​ក្រសួង​បរិស្ថាន​៖ ​សូមចូលរួម​ការពារ​ភពផែន​ដី​តាម​រយៈ​ សន្សំ​សំចៃ​ការប្រើ​ប្រាស់​ចរន្ត​អគ្គិសនី​

​ប៉ិច​ សុធារី / Khmer Times No Comments Share:
Participants light candles
ក្រសួង​បរិស្ថាន​ ​និង​អង្គការ​ ​WWF​ ​ប្រារព្ធ​ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែន​ដី​ ​ឆ្នាំ២០១៩​ ​ក្រោម​ប្រធានបទ​ ​«​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​ផែនដី​»​ ​នៅ​ផ្សារ​អ៊ីអន២​ ​រាជធានី​ភ្នំពេញ​។​ រូបថត​ ​សហការី​

ភ្នំពេញ​៖​ ​ក្រសួងបរិស្ថាន​ ​និង​អង្គការ​មូលនិធិ​សកល​ដើម្បី​អភិរក្ស​ធនធាន​ធម្មជាតិ​(​WWF​)​ ​បាន​អំពាវនាវ​ដល់​សាធារណជន​ ​ចូលរួម​ការពារ​ភពផែន​ដី​ ​តាមរយៈ​សន្សំសំចៃ​ការប្រើ​ប្រាស់​ចរន្ត​អគ្គិសនី​ ​ទឹក​ ​ការ​ថែរក្សា​បរិស្ថាន​ ​និង​ការ​ដាំ​ដើមឈើ​ ​ព្រមទាំង​ត្រូវ​បញ្ឈប់​សកម្មភាព​បរបាញ់​សត្វព្រៃ​ដោយ​ខុសច្បាប់​។​

​ការ​អំពាវនាវ​នេះ​ ​បាន​ធ្វើឡើង​នៅក្នុង​ការ​ប្រារព្ធ​ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែន​ដី​ ​ឆ្នាំ២០១៩​ ​ក្រោម​ប្រធានបទ​ ​«​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​ផែនដី​»​ ​នៅ​ផ្សារ​អ៊ី​អន២​ ​រាជធានី​ភ្នំពេញ​ ​កាលពី​ល្ងាច​ថ្ងៃសៅរ៍​ ​និង​ស្រប​ពេល​ដែល​កម្ពុជា​បាន​និង​កំពុង​ទទួលរង​ឥទ្ធិពល​បាតុភូត​ ​El​ ​Nino​ ​ដែល​ធ្វើឲ្យ​ស្ថានភាព​អាកាសធាតុ​ក្តៅ​ហួតហែង​ខ្លាំង​។​

​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​និង​ជា​អ្នកនាំពាក្យ​ ​លោក​ ​នេត្រ​ ​ភក្ត្រា​ ​បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា​ ​ការ​ប្រារព្ធ​ទិវា​នេះ​ ​ធ្វើឡើង​ក្នុង​គោលបំណង​បំផុស​ចលនាមហាជន​ឲ្យ​ចូលរួម​ទទួលខុសត្រូវ​លើ​ការប្រើ​ប្រាស់​ថាមពល​ប្រកបដោយ​និរន្តរភាព​ ​ដើម្បី​ធ្វើឲ្យ​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ ​និង​ជួយសង្គ្រោះ​ភពផែន​ដី​របស់​យើង​ទាំងអស់គ្នា​ពី​ការ​កើនឡើង​កម្តៅ​ ​តាមរយៈ​ការប្រើ​ប្រាស់​ថាមពល​កកើត​ឡើងវិញ​ ​និង​ការប្រើ​ប្រាស់​ថាមពល​ដោយ​វ័យ​ឆ្លាត​ជាដើម​។​ ​

​លោក​បន្ត​ថា​ ​បច្ចុប្បន្ន​ ​ប្រទេស​នានា​ទូទាំង​ពិភពលោក​ ​រួម​និង​កម្ពុជា​ ​កំពុង​ប្រឈម​នឹង​បញ្ហា​បរិស្ថាន​ចម្បង​ៗ​ ​រួមមាន​ ​ការ​កើនឡើង​កម្តៅ​នៃ​ភពផែន​ដី​ ​បញ្ហា​គ្រោះ​រាំងស្ងួត​និង​ទឹកជំនន់​ ​ការបាត់បង់​ព្រៃឈើ​និង​ជីវចម្រុះ​ ​កង្វះ​ទឹក​ស្អាត​និង​ថាមពល​ ​បញ្ហា​ជំងឺឆ្លង​និង​សន្តិសុខ​ស្បៀង​ ​បញ្ហា​សំណល់រឹង​រាវ​សំរាម​ ​ក៏ដូចជា​សារធាតុ​គ្រោះថ្នាក់​ជាច្រើន​ទៀត​ ​ដែល​បញ្ហា​ទាំងនេះ​ ​បាន​ជះឥទ្ធិពល​ជា​អវិជ្ជមាន​ដល់​ជីវភាពរស់នៅ​ ​និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ ​អនាម័យ​បរិស្ថាន​ ​និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​ផង​ដែរ​។​

