​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង​ ​ច្រានចោល​ចំពោះ​ព័ត៌មាន​ ​អនុញ្ញាត​ឲ្យ​ឈូស​ឆាយដី​នៅ​តំបន់​ការពារ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរាល់

ប៉ិច សុធារី / Khmer Times No Comments Share:
oral-wildlife
តំបន់​ការពារ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរាល់។​ ​ ហ្វេ​សប៊ុ​ក​

​ភ្នំពេញ​៖​ ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង​ ​បាន​ច្រានចោល​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ដែល​ថា​ ​មានការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ ​និង​អនុញ្ញាត​ឲ្យ​ឈូស​ឆាយដី​នៅ​តំបន់​ការពារ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រាល់​ ​នៅ​ចំណុច​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​ ​ដោយ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​មាន​វិធានការ​ផ្លូវច្បាប់​ទៅលើ​អ្នក​ផ្សាយ​ព័ត៌មាន​បំផ្លើស​ពី​ការពិត​នេះ​។​

​កាលពី​ថ្ងៃអង្គារ​ ​គណនេយ្យ​ហ្វេ​សប៊ុ​ក​ឈ្មោះ​ ​ស្ថានីយ​ព័ត៌មាន​ ​វិទ្យុ​រិទ្ធិ​សែន​ ​បាន​ចុះផ្សាយ​ព័ត៌មាន​ថា​ ​«​ដី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱរ៉ាល់​រាប់ពាន់​ហិ​ក​តា​ ​ដែល​ជា​ដី​ព្រះរាជ​ក្រិត្យ​ឆ្នាំ១៩៩៣​ ​ត្រូវ​បាន​គេ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​រួចរាល់​ ​និង​មានច្បាប់​ឈូស​ឆាយ​ដែល​ចុះហត្ថលេខា​ទទួល​ស្គាល់់​ដោយ​ថ្នាក់ដឹកនាំ​ខេត្ត​ទៀត​ ​ដែល​ករណីនេះ​តើ​អាច​ទុកចិត្ត​បានទេ​ថា​ ​ការវាស់វែង​ដី​នៅ​ចំណុច​ឃុំ​ក្បាលទឹក​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​ ​ដែល​ជា​ដី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱរ៉ាល់​គ្មាន​អំពើពុករលួយ​»​។​

​ពាក់ព័ន្ធ​នឹង​ការ​ចុះផ្សាយ​នេះ​ ​អ្នកនាំពាក្យ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង​ ​បាន​ចេញ​សេចក្តី​បញ្ជាក់​កាលពី​ថ្ងៃពុធ​ថា​ ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រាល់​ ​ត្រូវ​បាន​កំណត់​ដោយ​ព្រះរាជ​ក្រឹត្យ​ឆ្នាំ១៩៩៣​ ​ជា​តំបន់​ការពារ​ ​ដែល​មានផ្ទៃ​ដី​សរុប​ ​253750ហិ​ក​តា​ ​ក្នុង​នោះ​ស្ថិតនៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ​35772ហិ​ក​តា​។​

. .

​ពាក់ព័ន្ធ​នឹង​ទីតាំង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រាល់​ ​ក្នុង​ស្រុក​ទឹកផុស​ ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន១២ភូមិ​ ​ដែល​ករណីនេះ​ ​រាជរដ្ឋាភិបាល​បានសម្រេច​កាត់​ឆ្វៀល​ដី​ទំហំ​ ​៣៦៦៩ហិ​ក​តា​ ​កាលពី​ឆ្នាំ២០១២​-​២០១៣​ ​ដើម្បី​អនុប្រយោគ​ ​និង​ធ្វើ​ប្រទានកម្ម​ជូន​ប្រជាពលរដ្ឋ​ទាំង១២ភូមិ​ ​ដែល​ពួកគាត់​អាច​មាន​សិទ្ធិ​ឈូស​ឆាយ​ប្រើប្រាស់​ដី​នោះ​ដោយ​ស្របច្បាប់​។​

​អ្នកនាំពាក្យ​បាន​បន្ត​ថា​ ​ដូច្នេះ​ចំពោះ​ការ​ចុះផ្សាយ​ព័ត៌មាន​របស់​គណនេយ្យ​ឈ្មោះ​ ​សារព័ត៌មាន​វិទ្យុ​រិទ្ធិ​សែន​នេះ​ជា​ការផ្សាយ​ព័ត៌មាន​ដោយ​ភូត​កុហក​ ​បំផ្លើស​ពី​ការពិត​ ​ដែល​នាំឲ្យ​សាធារណជន​មានការ​ភ័ន​ច្រឡំ​ ​ខណៈ​ដែល​ក្រសួងបរិស្ថាន​ ​ក៏ដូចជា​មន្ទីរ​បរិស្ថាន​ខេត្ត​ ​រួម​និង​អង្គភាព​ការពារ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រាល់​ ​បាន​និង​កំពុង​ខិតខំ​បំពេញភារកិច្ច​ការពារ​ដែនជម្រកសត្វព្រៃ​នេះ​។​

​អ្នកនាំពាក្យ​ ​បាន​បញ្ជាក់​ថា​៖​ ​«​មន្ទីរ​បរិស្ថាន​ខេត្ត​ ​សូម​បដិសេធ​ទាំងស្រុង​នូវ​ខ្លឹមសារ​នៃ​ការ​ចុះផ្សាយ​នេះ​ ​និង​សំណូមពរ​ដល់​ឯកឧត្តម​អភិបាលខេត្ត​ ​និង​រដ្ឋបាល​ខេត្ត​ ​មេត្តា​ចាត់វិធានការ​ស្របតាម​នីតិវិធី​លើ​ករណីនេះ​»​។​

​នាយក​ស្ថានីយ​វិទ្យុ​រិទ្ធិ​សែន​ ​និង​ជា​ចាងហ្វាង​ការផ្សាយ​គេហទំព័រ​រិទ្ធិ​សែន​ ​News​ ​លោក​សុខ​ ​ឧត្តម​ ​នៅ​ថ្ងៃ​ព្រ​ហស្ប​ត្តិ៍​នេះ​ ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ​ដោយ​ស្នើ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ ​និង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ​បញ្ជូន​មន្ត្រី​អធិការកិច្ច​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ ​និង​ស្វែងរក​ការពិត​លើ​ករណីនេះ​។​

​លោក​ថា​៖​ ​«​ខ្ញុំ​សូម​ស្នើសុំ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​និង​ឯកឧត្តម​សាយ​ ​សំ​អាល់​ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ​បញ្ជូន​កម្លាំង​អធិការកិច្ច​ពិសេស​ ​ដើម្បី​មក​ធ្វើការ​ស្រាវជ្រាវ​ ​និង​ពិនិត្យមើល​ជាក់ស្តែង​ ​វាយតម្លៃ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ ​ដើម្បី​ជៀសវាង​ការយល់​ច្រឡំ​ទៅលើ​មន្ត្រី​បរិស្ថាន​ ​និង​វាយតម្លៃ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ ​ដើម្បី​ជៀសវាង​ការយល់​ច្រឡំ​ទៅលើ​មន្ត្រី​បរិស្ថាន​ខេត្ត​ ​និង​ជៀសវាង​ការ​ស្រុត​ចុះពី​តម្លៃ​សារព័ត៌មាន​នៅ​កម្ពុជា​»​៕​

. .
Share and Like this post

Related Posts

Previous Article

លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ត្រូវបានដកចេញពីតំណែង

Next Article

ការ​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​ឆៅ​តម្លៃ​ ​៦២០​ ​លាន​ដុល្លារ​បាន​ពន្យារ​ពេល​