ក្រសួងសង្ស័យថាជំងឺប៉េស្តជ្រូកអាហ្រិកដែលកើតមាននៅខេត្តរតនៈគិរីឆ្លងរាលដាលទៅភូមិចំនួន៣ទៀត

ប៉ិច សុធារី / Khmer Times No Comments Share:
pork
អាជីវករលក់សាច់ជ្រូកនៅក្នុងផ្សារ។ ទេព សុនី

ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពង្រឹងកិច្ចសហការជាមួយអង្គការសង្គមស៊ីវិល ដើម្បីចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្រិក ដែលកើតមាននៅខេត្តរតនៈគិរី ខណៈដែលជំងឺនេះត្រូវបានសង្ស័យថាឆ្លងរាលដាលទៅភូមិចំនួន៣ទៀត ដែលក្បែរទីតាំងកើតហេតុក្នុងឃុំសោមធំ ស្រុកអូយ៉ាដាវ។

ជំងឺប៉េស្តជ្រូកអាហ្រ្វិក ត្រូវបានរកឃើញនៅលើសត្វជ្រូកប្រមាណ ៥០០ក្បាល ដែលជនជាតិដើមភាគតិចចារ៉ាយបានចិញ្ចឹមជាលក្ខណៈគ្រួសារ នៅក្នុងភូមិសោមកានិញ ឃុំសោមធំ កាលពីថ្ងៃទី២២ ខែមីនា។

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម លោក តាន់ ផាន់ណារ៉ា បានថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី១ ស្តីពី «ការរៀបចំផែនការត្រៀម និងឆ្លើយតបនឹងជំងឺបេស្តជ្រូកអាហ្វ្រិក» នៅរាជធានីភ្នំពេញ នៅថ្ងៃនេះថា ក្រោយពីកើតមានករណីនេះ ក្រសួងបានខិតខំធ្វើការទប់ស្កាត់ កុំឲ្យជំងឺនេះរាតត្បាតទៅកាន់តំបន់ផ្សេង និងបណ្តាខេត្តដែលជាប់ព្រំប្រទល់គ្នា តាមរយៈការប្រមូលសត្វជ្រូកយកទៅដុតកម្ទេចចោល ការបាញ់ថ្នាំជីវសុវត្ថិភាពដើម្បីសម្អាតមេរោគ និងទប់ស្កាត់ចលនាចរាចរណ៍សត្វជ្រូកចេញចូលនៅតំបន់កើតហេតុ។

. .

បើទោះជាវិធានការត្រូវបានដាក់ចេញជាបន្តបន្ទាប់ ប៉ុន្តែ លោកថា ក្រុមមន្ត្រីជំនាញសង្ស័យថា ជំងឺនេះអាចឆ្លងរាលដាលទៅកាន់ភូមិចំនួន៣ទៀត នៅជាប់នឹងភូមិកើតហេតុនោះ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ដោះស្រាយបន្តទៀត ក្រោមការចូលរួមកិច្ចសហការជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងអង្គការមួយចំនួនទៀត រួមនឹងវិស័យឯកជនផងដែរ។

លោកបានបញ្ជាក់ថា៖ «បីភូមិនេះ យើងកំពុងតែចុះទៅជម្រាបប្រជាជនឲ្យបានជ្រាប និងត្រូវប្រុងប្រយ័ត្ន ហើយ នៅពេលបច្ចុប្បន្នយើងមានថវិកាដែលគាំទ្រដោយអង្គការ FAO និងវិស័យឯកជននានា និងថវិការបស់រាជរដ្ឋាភិបាលខ្លះដែរ ដើម្បីអនុវត្តការងារដោះស្រាយ និងទប់ស្កាត់ការរាតត្បាតជំងឺនេះ ហើយបើសិនយើងមានការគាំទ្រពេញទំហឹងពីអង្គការនិងដៃគូរនានា យើងនឹងអនុវត្តការងារនេះនៅ៣ភូមិព្រមគ្នាតែម្តង»។

លោកផាន់ណារ៉ា បានបន្ថែមទៀតថា ក្រៅពីការតានដាន និងទប់ស្កាត់កុំឲ្យជំងឺឆ្លងរាលដាលទៅតំបន់ផ្សេងក្នុងខេត្ត ក្រុមការងារក៏បានណែនាំដល់មន្ត្រីកសិកម្មនៅខេត្តក្រចេះ ស្ទឹងត្រែង និងមណ្ឌលគិរី ដែលមានព្រំប្រទល់ជាប់ខេត្តរតនគិរី និងខេត្តព្រៃវែង និងតាកែវ ដែលមានការចិញ្ចឹមសត្វជ្រូកច្រើន ត្រូវពង្រឹងការត្រួតពិនិត្យ និងអនុវត្តការបាញ់ថ្នាំជីវសុវត្ថិភាពបន្ថែមទៀត ដើម្បីការពារជាមុនកុំឲ្យមានការឆ្លងរាលដាលនៃជំងឺនេះផងដែរ។

