សាលារៀន​រដ្ឋ​ពីរ​ ​ហាម​សិស្ស​ប្រើ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​ក្នុង​ម៉ោង​សិក្សា​

ម៊ំ គន្ធា / Khmer Times No Comments Share:
E learning
សិស្សសាលា​កំពុង​តែរៀន​នៅក្នុងថ្នាក់​ជាមួយ​នឹង​ទូរស័ព្ទដៃរបស់ពួកគេ។ វិន រដ្ឋាវង្ស

​​សាលារៀន​រដ្ឋ​ពីរ​ ​បាន​ហាម​សិស្ស​ប្រើប្រាស់​ទូរស័ព្ទ​ ​អំឡុង​ម៉ោង​សិក្សា​ដោយ​និយាយ​ថា​ ​ទូរស័ព្ទ​រំខាន​ដល់​ការសិក្សា​របស់​ពួកគេ​។​

​លោក​ ​អ៊ុំ​ ​ម៉ាលី​ ​នាយក​សាលា​អនុវិទ្យាល័យ​ពោធិចិនតុង​ ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ ​លោក​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ ​កាលពី​ថ្ងៃ​ចន្ទ​ ​ជូនដំណឹង​ដល់​សិស្សានុសិស្ស​ជាង​ ​១០០០​ ​នាក់​របស់​លោក​ ​មិន​ឲ្យ​ប្រើប្រាស់​ទូរស័ព្ទចល័ត​ ​នៅក្នុង​សាលារៀន​។​

​លោក​បាន​និយាយ​ថា​ ​”​ការប្រើ​ទូរស័ព្ទ​នៅក្នុង​បរិវេណ​សាលារៀន​ ​ត្រូវ​បាន​ហាមឃាត់​យ៉ាង​តឹង​រឹង​ទាំង​ក្នុង​អំឡុង​សិក្សា​ ​និង​ពេល​ចេញលេង​។​ ​”​យើង​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ប្រើ​ទូរស័ព្ទ​នៅក្នុង​ថ្នាក់រៀន​ ​ឬនៅ​កន្លែង​ផ្សេងទៀត​នៅក្នុង​សាលារៀន​ទេ​ ​ពីព្រោះ​ពួកគេ​នឹង​មិន​ផ្តោត​លើ​ការសិក្សា​របស់​ពួកគេ​”​ ​។​
​លោក​ ​ម៉ាលី​ ​បាន​និយាយ​ថា​ ​លោក​សម្រេចចិត្ត​ហាមឃាត់​ការប្រើ​ប្រាស់​ទូរស័ព្ទ​នេះ​ ​បន្ទាប់ពី​សង្កេតឃើញ​ថា​ ​សិស្ស​ភាគច្រើន​ចំណាយពេល​វេលា​របស់​ពួកគេ​ ​ទៅលើ​ហ្វេ​សប៊ុ​ក​ ​ឬ​លេង​ហ្គេម​ក្នុង​ពេល​កំពុង​រៀន​។​

​លោក​បាន​កត់សម្គាល់​ថា​ ​”​ពួកគេ​មិនបាន​យកចិត្ត​ទុកដាក់​លើ​មេរៀន​របស់​ពួកគេ​ទេ​ ​តែ​ពួកគេ​បែរជា​ចំណាយពេល​វេលា​ច្រើន​ ​ក្នុង​ការ​លេង​ឆាត​តាម​ហ្វេ​សប៊ុ​ក​ ​លេង​ហ្គេម​ ​ឬ​ថតរូប​ដោយ​ប្រើ​ទូរស័ព្ទ​”​។​ ​ប្រហែល​ ​៩០​ ​ភាគរយ​ ​នៃ​សិស្ស​ទាំងនោះ​ ​បាន​ធ្វើ​ដូច្នេះ​ ​ហើយ​នេះ​គឺជា​មូលហេតុ​ដែល​ខ្ញុំ​ចេញ​បម្រាម​។​

​លោក​ ​ម៉ាលី​ ​បាន​និយាយ​ថា​ ​”​ការ​ហាមឃាត់​នេះ​គ្រាន់តែ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​ ​ហើយ​យើង​នឹង​ដក​បម្រាម​ការប្រើ​ប្រាស់​ទូរស័ព្ទ​នេះ​ចេញ​ ​នៅពេល​ដែល​យើង​អប់រំ​សិស្សានុសិស្ស​ ​លើ​ការប្រើ​ប្រាស់​ទូរស័ព្ទ​ដោយ​ត្រឹមត្រូវ​ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ ​ជាជាង​ការ​ខ្ជះខ្ជាយ​ពេលវេលា​លើស​កម្ម​ភាព​សង្គម​”​។​ ​

