ស្ថិរភាព​ប្រាក់​រៀល​គឺជា​គ្រឹះ​គាំទ្រ​កំណើន​ ​និង​រក្សា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​

Sangeetha Amarthalingam / Khmer Times No Comments Share:
national-bank-of-cambodia-hq

ដើម្បី​រក្សា​ស្ថិរភាព​ថ្លៃ​នៃ​ប្រាក់​រៀល​នៅ​លើ​ទីផ្សារ​ ​ធនាគារជាតិនៃកម្ពុជា​បាន​បន្ត​អនុវត្ត​គោលនយោបាយ​អត្រា​ប្តូរ​ប្រាក់​ ​ប្រកបដោយ​ភាព​ទន់ភ្លន់​ ​និង​ប្រុងប្រយ័ត្ន​ ​ស្របតាម​តម្រូវការ​ទីផ្សារ​និង​ស្ថានភាព​សេដ្ឋកិច្ច​។​

ការអនុវត្ត​គោលនយោបាយ​អត្រា​ប្តូរ​ប្រាក់​ ​ដើរតួ​នាទី​យ៉ាង​សំខាន់​ ​ដើម្បី​គាំទ្រ​កំណើន​ ​និង​ ​រក្សា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ឲ្យបាន​រឹងមាំ​ ​ប្រកបដោយ​ចីរភាព​ ​និង​ ​បរិយាប័ន្ន។

​លោកជំទាវ​ ​ជា​ ​សិរី​ ​អគ្គនាយក​ ​បច្ចេកទេស​ ​នៃ​ធនាគារជាតិនៃកម្ពុជា​ ​និង​ ​ជា​អ្នកដឹកនាំ​វ័យក្មេង​ពិភពលោក​ ​(​Young​ ​Global​ ​Leaders​)​ ​របស់​កម្ពុជា​មួយ​រូប​ក្នុងចំណោម​ឥស្សរជន​ ​១២៧​ ​រូប​លើ​ពិភពលោក​ ​មានប្រសាសន៍​ថា​ធនាគារជាតិ​បាន​ដាក់ចេញ​នូវ​យន្តការ​និង​គោលនយោបាយ​នានា​ ​ដើម្បី​រក្សា​បាន​នូវ​ស្ថិរភាព​ថ្លៃ​នៃ​ប្រាក់​រៀល​ក្នុង​នោះ​ធនាគារជាតិនៃកម្ពុជា​កំពុង​អនុវត្ត​ ​របប​អត្រា​ប្តូរ​ប្រាក់​អណ្តែត​មានការ​គ្រប់គ្រង​ ​និង​ផ្អែកលើ​មូលដ្ឋាន​ម៉ាក្រូ​សេដ្ឋ​​កិច្ច​។​ ​លោកជំទាវ​បញ្ជាក់​ថា​ ​ធនាគារជាតិនៃកម្ពុជា​ ​អាច​ធ្វើ​ ​អន្តរាគមន៍​តាម​ការចាំបាច់​ ​បើសិនជា​ព្រឹត្តិ​ការណ៍​ប្រែ​ប្រួល​ផ្សេង​ៗ​ណាមួយ​ ​ទាក់ទង​នឹង​កត្តា​ចិត្ត​សាស្រ្ត​ដែល​អាច​ធ្វើឲ្យ​ថ្លៃ​ប្រាក់​រៀល​មិន​មាន​ស្ថិរភាព​ឬ​ធ្លាក់ចុះ​នៅ​លើ​ទីផ្សារ​។​

