សងសឹក​ព្រោះ​ហ៊ាន​ប្លុក​​ គណនី​ហ្វេសប៊ុក

ប៊ុត រស្មីគង្គា / Khmer Times No Comments Share:
Dorn Deth leaves court yesterday
លោក​ ​ដន​ ​ដេត​ ​ចាកចេញ​ពី​តុលាការ​បន្ទាប់​ពីសវនាការ ។ ប៊ុត រស្មីគង្គា

កាលពី​ម្សិលមិញ​តុលាការក្រុង​ភ្នំពេញ​បាន​កាត់ទោស​បុរស​ម្នាក់​ឱ្យ​ជាប់ពន្ធធនាគារ​ ​១៨​ ​ខែ​ ​ពីបទ​បង្ហោះ​រូប​អាក្រាត​របស់​នារី​ម្នាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​គំរាម​សម្លាប់ ​បន្ទាប់ពី​នាង​បាន​ប្រកែក​ការ​សុំ​ស្នេហ៍​របស់​ខ្លួន​ ហើយ​​បាន​ប្លុក​គណនី​ហ្វេ​សប៊ុ​ក​គាត់​។​

លោក​ ​ចៅក្រម​ ​ឈុន​ ​​ហេង​ ​បាន​កំណត់​អត្តសញ្ញាណ​គាត់​ថា​ ​ដន​ ​ដេត​ ​អាយុ​ ​២៩​ ​ឆ្នាំ​ ​ជា​អតីត​កម្មករ​សំណង់​នៅ​ប្រទេស​ថៃ​ ​ដែល​រស់នៅ​ស្រុក​កំរៀង​ ​ខេត្ត​បាត់ដំបង​។​

លោក​មានប្រសាសន៍​ថា​ ​”​តុលាការ​បានសម្រេច​កាត់ទោស​គាត់​ឱ្យ​ជាប់ពន្ធ​នា​គារ​ចំនួន​ ​១៨​ ​ខែ​ ​ហើយ​តុលាការ​បាន​បង្គាប់​ឱ្យ​គាត់​សង​ប្រាក់​ ​២០​ ​លាន​រៀល​ ​(​ប្រហែល​ ​៥០០០​ ​ដុល្លារ​) ​ទៅ​ឱ្យ​ដើម​បណ្តឹង​”​ ​។​

ចៅក្រម​ ​ឈុន​ ​ហេង​ ​បាន​និយាយ​ថា​ ​លោក​ ​ដេត​ ​ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​គំរាម​សម្លាប់​និង​បង្ខូច​កេរ្ដិ៍​ឈ្មោះ​ជា​សាធារណៈ​ ​និង​រូប​អាសគ្រាម​ ​ក្រោម​មាត្រា​ទី​ ​៣៩​ ​នៃ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​ ​និង​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​។​ លោក​បាន​កត់សម្គាល់​ថា​ ​លោក​ ​ដេត​ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ ​ថ្ងៃទី​ ​២១​ ​ខែវិច្ឆិកា​ ​ឆ្នាំមុន​ ​នៅ​ខេត្ត​ប៉ៃលិន​ ​ដោយ​ប៉ូលី​សម​ក​ពី​នាយកដ្ឋាន​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​តាម​អ៊ិ​ន​ធើ​ណិត។ ​លោក ​ស៊ិន ​វីរៈ​ ព្រះរាជអាជ្ញា​រង​បាន​និយាយ​ថា​ នៅ​ឆ្នាំ​ ​២០១៦​ ​លោក​ ​ដេត​ ​ពេលធ្វើការ​ ​និង​រស់នៅ​ក្នុង​ប្រទេស​ថៃ​ ​បាន​ស្គាល់​ជនរងគ្រោះ​ ​យិន​ ​សម្ផស្ស​ ​អាយុ​ ​៣៩​ ​ឆ្នាំ​តាមរយៈ​ហ្វេ​សប៊ុ​ក​។

​លោក​បានបន្ថែមថា​ ​បន្ទាប់ពី​ជជែកគ្នា​និង​ទាក់ទងគ្នា​តាមរយៈ​សារ​អេឡិចត្រូនិក​ ​របស់​ហ្វេ​សប៊ុ​ក​ ​លោក​ ​ដេត​ ​បាន​សុំ​លោកស្រី​ ​សម្ផស្ស​ ​ជា​សង្សារ​បស់​គាត់​ ​ប៉ុន្តែ​នាង​បដិសេធ​ពីព្រោះ​គាត់​រៀបការរួច​ហើយ​ ​ហើយ​មានកូន​បី​នាក់​។ ​លោក​ ​វីរៈ​ ​បាន​និយាយ​ថា​ ជនរងគ្រោះ​ក្រោយមក​បាន​ប្លុក​គណនី​ហ្វេ​សប៊ុ​ក​របស់​លោក​ ​ដេត​ ​ហើយ​លោក​ ​ដេត​ ​បាន​ខឹង​សម្បា។​

