ក្រសួងកសិកម្ម ​ឲ្យ​អាជីវករ​ ​​ធ្វើ​អាជី​កម្មសត្វ​ ត្រូវ​​​គោរព​គោលការណ៍​ស្តង់ដា​អនាម័យ​ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​ ​

ប៉ិច ​សុធារី / Khmer Times 1 Comment Share:
សត្វជ្រូក​ដែល​អាជីវករ​ទុក​នៅក្នុង​កសិដ្ឋាន។ រូបថត ជរ សុគន្ធា

ភ្នំពេញ៖ ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ និងនេសាទ បាន​ដាក់ចេញ​នូវ​វិធានការ​មួយ​ចំនួន​ឲ្យ​​​​ក្រុម​ហ៊ុន និង​អាជីវករ​​ ដែល​ទទួល​បាន​ការ​អនុ​ញ្ញាត​​ឲ្យ​​ធ្វើ​អាជីវ​​​កម្ម​​សត្វ​ជ្រូក និង​សត្វ​គោ​ក្របី ​ត្រូវ​អនុវត្ត​ពេល​នាំ​ចូល និង​នាំ​ឆ្លង​កាត់​ប្រទេសកម្ពុជា ដោយ​​ត្រូវ​​​​គោរព​គោលការណ៍​ស្តង់ដាអនាម័យ​ ដើម្បី​​ឲ្យ​អាជីវកម្មនោះគ្មាន​ហានិភ័យ​នៃការ​ឆ្លង​រាល​ដាន​នៃជំងឺ​សត្វ។

រដ្ឋមន្ត្រីក្រសួង​កសិកម្ម លោក​វេង សាខុន កាល​ពី​ថ្ងៃ​​ពុធ បាន​ចេញសេចក្តី​ជូនដំណឹង​មួយ​ដោយ​​លើក​ឡើង​ថា ក្នុង​គោល​​​ដៅ​ដើម្បីពង្រឹង​ការ​គ្រប់​គ្រង​ហានិភ័យ​នៃការ​​ឆ្លង​រាល​ដាន​នៃ​ជំងឺ​សត្វ​​ លើក​កម្ពស់​​គុណភាព​សាច់​សត្វ និង​ការ​ពារ​​សុខមាលភាព​សាធារណៈ​ប្រកប​ដោយ​សុវត្ថិ​ភាព​នោះ ក្រសួង​នឹង​ចាត់​ចែង​ពង្រឹង​​ការ​​អនុវត្ត​វិធានការ​​អនាម័យ​ស្រប​តាម​ច្បាប់​ស្តីពីសុ​ខភាពសត្វ​និង​ផលិត​កម្ម​សត្វ និង​គោល​ការណ៍​ស្តង់ដា​អនាម័យសត្វ​ផលិត​ផល​សត្វ​។ 

ករណី​នេះ លោកបាន​​​ណែនាំ​ដល់​ក្រុម​ហ៊ុន​ឬ​អាជីវករ​ដែលធ្វើ​អាជីវ​កម្ម​សត្វ​ជ្រូក និង​សត្វ​គោ​ក្របី​ នាំ​ចូល និង​នាំ​ឆ្លង​កាត់​​ប្រទេស​កម្ពុជា​ទាំង​អស់ ត្រូវ​ជា​ក្រុម​ហ៊ុន​ស្រប​ច្បាប់​ដែល​​ចុះ​បញ្ជី​ពាណិជ្ជ​កម្ម​និង​មាន​ប័ណ្ណ​ប៉ាតង់​សុពលភាព មាន​ទីតាំង​ប្រមូល​ផ្តុំ​និង​បំប៉ន​សត្វដែលទទួលស្គាល់​ដោយ​សមត្ថកិច្ច​ជំនាញរបស់​ក្រសួង និង​ត្រូវ​ចុះកិច្ច​សន្យា​បច្ចេក​ទេស​ជាមួយ​អគ្គ​នាយក​ដ្ឋាន​សុខ​ភាព​សត្វ​និង​ផលិត​កម្ម​​សត្វ ​ជា​​ដើម។

លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា៖ «សម្រាប់ក្រុម​ហ៊ុន​ឬអាជីវកម្មដែលនាំ​សត្វ​ឆ្លង​កាត់ប្រទេស​កម្ពុជា ត្រូវ​មានភ្ជាប់​ជាមួយ​នូវ​វិញ្ញាបន​បត្រ​ បញ្ជាក់​សុខ​ភាពសត្វ​នៃ​ប្រទេស​នាំ​ចេញជា​ភាសាអង់គ្លេស​ក្នុង​ពេល​ដឹកជញ្ជូន»។ 