លោកជំទាវ​ ​បាន​ពន្យល់​ថា​៖​ ​«​យើង​ធ្វើអន្តរាគមន៍​នៅពេល​យើង​ឃើញ​ចលនា​ណាមួយ​ជា​លទ្ធផល​នៃ​កត្តា​ចិត្តសាស្ត្រ​ជាជាង​កត្តា​ម៉ាក្រូ​សេដ្ឋកិច្ច​។​ ​ឧទាហរណ៍​មានការ​ព្រួយបារម្ភ​នៅក្នុង​ប្រទេស​អំពី​លទ្ធផល​នៃ​ការបោះឆ្នោត​សកល​ឆ្នាំ២០១៣​ ​ដែល​បណ្តាល​ឱ្យ​ប្រជាជន​ប្តូរ​ប្រាក់​រៀល​របស់​ពួកគាត់​ទៅជា​ប្រាក់​ដុល្លារ​ ​ដែល​បាន​ធ្វើ​ឱ្យប្រាក់​រៀល​ធ្លាក់​ថ្លៃ​។​ ​យើង​ដឹង​ថា​វា​មិនមែន​ដោយសារតែ​មូលដ្ឋាន​គ្រឹះ​នៃ​ម៉ាក្រូ​សេដ្ឋកិច្ច​នោះ​ទេ​ប៉ុន្តែ​វា​គឺជា​កត្តា​ចិត្តសាស្ត្រ​ដូច្នេះ​យើង​ត្រូវ​ធ្វើអន្តរាគមន៍​ ​ដើម្បី​ឱ្យ​វា​ត្រលប់​ទៅ​ធម្មតា​វិញ​។

​លោក​ ​ជំទាវ​កណ្តាល​តែងតែ​តាមដាន​ជាប្រចាំ​ទៅលើ​ទំនោរទី​ផ្សារ​ ​ដោយ​ការ​ចាក់​បញ្ចូល​ប្រាក់​រៀល​ទៅ​ក្នុង​ទីផ្សារ​ឬ​ការទិញ​ដុល្លារ​អាមេរិក​ពី​ក្នុង​ទីផ្សារ​ដើម្បី​ធានា​ស្ថិរភាព​ថ្លៃ​ប្រាក់​រៀល​។​ ​ដោយឡែក​ចាប់តាំងពី​ឆ្នាំ​ ​២០១២ មក​ ​ធនាគារជាតិនៃកម្ពុជា​ ​បាន​ចូលរួម​កាន់តែ​ច្រើន​ក្នុង​ការទិញ​ដុល្លារ​ជាជាង​ការ​លក់​ដែល​បង្ហាញថា​មានការ​កើនឡើង​នូវ​តម្រូវការ​រូបិយវត្ថុ​ក្នុង​ស្រុក​។

​លោកជំទាវ​ ​បាន​មានប្រសាសន៍​ថា​ ​៖​«​អត្រា​ប្តូរ​ប្រាក់​មាន​ស្ថេរ​ភាព​ ​ក្នុងរយៈពេល២០​ ​ឆ្នាំ​ចុងក្រោយ​នេះ​ ​ជាមួយនឹង​អតិផរណា​ប្រមាណ​ជា​ ​៣​ ​ភាគរយ​ ​ដោយសារ​ ​កត្តា​សុខ​សន្តិភាព​ ​ស្ថិរភាព​នយោបាយ​ ​ការ​រីក​លូតលាស់​នៃ​សេដ្ឋកិច្ច​ ​និង​លំហូរ​ចូល​នៃ​វិនិយោគទុន​ពីក្រៅ​ប្រទេស​មក​កម្ពុជា​។​ដូច្នេះ​ ​ទាំងអស់​នេះ​ ​ដើរតួ​នាទី​សំខាន់​ក្នុង​ស្ថិរភាព​ប្រាក់​រៀល​»​។​

លោកជំទាវ​ ​អគ្គនាយក​បាន​ឲ្យដឹង​ទៀត​ថា​ ​ស្ថិរភាព​ថ្លៃ​នៃ​ប្រាក់​រៀល​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​ ​មិនមែន​កើតឡើង​ដោយចៃដន្យ​ ​ឬ​ការ​និម្មិត​នោះ​ទេ​ ​ប៉ុន្តែ​វា​ទាមទារ​ឲ្យ​មានការ​ចូលរួម​ ​និង​ ​អន្តរាគមន៍​ទៅលើ​ស្ថិរភាព​ថ្លៃ​នេះ​ ​ពីព្រោះ​ការប្រែប្រួល​ថ្លៃ​ប្រាក់​រៀល​ធៀប​នឹង​រូបិយប័ណ្ណ​បរទេស​ ​អាច​មានក​ត្តា​ជាច្រើន​ ​រួមមាន​ដូចជា​ ​កត្តា​ចិត្ត​សាស្រ្ត​ ​សង្គម​ ​និង​កត្តា​សេដ្ឋកិច្ច​។​

