អនុវិទ្យាល័យ​បាយដំរាំ​ ​ដាំ​បន្លែ​សរីរាង្គ​ ​និង​ឈើ​ហូប​ផ្លែ​លក់​ ជួយ​​សិស្ស​ក្រីក្រ​

ប៉ិច សុធារី / Khmer Times No Comments Share:
organic-vegetable

​English version: How a school in Battambang province transforms seeds to books

បាត់ដំបង​៖​ ​អនុវិទ្យាល័យ​មួយ​នៅ​ខេត្តបាត់ដំបង​ ​បាន​បង្កើត​កម្មវិធី​ដាំ​បន្លែ​សរីរាង្គ​ ​និង​ដើមឈើ​ហូប​ផ្លែ​ទៅតាម​រដូវ​កាល​ ​នៅក្នុង​បរិវេណ​សាលា​ ​ដើម្បី​លក់​យក​ថវិកា​ជួយ​ដល់​សិស្ស​ក្រីក្រ​ ​និង​អភិវឌ្ឍន៍​សាលារៀន​របស់​ខ្លួន​។​

​អនុវិទ្យាល័យ​នោះ​មានឈ្មោះ​ថា​ ​«​អនុវិទ្យាល័យ​បាយដំរាំ​»​ ​ស្ថិតនៅ​លើ​ផ្លូវលំ​ក្រាល​គ្រោះ​ក្រហម​ ​នៃ​ភូមិ​បាយដំរាំ​ ​ឃុំ​បាយដំរាំ​ ​ស្រុក​បាណន់​។​

​កំពុង​ឈរ​ណែនាំ​សិស្ស​ពី​របៀប​ស្រោចទឹក​ ​និង​ដាក់ជី​នៅ​សួន​បន្លែ​ ​ក្នុង​បរិវេណ​សាលា​ ​លោក​ផេង​ ​វុទ្ធី​ ​ជា​គ្រូបង្រៀន​ ​និង​ជា​ប្រធាន​ផ្នែក​បច្ចេកទេស​នៃ​អនុវិទ្យាល័យ​បាយដំរាំ​ ​បាន​ឲ្យដឹង​ថា​ ​កម្មវិធី​ដាំ​បន្លែ​សរីរាង្គ​ ​និង​ឈើ​ហូប​ផ្លែ​នេះ​ ​បាន​បង្កើត​ឡើង​កាលពី​អំឡុង​ឆ្នាំ២០១៥​ ​មាន​ដូចជា​ ​ត្រកួន​ ​ស្ពៃ​ ​ខ្ទឹម​ ​ម្ទេស​ ​ដើមចេក​ ​មៀន​ ​និង​ស្វាយ​ជាដើម​។​ ​

​លោក​ថា​៖​ ​«​វា​មានប្រយោជន៍​ច្រើន​សម្រាប់​ជួយ​ដល់​សាលារៀន​យើង​ដែរ​ ​ប្រយោជន៍​ទី១​ ​គឺ​អាច​ឲ្យ​សិស្សានុសិស្ស​មា​នបំ​និ​ន​មួយ​ក្នុង​ជីវិត​របស់​ខ្លួន​ ​ដែល​អាច​ចេះ​ដាំ​ដំ​ណាំ​ផ្សេង​ៗ​សម្រាប់​ជួយ​ទំនុក​បំរុង​ក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​បាន​ ​ទី២​ ​យើង​យក​លុយ​ដែល​លក់​បន្លែ​បាន​ទៅ​ទិញ​អង្ករ​ ​និង​ហ្គាស​ ​ឲ្យ​សិស្ស​ក្រីក្រ​ ​និង​រស់នៅ​តំបន់​ឆ្ងាយ​ៗ​ ​អាច​ដាំបាយ​ទទួលទាន​ ​ហើយនិង​ទិញ​សម្ភារៈ​សិក្សា​ឲ្យ​ដល់​សិស្ស​ក្រីក្រ​ទាំងនោះ​ដែរ​»​។​

