ក្រសួង​យុត្តិធម៌​ អង្គការ​ដៃគូរ ​សិក្សា​បង្កើត ​គោល​នយោបាយ​ថ្នាក់​ជាតិ​ស្តីពី​ជំនួយ​ការ​ផ្នែក​ច្បាប់ ​ជួយ​ពលរដ្ឋ​ក្រីក្រ

ប៉ិច សុធារី / Khmer Times No Comments Share:
workshop
ក្រសួង​យុត្តិធម៌ អង្គការ​ដៃ​គូរ និង​អ្នក​ពាក់ព័ន្ធ​នានា នៅ​ក្នុង​សិក្ខា​សាលា​ស្តីពី ជំនួយ​​ផ្នែក​ច្បាប់​នៅ​កម្ពុជា ការ​អភិវឌ្ឍ និង​បញ្ហា​ប្រឈម នៅ​រាជ​ធានី​ភ្នំពេញ។ ប៉ិច សុធារី

ភ្នំពេញ៖ ​ក្រសួងយុត្តិធម៌ អង្គការ​ដៃគូរ និង​អ្នក​ពាក់ព័ន្ធ​នានា កំពុង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​រកធាតុ​ចូល ដើម្បី​បង្កើត​ជា​គោល​នយោបាយ​ថ្នាក់​ជាតិ​ស្តីពី​ជំនួយ​ការ​ផ្នែក​ច្បាប់ ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ។

នៅក្នុង​សិក្ខាសាលា​​​ស្តីពី «ជំនួយ​​ផ្នែកច្បាប់​នៅ​កម្ពុជា ការ​អភិវឌ្ឍ និង​បញ្ហាប្រឈម» នៅ​រាជ​ធានី​ភ្នំពេញ ដែល​រៀបចំ​ដោយ​ក្រសួង​យុត្តិធម៌​ និង​អង្គការ​​​មូលនិធិ​ខុន​រ៉ាដ អាឌិនណៅអ៊ែរ​ប្រចាំ​នៅកម្ពុជា នៅថ្ងៃនេះ​ លោកជិន ម៉ា​លីន អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ បាន​​ថ្លែង​ថា បច្ចុប្បន្ន កម្ពុជា នៅមិន​ទាន់​មាន​ច្បាប់ ឬ​​គោល​នយោបាយ​ស្តី​ពី​ជំនួយ​​ការ​ផ្នែក​ច្បាប់ ​សម្រាប់​ជួយ​ដល់​ប្រជា​​ពលរដ្ឋ​​ក្រី​ក្រ​នៅ​ឡើយ ខណៈ​ដែល​បណ្តា​ប្រទេស​ផ្សេង​ៗក្នុង​តំបន់​មាន​រួច​អស់​ហើយ​។

តែ​យ៉ាង​ណា លោកថា កន្លង​មក​ កម្ពុជា បាន​សហការ​ជាមួយ​សហគមន៍​អ៉ឺរ៉ុប ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ពី​​មូលដ្ឋាន​គ្រឹះ​ធំៗ​ក្នុង​ការ​បង្កើត​គោល​​នយោបាយ​ជំនួយ​ការ​ផ្នែក​ច្បាប់នេះ​​រួច​ហើយ ហើយ​បច្ចុប្បន្ន​កំពុង​ប្រមូល​ធាតុបន្ថែម​ទៀត ធ្វើ​យ៉ាង​ណា​ឲ្យ​គោល​នយោ​បាយ​ថ្នាក់​ជាតិ​នេះ​ មាន​​លក្ខណៈ​គ្រប់ជ្រុង​ជ្រោយ​ និង​អាច​​ឆ្លើយ​តប​ទៅ​​នឹង​សេចក្តី​​ត្រូវការ​របស់​​​ប្រជា​​ពលរដ្ឋ​។

