ក្រសួង​អប់រំ​ ​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ពិការភាព​ ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​មិន​បង់​ថ្លៃ​សិក្សា​ ​១០០​ភាគរយ​

ប៉ិច​ សុធារី / Khmer Times No Comments Share:
Disabled-people

​ភ្នំពេញ​៖​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បាន​លើក​ទឹកចិត្ត​ដល់​សិស្ស​មាន​ពិការភាព​ ​ឲ្យ​ទទួល​បាន​អាហារូបករណ៍​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​មិន​បង់ថ្លៃ​សិក្សា​ ​១០០ភាគរយ​ ​សម្រាប់​ឆ្នាំ​សិក្សា២០១៩​-​២០២០នេះ​ ​នៅ​តាម​គ្រឹះស្ថានសិក្សា​ដែល​បាន​ផ្តល់​អាហារូបករណ៍​។​

​យោង​តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​លោ​ក​ហង់​ ​ជួន​ ​ណា​រ៉ុន​ ​ចុះ​ថ្ងៃទី៣ខែឧសភា​ ​និង​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃអង្គារ​ ​បាន​ឲ្យដឹង​ថា​ ​ជា​រៀងរាល់​ឆ្នាំ​ ​ក្រសួង​ ​តែងតែ​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ទូទៅ​ ​សិស្ស​អាទិភាព​នារី​ ​សិស្ស​អាទិភាព​ក្រីក្រ​ ​សិស្ស​អាទិភាព​នៅ​តំបន់​ជួប​ការ​លំបាក​ ​និង​សិស្ស​ជាប់​ចំណាត់ថ្នាក់​ពូកែ​ទាំង​ប្រទេស​។​ ​ប៉ុន្តែ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០១៩​-​២០២០នេះ​ ​ក្រសួង​លើកទឹកចិត្ត​ដល់​សិស្ស​មាន​ពិការភាព​ ​ឲ្យ​ទទួល​បាន​អាហារូបករណ៍​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​មិន​បង់ថ្លៃ​ ​១០០​%​ ​នៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា​ដែល​បាន​ផ្តល់​អាហារូបករណ៍​ ​មួយ​កន្លែង​ដោយ​ស្វ័យប្រវត្តិ​លើ​មុខជំនាញ​ណា​ដែល​មិន​ទាមទារ​ការ​ប្រឡង​។​ ​

​ក្រសួង​បន្ត​ថា​៖​ ​«​ដើម្បី​ទទួល​បាន​អាហារូបករណ៍​ ​បេក្ខជន​ត្រូវ​ដាក់ពាក្យ​ស្នើសុំ​អាហារូបករណ៍​ ​និង​បាន​ប្រឡងជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ២០១៩​»​។​

​ក្រសួង​បាន​បញ្ជាក់​ដែរ​ថា​៖​ ​«​បេក្ខជន​មាន​ពិការភាព​ ​ដូចជា​ ​ពិការ​អវៈយវៈ​ ​ពិការ​គ-ថ្លង់​ ​ពិការ​ភ្នែក​ជាដើម​ ​អាច​ទៅ​ទទួល​សំណុំ​ពាក្យសុំ​ពី​វិទ្យាល័យ​ដែល​កំពុង​សិក្សា​ ​និង​ត្រូវ​ដាក់ពាក្យ​នៅ​តាម​វិទ្យាល័យ​របស់​ខ្លួន​យ៉ាង​យូរ​ត្រឹម​ថ្ងៃទី៣០​ ​ខែ​ឧសភា​ ​ឆ្នាំ២០១៩​»​។​