​លោក​ថា​៖​ ​«​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ខាងលើ​ ​និង​ដើម្បី​ស្តារ​ឡើងវិញ​នូវ​ការខូចខាត​បរិស្ថាន​ ​មានតែ​យើង​ទាំងអស់គ្នា​ត្រូវតែ​យកចិត្ត​ទុកដាក់​ថែរក្សា​បរិស្ថាន​ភពផែន​ដី​របស់​យើង​ ​ដោយ​ចាប់ផ្តើម​ពី​បុគ្គល​ម្នា​ក់ៗ​ ​ភូមិ​និ​មួយ​ៗ​ ​ឃុំ​និ​មួយ​ៗ​ ​ស្រុក​និ​មួយ​ៗ​ ​រហូតដល់​ប្រទេស​និ​មួយ​ៗ​លើស​កល​លោក​ ​ធ្វើ​យ៉ាងណា​លើកកម្ពស់​កិច្ច​គាំពារ​បរិស្ថាន​ ​ការ​ការពារ​ធនធាន​ធម្មជាតិ​ ​ការ​អភិរក្ស​ជីវចម្រុះ​ ​សំដៅ​ធានា​ឲ្យបាន​នូវ​ការរស់នៅ​ប្រកបដោយ​ចិរភាព​»​។​

​លោក​នេត្រ​ ​ភក្ត្រា​ ​បាន​បន្ថែម​ថា​៖​ ​«​ហេតុដូច្នេះ​យើង​ទាំងអស់គ្នា​ ​ត្រូវ​ចូលរួម​ការពារ​ភពផែន​ដី​របស់​យើង​តាមរយៈ​ការ​សន្សំសំចៃ​ការប្រើ​ប្រាស់​ទឹក​ ​ការប្រើ​ប្រាស់​ចរន្ត​អគ្គិសនី​ ​ចូលរួម​ដាំ​ដើមឈើ​ ​និង​កាត់បន្ថយ​សំណល់រឹង​រាវ​ ​សំរាម​ ​កាត់បន្ថយ​ការ​ដុត​ប្រេង​ឥទ្ទ​នៈ​ផូស៊ីល​និង​សម្ភារៈ​ប្រើប្រាស់​ចរន្ត​អគ្គិសនី​នៅពេល​ដែល​អ្នក​ចាកចេញ​ពី​ការិយាល័យ​ ​ឬ​ពី​ផ្ទះ​របស់​លោកអ្នក​ ​ព្រមទាំង​ប្រើប្រាស់​សម្ភារៈ​ដែល​ស៊ីភ្លើង​តិច​ ​និង​រស់នៅ​ក្រោម​ប្រតិបត្តិ​បរិស្ថាន​ល្អ​»​។​ ​

​នាយក​ប្រតិបត្តិ​អង្គការ​ ​WWF​ ​លោក​សេង​ ​ទៀក​ ​បាន​ថ្លែង​ថា​ ​ប្រទេស​កម្ពុជា​ ​សម្បូរទៅដោយ​ធនធាន​ធម្មជាតិ​ ​និង​សត្វព្រៃ​ដ៏​កម្រ​ជាច្រើន​ប្រភេទ​ ​ប៉ុន្តែ​សត្វព្រៃ​សំ​ខាន់​ៗ​មួយចំនួន​បាន​ផុតពូជ​ ​ឬមិន​អាច​បន្ត​ពូជ​បាន​នៅក្នុង​ព្រៃ​កម្ពុជា​ ​ខណៈ​ដែល​សត្វព្រៃ​មួយចំនួន​ទៀត​ ​កំពុង​រង​នូវ​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ ​នឹងអាច​ឈាន​ទៅ​ការបាត់បង់​ពូជ​ផង​ដែរ​។​ ​ករណីនេះ​ ​លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ការពារ​សត្វព្រៃ​ ​និង​ព្រៃឈើ​ ​ជាពិសេស​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ដាក់អន្ទាក់​ ​ការ​បំពុល​ ​ការ​បរបាញ់​ ​ការទិញ​លក់​ ​និង​ការ​បរិភោគ​សត្វព្រៃ​ជា​អាហារ​។​

