ana-air canadia-bank Silk-air nissan acleda cab-bank

​ផ្ទះ​ប្រជា​ពលរដ្ឋ​ជាង​៥០​ខ្នង​ ​ត្រូវ​បាន​រង​ការ​បំផ្លាញ​ដោយ​សារ​ខ្យល់​កន្ត្រាក់​

ប៉ិច សុធារី / Khmer Times No Comments Share:
houses-were-destroyed-by-storm
ផ្ទះ​ប្រជាពលរដ្ឋ​ជាង​រង​ការ​បំផ្លាញ​ដោយ​សារ​ខ្យល់​កន្ត្រាក់​។​ ​ រូបថត​ ​សហការី​

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ ​និង​ក្រសួងធនធានទឹក​និងឧតុនិយម​ ​បាន​ឲ្យដឹង​ថា​ ​មានផ្ទះ​ប្រជាពលរដ្ឋ​ជាង​៥០ខ្នង​ ​ត្រូវ​បាន​រង​ការបំផ្លាញ​ដោយសារ​ខ្យល់​កន្ត្រាក់​លាយឡំ​នឹង​ភ្លៀង​ធ្លាក់​ ​កាលពី​ចុង​សប្តាហ៍​នេះ​ ​ប៉ុន្តែ​ពុំ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះ​ថ្នាក់​ឡើយ​។​ ​

​អភិបាលខេត្ត​បន្ទាយមានជ័យ​ ​លោក​សួន​ ​បវរ​ ​បាន​ឲ្យដឹង​កាលពី​ថ្ងៃម្សិលមិញ​ថា​ ​នៅ​យប់​ថ្ងៃទី១៥​ ​និង​ទី១៦មីនា​នេះ​ ​មាន​ភ្លៀង​ធ្លាក់​ ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ ​បាន​ធ្វើឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ ​៣០ខ្នង​ ​រង​នូវ​ការខូចខាត​ ​ដូចជា​របើក​ដំបូល​ ​របើក​ជញ្ជាំង​ផ្ទះ​ ​និង​ដួល​រំលំ​ដើមឈើ​ជាដើម​ ​ប៉ុន្តែ​ពុំ​បង្ក​ឲ្យ​មាន​ពលរដ្ឋ​ណា​ម្នាក់​រងគ្រោះ​នោះ​ទេ​។​

​លោក​ថា​៖​ ​«​ផ្ទះ​ទាំងនោះ​រង​ការខូចខាត​ស្រាល​នោះ​ទេ​ ​ហើយ​ខាង​សមត្ថ​កិ​ច្ច​ប៉ូលី​ស​ ​កងរាជអាវុធហត្ថ​បាន​ចុះ​ជួយ​ជួសជុលផ្ទះ​របស់​ពួកគាត់​ឡើងវិញ​ហើយ​ ​មិន​មាន​បញ្ហា​ខូចខាត​ធំដុំ​ទេ​»​។​ ​

​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ​លោក​អាត់​ ​ខេម​ ​បាន​បន្ថែម​ថា​ ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រង​ការខូចខាត​នោះ​មាន៣០ខ្នង​ ​និង​សាលារៀន២ខ្នង​ ​នៅក្នុង​ក្រុង​ស្រុក​ចំនួន៥​ ​រួមមាន​ ​ក្រុង​ប៉ោយប៉ែត​ ​ស្រុក​ថ្មពួក​ ​ស្រុក​ស្វាយចេក​ ​ស្រុក​ព្រះនេត្រ​ព្រះ​ ​និង​ស្រុក​ម៉ាឡៃ​។​ ​

លោក​ថា​៖​ ​«​កម្លាំង​សមត្ថកិច្ច​បាន​និង​កំពុង​ចុះ​ជួយ​រៀបចំ​ ​និង​ជួសជុល​ជូន​ប្រជាពលរដ្ឋ​ឡើងវិញ​ ​និង​បាន​ធ្វើការ​អប់រំ​ដល់​ប្រជា​ពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​ផង​ដែរ​»​។​