​លោក​ផេង​ ​វុទ្ធី​ ​បាន​បន្ថែម​ថា​ ​ក្រៅពីនោះ​ ​សាលា​ក៏បាន​យក​ថវិកា​មួយ​ផ្នែក​ដែល​បាន​មក​ពី​ការ​លក់​បន្លែ​សរីរាង្គ​ ​និង​មានការ​ឧបត្ថម្ភ​ពី​សប្បុរសជន​មួយចំនួន​ ​យក​ទៅ​ទិញ​សម្ភារៈ​ប្រើប្រាស់​ក្នុង​សាលារៀន​ផង​ដែរ​ ​ដូចជា​ ​កង្ហា​ ​និង​ខ្សែ​អគ្គិសនី​និង​សម្ភារៈ​ប្រើប្រាស់​មួយចំនួន​ទៀត​ ​ដាក់​នៅ​តាម​បន្ទប់​រៀន​ ​និង​ការរៀបចំ​បន្ទប់​កុំព្យូទ័រ​សម្រាប់​ឲ្យ​សិស្ស​ស្រាវជ្រាវ​ ​និង​រៀនសូត្រ​ ​រួម​និង​ការ​អភិវឌ្ឍ​នានា​ក្នុង​សាលារៀន​នេះ​ផង​ដែរ​។​

​តែ​យ៉ាងណា​ ​លោក​ពុំ​អាច​បញ្ជាក់​បាន​ថា​តើ​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​បន្លែ​ក្នុង​មួយ​ខែៗ​នោះ​ប៉ុន្មាន​ទេ​ ​ដោយសារ​ថវិកា​ទាំងនោះ​ត្រូវ​ប្រគល់​ទៅ​ឲ្យ​បុគ្គលិក​ផ្នែក​គណនេយ្យ​ជា​អ្នក​រៀបចំ​ចាត់ចែង​ ​នៅពេល​មាន​តម្រូវការ​ណាមួយ​។​

​កញ្ញា​ ​វុទ្ធ​ ​ប៊ី​ឡា​ ​អាយុ១៦ឆ្នាំ​ ​រៀន​ថ្នាក់​ទី៩អា​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​កុមារ​នៅ​អនុវិទ្យាល័យ​បាយដំរាំ​ ​បាន​ឲ្យដឹង​ថា​ ​ក្នុង​ការ​ដាំ​បន្លែ​ ​និង​ឈើ​ហូប​ផ្លែ​នេះ​ ​គណៈ​គ្រប់គ្រង​សាលា​ ​បាន​ធ្វើការ​បែងចែក​សិស្ស​ក្នុង​សាលា​នេះ​ជា​ក្រុម​ៗ​ ​និង​ដាក់វេនគ្នា​ចាប់ពី​ថ្ងៃ​ចន្ទ​ ​ដល់​ថ្ងៃសៅរ៍​ ​ក្នុង​ការ​ដាំ​ ​និង​មើលថែ​បន្លែ​និង​ឈើ​ហូប​ផ្លែ​ទាំងនោះ​។​ ​កញ្ញា​ថា​៖​ ​«​ការ​ដាំ​បន្លែ​ ​គឺ​ដំបូង​ឡើយ​ពួក​យើង​ជួយគ្នា​កាប់ដី​ ​រៀបចំ​ជា​រង​ដាំ​បន្លែ​ ​ស្រោចទឹក​លើ​ដី​នោះ​ ​រួច​បាច​ជី​អាច​ន៍​គោ​ ​ហើយ​លោកគ្រូ​អ្នកគ្រូ​គាត់​បាន​ជួយ​ផ្តល់​ជា​ពូជ​បន្លែ​ ​ដូចជា​ ​ខ្ទឹម​ ​ម្ទេស​ ​ត្រកួន​ ​អី​ជាដើម​សម្រាប់​យើង​ឲ្យ​សិស្ស​ៗ​ដាំ​ ​ហើយ​គ្រូ​កសិកម្ម​គាត់​ក៏បាន​ណែនាំ​យើង​ពីរ​បៀ​បនៃ​ការ​ដាំ​ ​និង​មើលថែ​ដំណាំ​»​។​