​លោក​បន្ថែម​ថា​ ​សាលា​ជា​អ្នកធ្វើការ​ហាមឃាត់​នេះ​ ​មិនមែន​ក្រសួង​អប់រំ​ទេ​ ​ប៉ុន្ដែ​សាលារៀន​នឹង​ផ្តល់​ការ​ហៅ​ទូរស័ព្ទ​ដោយ​ឥតគិតថ្លៃ​ ​ដល់​សិស្សានុសិស្ស​ដើម្បី​ទូរស័ព្ទ​ទៅ​ក្រុម​គ្រួសារ​របស់​ពួកគេ​ ​ក្នុងករណី​មាន​ភាព​បន្ទាន់​ណាមួយ​។​

​វិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​ក្រុងទេព​និមិត្ត​ ​ប៉ៃលិន​ ​ក៏បាន​ហាម​សិស្សានុសិស្ស​របស់​ខ្លួន​ ​មិន​ឲ្យ​ប្រើប្រាស់​ទូរស័ព្ទ​ក្នុងអំឡុងពេល​សិក្សា​ផង​ដែរ​។​

​លោក​ ​ខាម​ ​យ៉ា​រិន​ ​នាយក​សាលា​ ​បាន​ថ្លែង​នៅក្នុង​សេចក្តី​ណែនាំ​ ​ដែល​បាន​ចេញផ្សាយ​កាលពី​ចុងខែ​មុន​ថា​ ​ការប្រើ​ប្រាស់​ទូរស័ព្ទ​នៅក្នុង​បរិវេណ​សាលារៀន​ ​ត្រូវ​បាន​ហាមឃាត់​យ៉ាង​តឹងរ៉ឹង​ ​គ្រប់ពេល​ក្នុង​ម៉ោង​សិក្សា​សាលា​។​

​លោក​បាន​ព្រមាន​ថា​ ​គណៈ​គ្រប់គ្រង​សាលា​នឹង​រឹបអូស​ទូរស័ព្ទ​របស់​សិស្ស​ណា​ ​ដែល​បំពាន​បទបញ្ជា​នេះ​។​

​លោក​ ​រស់​ ​សុ​វាចា​ ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ ​ក្រសួង​មិន​មានច្បាប់​ណាមួយ​ ​លើ​ការ​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​នោះ​ទេ​ ​ហើយ​វា​អាស្រ័យ​លើ​សាលារៀន​នី​មួយ​ៗ​ ​បើ​ពួកគេ​យល់ឃើញ​ថា​ជា​ការចាំបាច់​។​

​លោក​បាន​និយាយ​ថា​ ​”​ក្រសួង​បាន​ណែនាំ​កម្មវិធី​សិក្សា​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​វិស្វកម្ម​ ​និង​គណិតវិទ្យា​ ​ដែល​លើកទឹកចិត្ត​ឲ្យ​ប្រើ​វិធី​សាស្រ្ត​ណាមួយ​ ​ដែល​លើកកម្ពស់​សមត្ថភាព​សិស្ស​ ​ក្នុង​ការ​បង្កើន​ជំនាញ​ ​និង​ចំណេះដឹង​របស់​ពួកគេ​”​ ​។​ ​លោក​បាន​បន្ថែម​ថា​ ​ប្រសិនបើ​ប្រើ​ទូរស័ព្ទ​ដើម្បី​គោលបំណង​នេះ​ ​នោះ​វា​ស្រប​ទៅ​នឹង​គោលនយោបាយ​របស់ក្រ​សួង​៕​

Share and Like this post

Related Posts

Previous Article

ក្រសួង​អប់រំ​ ​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ពិការភាព​ ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​មិន​បង់​ថ្លៃ​សិក្សា​ ​១០០​ភាគរយ​

Next Article

ដាក់​ពន្ធនាគារ​ ​៦​ ​ឆ្នាំ​ ​អ្នក​រត់តាក់ស៊ី​ ​ដែល​ប៉ង​ចាប់រំលោភ​ក្មេងស្រី​អាយុ​ ​១៨​ ​ឆ្នាំ​