​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​លោក​ ​រស់​ ​សុ​វាចា​ ​បាន​មានប្រសាសន៍​កាលពី​ថ្ងៃម្សិលមិញ​ថា​ ​ករណីនេះ​ ​ក្រសួង​តែងតែ​ធ្វើជា​ប្រចាំ​ ​ដើម្បី​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​របស់ក្រ​សួង​ ​ដែល​ធានា​ឲ្យ​ការអប់រំ​មានគុណ​ភាព​ ​ប្រកបដោយ​សមធម៌​ ​និង​បរិ​យា​បន្ន​ ​និង​លើកកម្ពស់​ឱកាស​ក្នុង​ការសិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​ទាំងអស់គ្នា​។​ ​លោក​ថា​៖​ ​«​ការ​លើកទឹកចិត្ត​ដល់​សិស្ស​ពិការភាព​ឲ្យ​ទទួល​បាន​អាហារូបករណ៍​នេះ​ ​គឺ​យើង​ចង់​ផ្តល់​តម្លៃ​ទៅដល់​គ្រប់​អ្នក​ពាក់ព័ន្ធ​ ​គ្រប់​អ្នក​សិក្សា​ ​ដើម្បី​ឆ្លើយតបទៅនឹង​គោលនយោបាយ​ក្រសួង​ ​ដែល​ថា​ ​ការអប់រំ​សម្រាប់​ទាំងអស់គ្នា​»​។​

​នាយក​ប្រតិបត្តិ​អង្គការ​ជំនួយ​នៃ​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍​ ​លោក​ចាន់​ ​សារិន​ ​(​Executive​ ​Director​ ​of​ ​Hands​ ​and​ ​Hope​ ​Community​)​ ​បាន​មានប្រសាសន៍​កាលពី​ថ្ងៃម្សិលមិញ​ថា​ ​ការ​ផ្តល់​លទ្ធភាព​ដល់​សិស្ស​ដែល​មាន​ពិការភាព​ ​បាន​ទទួល​អាហារូបករណ៍​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​ដោយ​មិន​បង់ប្រាក់​នេះ​ ​ជា​សូចនាករ​ថ្មី​មួយ​ ​ដែល​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​ដល់​ជន​ពិការ​ ​ខណៈ​ដែល​ជន​ពិការ​ភាគច្រើន​ជា​ពលរដ្ឋ​ក្រីក្រ​ ​ដែល​មិន​អាច​មានលទ្ធភាព​បន្ត​ការសិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​បាន​។​

​លោក​ថា​៖​ ​«​នេះ​ជា​ការ​ជួយ​ដល់​សិស្ស​ដែល​មាន​ពិការភាព​ ​មានលទ្ធភាព​អាច​បន្ត​ការសិក្សា​ចាប់​យក​ជំនាញ​ណាមួយ​បាន​ ​ព្រោះ​សូម្បីតែ​រូប​ខ្ញុំ​ ​ក៏​ធ្លាប់​ជា​ជន​ពិការ​ក្រីក្រ​ ​បាន​រៀនចប់​បាក់ឌុប​ ​ហើយ​ ​ប៉ុន្តែ​ពុំ​អាច​មានលទ្ធភាព​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​បាន​ ​ទម្រាំតែ​មានលទ្ធភាព​រៀន​ ​គឺ​ខាត​អស់ ៣ទៅ៤ឆ្នាំ​ ​អីចឹង​ខ្ញុំ​គិតថា​ ​ការ​ផ្តល់​ជូន​នេះ​ជា​ការ​លើកទឹកចិត្ត​ដ៏​ធំធេង​សម្រាប់​ជន​ពិការ​»​។​

​កាលពី​ខែមេសា​ ​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការ​ដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ​ ​លោ​ក​ឯម​ ​ច័ន្ទ​មករា​ ​បាន​ឲ្យដឹង​ថា​ ​ក្នុង​ឆ្នាំ​សិក្សា២០១៧​-​២០១៨កន្លងទៅ​ ​កុមារ​ ​និង​យុវជន​មាន​ពិការភាព​ចំនួន​ ​៥៤៨៣៨នាក់​ ​ក្នុង​នោះ​មាន​ស្រី​ ​២២៦២១នាក់​ ​បាន​ចូលរៀន​នៅ​តាម​គ្រឹះស្ថាន​អប់រំ​ទូទាំង​ប្រទេស​៕​

Share and Like this post

Related Posts

Previous Article

ដុកទ័រ​នៅ​ព្រែក​ព្នៅ​ ​បញ្ឆោត​ម្ដាយ​រំលោភ​កូនស្រី​

Next Article

សាលារៀន​រដ្ឋ​ពីរ​ ​ហាម​សិស្ស​ប្រើ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​ក្នុង​ម៉ោង​សិក្សា​