​បើកសវនាការ ២ សំណុំរឿង​ពាក់ព័ន្ធ​នឹង​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ​លោក​ ​សម​ ​រង្ស៊ី​

ឃួន ណារីម / Khmer Times No Comments Share:
Sam Rainsy
លោក​ ​សម​ ​រង្ស៊ី​ អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​។​ ម៉ៃ វីរៈ

សាលាដំបូង​រាជធានី​ភ្នំពេញ​ ​កាលពី​ម្សិលមិញ​បាន​បើកសវនាការ​ ​ពាក់ព័ន្ធ​នឹង​ ​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ​លោក​ ​សម​ ​រង្ស៊ី​ ​ពី​បទ​ញុះញង់​កងទ័ព​មិន​ឲ្យ​ស្តាប់​បញ្ជា​ ​ធ្វើ​ឱ្យ​ខូច​ទឹកចិត្ត​កងទ័ព​ ​និង​បទ​ប្រមាថ​ព្រះមហាក្សត្រ​។​​

ការចោទប្រកាន់​នេះ​បាន​ធ្វើឡើង​ ​ដោយសារតែ​សេចក្តី​ថ្លែងការណ៍​មួយចំនួន​ដែល​លោក​ ​សម​ ​រង្ស៊ី​បាន​លើកឡើង​នៅ​ក្រៅប្រទេស​។​ ​កាលពី​ឆ្នាំមុន​ ​លោក​បាន​អំពាវនាវ​ឱ្យ​កងទ័ព​ ​បញ្ឈប់​ការ​បាញ់ប្រហារ​លើ​ជនស៊ីវិល​ដែល​នឹង​ស្វាគមន៍​ចំពោះ​ការ​វិលត្រឡប់​របស់​លោក​មកកាន់​កម្ពុជា​។​​

លោក​ ​សម​ ​រង្ស៊ី​ ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​រាជសារ​ដែល​អំពាវនាវ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ ​ជា​លិខិត​ក្លែងក្លាយ​ ​ឬ​ត្រូវ​បាន​សរសេរ​ក្រោម​ការ​គំរាមកំហែង​មុន​ការបោះឆ្នោត​កាលពី​ឆ្នាំមុន​។

​​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​លោក​ ​ប្លង់​ ​សុផល​ ​បាន​ថ្លែង​ថា​ចៅក្រម​គួរតែ​ផ្តន្ទា​ទោស​និង​កាត់ទោស​ ​លោក​ ​សម​ ​រង្ស៊ី​ ​ឲ្យបាន​សមស្រប​។​​

លោក​ ​ប្លង់​ ​សុផល​ ​បាន​ឲ្យដឹង​ថា​៖​ ​«​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ដែល​បង្ហាញ​ពី​ការ​ញុះញង់​កងទ័ព​មិន​ឲ្យ​ស្តាប់​បញ្ជា​ ​និង​ធ្វើ​ឱ្យ​ខូច​ទឹកចិត្ត​កងទ័ព​ ​ដែល​ប៉ះពាល់​ដល់​សន្តិសុខជាតិ​»​។​​

តុលាការ​បន្ទាប់មក​បាន​បង្ហាញ​វីដេអូ​ដែល​មាន​រយៈពេល​ពីរ​នាទី​របស់​ ​លោក​ ​សម​ ​រង្ស៊ី​ ​ថ្លែង​នៅ​ក្រៅប្រទេស​ ​ដោយធ្វើ​ការ​អំពាវនាវ​ឱ្យ​កងទ័ព​មិន​ឲ្យ​ស្តាប់​បញ្ជា​ ​។​​លោក​មេធាវី​ ​សំ​ ​សុ​គង់​ ​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ ​សម​ ​រង្ស៊ី​ ​បាន​ថ្លែង​ថា​ ​កូនក្ដី​របស់​លោក​មិនបាន​ធ្វើការ​ញុះញង់​ឱ្យ​កងទ័ព​នោះ​ទេ​។​​

លោក​ ​សំ​ ​សុ​គង់​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​ការ​ថ្លែង​របស់​កូនក្ដី​របស់ខ្ញុំ​ ​មិនមែន​ជា​ការ​ញុះញង់​នោះ​ទេ​ ​ពីព្រោះ​លោក​ចង់ឱ្យ​ពួកគេ​ប្រើ​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការ​តវ៉ា​និង​ធ្វើបាតុកម្ម​ដូចដែល​បាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​ ​។​ ​ម្យ៉ាងវិញទៀត​ ​វា​មិន​មានការ​ប៉ះពាល់​ដល់​កងទ័ព​ទេ​ ​បន្ទាប់ពី​កូន​ក្តី​របស់ខ្ញុំ​បាន​លើកឡើង​ពី​បញ្ហា​»​។​​

លោក​បាន​បន្ថែម​ថា​៖​ ​«​ខ្ញុំ​ស្នើសុំ​ឱ្យ​ ​ចៅក្រម​ទម្លាក់​ការចោទប្រកាន់​ទាំងអស់​ប្រឆាំង​នឹង​កូន​ក្តី​របស់ខ្ញុំ​»​។​​

លោក​ ​វង្ស​ ​ភក្ដី​ ​មេធាវី​តំណាង​ឱ្យ​កងយោធពល​ខេមរភូមិន្ទ​ ​បាន​មានប្រសាសន៍​ថា​លោក​ ​សម​ ​រង្ស៊ី​មានទោស​ពី​ការចោទប្រកាន់​ទាំងអស់​។

​​លោក​ ​វង្ស​ ​ភក្ដី​ ​ក៏បាន​ឲ្យដឹង​ផង​ដែរ​ថា​ ​លោក​ ​សម​ ​រង្ស៊ី​ ​បាន​ចោទប្រកាន់​មេបញ្ជាការ​យោធា​ពាក់ព័ន្ធ​នឹង​ការ​កាប់​ឈើ​ខុសច្បាប់​និង​ការ​ជួញដូរ​គ្រឿងញៀន​។​​

លោក​បាន​មានប្រសាសន៍​ថា​៖​ ​«​សូម​លោក​ចៅក្រម​ ​ផ្តន្ទា​ទោស​ ​លោក​ ​សម​ ​រង្ស៊ី​ ​តាម​មាត្រា​ ​៤៧១​ ​និង​ ​៤៧២​ ​ហើយ​បញ្ជូន​ខ្លួន​រូបលោក​ទៅ​ដាក់​ពន្ធនាគារ​រយៈពេល​ពីរ​ទៅ​ប្រាំ​ឆ្នាំ​»​ ​។​​គួរ​បញ្ជាក់ឲ្យដឹង​ផង​ដែរ​ថា​ ​សាលក្រម​លោក​ ​សម​ ​រង្ស៊ី​ ​នឹង​ប្រកាស​ ​នៅ​ថ្ងៃទី២​ ​ឧសភា​៕​

Share and Like this post

Related Posts

Previous Article

​ជនជាតិ​ចិន​ ​៩នាក់​​ ត្រូវ​បាន​ចាប់ខ្លួន​​នៅ សង្កាត់​វាលវង់

Next Article

បញ្ឈរជើង​​មន្ត្រីនគរបាល​ខណ្ឌដង្កោ​ ៣រូប​