​ជាមួយគ្នា​នេះ​ដែរ​ ​ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​ក៏បាន​ឲ្យដឹង​កាលពី​ថ្ងៃសុក្រ​ដែរ​ថា​ ​មានផ្ទះ​ប្រពល​រដ្ឋ​ចំំ​នួន១៨ខ្នង​ ​នៅ​ស្រុក​គងពិសី​ ​និង​ស្រុក​បសេដ្ឋ​ ​ខេត្ត​កំពង់ស្ពឺ​ ​បាន​រង​នូវ​ការខូចខាត​ធ្ងន់​និង​ស្រាល​ ​ខណៈ​នៅ​ខេត្ត​ឧត្តរមានជ័យ​ ​មានផ្ទះ​មួយ​បាន​ដួល​រលំ​ ​ដោយសារ​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​នេះ​ដែរ​។​ ​

​កាលពី​ថ្ងៃទី១៦មីនា​ ​ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​រន្ទះ​ ​និង​ខ្យល់​កន្ត្រាក់​ ​ដែល​អាច​នឹង​កើតមាន​ស្រប​ពេល​ដែល​ស្ថានភាព​អាកាសធាតុ​ ​មាន​ភ្លៀងកក់ខែ​នៅ​តាម​បណ្តា​រាជធានី​ខេត្ត​មួយចំនួន១៩ផង​ដែរ​។​

​ក្រសួង​បាន​បញ្ជាក់​ថា​ ​ចាប់ពី​ថ្ងៃទី២១ដល់​ថ្ងៃទី២៤​ ​ខែមីនា​នេះ​ ​នៅ​រាជធានី​ភ្នំពេញ​ ​ខេត្តព្រៃវែង​ ​ស្វាយរៀង​ ​ក្រចេះ​ ​ស្ទឹងត្រែង​ ​ត្បូងឃ្មុំ​ ​កំពង់ចាម​ ​កណ្តាល​ ​កំពង់ស្ពឺ​ ​តាកែវ​ ​កំពង់ធំ​ ​កំពង់ឆ្នាំង​ ​និង​ពោធិ៍សាត់​ ​សៀមរាប​ ​បាត់ដំបង​ ​ប៉ៃលិន​ ​បន្ទាយមានជ័យ​ ​ឧត្តរមានជ័យ​ ​និង​ព្រះវិហារ​ ​នឹង​មាន​ភ្លៀងកក់ខែ​ ​លាយឡំ​ជាមួយ​រន្ទះ​ ​និង​ខ្យល់​កន្ត្រាក់​ ​ខណៈ​សីតុណ្ហភាព​អតិបរមា​ ​ស្ថិតនៅ​ក្នុងរង្វង់​ពី​៣២​ដល់​៣៥​អង្សា​សេ​។​

​យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ ​បាន​ឲ្យដឹង​ថា​ ​ក្នុង​ឆ្នាំ២០១៨​ ​ករណី​ខ្យល់ព្យុះ​ឬ​ខ្យល់​កន្ត្រាក់​ ​បាន​កើតមាន​ចំនួន​ ​១៩៩លើក​ ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់​ ​និង​របួស​៥៥នាក់​ ​ព្រមទាំង​ធ្វើឲ្យ​ផ្ទះ​ ​អគារ​សាលារៀន​ ​និង​អគារ​ផ្សេង​ចំនួន៣៤៧០ខ្នង​ ​បាន​រង​នូវ​ការខូចខាត​ធ្ងន់ធ្ងរ​និង​ស្រាល​ផង​ដែរ​៕​

Related Posts

Previous Article

រោងចក្រអគ្គិសនី​ថាមពល​ព្រះអាទិត្យ ចាប់ផ្តើម​ផលិត​ថាមពល​នៅ​ក្នុង​ខែ មេសា

Next Article

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវប្រជាពលដ្ឋរាយការណ៍ទៅសមត្ថកិច្ចនៅពេលឃើញករណីជួញដូរគ្រឿងញៀន