រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវប្រជាពលដ្ឋរាយការណ៍ទៅសមត្ថកិច្ចនៅពេលឃើញករណីជួញដូរគ្រឿងញៀន

ប៉ិច សុធារី / Khmer Times No Comments Share:
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងនៅក្នុងពិធីបញ្ចុះសីម៉ានៅវត្តឧត្តមព្រឹក្សា ខេត្តព្រៃវែង កាលពីថ្ងៃសៅរ៍. រូបថត ហ្វេសប៊ុក

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហា​​ផ្ទៃ បានអំពាវ​នាវ​​ដល់​ប្រជាពលដ្ឋ​ចូលរួមរាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​ និង​អាជ្ញាធរ​មូលដ្ឋាន នៅពេលដែលប្រទះឃើញ​មានករណីជួញដូរ និងការ​សេព​គ្រឿង​ញៀន ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​ឲ្យកាន់តែ​មានប្រសិទ្ធិភាព។

លោកឧបនាយករដ្ឋមន្ត្រី ​ស ខេង រដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ បាន​ថ្លែង​នៅក្នុងពិធី​បញ្ចុះ​សីម៉ានៅវត្តឧត្តមព្រឹក្សា ខេត្តព្រៃ​វែង កាល​ពី​ថ្ងៃ​សៅរ៍ថា ក្នុង​រយៈ​​ពេលប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បញ្ហា​​គ្រឿងញៀន​​ដែលជន​ល្មើស​ធ្លាប់​តែ​ចែក​ចាយ​នៅ​ទី​ក្រុង និង​ទីប្រជុំជននោះ​ បានរីកសាយ​ភាព​ទៅ​​ដល់តំបន់ជនបទ​ដាច់ស្រយាលមួយចំនួន ដែលករណីនេះទាមទារឲ្យ​​ចូលរួមទាំងអស់គ្នា​ក្នុងការទប់ស្កាត់។

លោកថា៖ «យើ​ងត្រូវ​តែបង្ក្រាប កុំឲ្យ​សភាពការ​ណ៍​គ្រឿង​ញៀន​រាត​ត្បាតក្នុងប្រទេស​​យើង​​​​ អីចឹងហើយ​ខ្ញុំសុំស្នើ​ថា ធ្វើ​​ម៉េច​យើង​ហ៊ុំព័ទ្ធកន្លែង​ណា គ្រប់គ្រងកន្លែងយើង កុំ​ឲ្យ​គ្រឿង​ញៀន​ចូល​មក​ដល់​ បើ​ឃើញ​អ្នក​ប្រើ​ប្រាស់ ឬ​​ឃើញ​អ្នក​ចែក​ចាយ គឺ​សុំឲ្យ​ផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ច​»។

លោកឧបនាយករដ្ឋមន្ត្រី ​ស ​ខេង ក៏​បាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ចូលរួមរាយ​ការ​ណ៍​​ករណីគ្រឿង​ញៀន​ និង​បញ្ហា​​ភូមិ​ឃុំមិន​មាន​សុវត្ថិភាពទៅ​ក្នុងបណ្តាញសង្គមរបស់​ថ្នាក់ដឹកនាំខេត្ត-ស្រុក-ឃុំ-ភូមិ​ ឬ​​ទំព័រ​ហ្វេស​ប៊ុករបស់​លោក​​ផ្ទាល់​ផង​​ដែរ។ លោក​បន្ថែមថា៖ «បងប្អូន​​អាច​ប្រើ​ទូរ​ស័ព្ទ​​ ឬផ្តល់ព័ត៌មានតាមហ្វេ​ស​ប៊ុក​​ទៅដល់​ថ្នាក់ដឹក​នាំ ឬ​ហ្វេស​​ប៊ុក​របស់​ខ្ញុំបាន អីចឹងពេល​​ដឹង​ភ្លាម យើង​បញ្ជា​ភ្លាម ដើម្បីចុះមក​ពិនិត្យ»។

ជាមួយគ្នា​នោះដែរ លោកក៏បាន​ក្រើន​រំលឹកដល់អាជ្ញាធរមូល​ដ្ឋាន ត្រូវខិតខំបម្រើ​សេវាសាធារណៈជូន​ប្រជាពលរដ្ឋឲ្យ​បានល្អ​ និងត្រូវមាន​វិធានការដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា និងមានប្រសិទ្ធិភាព។ លោក​ថា៖ «សូមលើកកម្ពស់​ការ​ផ្តល់​សេវាសាធារណៈឲ្យកាន់តែ​ល្អថែមទៀត​​​ ដើម្បីរួមចំណែកកាត់បន្ថយ​ភាពក្រីក្ររបស់​ប្រជាពលរដ្ឋ​»។

ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ដើម្បីអភិវឌ្ឍន៍ និង​សន្តិ​ភាព លោក​យង់ គឹមអេង បានមាន​ប្រសាសន៍កាលពី​ថ្ងៃ​ម្សិល​មិញថា ការអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួម​រាយការណ៍ពីករណីជួញ​ដូរ ឬការសេពគ្រឿង​ញៀន​ដែល​កើ​តមានក្នុងមូល​ដ្ឋាន​របស់​ពួកគាត់​នោះ គឺជារឿងល្អ​មួ​យដែល​អាច​ជួយ​ទប់ស្កាត់​ និងបង្ការ​​ការ​រីក​រាល​ដាន​នៃការប្រើ​ប្រាស់​ឬ​ចែក​ចាយ​គ្រឿង​ញៀន​បាន។ លោកថា៖ «តែអ្វី​ដែលសំខាន់​នោះ គឺ​រដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ ឬ​សមត្ថកិច្ច​​គ្រប់​ជាន់​ថ្នាក់​ គួរ​តែមាន​ប្រព័ន្ធ​ទូរស័ព្ទ ឬ​hotline ដែលអាចលាក់​អត្ត​សញ្ញាណ​​អ្នក​ដែល​រាយការណ៍​នោះ​បាន ដើម្បី​សុវត្ថិ​ភាព​របស់​ពួកគេផង​ដែរ​ អ្វី​ដែលសំខាន់​នោះ​គឺ​ទំនុក​ចិត្ត​ដល់​អ្នក​ដែល​​រាយ​ការណ៍​ពី​បទល្មើសទាំងនោះ»។

លោក​យង់ គឹម​អេង ក៏បាន​ជំរុញ​ដល់​ក្រសួង ក៏ដូចជាអាជ្ញាធរពាក់​ព័ន្ធ​​ គួរមាន​វិធានការ​បង្ក្រាប​ឲ្យ​បាន​តឹង​រឹងបន្ថែម​ទៀត និង​ត្រូវអប់រំ​ផ្សព្វផ្សាយ​ពីគ្រោះថ្នាក់​នៃ​គ្រឿង​ញៀន​ឲ្យបាន​ទូលំទូលាយ​បន្ថែម​ទៀត​ដល់​សាធារណជន ជា​ពិសេស​​​យុវជន ព្រមទាំងគួរ​អប់រំផ្សព្វផ្សាយ​​ពីប្រភេពគ្រឿងញៀន​ឲ្យ​អាជ្ញាធរមូលដ្ឋាន​ និង​​ប្រជាពលរដ្ឋបាន​ស្គាល់​​ច្បាស់ ដើម្បីងាយ​ស្រួល​ក្នុងការ​ទប់ស្កាត់ និង​បង្ការ​។ លោក​បាន​បន្ថែមថា៖ «ចំណែកការព្យាបាលឬ​បន្សាប​គ្រឿង​ញៀន ក៏គួរ​មានពង្រឹង និង​ព្យាបាលឲ្យមានប្រ​សិទ្ធិភាព​ផងដែរ»។

យោងតាមរបាយការណ៍​របស់​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​ឲ្យដឹងថា ការ​បង្ក្រាប​ករណី​គ្រឿង​ញៀន​ក្នុង​ឆ្នាំ​២០១៨ មាន​ចំនួន​ ៨០១៨ករណី ឃាត់​ខ្លួន​មនុស្ស​ ១៦២៣២នាក់ ក្នុងនោះមានជន​បរទេស ៣១០នាក់ ខណៈ​ដែល​សមត្ថកិច្ច​បាន​រឹប​អូស​សារធាតុញៀន​គ្រប់​ប្រភេទ​បានចំនួនជាង ៥៣៣គីឡូក្រាម និង ៣៧០កញ្ចប់ កញ្ឆាក្រៀម​ជាង ៧៤គីឡូក្រាមនិង១៦៤៩២៥ដើម៕

 

Share and Like this post

Related Posts

Previous Article

​ផ្ទះ​ប្រជា​ពលរដ្ឋ​ជាង​៥០​ខ្នង​ ​ត្រូវ​បាន​រង​ការ​បំផ្លាញ​ដោយ​សារ​ខ្យល់​កន្ត្រាក់​

Next Article

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​ទប់ស្កាត់​ការ​នាំ​ចេញ​ឈើ​ខុស​ច្បាប់​ឆ្លង​កាត់​ព្រំដែន