organic-vegetable-school

​ប៊ី​ឡា​ ​បាន​និយាយ​ក្នុងទឹក​មុខរីក​រាយ​ថា​ ​ការ​ជួយ​ដាំ​បន្លែ​សម្រាប់​លក់​របស់​គ្រូបង្រៀន​ ​និង​សិស្ស​នៅក្នុង​សាលា​នេះ​ ​គឺ​អាច​រួមចំណែក​ក្នុង​ការ​ជួយ​សម្រួល​ដល់​សិស្ស​ក្រីក្រ​ ​ដើម្បីឲ្យ​ពួកគេ​អាច​មានលទ្ធភាព​បន្ត​ការសិក្សា​បាន​ ​បើ​ទោះជា​ការ​ជួយ​នេះ​ពុំ​មាន​លក្ខណៈ​ធំដុំ​ក៏ដោយ​។​ ​កញ្ញា​ថា​៖​ ​«​កន្លងមក​ ​យើង​ជួយ​ដល់​សិស្ស​ក្រីក្រ​មួយចំនួន​ដែរ​ ​ដូចជា​ទិញ​ខោអាវ​រៀន​ ​សៀវភៅ​ ​ប៊ិច​ ​ហើយ​សិស្ស​ខ្លះ​ដែល​នៅ​ឆ្ងាយ​ ​ក៏​យើង​បាន​ជួយ​ទិញ​កង់​ឲ្យ​គាត់​បាន​ជិះ​មក​រៀន​ដែរ​ ​ប៉ុន្តែ​ឆ្នាំនេះ​យើង​អត់​បាន​ជួយ​ទេ​ ​ដោយសារតែ​គ្រួសារ​ពួកគាត់​ក្រីក្រ​ពេក​ ​ក៏​បង្ខំចិត្ត​ឈប់​រៀន​ទៅ​ ​អីចឹង​ខាង​សាលា​បាន​យក​ថវិកា​ដែល​លក់​បន្លែ​បាន​ទៅ​ទិញ​សម្ភារៈ​ប្រើប្រាស់​វិញ​ ​ដូចជា​ ​អំបោស​ ​បង្គី​ ​កង្ហារ​ ​និង​ទិញ​អង្ករ​សម្រាប់​ឲ្យ​សិស្ស​ដាំបាយ​នៅ​សាលា​ជាដើម​»​។​

​បើ​តាម​ ​កញ្ញា​ ​ប៊ី​ឡា​ ​កាលពី​ឆ្នាំ​សិក្សា២០១៧​-​២០១៨​ ​សាលា​នេះ​បាន​ជួយ​ជា​សម្ភារៈ​សិក្សា​ដល់​សិស្ស​ក្រីក្រ​ ​៤ទៅ៥នាក់​ ​ប៉ុន្តែ​ដោយសារ​ជីវភាព​ពួកគាត់​ពិបាក​ពេក​ ​ពួកគេ​ក៏​សម្រេចចិត្ត​បោះបង់​ការសិក្សា​។​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០១៨​-​២០១៩នេះ​ ​ពុំ​ទាន់​មាន​សិស្ស​ក្រីក្រ​ដែល​ត្រូវ​សាលា​ជួយ​នៅឡើយ​ ​ប៉ុន្តែ​សាលា​បា​នប​ង្វែ​យក​ថវិកា​នោះ​ទៅ​ទិញ​កង្ហារ​បន្ថែម​សម្រាប់​រដូវ​ក្តៅ​នេះ​។​