លោក​បាន​បន្ដ​ថា​ ​លោក​ ​ដេត​ ​បាន​បង្កើត​គណនី​ផ្សេងទៀត​ដោយ​ប្រើប្រាស់​ឈ្មោះ​ក្លែងក្លាយ​ ​ហើយ​បាន​ស្នើសុំ​លោកស្រី​ ​សម្ផស្ស​ ​ដាក់ជា​មិត្ត​។​ លោក ​វីរៈ​ បាន​និយាយ​ថា​បន្ទាប់ពី​ជនរងគ្រោះ​បាន​ទទួលយក​សំណើ​នោះ​ ​លោក ដេត​ ​បាន​​ប្រាប់ឈ្មោះ​ពិត​​ ​ហើយ​បាន​គំរាម​សម្លាប់​នាង​។ ​ក្រៅពី​ការ​គំរាម​សម្លាប់ គាត់​បាន​កាត់ត​​រូប​ ​ជនរងគ្រោះ​លើ​រាងកាយអាក្រាត​របស់​នារី​កូរ៉េ​ ហើយ​បាន​ផ្ញើ​រូបថត​អាក្រាត​កាយ​និង​ឈុត​សិច​ទៅ​ឱ្យ​​ លោកស្រី​ ​សម្ផស្ស​ ​ហើយ​គាត់​ក៏បាន​ផ្ញើ​រូបថត​អាក្រាត​កាយ​ទៅ​ឱ្យ​មិត្តភក្ដិ​ ​ហ្វេ​សប៊ុ​ក​ ​របស់​ជនរងគ្រោះ​ផង​ដែរ​។​ ​

​លោកស្រី​ ​សម្ផស្ស​ ​កាលពី​ថ្ងៃម្សិលមិញ​បាន​សាទរ​សាលក្រម​ផ្តន្ទា​ទោស​លោក​ ​ដេត​ ​ប៉ុន្តែ​បាន​និយាយ​ថា​ប្រាក់សំណង​មិន​សមរម្យ នឹង​ការខូចខាត​កេរ្តិ៍ឈ្មោះ ​និង​កិត្តិយស​របស់​គាត់​ទេ​។​​ នាង​បាន​និយាយ​ថា ​បន្ទាប់ពី​រូប​អាក្រាត​កាយ​ និង​ឈុត​ឆាក​រួមភេទ​ត្រូវ​បាន​បង្ហោះ​តាម​អ៊ីនធឺណិត​ប្តី​របស់​នាង​បាន​ចាកចេញ​​ ចោលកូន​បី​នាក់​របស់​គាត់​ដោយសារតែ​ប្ដី​គាត់​ខឹង​នឹង​នាង​ហើយ​បាន​ចោទប្រកាន់​នាង​ពី​បទ​ប្រព្រឹត្ត​អំពើ​ផិតក្បត់​។​ លោក​ ​ដេត​ ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បានទេ​កាលពី​ម្សិលមិញ​។​ ​

ទោះបីជា​យ៉ាងណាក៏ដោយ​នៅក្នុង​សវនាការ​កាលពី​ថ្ងៃទី​ ​៤​ ​ខែមីនា ​គាត់​បាន​សារភាព​ថា​បាន​ប្រព្រឹត្ត​បទល្មើស​នេះ​។​ លោក​បាន​ប្រាប់​តុលាការ​ថា​​ ​«​ហេតុផល​ដែល​ខ្ញុំ​បាន​គំរាម​សម្លាប់​ហើយ​ធ្វើ​ឱ្យ​ខូច​កិត្តិយស​របស់​នាង​ ពីព្រោះ​ខ្ញុំ​ខឹង​នឹង​​ដោយសារតែ​នាង​ប្លុក​គណនី​របស់ខ្ញុំ​»​។​ ​គាត់​ក៏បាន​ប្រមាថ​ខ្ញុំ​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ​ដោយ​និយាយ​ថា​ខ្ញុំ​គ្រាន់តែ​ជា​កម្មករ​ ​ពេល​ខ្ញុំ​បាន​សុំ​ ​នាង​ចាប់ផ្តើម​ទំនាក់ទំនង​ស្នេហា​​”​៕​

Share and Like this post

Related Posts

Previous Article

ក្រសួង​យុត្តិធម៌​ អង្គការ​ដៃគូរ ​សិក្សា​បង្កើត ​គោល​នយោបាយ​ថ្នាក់​ជាតិ​ស្តីពី​ជំនួយ​ការ​ផ្នែក​ច្បាប់ ​ជួយ​ពលរដ្ឋ​ក្រីក្រ

Next Article

មន្ត្រី​ឧទ្យានុរក្ស​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​កាប់​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​