លោក​បាន​បញ្ជាក់​​​ថា៖ «គោលនយោបាយ​ជំនួយ​ផ្នែក​ច្បាប់​នេះ គឺ​មាន​សារៈសំខាន់ ដើម្បី​ធានាថា គ្រប់​ភាគី​ពាក់​ព័ន្ធ​ទទួល​បាននូវ​យុត្តិធម៌ពិត​ប្រាកដ​នៅ​ក្នុង​​​សង្គម ព្រោះ​ពេលខ្លះ​ប្រជាពលរដ្ឋ​យើង​​​មិន​​ទទួល​បាន​នូវ​ភាព​យុត្តិធម៌ រង​​នូវ​អំពើ​​អយុត្តិធម៌ ​ដោយ​សារ​តែ​គាត់​ខ្វះ​នូវ​ជំនួយ​ផ្នែក​ច្បាប់»។​

លោកជិន ម៉ាលីន បាន​ពន្យល់ថា ជំនួយ​ផ្នែក​ច្បាប់​ ផ្តោត​ទៅលើ​ការ​អប់រំ​ផ្សព្វផ្សាយ​ផ្នែកច្បាប់​ ការប្រឹក្សាយោបល់​ផ្នែក​ច្បាប់​ជា​​មួយអ្នក​ជំនាញ ​ការ​សម្រុះ​សម្រួល​វិវាទ​តូច​តាច​​ និង​ការ​ផ្តល់​មេធាវី​ការពារ​ក្តី​នៅ​តុលាការ​ជាដើម។

លោកបន្ថែម​ថា ​បើ​ទោះបីជា​កម្ពុជា​នៅ​មិន​ទាន់មាន​​ច្បាប់ ឬគោល​នយោបាយ​ថ្នាក់​ជាតិ​ស្តីពី​ជំនួយ​ផ្នែកច្បាប់​ក៏ពិត​​មែន ប៉ុន្តែ​កន្លង​មក ក្រសួង​យុត្តិធម៌ ក្រសួង​កិច្ច​ការ​នារី គណៈ​មេធាវី អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន រួមទាំង​ក្រុម​និសិត្ស​ផ្នែក​ច្បាប់ ក៏​បាន​រៀបចំ ជា​កម្ម​វិធី​ផ្សេងៗ ក្នុង​ការ​ជួយ​​ផ្តល់​សេវា​ផ្នែក​ច្បាប់ និង​មេធាវី​ដើម្បី​ជួយ​​​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ ខណៈ​​ថ្មី​ៗ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ក៏បាន​ជួយ​ផ្តល់​មេធាវី​និង​ការ​ប្រឹក្សា​ផ្នែក​ច្បាប់​សម្រាប់​ជួយ​ដល់​ស្ត្រី​ក្រី​ក្រ​ផង​ដែរ។

នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​មូលនិធិ​ Konrad-Adenaue-Stiftung ប្រចាំ​នៅ​កម្ពុជា​ លោក​ Daniel Schmucking បាន​បង្ហាញ​នូវ​ការ​គាំទ្រ​ចំពោះ​កម្ពុជា ក្នុង​ការ​ផ្តល់​នូវ​ជំនួយ​​ផ្នែក​បច្ចេកទេស​ ​និង​ការ​អភិវឌ្ឍ​សមត្ថភាព​តាម​រយៈ​ការ​រៀបចំ​បណ្តុះ​បណ្តាល​សេវា​ជំនួយ​ផ្នែក​ច្បាប់ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រព័ន្ធនីតិរដ្ឋ​នៅ​កម្ពុជា​កាន់​តែ​​មាន​ល្អ​ប្រសើរ​ឡើង។ លោកថា៖ «អង្គការ​Konrad បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ដើម្បី​គាំត្រ​​ដល់​ក្រសួង​យុត្តិធម៌ ពាក់​ព័ន្ធ​នឹង​ជំនួយ​ផ្នែក​ច្បាប់​នេះទាំង​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត​ផង​ដែរ»។