​សិស្ស​ថា្នក់​ទី៩បេ​ ​មួយ​រូប​ទៀត​ ​ដែល​បាន​ចូលរួម​ក្នុង​ការ​ដាំ​បន្លែ​សរីរាង្គ​នៅក្នុង​អនុវិទ្យាល័យ​នេះ​ដែរ​ ​កញ្ញា​ ​សឿប​ ​លី​ហ្សា​ ​អាយុ​ ​១៦ឆ្នាំ​ ​យល់ថា​ ​ការបង្កើត​សកម្មភាព​ដាំ​បន្លែ​ ​បន្ថែម​លើ​កា​រសិស្សា​មុខ​វិ​ជ្ជា​ផ្សេង​ៗ​ប្រចាំថ្ងៃ​ ​ដើម្បី​លក់​យក​ប្រាក់​ទៅ​ជួយ​ដល់​សិស្ស​ក្រីក្រ​ ​និង​ធ្វើការ​អភិវឌ្ឍ​សាលារៀន​នេះ​ ​គឺជា​រឿង​ល្អ​ក្នុង​ការ​បណ្តុះ​គំនិត​សិស្ស​ឲ្យ​ចេះ​ជួយគ្នា​ ​បង្កើន​សាមគ្គីភាព​ ​និង​ការ​ទទួល​បាន​នូវ​ចំណេះដឹង​ផ្នែក​កសិកម្ម​ផង​ដែរ​។​ ​កញ្ញា​ថា​៖​ ​«​ខ្ញុំ​មាន​មោទនភាព​ ​និង​សប្បាយរីករាយ​ក្នុង​ការ​ជួយ​ដាំ​ ​និង​មើលថែ​បន្លែ​ ​និង​ដើមឈើ​ហូប​ផ្លែ​ទាំងនោះ​ ​ហើយ​ខ្ញុំ​ក៏អាច​រួមចំណែក​ក្នុង​ការ​ជួយ​ដល់​សិស្ស​ក្រីក្រ​ផង​ដែរ​ ​ព្រោះ​សិស្ស​ខ្លះ​ចង់​រៀន​ ​តែ​អត់មាន​មធ្យោបាយ​អី​ជិះ​មក​រៀន​ ​អីចឹង​ពេល​ដែល​សាលា​ឧបត្ថម្ភ​កង់​អី​ទៅ​ ​អីចឹង​ពួកគាត់​សប្បាយចិត្ត​នឹង​មក​រៀន​ជាមួយ​សិស្ស​ដទៃ​ដែរ​»​។​

​ក្រៅពី​បាន​ប្រាក់ចំណូល​ពី​ការ​លក់​បន្លែ​ ​និង​ការ​ជួយឧបត្ថម្ភ​ពី​សម្បុរស​ជន​នានា​ ​ក្នុង​ការ​ជួយ​ដល់​សិស្ស​ក្រីក្រ​ ​និង​ការរៀបចំ​សាលារៀន​នេះ​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ ​អនុវិទ្យាល័យ​នេះ​ ​ក៏បាន​អនុវត្ត​នូវ​វិន័យ​តឹង​រឹង​ចំពោះ​សិស្ស​ដែរ​ ​ដូចជា​ ​ការ​ផាកពិន័យ​ចំពោះ​អ្នក​ដែល​ចោលសំរាម​ផ្តេសផ្តាស​ក្នុង​ទីធ្លា​សាលា​ ​ក្នុង​ម្នាក់​ ​៣ពាន់​រៀល​ ​សិស្ស​ដែល​លាប​ពណ៌​សក់​ត្រូវ​ពិន័យ​ជា​សៀវភៅ​ ​១០ក្បាល​ក្នុង​ម្នាក់​ ​អត់មាន​ផ្លាក​ឈ្មោះ​និង​សំលៀកបំពាក់​មិន​ត្រឹមត្រូវ​ ​ត្រូវ​ពិន័យ​ឲ្យ​បោស​ទីធ្លា​សាលា​ជាដើម​។​ ​