​លោក​បន្ត​ថា​៖​ ​«​សូមឲ្យ​ក្រសួង​មានសមត្ថកិច្ច​ ​និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ ​មេត្តា​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យបាន​តឹង​រឹង​ ​និង​បន្ថែម​ការ​ដាក់​ពិន័យ​និង​ដាក់ទណ្ឌកម្ម​ឲ្យបាន​ធ្ងន់ធ្ងរ​បំផុត​ ​ដល់​ជនល្មើស​ដែល​បាន​សម្លាប់​ ​និង​ជួញដូរ​សត្វព្រៃ​គ្រប់​ប្រភេទ​»​។​

​ស្រប​ពេល​ដែល​កម្ពុជា​ ​កំពុង​ជួបប្រទះ​គ្រោះ​រាំងស្ងួត​ ​និង​ការ​ដាច់​ចរន្ត​អគ្គិសនី​ជា​ញឹកញាប់​ក្នុងរយៈពេល​ជាង​កន្លះ​ខែ​មកនេះ​ ​ហើយ​អាច​នឹង​បន្ត​ក្នុងរយៈ​ពីរ​ខែ​ទៀត​នោះ​ ​លោក​សេង​ ​ទៀក​ ​ក៏បាន​ស្នើ​ដល់​កម្ពុជា​គួរ​ពិចារណា​លើ​ការប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ចេញពី​ព្រះអាទិត្យ​ ​ឬ​សូ​ឡា​។​

​លោក​ហ៊ុយ​ ​វុទ្ធី​ ​តំណាង​ក្រុមហ៊ុនស្រា​បៀរ​ ​Tiger​ ​ដែល​បាន​ចូលរួម​ឧប​ត្ត​ម្ភ​ក្នុង​ការ​ប្រារព្ធ​ទិវា​នេះ​ ​ក៏បាន​រំពឹង​ថា​ ​យុវជន​ ​និង​ប្រជាពលរដ្ឋ​ទាំងអស់​ ​នឹង​បន្ត​ចូលរួម​គាំពារ​ ​និង​ការពារ​បរិស្ថាន​ ​និង​ធនធាន​ធម្មជាតិ​ ​សម្រាប់​មនុស្ស​ជំនាន់​នេះ​ ​និង​បន្ត​ដល់​មនុស្ស​ជំនាន់​ក្រោយ​។​ ​លោក​ថា​៖​ ​«​បញ្ហា​បរិស្ថាន​ ​គឺជា​បញ្ហា​របស់​យើង​ទាំងអស់គ្នា​ ​ធនធាន​ធម្មជាតិ​ ​គឺជា​ធនធាន​របស់​យើង​ទាំងអស់គ្នា​ ​ដូច្នេះ​យើង​អស់​គ្នា​មាន​តួនាទី​ក្នុង​ការចូលរួម​ចំណែក​ក្នុង​ការ​ការពារ​ ​និង​ថែរក្សា​ធនធាន​ធម្មជាតិ​ ​ក៏ដូចជា​ភពផែន​ដី​របស់​យើង​ជាមួយគ្នា​»​។​

​គួរ​បញ្ជាក់​ថា​ ​ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែន​ដី​ ​ត្រូវ​បាន​ចាប់ផ្តើម​ប្រារព្ធ​លើកដំបូង​នៅ​ឆ្នាំ២០១៦​ ​ដោយ​ក្រសួង​បរិស្ថាន​ ​សហការ​ជាមួយ​អង្គការ WWF​ ​ហើយ​សម្រាប់​ឆ្នាំ២០១៩នេះ​គឺជា​លើក​ទី៤ហើយ​នៃ​ការ​ប្រារព្ធ​ទិវា​នេះ​៕​

Share and Like this post

Related Posts

Previous Article

បុរសបីនាក់លួច ២៦ព្រះពុទ្ធរូបពីវត្ដព្រែកហូរ

Next Article

ចៅក្រម៖ កញ្ញា យិន ឃុនម៉ី អាចជាប់ពន្ធធនាគារពី ១ឆ្នាំដល់ ៣ឆ្នាំ