ចំណែក លោក​ព្រាប កុល នាយកប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​យល់​ថា​​ ការ​បង្កើត​គោលនយោ​បាយ​​ថ្នាក់​ជាតិ​ស្តីពី​​​ជំនួយ​ផ្នែក​ច្បាប់​នេះ ​គឺជា​គោលនយោបាយ​ដ៏ត្រឹម​ត្រូវមួយ​ដែល​​​អាច​ឆ្លើយ​តប​ចំពោះ​សេចក្តី​ត្រូវ​ការ​របស់​ប្រជា  ពលរដ្ឋ​​។

លោកថា៖ «ប្រព័ន្ធ​យុត្តិធម៌​របស់​យើង​នេះ​នៅ​មាន​ចំនុច​​​ខ្សោយ​​ច្រើន ​ដែល​ក្នុងនោះ​មាន​ទាំង​កង្វះ​នូវ​ការ​ផ្តល់ជំនួយ​ផ្នែក​ច្បាប់​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​ ឬ​ជន​ជាតិដើម​ភាព​តិច​ ដែល​រងការ​រំលោភ​បំពាន​ពី​ជន​មាន​អំណាច​និង​អ្នកមាន​លុយ​ជាដើម ដូច្នេះការ​ជជែកគ្នា ឬការរក​វិធី​ដើម្បីបង្កើន​សេវាកម្ម​ជំនួយ​ផ្នែក​ច្បាប់​ដល់​ជន​ក្រី​ក្រនេះ គឺជា​គោល​នយោ​បាយ​ក៏ត្រឹមត្រូវ​ និង​ឆ្លើយ​តបនឹង​​សេចក្តី​​ត្រូវ​ការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​​កំពុង​ប្រឈម»។

តែ​យ៉ាង​ណា ​លោក​ថា ស្រប​ពេល​ដែល​មាន​ការ​​​បង្កើត​គោលនយោបាយ​​ជំនួយ​ផ្នែក​ច្បាប់​នេះ ​​ក្រសួង​ពាក់ព័ន្ធ​ក៏​គួរ​មាន​ការ​​បង្កើន​នូវ​ចំនួន​មេធាវី ​បង្កើន​ប្រាក់​លើក​ទឹក​ចិត្ត​សមរម្យ​​ដល់​មេធាវី​ក្នុង​ការ​បំពេញ​បេសកកម្ម​​​ជួយ​​ផ្តល់សេវា​ផ្នែក​ច្បាប់​​​​ដល់​​ប្រជាពល​រដ្ឋ​ផង​ដែរ​​ និងត្រូវ​​​ធានាថា ការ​សម្រេច​ក្តីក្នុង​ដំណើរការ​សវនាការ​ មាន​តម្លាភាព និង​យុត្តិធម៌​ពិត​ប្រាកដ​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ។

បើតាម​ប្រធាន​នាយកដ្ឋាន​ទំនាក់​ទំនង​អន្តរជាតិ​និង​ដៃគូរ​អភិវឌ្ឍន៍​នៃ​ក្រសួង​យុត្តិធម៌ លោកឃ្លោក ដារ៉ា បច្ចុប្បន្ន​ កម្ពុជា​មាន​មេធាវី​ប្រមាណ ១៥០០​នាក់ ខណៈ​ចៅក្រម​មាន​ចំនួន ២៦៥​នាក់ និង​ព្រះ​រាជអាជ្ញ​ចំនួន ១៦៨​នាក់ ខណៈ​ការ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ភាគ​ច្រើន ផ្តោត​តែ​លើ​ការ​ផ្តល់​មេធាវី​ការពារ​ដល់​ពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​អំឡុង​ពេល​ សវនាការ​​ប៉ុណ្ណោះ ដោយ​ពុំ​បាន​ធ្វើការ​ប្រឹក្សា​តាំង​ពី​រឿង​ក្តី​ចាប់​ផ្តើម​រហូត​ដល់​ចប់​នោះ​ឡើយ៕

 

Share and Like this post

Related Posts

Previous Article

នាយកដ្ឋានគយរឹតបន្តឹង ការជួញដូរសត្វព្រៃ

Next Article

សងសឹក​ព្រោះ​ហ៊ាន​ប្លុក​​ គណនី​ហ្វេសប៊ុក