លោកជំទាវ​ក៏បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖​«​មានការ​លើកឡើង​មួយចំនួន​ថា​ ​ស្ថិរភាព​ប្រាក់​រៀល​នៅ​លើ​ទីផ្សារ​គឺជា​ការ​ជប់​ ​ឬ​ ​និម្មិត​ ​ប៉ុន្តែ​នោះ​ជា​ការ​ទាញ​យក​ប្រយោជន៍​ក្នុង​រូបភាព​ណាមួយ​ ​ហើយ​ការ​លើកឡើង​នោះ​មិន​សម​ហេតុផល​នោះ​ទេ​។​ ​ធនាគារជាតិនៃកម្ពុជា​បាន​ធ្វើការ​យ៉ាងសកម្ម​ក្នុង​ការ​រក្សា​នូវ​ស្ថិរភាព​ថ្លៃ​នៃ​ប្រាក់​រៀល​ ​ក្រោម​កិច្ច​អន្តរាគមន៍​ធ្វើឡើង​ជាប្រចាំ​តាម​ការចាំបាច់​។​ ​មួយវិញទៀត​ ​កម្ពុជា​ទទួល​បាន​លំ​ហូវិ​និ​យោគ​ផ្ទាល់​ពី​បរទេស​កាន់តែ​ច្រើនឡើង​ ​ធ្វើឲ្យ​កម្ពុជា​អាច​បង្គរ​ទុនបម្រុង​អន្តរជាតិ​កាន់តែ​ខ្ពស់​ដើម្បី​រក្សា​ស្ថិរភាព​ថ្លៃ​ប្រាក់​រៀល​នៅ​លើ​ទីផ្សារ​។​និយាយរួម​យើង​មាន​មនុស្ស​ធ្វើការ​លើ​រឿង​ហ្នឹង​ដើម្បី​រក្សា​ស្ថិរភាព​ថ្លៃ​ប្រាក់​រៀល​ប្រចាំថ្ងៃ​»​។​

លោកជំទាវ​ ​សិរី​ ​បាន​បន្ថែម​ថា​ ​យន្ត​ការ​ផ្សេង​ៗ​ទៀត​ក៏បាន​ដាក់ចេញ​ផង​ដែរ​ដូចជា​ ​កាលពី​បី​ឆ្នាំមុន​ធនាគារជាតិនៃកម្ពុជា​បាន​ចេញប្រកាស​តម្រូវឲ្យ​ធនាគារពាណិជ្ជ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​មាន​សំពៀត​ឥណទាន​ជា​ប្រាក់​រៀល​យ៉ាងហោចណាស់​ ​១០​ ​ភាគរយ​នៃ​ឥណទាន​សរុប​របស់​ដោយ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ទាំងអស់​ត្រូវ​អនុវត្ត​ឱ្យ​បាន​នៅ​ថ្ងៃទី​ ​៣១​ ​ខែធ្នូ​ ​ឆ្នាំ​ ​២០១៩ នេះ​។​

លោកជំទាវ​ ​ជា​ ​សិរី​ ​បាន​មានប្រសាសន៍​ទៀត​ថា​ ​រហូតមកដល់​ពេលនេះ​ ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​មាន​សំពៀត​ឥណទាន​ជា​ ​ប្រាក់​រៀល​ ​ប្រមាណ​ជា​ ​៦ ទៅ ៧ ភាគរយ​ ​ហើយ​រំពឹង​ថា​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​នឹង​សម្រេច​បាន​សំពៀត​ឥណទាន​ជា​ប្រាក់​រៀល​យ៉ាងតិច​ ​១០ភាគរយ​ ​នៅ​ត្រឹម​បំណាច់​ឆ្នាំ២០១៩ នេះ​។​

លោកជំទាវ​ ​បាន​លើកឡើង​ថា​ ​ដំបូង​ធនាគារ​មួយចំនួន​មានការ​ស្ទាក់ស្ទើរ​ជាមួយ​គោលដៅ​នេះ​សូម្បីតែ​បន្ទាប់ពី​មានការ​ព្រមាន​ ​ថា​ពួកគេ​គួរតែ​មាន​យ៉ាងហោចណាស់​ ​១០​ ​ភាគរយ​នៃ​ប្រាក់​រៀល​នៅក្នុង​សំពៀត​ឥណទាន​របស់​ពួកគេ​នៅ​ចុងឆ្នាំ​នេះ​។

