំ ១៩៥៤​ ដែល​បាន​បញ្ជាក់​នូវ​ឯករាជ្យ​របស់​ប្រទេស​ក្នុង​​ព្រំដែន​ឆ្នាំ ១៩៥៣។ នេះ​គឺជា​ការ​ពិត​ដ៏​មិន​អាច​ប្រកែក​បាន។

តើ​ច្បាប់​អន្តរជាតិ​ចែង​ថា​​យ៉ាង​ដូចម្តេច? នេះ​គឺ​ជា​គោលការណ៍​មួយ​ដែល​កម្ពុជា​បាន​ប្រើប្រាស់​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន​ទៅ​លើ​ប្រាសាទ​ព្រះវិហារ​នៅ​ឆ្នាំ ១៩៦២។ គោលការណ៍​ដែល​ជាភាសា​ឡាំតាំង​ហៅថា « Uti possidetis» នេះ​ធ្វើការ​អះអាង​​ពី​ភាព​មិន​អាច​បំពាន​បាន​នូវ​ព្រំដែន​ដែល​មាន​នៅ​សម័យ​ប្រជាជាតិ​បាន​ទទួល​​ឯករាជ្យ។ ផ្អែក​លើ​គោលការណ៍​នេះ សម្តេច​ព្រះ​នរោត្តម​ សីហនុ បាន​តម្កល់ទុក​នៅ​អង្គការ​សហប្រជាជាតិ​នូវ​ផែនទី​មួយ​ច្បាប់​ដែល​ទទួល​ស្គាល់​ខ្សែ​បន្ទាត់​ប្រេវីយ៉េ​ ជា​ព្រំដែន​ផ្លូវទឹក​​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម។

ចាប់​​តាំង​ពី​ពេល​នោះ​មក ក្រៅ​តែ​ពីរបប​សាធារណរដ្ឋ​ខ្មែរ របប​ក្រោយៗ​ទាំងអស់​បន្ទាប់​​ពី​ការ​ធ្វើ​រដ្ឋប្រហារ​មិន​បង្ហូរ​ឈាម​នៅ​ឆ្នាំ ១៩៧០ បាន​ទទួល​ស្គាល់​ខ្សែបន្ទាត់​ប្រេវីយ៉េ។ សូម្បី​តែ​របបប៉ុល ពត ក៏​បាន​បោះ​ពុម្ភ​ផែនទី​មួយ​ដែល​មាន​ខ្សែបន្ទាត់​ប្រេវីយ៉េ និង​កោះ​ត្រល់នៅ​ខាង​​ប្រទេស​វៀតណាម។ (ឯកសារ​ភស្តុតាង៖ សៀវភៅ​ខ្មៅ​ ជំពូក៖ ការ​ពិត​និ​ងភស្តុតាង​នៃ​អំពើ​ជិះជាន់ និង​ឈ្លានពាន​របស់​វៀតណាម​លើ​កម្ពុជា ទំព័រ៤១) ការ​គោរពទៅ​លើ​គោលការណ៍ « Uti Possidetis» ត្រូវ​បាន​ទទួល​ស្គាល់​ម្តងទៀត​ដោយ​​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ឆ្នាំ ២០០៥ និង​ត្រូវ​បាន​លើក​ឡើង​ដោយ​សម្តេច​តេជោ ហ៊ុន សែន នៅ​ក្នុង​ការ​ប្រសាសន៍ថ្លែង​ទៅ​កាន់​រដ្ឋសភា​នៅថ្ងៃទី៩ ខែ​កញ្ញា ឆ្នាំ២០១២។

ការ​មិនយល់ស្រប​ទៅនឹង​គោលការណ៍​​ច្បាប់​អន្តរជាតិ​ដែល​ប្រទេស​កម្ពុជា​គោរព​ ហើយ​​ដែល​ការ​គោរព​នេះទៀត​សោត​ត្រូវ​បាន​បញ្ជាក់​ដោយ​គោលជំហរ​ផ្លូវការ​នៅ​ឆ្នាំ ១៩៦៤ ឆ្នាំ ២០០៥ និង​ឆ្នាំ ២០១២ គឺ​ជា​ការ​ជំទាស់​យ៉ាងខ្លាំង​ទៅ​នឹងចំណុច​មូលដ្ឋាន​​នៃ​​គោល​នយោបាយ​ជាតិ និងការ​បរទេស​របស់​កម្ពុជា។ ដោយ​គ្មាន​ការ​សង្ស័យ នេះ​គឺជា​អកប្បកិរិយា​មួយ​ដែល​បំពាន​ទៅ​លើឯកច្ឆន្ទ​ជាតិ​ដ៏ចាំបាច់។ បញ្ហា​ប្រឈម​នេះ​ទំនង​ជា​នឹង​បង្ក​ជា​ភាព​ច្របូក​ច្របល់នៅ​ក្នុង​ចិត្ត​របស់​ប្រជាជន និង​រំខាន​ទៅដល់​សណ្តាប់ធ្នាប់​សាធារណៈ។