បើតាមលោកផាន់ណារ៉ា គិតចាប់តាំងពីកើតមានករណីឆ្លងមេរោគប៉េស្តជ្រូកអាហ្រិកនេះ មន្ត្រីជំនាញ បានប្រមូល និងទិញជ្រូកពីពលរដ្ឋនៅកន្លែងកើតហេតុដើម្បីធ្វើការកម្ទេចចោលអស់ជាង ៥០០ក្បាល។

តំណាងអង្គការ FAO ប្រចាំនៅកម្ពុជា លោក Alexandre Huynh បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការលឿន និងទាន់ពេលវេលាក្នុងការឆ្លើយតបទៅនឹងការផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិកនេះ។ លោកថា៖ «ជំងឺនេះ វាប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចគ្រួសារអ្នកចិញ្ចឹមសត្វ បើសិនជាជំងឺនេះកើតមានទៅលើសត្វរបស់ពួកគាត់ ហើយនិងប៉ះពាល់ដល់សន្តិសុខស្បៀង ព្រោះអត្រាសត្វជ្រូកងាប់ដោយសារជំងឺនេះមានដល់១០០ភាគរយ និងអាចរាលដាលទៅតំបន់ផ្សេងទៀត បើសិនយើងមិនចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលាទេ»។

. .

លោកបន្តថា អង្គការ FAO មានការតាំងចិត្តខ្ពស់ក្នុងការជួយសម្របសម្រួល ផ្តល់នូវទីប្រឹក្សាបច្ចេកទេស ហិរញ្ញវត្ថុ និងការរៀបចំផែនការសកម្មភាពមួយចំនួនដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ជំងឺនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ FAO បានបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនមែនជាហានិភ័យដល់សុខភាពមនុស្សទេ ប៉ុន្តែជំងឺនេះ ជាហានិភ័យដល់ជ្រូកស្រុក និងជ្រូកព្រៃ ដោយសារមេរោគអាចរស់បានរយៈពេលយូរក្នុងសាច់ជ្រូកកែច្នៃ សាច់ជ្រូកសម្ងួត និងសាច់ជ្រូកប្រឡាក់ ដែលសាច់ទាំងនោះត្រូវបាននាំទៅកាន់កសិដ្ឋានតាមរយៈការផ្តល់កាកសំណល់ផ្ទះបាយជាចំណីជ្រូក។ សេចក្តីប្រកាសព័ត៌មាន បានបន្ថែមថា បច្ចុប្បន្ន មិនមានវិធីព្យាបាលជំងឺនេះឲ្យជាសះស្បើយ និងមិនទាន់មានថ្នាំបង្ការ ឬការព្យាបាលណាមួយដែលមានប្រសិទ្ធិភាពនៅឡើយ ដូច្នេះនៅពេលដែលសត្វជ្រូកឆ្លងជំងឺនេះ វិធានការតែមួយគត់គឺកម្ទេចហ្វូងជ្រូកដែលទទួលរងផលប៉ះពាល់។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោកសួន ពៅ បានមានប្រសាសន៍ដែរថា អ្វីដែលជាក្តីបារម្ភខ្លាំងជាងគេសម្រាប់សមាគមនោះ គឺការចិញ្ចឹមជ្រូកតាមកសិដ្ឋានខ្នាតតូច ឬការចិញ្ចឹមជាលក្ខណៈគ្រួសារ ដោយសារតែការចិញ្ចឹមទាំងនោះ ធ្វើឡើងតាមបែបធម្មជាតិដោយការលែងសត្វជ្រូកឲ្យដើរស៊ីចំណីតាមភូមិ និងការទិញយកកាកសំណល់បន្លែសាច់ពីទីផ្សារសម្រាប់ជាចំណីជ្រូក ដែលកត្តាទាំងនេះ អាចធ្វើឲ្យមានការឆ្លងនូវជំងឺនេះបាន។

បើទោះជាកើតមានជំងឺនេះក៏ដោយ ប៉ុន្តែលោកថា ករណីនេះ ពុំបានផលប៉ះពាល់ដល់ទីផ្សារសត្វជ្រូកនៅកម្ពុជាឡើយ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោកវេង សាខុន បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្នុងឆ្នាំ២០១៨ ការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារមានប្រមាណជា ១,៩លានក្បាល និងជាលក្ខណៈឧស្សាហកម្មប្រមាណជា ០,៨លានក្បាល និងមានកសិដ្ឋានគ្រប់កម្រិតជាង ៦៧០ កសិដ្ឋាននៅទូទាំងប្រទេស៕

Agriculture Ministry on African Swine Fever

WATCH: Ministry of Agriculture and FAO organization on Monday hold the first national consultative workshop on the development of African Swine Fever preparedness and response plan in Phnom Penh. KT/Pech Sotheary

Posted by Khmer Times on Sunday, 7 April 2019

Posted by Khmer Times on Sunday, 7 April 2019

Share and Like this post

Related Posts

Previous Article

ព្យុះបីខេត្ដ សម្លាប់ស្រ្ដីម្នាក់

Next Article

កម្ពុជា​ ​ទូរស័ព្ទ​ ​ច្រើនជាង​ ​ប្រជាជន