​កុមារី​វ័យ១៥ឆ្នាំ​មួយ​រូប​ទៀត​ ​នៅ​អនុវិទ្យាល័យ​បាយដំរាំ​ ​ឈ្មោះ​ ​ជីន​ ​ជេន​នី​ ​ក៏បាន​បង្ហាញ​អារម្មណ៍​រីករាយ​ ​នៅពេល​ដែល​ចូលរួម​ ​និង​បានឃើញ​អនុវិទ្យាល័យ​នេះ​ ​រៀបចំ​ជា​សួន​បន្លែ​ ​មាន​ជីក​ស្រះ​ដើម្បី​ស្តុក​ទឹក​ទុក​ប្រើប្រាស់​ក្នុង​ការ​ស្រោចដំណាំ​ ​និង​ប្រើជា​ប្រយោជន៍​ផ្សេង​ៗ​ក្នុង​សាលា​ ​មានការ​រៀបចំ​ទីធ្លា​បាន​ល្អ​ប្រសើរ​ ​រួម​ទាំង​ការ​បណ្តុះ​គំនិត​សិស្ស​ឲ្យ​ចេះ​ថែរក្សា​អនាម័យ​ ​និង​បរិស្ថាន​។​ ​កញ្ញា​ថា​៖​ ​«​ការ​ដាំ​បន្លែ​ ​និង​ដើមឈើ​ហូប​ផ្លែ​ ​រួម​និង​ដើម​ឈើ​ផ្សេង​ៗ​ទៀត​ក្នុង​សាលា​ ​ក្រៅពី​បាន​ជួយ​ផ្តល់​កម្រៃ​ដើម្បី​ជួយ​សិស្ស​ ​និង​រៀបចំ​សាលា​ឲ្យបាន​ល្អ​ ​វា​ក៏អាច​ជួយ​ធ្វើឲ្យ​បរិស្ថាន​ក្នុង​សាលារៀន​មាន​ភាព​បៃតង​ ​ខណៈ​ដែល​បន្លែ​ទាំងនោះ​ក៏​ដាំ​ដោយ​ប្រើ​ជីធម្មជាតិ​ ​គ្មាន​ការប្រើ​ប្រាស់​ជីគីមី​ដែល​ប៉ះពាល់​សុខភាព​អ្នកទទួល​ទាន​ផង​ដែរ​»​។​

​នៅក្នុង​ដៃ​មាន​យួរ​បន្លែ​ត្រកួន​មួយ​ថង់​ ​ដែល​បាន​ទិញ​ពី​អនុវិទ្យាល័យ​បាយដំរាំ​ ​អ្នកស្រី​ ​រ៉េ​ត​ ​សា​រ៉េ​ម​ ​អាយុ៣៩ឆ្នាំ​ ​ជា​ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​បាយដំរាំ​នេះ​ ​បាន​និយាយ​ថា​ ​ជា​រឿយ​ៗ​ ​អ្នកស្រី​តែងតែ​មក​ទិញ​បន្លែ​ដែល​សិស្សសាលា​នេះ​ដាំ​ ​ព្រោះ​បន្លែ​ទាំងនោះ​ដាំ​ដោយ​ប្រើ​ជីធម្មជាតិ​ ​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​គ្រួសារ​គាត់​។​

​អ្នកស្រី​ថា​៖​ ​«​ខ្ញុំ​ទិញ​ត្រកួន​នៅ​សាលា​ហ្នឹង​មួយ​គីឡូ​ ​តម្លៃ២០០០រៀល​ ​ព្រោះ​ត្រកួន​ធម្មជាតិ​ ​ហើយ​ខ្ញុំ​ឃើ​ញក្មេងៗ​សិស្សសាលា​ហ្នឹង​ដាំ​ ​និង​ដក​លក់​សឹង​រាល់ថ្ងៃ​ ​ហើយ​លឺ​ពី​សិស្ស​ថា​ ​លុយ​ដែល​លក់​បន្លែ​បាន​ហ្នឹង​ ​គ្រូ​និង​សិស្ស​សន្សំទុក​ ​ទិញ​សៀវភៅ​ទិញ​ប៊ិច​ចែក​សិស្ស​ក្រីក្រ​ ​ដល់​ចឹង​ទៅ​ខ្ញុំ​ក៏​មក​ទិញ​បន្លែ​នៅនឹង​សឹង​រាល់ថ្ងៃ​ ​ព្រោះ​គ្មាន​ជាតិគីមី​ ​ហើយ​ជួយ​ក្មេង​ក្រីក្រ​បាន​ទៀត​»​។​

​អ្នកស្រី​សា​រ៉េ​ម​ ​យល់ថា​ ​ការ​បង្រៀន​សិស្ស​ឲ្យ​ដាំ​បន្លែ​ ​និង​ផ្លែឈើ​ ​ក្នុង​បរិវេណ​ដី​សាលារៀន​នេះ​ ​គឺជា​ការ​ផ្តល់​ចំណេះដឹង​ផ្នែក​កសិកម្ម​មួយ​ផ្នែក​ដល់​សិស្សានុសិស្ស​ ​និង​ជា​ការ​ជួយ​ដល់​សិស្ស​ក្រីក្រ​កុំ​ឲ្យ​បោះបង់ចោល​ការសិក្សា​ដោយសារ​ខ្វះខាត​សម្ភារៈ​សិក្សា​ផង​ដែរ​។​