សុខ ទូច
Royal Academy of Cambodia president Sok Touch. KT/Mom Sophon

នៅពេល​ដែល​គណបក្ស​នយោបាយ​ណាមួយ ដូច​ជា​គណបក្ស​ខ្មែរ​ក្រោក ឬ​គណបក្ស​ណា​មួយ​ទៀត​ប្រើប្រាស់​ដំណើរ​ការរានដីនិយម​​បែបនេះ វា​ធ្វើ​ឲ្យ​ធ្លាក់​ទៅ​ដល់​ជាតិ​​និយម​ដ៏​អាក្រក់ជាង​គេ​បំផុត។ ជាតិ​និយម​បែប​នេះ​មិនត្រឹម​តែ​មិន​ស្រប​ទៅនឹង​សន្តិភាព​​ផ្ទៃក្នុង​ប៉ុណ្ណោះ​នោះទេ គឺ​ថែមទាំង​មិន​ស្រប​ទៅ​នឹងសន្តិភាព​ខាង​ក្រៅ​ផង​ដែរ។ ឯកឧត្តម​ សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជាពិត​​ជា​បាន​ធ្វើ​ត្រូវ​ចំពោះ​ការ​បដិសេធយុទ្ធនា​ការ​គាំទ្រ​ប្រធាន​​បទនេះ។

យើង​ត្រូវ​តែ​ចងចាំ​មេរៀន​ប្រវត្តិសាស្រ្ត។ យុទ្ធ​នាការ​គាំទ្រ​រានដី​និយម​ត្រួតត្រា​ទៅលើ​ជីវិត​នយោបាយ​នៃ​ប្រទេស​មួយ តែង​តែ​នាំទៅ​រក​សង្គ្រាម។ ការ​ចង់​បាន​កម្ពុជា​ក្រោម​មកវិញ​របស់ ប៉ុល ពត បាន​នាំ ទៅ​រក​សង្គ្រាម​ជាមួយ​នឹង​វៀតណាម។

យើង​ទាំង​អស់​គ្នា​មាន​ការភ្ញាក់ផ្អើលជា​ខ្លាំងនៅ​ពេល​ដែល​យើង​កំពុង​ដើរ​លើភ្នំបូកគោ ហើយ​​នៅខា​ងមុខ​យើង​ បាន​ឃើញ​កោះត្រល់​នៅជិត​បង្កើយ​នឹង​ទឹកដី​កម្ពុជា ប៉ុន្តែ​មិន​មែន​ជា​របស់​​កម្ពុជា។ កោះនេះ​ត្រូវ​បាន​លួច​ពីកម្ពុជា ប៉ុន្តែ​មិន​មែន​ដោយ​​វៀតណាម​នោះទេ តែ​ដោយ​អាណានិគមបារាំង។ ប្រវត្តិសាស្រ្ត​ត្រូវ​បាន​បង្កើត​​ឡើង​គ្រប់ទីកន្លែង​លើ​​ពិភពលោក ហើយ​កា​រ​អនុវត្ត​ខុសឆ្គង​បែបនេះ​ គ្មាន​អ្វី​ដែល​​អាច​ជួសជុល​បាន​ឡើយ។ យើង​ត្រូវ​តែទទួល​​យកវា។ សន្តិភាព​គឺមាន​តម្លៃថ្លៃបែបនេះ៕

ប្រែសម្រួល​ដោយ តាំង រីនិត្យ​

Share and Like this post
Previous Article

ប្រទះឃើញ​សត្វ​ផ្សោតញី​ស្លាប់​ ​នៅ​កាំ​ពី​

Next Article

ក្រុមហ៊ុន CRCC ចិន​ ​ចាប់ផ្តើម​សិក្សា​លើ​ការសាងសង់​ ​និង​កែ​លម្អ​រ​ផ្លូវដែក​កម្ពុជា​