លោក ស ខេង ​​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​បរិភោគ​ចំណីអាហារ

ប៉ិច សុធារី / Khmer Times No Comments Share:
prey-veng-food-pioson
លោក ខេង បាន​ចុះទៅ​សួរសុខ​ទុក្ខ​ និង​ផ្តល់​ជា​ថវិកា​មួយចំនួន​​​ដល់​​​ប្រជា​ពលរដ្ឋ​​រង​គ្រោះ​​ដោយ​សារ​​​ករណី​ពុល​អាហារ សម្រាក​ព្យាបាល​​​នៅមន្ទីរ​ពេទ្យ​បង្អែកស្រុក​ព្រះ​ស្តេច។​ រូបថត ហ្វេសប៊ុក

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បាន​​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវប្រុង​ប្រយ័ត្ន​ចំពោះ​ការបរិភោគ​ចំណី​អាហារ ខណៈ​ប្រជា​ពលរដ្ឋ​​ជាង ៧០​នាក់ បាន​​ពុល​ចំណីអាហារ​ក្រោយ​ពីទទួល​ទាន​នំបញ្ចុក​ ក្នុង​ពិធី​បុណ្យ​សព​​ក្នុង​ភូមិ​ថ្កោល​​​ ឃុំ​បឹង​ដោល ស្រុក​ព្រះស្តេច​ ខេត្ត​ព្រៃ​វែង។

បើ​យោងតាម​ការបញ្ជាក់ក្នុងហ្វេស​​ប៊ុក​ផ្លូវការ​របស់ លោកឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ ​​ ស ខេង ថា​ នៅថ្ងៃពុធនេះបាន​ចុះទៅ​សួរសុខ​ទុក្ខ​ និង​ផ្តល់​ជា​ថវិកាមួយចំនួន​​​ដល់​​​ប្រជា​ពលរដ្ឋ​​រង​គ្រោះ​​ដោយ​សារ​​​ករណីពុល​អាហារនេះ និង​អ្នក​ជំងឺ​សម្រាក​ព្យាបាល​​​នៅមន្ទីរ​ពេទ្យ​បង្អែកស្រុក​ព្រះ​ស្តេច។

លោក​​បាន​ណែនាំ​​ថា៖ «សូម​ប្រជាពលរដ្ឋ​បង្កើន​ការប្រុង​ប្រយ័ត្ន​ក្នុងការបរិភោគ​ចំណីអាហារ»

. .

ចំណែក​ឯក​អនុប្រធាន​មន្ទីរ​សុខាភិបាលខេត្ត​ព្រៃវែង លោក ហ៊ន់ រិទ្ធិ បាន​ឲ្យ​ដឹង​នៅថ្ងៃ​ពុធនេះថា ហេតុ​ការណ៍​ពុលចំណីអាហារ​នេះ បានកើតឡើង​​កាល​ពីល្ងាចថ្ងៃចន្ទ ក្រោយ​ពីប្រជាពលរដ្ឋ​ទាំងនោះ​បាន​ទទួល​ទាននំបញ្ចុក​ ដែល​ម្ចាស់​ដើម​បុណ្យ​បាន​រៀបចំ​​ទទួល​​ភ្ញៀវនៅ​ក្នុងពិធីបុណ្យ​សពគម្រប់​៧ថ្ងៃ។ តែ​យ៉ាងណា លោកថា ហេតុការណ៍​នេះពុំ​បានបណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​នោះទេ។ 

លោក​ថា៖ «ពល​រដ្ឋរងគ្រោះ​​មាន​​ទាំងមនុស្ស​ចាស់ និង​ក្មេង សរុប​ចំនួន​​ ៧២នាក់ ពួកគាត់មាន​អាការៈ​ចុក​ពោះ រាគ​មួល និង​ក្អួត​ចង្អោរ ក្រោយពីបាន​ហូប​នំបញ្ចុក​បុណ្យ​រួច ប៉ុន្តែមូលហេតុពិតប្រាកដ​យើង​នៅមិនទាន់ដឹងនៅឡើយ»

