ក្រសួងបរិស្ថាន​​ និង​ USAID ​ចាប់​ផ្តើម​អនុវត្ត​គម្រោង​ព្រៃឡង់​បៃតង ដែល​មាន​ទឹក​ប្រាក់​ជាង​ ២១​លានដុល្លារ

ប៉ិច​ សុធារី / Khmer Times No Comments Share:
Prey-Lang-Greening-project
មន្ត្រី​ក្រសួង​បរិស្ថាន និង​អង្គការ​ពាក់ព័ន្ធ​ចូលរួម​ក្នុង​ពិធី​ប្រកាស​កាលពី​ព្រឹកមិញ។ ជរ សុគន្ធា

ភ្នំពេញ៖ ក្រសួងបរិស្ថាន​​ និង​ភ្នាក់ងារ​សហ​រដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍអន្តរ​ជាតិ (USAID) នៅថ្ងៃនេះ បា​ន​ប្រកាសជា​​ផ្លូវ​ការ​​​​ចាប់​ផ្តើម​​​​អនុវត្ត​គម្រោង​ព្រៃឡង់​បៃ​តង ​ដែលមាន​ទឹកប្រាក់​ជាង​២១លានដុល្លារ​ សម្រាប់​ការ​អភិ​រក្ស​ធនធាន​ធម្មជាតិ និង​ដោះស្រាយ​បញ្ហាប្រឈម​ដែលកើត​មាន​នៅតំបន់​ព្រៃ​ឡង់ រួម​និង​លើកកម្ពស់​ជីវភាព​សហ​​គមន៍​ប្រកប​ដោយ​​ចិរភាព។​

ក្នុង​ពិធីប្រកាសចាប់​ផ្តើម​គម្រោង​ USAID ព្រៃ​​ឡង់បៃ​តង​​ នៅ​រាជធានី​ភ្នំពេញ លោក សៅ​​ សុភាព រដ្ឋលេខាធិការ​ក្រ​សួង​បរិស្ថាន បាន​ថ្លែង​ថា​ គម្រោង​ដែលមាន​រយៈ​​ពេល​​​៥​ឆ្នាំ​នេះ គិតចាប់​ពីខែ​សីហា​ ឆ្នាំ​២០១៨ដល់​ឆ្នាំ​២០២៣​នេះ នឹង​ផ្តោត​សំខាន់ទៅ​លើការ​ដោះស្រាយ​បញ្ហា​សំខាន់​ពាក់ព័ន្ធនឹងអភិបាល​កិច្ច ឬ​​ការ​គ្រប់គ្រ​ងតំបន់ការពារ​​ធម្មជាតិ​ និង​តំបន់​ទេស​ភាពនៅតំបន់​​ព្រៃ​ឡង់​​ដែលក្រប​ដណ្តប់​​ក្នុង​ខេត្តស្ទឹង​ត្រែង ព្រះវិហារ ក្រចេះ និង​កំពង់​ធំ។

លោកថា៖ «ការ​ងារ​ធំ គឺពង្រឹង​ការការពារ និង​អភិរក្ស តាមរយៈ​ការពង្រឹង​ការងារ​ល្បាត​របស់​មន្ត្រី​ឧទ្យានុរក្ស​ ការងារ​អនុវត្តច្បាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​បទ​ល្មើស​ ក៏ដូចជាការ​ងារ​​កសាង​សមត្ថកិច្ច​ភាព​របស់​​មន្ត្រីជំនាញ​ពាក់ព័ន្ធ​ទាំងអស់​នៅ​​ក្នុង​​ខេត្ត​​ទាំង​បួន​ហ្នឹង​»។

. .

លោក​សៅ សុភាព ​បន្តថា ​គម្រោង​នេះក៏​នឹង​គិត​គូរ​ពី​ការ​លើកម្ពស់​ជីវ​ភាព​សហគមន៍​ឲ្យ​មាន​ភាពល្អ​ប្រសើរ ពង្រឹង​សមត្ថ​​ភាព​​សហ​គមន៍​ក្នុងការ​ចូលរួម​ការពារ​និងអភិរក្ស​ធនធាន​ធម្មជាតិ​ កសាង​​ហេដ្ឋា​រចនាសម្ព័ន្ធ​និងបំពាក់នូវ​សម្ភារៈ​​មួយចំនួនដែល​ខ្វះ​ខាត​ក្នុង​ការ​អភិរក្ស​ និង​​ជួយ​រៀបចំ​ផែនការ​សកម្មភាពគ្រប់​គ្រ​ងតំបន់ព្រៃឡង់​និង​តំបន់​ការ​ពារ​ធម្ម​ជាតិ​​មួយ​ចំនួន​ទៀត​​​ដែល​​ក្បែរ​នឹង​ព្រៃ​ឡង់​ផង​ដែរ។