​លោកជំទាវ​ ​បាន​បន្ថែម​ថា​៖​«​ធនាគារ​ខ្លះ​បាន​អនុវត្ត​តាម​ប្រកាស​នេះ​យ៉ាងសកម្ម​ ​ប៉ុន្ដែ​ធនាគារ​មួយចំនួន​បាន​បដិសេធ​ ​ហើយ​ ​តែងតែ​លើក​ហេតុផល​ជាច្រើន​ថា​ពួកគេ​មិន​អាច​ធ្វើ​វា​បានទេ​ទាំង​មិនទាន់​បាន​ព្យាយាម​អនុវត្ត​នៅឡើយ​។​ ​យើង​ដឹង​ថា​ជា​ធនាគារ​មួយ​ណា​ហើយ​យើង​នឹង​ធ្វើការ​ជាមួយ​គ្រឹះស្ថាន​ទាំងនោះ​ប៉ុន្តែ​យើង​មិនបាន​ផ្លាស់​ប្តូរ​ថ្ងៃកំណត់​»​។​ ​លោកជំទាវ​បន្ត​ថា​ ​ចំពោះ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ដែល​មិនទាន់​សម្រេច​បាន​ ​ធនាគារ​កណ្តាល​នឹង​ធ្វើការ​សហការ​ ​យ៉ាង​ជិត​ស្និត​ដើម្បីឲ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ទាំងនោះ​ ​សម្រេច​បាន​តាម​គោលដៅ​នេះ​។​

លោកជំទាវ​ ​បាន​មានប្រសាសន៍​ថា​នា​ពេលនេះ​ប្រាក់​រៀល​មាន​ប្រមាណ​ ​១០ ភាគរយ​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​ ​(​GDP​)​ ​។​

ដូច្នេះ​ការ​ផ្សព្វផ្សាយ​និង​តាមរយៈ​ប្រព័ន្ធ​ធនាគារ​យើង​កំពុង​លើកកម្ពស់​នូវ​មធ្យោបាយ​ដែល​មាន​ស័ក្​ក​សិទ្ធ​ភាព​ដើម្បី​ជំរុញ​ការប្រើ​ប្រាស់​ប្រាក់​រៀល​បន្ថែម​ទៀត​។​ ​ដោយឡែក​ ​ធនាគារជាតិនៃកម្ពុជា​បាន​និង​កំពុងធ្វើការ​ជាមួយ​វិស័យ​ឯកជន​ ​ដទៃទៀត​ដើម្បី​ពន្យល់​ពីអ​ត្ថ​ប្រយោជន៍​នៃ​ការប្រើ​ប្រាស់​ប្រាក់​រៀល​។

​លោកជំទាវ​ ​សិរី​ ​បាន​លើកឡើង​ទៀត​ថា​ ​វិស័យ​ឯកជន​មួយចំនួន​ ​ក៏ដូចជា​ប្រជាជន​កម្ពុជា​បាន​ផ្លាស់​ប្តូរ​ឥរិយាបទ​របស់​ខ្លួន​ ​លើ​ការប្រើ​ប្រាស់​លុយ​រៀល​កាន់តែ​ច្រើន​ក្នុងរយៈពេល ៥ឆ្នាំ​ចុងក្រោយ​នេះ​ ​ដោយក្រុម​ហ៊ុន​ ​អាជីវកម្ម​មួយចំនួន​បើកប្រាក់​បៀវត្សរ៍​ជា​ប្រាក់​រៀល​ដល់​បុគ្គលិក​ ​ហើយ​ថ្លៃ​ទំនិញ​មួយចំនួន​ត្រូវ​ដាក់​ស្លាក​ជា​លុយ​រៀល​ផង​ដែរ​នៅ​តាម​ផ្សារ​ទំនើប​ ​និង​ហាង​លក់​ទំ​និញ​ផ្សេង​ៗ​ទៀ​ត៕

Share and Like this post

Related Posts

Previous Article

Cambodia’s rich currency heritage

Next Article

Surging ahead with Riel