កាលពីម្សិលមិញតុលាការក្រុងភ្នំពេញបានចោទប្រកាន់បុរសម្នាក់ពីបទផ្សាយព័ត៌មានមិនពិត ពីថ្នាក់ដឹកនាំរដ្ឋាភិបាលនៅលើគណនី YouTube របស់គាត់ ឈ្មោះ”Daily Hot News” ដើម្បីទាក់ទាញឲ្យមានអ្នកចូលទស្សនាច្រើន ហើយនឹងទទួលបានប្រាក់ចំណូលពីក្រុមហ៊ុន Google Inc.
ឯកសារមួយរបស់តុលាការបានកំណត់អត្តសញ្ញាណជនជាប់ចោទថា ឈ្មោះ វឿន គឹមលន់ អាយុ ២៤ ឆ្នាំជាកសិករម្នាក់រស់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក គឹមលន់ ត្រូវបានគេចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ពីរឆ្នាំ និងពិន័យជាប្រាក់ចន្លោះពី ២៥០ ដុល្លារ ១,000 ដុល្លារ ប្រសិនបើត្រូវបានផ្តន្ទាទោស។
លោកគឹមលន់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍នៅខេត្តបន្ទាយមានជ័យ ដោយនគរបាលប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ពីក្រសួងមហាផ្ទៃសហការជាមួយនគរបាលសន្តិសុខផ្ទៃក្នុងខេត្ត។ បច្ចុប្បន្ន លោក គឹមលន់ កំពុងស្ថិតនៅក្នុងពន្ធនាគាររង់ចាំការជំនុំជម្រះ។
លោក លី ណារិន មន្ត្រីប៉ូលិសនៃនាយកដ្ឋានប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតបាននិយាយកាលពីថ្ងៃចន្ទថា យោងតាមការស៊ើបអង្កេត ជនជាប់ចោទកាលពីខែមីនាឆ្នាំមុន គាត់បានចាប់ផ្តើមប្រើគណនី YouTube ដែលមានឈ្មោះថា ”Daily Hot News” ផ្សព្វផ្សាយវីដេអូទាក់ទាញអ្នកទស្សនាដើម្បីរកប្រាក់ចំណូល។
លោក គឹមលន់ បានផលិត និងចាក់ផ្សាយព័ត៌មានមិនពិតពី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ដោយបានផ្សព្វផ្សាយថា នាយករដ្ឋមន្ត្រីស្លាប់ដោយសារជំងឺ ឬគ្រោះថ្នាក់ និងមានការចរចាររវាងអតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី និង លោក ស ខេង ជាដើម។
លោក ណារិន បាននិយាយថា ”គាត់បានផ្សព្វផ្សាយព័ត៌មានមិនពិត ពីទំនាស់រវាងមេដឹកនាំប្រទេសរបស់យើងនៅលើគណនី YouTube របស់គាត់គោលបំណងស្វែងរកអ្នកទស្សនា និងចែករំលែកពីមួយទៅមួយ ដើម្បីទទួលបានប្រាក់ចំណូលបន្ថែមពីក្រុមហ៊ុន Google ។ ព័ត៌មានមិនពិតដែលលោកបានចាក់ផ្សាយ បានបង្កឱ្យមានចលាចល អស្ថិរភាព និងអសន្តិសុខក្នុងប្រទេស។
លោក ណារិន បានកត់សម្គាល់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងជាច្រើនពីអ្នកទស្សនា ប៉ូលីសនៃនាយកដ្ឋានប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតរបស់ក្រសួងមហាផ្ទៃ បានធ្វើការស៊ើបអង្កេតរកឃើញអ្នកនៅពីក្រោយព័ត៌មានមិនពិតនេះ។
គាត់បាននិយាយថា ប៉ូលីសបានតាមដាន លោក គឹមលន់ ហើយបានចាប់ខ្លួនគាត់កាលពីថ្ងៃព្រហស្បតិ៍នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រួចបញ្ជូនទៅរាជធានីភ្នំពេញដើម្បីសាកសួរ។
លោកបានបន្ថែមថាក្នុងអំឡុងពេលសួរចម្លើយ លោក គីមលន់ បានសារភាពថាពិតជាបានប្រព្រឹត្តបទល្មើសនេះមែន ដោយនិយាយថាលោកបានក្លែងបន្លំព័ត៌មានអំពីមេដឹកនាំរបស់ប្រទេសនេះ ពីព្រោះលោកចង់ទាក់ទាញអ្នកទស្សនាច្រើនពី YouTube ដើម្បីទទួលបានប្រាក់ចំណេញពីក្រុមហ៊ុន Google Inc.៕
ចាប់ខ្លួនម្ចាស់ឆានែល Daily Hot News ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត

ជនជាប់ចោទ វឿន គឹមលន់ ម្ចាស់គណនី Daily Hot News ចាប់ខ្លួនពីបទផ្សព្វផ្សាយព័ត៌មានមិនពិត។ រូបថត សហការី
Share and Like this post