លោក​ថា៖ «ហើយ​អ្វី​ដែលជាមហិច្ឆតា​មួយ​ទៀតក្នុងការ​អនុវត្ត​គម្រោង​នេះ គឺ​យើង​​​ចង់​សាក​ល្បងអនុវត្ត​ការ​​ចុះ​បញ្ជី​ដីរដ្ឋ​នៅដែនជម្រក​សត្វ​ព្រៃព្រៃឡង់ ​ហើយ​អាច​ចុះ​បញ្ជី​ដីរដ្ឋ​នៅ​តំបន់​​ការ​​ពារ​ធម្ម​ជាតិ​នៅជុំវិញ​តំបន់ព្រៃ​ឡង់នេះ​ដែរ»។

លោក​សៅ សុភាព រំពឹង​ថា តាម​រយៈការ​អនុវត្ត​គម្រោងនេះ ក៏​នឹងបន្ត​​​ជួយ​កាត់​បន្ថយ​បទល្មើស​ព្រៃឈើ សត្វព្រៃ និង​ការ​រុក​រាន​ដីតំបន់​ការពារធ្វើ​ជា​កម្ម​សិទ្ធិពី​សំណាក់ជន​ខិល​ខូច​​​ ឲ្យកាន់​តែមាន​ប្រសិទ្ធិភាព​ផង​ដែរ ខណៈដែល​រាជ​រដ្ឋាភិ​បាល​បច្ចុប្បន្ន បាន​និងកំពុង​ខិតខំ​​ទប់ស្កាត់​បទល្មើស​ទាំងនោះ​។

លោកស្រី Veena  Reddy នាយិកា​បេសកកម្ម​នៃ​ទីភ្នាក់​ងារ​សហ​រដ្ឋ​​​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរ​ជាតិ​ប្រចាំនៅ​កម្ពុជា បាន​ថ្លែង​កោត​សរសើរ​ចំពោះ​រាជ​​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ប្តេជ្ញា​ចិត្តចំពោះ​ការ​កាត់បន្ថយ​បទល្មើស​ព្រៃ​ឈើ​និង​សត្វព្រៃ និងការ​ទន្រ្ទាន​ដី​ខុស​ច្បាប់។

លោកស្រី​បន្តថា គម្រោង​USAID ព្រៃ​ឡង់់់បៃ​តង​នេះ នឹង​ជួយផ្តល់​នូវ​ដំ​ណោះ​​​ស្រាយ​មួយចំនួន​​របស់​សហគមន៍​នៅ​ក្នុងនិង​ជុំវិញ​តំបន់​ព្រៃ​ឡង់ ​​ដែល​ត្រូវការ​​ឱកាស​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព និង​ពង្រឹង​សមត្ថភាព​បន្ថែម​សម្រាប់​ការពង្រឹង​ការអនុវត្ត​ច្បាប់​ក្នុងតំបន់​ការពារ រាប់​ទាំងការ​កំណត់​ព្រំដែន​ឲ្យ​បាន​​ច្បាស់​ និងការបង្កើន​ធន​ធាន​សម្រាប់ស​ហគមន៍​​និង​ក្រសួង​បរិស្ថាន​ក្នុង​ការល្បាត។​

. .

លោកស្រីថា៖ «ខ្ញុំ​មាន​ជំនឿថា បើ​យើង​រួមគ្នា​ យើង​អាច​​ថែរក្សា​មូល​ដ្ឋាន​​ធន​ធាន​ធម្មជាតិ​ដ៏វិសេស​វិសាល​របស់​កម្ពុជា ដែល​កំពុង​រង​ការ​គំរាម​កំហែង​​នេះ​បាន និង​ជួយ​កែ​លម្អ​ជីវភាព​របស់​មនុស្សជំនាន់ក្រោយ​ឲ្យរឹត​តែប្រ​​សើរ​ឡើង»។