​អ្នកស្រី​ថា​៖​ ​«​បើសិនជា​សាលា​រៀន​ផ្សេង​ៗ​អនុវត្ត​បាន​ដូច​សាលា​នេះ​បាន​ ​ខ្ញុំ​យល់ថា​ល្អ​ ​វា​អាច​ជួយ​ផ្តល់​ចំណេះដឹង​ ​ដល់​សិស្ស​ ​និង​ធ្វើឲ្យ​សាលារៀន​មាន​ភាព​បៃតង​»​។​

​ប្រធាន​ស្តីទី​មន្ទីរអប់រំ​ ​យុវជន​ ​និងកីឡា​ខេត្តបាត់ដំបង​ ​លោក​ ​យី​ ​សុង​គី​ ​បាន​មានប្រសាសន៍​ថា​ ​បច្ចុប្បន្ន​ ​ក្រសួង​អប់រំ​ ​និង​មន្ទីរអប់រំ​ខេត្ត​ ​ក៏ដូចជា​ថ្នាក់ដឹកនាំ​ខេត្ត​ ​បាន​និង​កំពុង​ជំរុញ​លើកទឹកចិត្ត​ដល់​សាលារៀន​ទាំងអស់​ ​ជាពិសេស​សាលារៀន​ដែល​មាន​ដី​ទំនេរ​ច្រើន​ ​គួរ​គិតគូរ​ពី​ការ​ដាំ​បន្លែ​ ​និង​ដើមឈើ​នៅក្នុង​សាលារៀន​ ​ដូច​នៅ​អនុវិទ្យាល័យ​បាយដំរាំ​នេះ​។​ ​លោក​ថា​៖​ ​«​ក្រសួង​អប់រំ​កំពុងតែ​លើកទឹកចិត្ត​លើ​រឿង​ហ្នឹង​ ​ហើយ​មន្ទីរ​ក៏​កំពុង​ពិនិត្យមើល​ទៅលើ​សាលារៀន​ណា​ដែល​មាន​ដី​អាច​ធ្វើ​កសិកម្ម​ចឹង​បាន​ ​យើង​កំពុង​ជួយ​រៀបចំ​ឲ្យ​មានកម្ម​វិធី​ដាំ​បន្លែ​កសិកម្ម​ហ្នឹង​ ​អីចឹង​អនុវិទ្យាល័យ​បាយដំរាំ​ ​គា​ត់​ធ្វើ​ចឹង​គឺ​ត្រឹមត្រូវ​»​។​

​លោក​សុង​គី​ ​បាន​បន្ថែម​ថា​៖​ ​«​នេះ​ក៏​ជា​ការ​លើកទឹកចិត្ត​ឲ្យ​សិស្ស​ចេះ​ពីមុខ​វិជ្ជា​បំណិន​ជីវិត​(​Life​ ​Skill​)​ដែរ​ ​ព្រោះ​មុខវិជ្ជា​នេះ​សំខាន់ណាស់​ ​គឺ​ទាក់ទង​ជាមួយ​កសិកម្ម​ ​គាត់​អាច​ដាំ​បន្លែ​ ​ហើយ​សាលារៀន​ខ្លះ​កាលណា​គាត់​ដាំ​តិច​ ​គ្រូ​និង​សិស្ស​អាចយ​ក​បន្លែ​នោះ​ចែក​គ្នា​ញ៉ាំ​បាន​ ​ប៉ុន្តែ​សាលារៀន​ខ្លះ​ដែល​គាត់​អាច​ដាំ​ច្រើន​ទៅ​ ​អីចឹង​គាត់​អាចយ​ក​ដំណាំ​នោះ​ទៅ​ដាក់​លក់​នៅ​ផ្សារ​ ​អីចឹង​គាត់​អាចយ​ក​ចំណូល​ហ្នឹង​មក​ទ្រ​ទ្រង់់​សាលា​ ​និង​ថ្នាក់រៀន​របស់​គាត់​បាន​»​។​