អគ្គនាយក​នៃអគ្គនាយកដ្ឋាន​សុខភាព​សត្វ និងផលិតកម្មសត្វនៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ លោក តាន់ ផាន់ណារ៉ា​ បាន​មាន​ប្រសាសន៍​នៅថ្ងៃ​ព្រហស្បត្តិ៍​នេះ​ថា ការ​ជូនដំណឹង​របស់​ក្រសួង គឺសំដៅ​លើការ​នាំ​ចូល ឬ​ការ​ដឹក​ជញ្ជូន​​សត្វ​ជ្រូក និង​សត្វ​គោ​ក្របី ពី​ប្រទេស​ថៃទៅដល់​ប្រទេស​វៀតណាម ដោយ​​​ឆ្លងកាត់​ប្រទេស​កម្ពុជា ដែល​ករណី​នេះ ក្រសួង​ទាមទារ​ឲ្យក្រុម​ហ៊ុន​ឬអាជីវករ​ដែល​​ដឹកជញ្ជូន​​សត្វ​​ទាំងនោះ ​​ត្រូវមាន​​​​កា​រ​​បញ្ជាក់​វិញ្ញាបនបត្រ​សុខ​ភាព​​សត្វ​​​ពីប្រទេស​ដើមដែលនាំ​ចេញ​​ ដើម្បីការពារ​ហានិភ័យ​នៃ​ការឆ្លងរាល​ដាលជំងឺ​សត្វ។ 

លោក​បន្តថា៖ «​មន្ត្រី​របស់យើងបាន​​តាមដានការ​ងារ​ជាប់ជា​ប្រចាំ ចំពោះក្រុម​ហ៊ុន​ឬ​អាជីវករ​ដែល​ដឹកសត្វ​​​ជ្រូក និង​សត្វ​គោ​ក្របី ពីប្រទេស​ថៃទៅ​​​ប្រទេស​វៀតណាម ហើយ​​ឆ្លងកាត់​ប្រទេស​កម្ពុជា​ ហើយ​យើង​ក៏បាន​តាម​ដាន​​​នៅតាម​ច្រក​របៀងនានា​ផងដែរ កុំ​ឲ្យ​មាននាំចូល​ឬនាំ​ឆ្លង​កាត់​ប្រទេស​​ដោយ​ខុស​ច្បាប់»។ 

លោក​ផាន់ណារ៉ា បាន​បន្ថែមថា​ កាល​​ពីពេល​ថ្មី​ៗ​នេះ​​​ ក្រសួង​ក៏​​ធ្លាប់​បាន​ណែនាំដល់​មន្ត្រីជំនាញ​​ឲ្យ​ធ្វើ​​ការ​​តាម​​​ដាន​​ពី​ស្ថាន​ភាពជំងឺសត្វក្នុង​រដូវ​ប្រាំង​ និង​ត្រៀម​​​កម្លាំង មធ្យោបាយ​ ​និង​សម្ភារៈបរិក្ខា​ផ្សេង​ៗ ​ដើម្បីផ្គត់​ផ្គង់​ និង​​​ដោះ​ស្រាយ​​​ចំពោះ​​ហា​និភ័យ​ដែល​បណ្តាល​មក​ពីការផ្ទុះជំងឺ​​​ឆ្លង​រាល​ដាល​​សត្វ​ធ្ងន់​ធ្ងរ​នេះ​ផង​ដែរ។ 

ការដាក់ចេញនូវវិធានការនានា​របស់​ក្រសួងកសិកម្ម បាន​ធ្វើឡើ​ង​ស្រប​ពេល​មានការឆ្លង​​​រាត​ត្បាត​ជំងឺ​ប៉េស្ត​ជ្រូក​​អាហ្វ្រិក​​(African Swine Fever) ទៅលើសត្វ​ជ្រូក​ស្រុក និង​សត្វ​ជ្រូក​ព្រៃនៅ​ប្រទេសមួយចំនួន​​នៅ​អាហ្វ្រិក ហើយ​បានឆ្លង​​រាល​ដាល​​ដល់​ប្រទេស​ចិន និង​វៀត​​​ណាម​​ខាង​​ជើង ដែល​បណ្តាលឲ្យ​សត្វ​​ជ្រូក​ជា​ច្រើន​ក្បាល​ត្រូវ​បាន​សម្លាប់។ តែ​យ៉ាង​ណា​ មន្ត្រី​ជំនាញ​​នៃ​ក្រ​សួង​កសិកម្ម បាន​បញ្ជាក់​ថា បច្ចុប្បន្ន ពុំមាន​វត្ត​មាន​ជំងឺ​នេះទៅ​លើ​សត្វ​​ជ្រូក​​​នៅក្នុង​​កម្ពុជា​​នៅ​ឡើយ។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោកលី សូវ៉ាន់ បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មិន​ត្រូវ​បរិភោគ​សាច់ជ្រូក ឬ​សាច់សត្វ​ឈឺ ឬងាប់​ដែល​ពុំដឹង​មូលហេតុ​ឡើយ ដែល​​​អាច​នាំ​ឲ្យ​ឆ្លង​ជំងឺ​ផ្សេង​ៗ​បាន បើ​ទោះជា​ជំងឺ​ផ្តាសាយ​​ជ្រូក​អាហ្វ្រិក​នេះមិន​បង្ក​​ផល​​​​ប៉ះពាល់​ដល់​សុខ​ភាពមនុស្ស​ក៏ដោយ៕

Share and Like this post
Previous Article

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​ជំរុញ​ឱ្យ​ ​ក្រុម​គាំទ្រ​លោក​ ​កឹម​ ​សុខា​ ​ស្នើសុំ​សិទ្ធិ​ធ្វើនយោបាយ​ឡើងវិញ​

Next Article

មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ​ចុះ​បង្ក្រាប​ទីតាំង​ចែកចាយ​ផលិតផល​កាបូប​ក្លែងក្លាយ​ម៉ាក​ ​Charles & Keith​ ​និង​ ​Pedro​