តំណាងបណ្តាញសហគមន៍​ព្រៃ​ឡង់​ខេត្តកំពង់​ធំ លោក​ហឿន សុភាព បានកត់​សម្គាល់​ថា បទ​ល្មើសធន​ធាន​ធម្ម​ជាតិ​នៅ​តំបន់ព្រៃ​ឡង់​ ហាក់មិនមានការថមថយ​ឡើយ​ បើទោះជា​​មានកិច្ចខិត​​ខំប្រឹង​​ប្រែង​របស់​ក្រសួងបរិស្ថាន​ក្នុងការ​​​ការ​ពារ និង​​ទប់​ស្កាត់​ក៏ដោយ។

តែ​យ៉ាងណា លោក​រំពឹងថា ការ​អនុវត្ត​គម្រោង​ព្រៃ​ឡង់​បៃ​តង និង​គម្រោង​ផ្សេងៗមួយ​ចំនួន​ទៀត​​​ នឹង​អាច​ជួយបង្កើន​លទ្ធ​​ភាព​ក្នុងការ​ទប់ស្កាត់បទ​ល្មើសទាំងនោះ​ និង​អាច​ថែរក្សា​ព្រៃ​ឈើដែលនៅសេសសល់​ក្នុងតំបន់​នេះ​ឲ្យ​មាន​និរន្ត​រ​ភាពនៅ​ពេលអនាគត​។ ​

លោកថា៖ «ខ្ញុំសង្ឃឹមថាការអនុវត្ត​គម្រោងនេះ​នឹង​ធ្វើឲ្យការគ្រប់​គ្រង​ធន​ធាន​ធម្មជាតិនៅតំបន់​ព្រៃឡង់​​​មាន​ប្រសិទ្ធិ​ភាព​ជាង​មុន​»។

បើតាម​មន្ត្រី​ក្រសួង​បរិស្ថាន ​តំបន់​ទេស​ភាព​ព្រៃឡង់ និង​តំបន់​ការ​ពារ​ជុំវិញ​តំបន់​ព្រៃ​ឡង់​លាតសន្ទឹង​លើ​ផ្ទៃ​ដី​ជាង​១លាន​​​៤​សែន​ហិកតា ​ក្នុង​នោះមាន​​ដែនជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់​​ជាង​៤៣​ម៉ឺន​ហិកតា នៅ​ខេត្ត​ព្រះវិហារ ស្ទឹង​​​ត្រែង​ ក្រចេះ និងកំពង់ធំ។

. .

ចំណែក សេចក្តីប្រកាស​ព័ត៌មាន​​របស់​USAID ព្រៃឡង់​បៃ​តង បាន​ឲ្យដឹងថា ព្រៃ​ឡង់​ គឺជា​ព្រៃ​ស្រោង​​​វាល​ទំនាប​ដែលនៅសេស​សល់ចុង​ក្រោយ​របស់​តំបន់​អាស៊ី​អាគ្នេហ៍ និង​ជា​ជម្រក​សម្រាប់​ប្រជា​ជន​ជាង​មួយលាន​នាក់ រុក្ខជាតិ និង​សត្វ​ដែល​រង​​​ការគំរាម​កំហែង​ជាង ៤០​ប្រភេទ។

ទោះបីជាព្រៃ​ឡង់​មាន​តួនាទីសំខាន់​​​ក្នុងការ​ប្រយុទ្ធ​​នឹង​ការ​ប្រែ​ប្រួល​​អាកាស​ធាតុ ជួយ​សម្រួល​ដល់​ការ​គ្រប់គ្រង​ទឹក និង​ផ្តល់​ធនធាន​សំខាន់​ៗដល់​ប្រជាជន​​កម្ពុជា​​ក៏​ដោយ ប៉ុន្តែ​តំបន់​នេះ​ កំពុង​ស្ថិត​នៅក្រោម​ការ​គំរាម​កំហែង​ពីការកាប់ឈើ​ខុស​ច្បាប់ ការ​បរ​បាញ់​និង​ការ​ជួញ​ដូរ​សត្វ​ព្រៃ ការ​ដណ្តើម​​ដីធ្លី និង​រង​ផល​ប៉ះពាល់​ពីឥទ្ធិ​ពល​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ៕

. .
Share and Like this post

Related Posts

Previous Article

ដើម្បីសោភ័ណ្ឌភាព ១៤ ថ្ងៃត្រូវតែបកស្ទីកឃ័រចេញ

Next Article

ក្រសួង​និយាយ​ថា​ ​កម្ពុជា​នឹង​នាំចេញ​ប្រេង​នៅ​ចុងឆ្នាំ​នេះ​

Leave a Reply

Your email address will not be published. Required fields are marked *