​កាលពី​ឆ្នាំ២០១១​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បានសម្រេច​អនុញ្ញាត​ឲ្យ​បោះ​ពុម្ភ​ផ្សាយ​ឯកសារ​ ​«​កម្មវិធី​សិក្សា​លម្អិត​បំណិន​ជីវិត​តាម​មូលដ្ឋាន​»​ ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ជំ​នាញ​ផ្សេង​ៗ​សម្រាប់​ការប្រើ​ប្រាស់​ក្នុង​គ្រប់​ស្ថានភាព​នៃ​ជីវិត​រស់នៅ​របស់​សិស្ស​ ​ដើម្បី​លើកកម្ពស់​ជីវភាព​គ្រួសារ​។​

​ការបង្កើត​គោលនយោបាយ​អប់រំ​បំណិន​ជីវិត​ ​និង​គោលនយោបាយ​សម្រាប់​អភិវឌ្ឍន៍​កម្មវិធី​សិក្សា​ចំណេះ​ទូទៅ​ ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​រីកចម្រើន​របស់​សង្គមជាតិ​ ​ខណៈ​ដែល​កម្មវិធី​បំណិន​ជិ​វិត​នេះ​ ​ក៏​ជា​ស្នូល​នៃ​ការ​បង្កើន​គុណភាព​ ​និង​ប្រសិទ្ធិ​ភាព​ក្នុង​វិស័យ​អប់រំ​ ​ដែល​នឹង​ផ្តល់​ឲ្យ​សិស្ស​នូវ​ចំណេះដឹង​មូលដ្ឋាន​យ៉ាង​ជ្រៅជ្រះ​ ​និង​ពង្រឹង​ជំ​នាញ​ផ្សេង​ៗ​ ​ដែល​មាន​សារៈសំខាន់​សម្រាប់​ការ​ស្រូប​យក​បទ​ពិសោធ​ន៍​ល្អ​ៗ​ ​ក្នុង​ការពង្រីក​ចំណេះដឹង​ ​និង​បំណិន​ចាំបាច់​សម្រាប់​បម្រើ​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​។​

​មុខវិជ្ជា​បំណិន​ជីវិត​សំ​ខាន់​ៗ​ ​រួមមាន​ ​ផ្នែក​កសិកម្ម​ ​ផ្នែក​សិប្បកម្ម​ខ្នាត​តូច​ ​និង​ផ្នែក​សេវាកម្ម​។​

​យោង​តាមកម្ម​វិធី​សិក្សា​លម្អិត​បំណិន​ជីវិត​មូលដ្ឋាន​ ​បាន​ឲ្យដឹង​ថា​ ​បំណិត​ជីវិត​ផ្នែក​កសិកម្ម​ ​មាន​បង្រៀន​ឲ្យ​សិស្ស​បានដឹង​ពី​មូលដ្ឋាន​គ្រឹះ​បច្ចេកទេស​កសិកម្ម​ ​ការ​បណ្តុះ​កូន​រុក្ខជាតិ​ ​ដំណាំ​ផ្លែ​ ​ដំណាំ​ដើម​និង​ស្លឹក​ ​ដំណាំ​មើម​ ​និង​ការ​ចិញ្ចឹមសត្វ​។​ ​ការសិក្សា​ផ្នែក​នេះ​ ​នឹង​ធ្វើឲ្យ​សិស្ស​ទទួល​បាន​នូវ​ចំណេះដឹង​ដូចជា​ ​បានដឹង​ពី​ឧបករណ៍​និង​សម្ភារៈ​កសិកម្ម​,​ ​បច្ចេកទេស​នៃ​ការ​ថែរក្សា​ ​និង​កែ​លម្អ​ជីវជាតិ​ដី​,​ ​បច្ចេកទេស​ក្នុង​ការ​ដាំដំណាំ​និង​ចិញ្ចឹមសត្វ​,​ ​វិធីការ​ពារ​និង​បង្ការ​អំពី​ជំងឺ​និង​សត្វ​ចង្រៃ​,​ ​វិធី​ព្យាបាល​ដែល​បង្ក​ដោយ​ជំងឺ​និង​សត្វ​ចង្រៃ​,​ ​របៀប​ប្រមូល​ផល​,​ ​វិធី​រក្សាទុក​ផលិតផល​,​ ​អត្ថ​ប្រយោជន៍​ចំពោះ​សុខភាព​មនុស្ស​ ​និង​វិធី​បង្ការ​គ្រោះថ្នាក់​ក្នុង​ពេល​អនុវត្ត​ការងារ​ជាដើម​។​

​ឯកសារ​នោះ​បញ្ជាក់​ថា​៖​ ​«​ការសិក្សា​នេះ​ ​ក៏​នឹង​ធ្វើឲ្យ​សិស្ស​មាន​ឥរិយាបថ​ ​ចេះ​ស្រឡាញ់​ការងារ​កសិកម្ម​ ​បណ្តុះ​ស្មារតី​ឲ្យ​សិស្ស​ចូលរួម​ថែរក្សា​បរិស្ថាន​ធម្មជាតិ​ ​និង​បណ្តុះ​ស្មារតី​សិស្ស​ឲ្យ​យល់ដឹង​ពី​ផល​ប៉ះពាល់​នៃ​ការប្រើ​ប្រាស់​ជីគីមី​ ​និង​ថ្នាំពុល​កសិកម្ម​ចំពោះ​សុខភាព​មនុស្ស​»​។​

​យោង​តាម​របាយការណ៍​របស់ក្រ​សួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បាន​ឲ្យដឹង​ថា​ ​ប្រទេស​កម្ពុជា​ ​មាន​សាលារៀន​សរុប​ចំនួន​ជិត​ ​១៣០០០​ ​ក្នុង​នោះ​សាលា​មេ​ត្តេ​យ្យ​សិក្សា​រដ្ឋ​ជាង៤ពាន់​ ​សាលាបឋមសិក្សា​រដ្ឋ​ជាង​ ​៧ពាន់​ ​អនុវិទ្យាល័យ​ជាង​ ​១២០០​ ​និង​វិទ្យាល័យ​ជិត៥០០​។​

​ងាក​ទៅ​រក​អនុវិទ្យាល័យ​បាយដំរាំ​ឯណោះ​វិញ​ ​ប្រសិនបើ​មានការ​ជួយឧបត្ថម្ភ​បន្ថែម​ពី​សប្បុរសជន​ ​និង​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​កសិកម្ម​ ​លោកគ្រូ​ ​ផេង​ ​វុទ្ធី​ ​ក៏​មានបំណង​ចង់​បង្កើន​ការ​បង្រៀន​បំណិន​ជីវិត​ផ្នែក​កសិកម្ម​ដល់​សិស្ស​ពី​ការ​បច្ចេកទេស​នៃ​ការ​ចិញ្ចឹមសត្វ​មាន់​ ​និង​ត្រី​ ​ក្រៅពី​ដាំដំណាំ​កសិកម្ម​នេះ​។​

​ជាមួយគ្នា​នេះ​ដែរ​ ​លោក​ក៏បាន​អំពាវ​នាវ​ដល់់​សាលា​ទាំងឡាយ​ណា​ដែរ​មាន​ដី​ទំនេរ​ធំ​ទូលាយ​ ​គួរតែ​ចាប់ផ្តើម​រៀបចំ​ដី​សម្រាប់​ដាំដំណាំ​កសិកម្ម​ ​និង​ចិញ្ចឹមសត្វ​ ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សាលារៀន​ផង​ ​និង​ផ្តល់​នូវ​ចំណេះដឹង​សម្រាប់​សិស្ស​ផង​ដែរ​៕​

Share and Like this post

Related Posts

Previous Article

កសិដ្ឋាន​ស្វាយមួយចំនួន​ ​ត្រូវ​បាន​ចុះ​ត្រួតពិនិត្យ​ដោយ​ភ្នា​ក់​ងារ​ ​កូរ៉េ​ខាងត្បូង​

Next Article

ជនជាតិ​ចិន​ ​២​ ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ជុំវិញ​ការ​បាញ់សម្លាប់​នៅ​ខេត្ត​ព្រះសីហនុ​