លោក​បន្តថា៖ «ឥឡូវ​​​នេះ​ជនរង​គ្រោះ ​​បាន​ធូរ​ស្រាយ​អស់​ហើយ នៅ​សល់តែ​​៤នាក់​ដែលរៀង​​​ធ្ងន់ធ្ងរជាង​គេ​នោះ ដែល​យើងឲ្យគាត់​នៅ​បន្ត​​​សម្រាក​នៅមន្ទីរ​​ពេទ្យបង្អែកស្រុក ដើម្បី​ឲ្យ​​​គ្រូពេទ្យ​ត្រូវ​​នៅ​បន្ត​តាមដាន​សុខភាព​ពួកគាត់​បន្ត​ទៀត»

បើតាម​​​លោក ហ៊ន់ រិទ្ធិ ក្រោយ​កើតហេតុ មន្ត្រីជំនាញ​​ក៏​​បាន​យកសំណាក​នំបញ្ចុក បន្លែ ទឹកសំឡ និង​ទឹកដែលយក​ទៅ​ធ្វើ​នំបញ្ចុកនោះ បញ្ជូនមកមន្ទីរ​ពិសោធន៍​នៅ​រាជធានី​ភ្នំពេញ ដើម្បី​រកមូល​ហេតុ​ពិត​នៃ​ការពុល​ចំណី​អាហារ​នេះ។​

មេប៉ុស្តិ៍ឃុំ​បឹងដោល លោក​ យង់ សកល បាន​ឲ្យ​ដឹងដែរ​ថា នៅថ្ងៃ​កើត​ហេតុ កុ្រមគ្រួសារ​ម្ចាស់​ដើម​បុណ្យ​​​បាន​ទិញ​នំបញ្ចុក​ចំនួន ១៥០គីឡូក្រាម​ ​ពី​អ្នក​ធ្វើ​នំបញ្ចុក​ក្នុងឃុំ​ជាមួយ​គ្នា ដើម្បីយក​​ទទួលភ្ញៀវ​ជាង​២០០នាក់ ដែលបានអញ្ជើញ​​​ចូលរួមក្នុង​​ពិធីបុណ្យ​​សព​គម្រប់​៧ថ្ងៃនោះ​ ប៉ុន្តែអ្នក​ដែលបាន​ទទួលទាន​នំបញ្ចុក​ និងមាន​អាការៈ​ពុល​មាន​ជាង ៧០នាក់។ លោកថា៖ «​ក្រោយ​កើត​ហេតុ​ហ្នឹង យើង​ក៏បាន​ចុះទៅ​ដល់​កន្លែង​ធ្វើ​នំបញ្ចុក​របស់​ឈ្មោះ សៀត យ៉ន ផងដែរ ហើយ​សមត្ថកិច្ច​យើង​បាន​សម្រេច​ផ្អាក​​អាជីវកម្មនេះ​មួយ​រយៈ ដើម្បី​ធ្វើការពិនិត្យ​ពី​កម្រិត​គុណ​ភាព​អនាម័យឡើង​វិញ​ផងដែរ»

. .

ទោះជា​យ៉ាងណា​ លោក​បាន​បញ្ជាក់​ថា៖ «ម្ចាស់​អ្នក​ធ្វើ​នំបញ្ចុក​ហ្នឹង​ គាត់​ធ្វើ​លក់​ប្រហែល១​ឆ្នាំ​ហើយ​ ដោយគាត់​យកទៅ​លក់​តាម​តូបតូច​ៗរាល់​ថ្ងៃដែរ​​ ហើយ​អ្នក​ភូមិ ​រួម​ទាំង​ខ្ញុំ​ ក៏បាន​ហូប​សឹង​តែរាល់​ថ្ងៃ​ដែរ តែមិន​មាន​បញ្ហា​អីទេ ទើបតែ​នៅ​ថ្ងៃ​បុណ្យ​នោះ​ស្រាប់តែ​មាន​ករណី​ពុលនេះ​កើត​ឡើង​តែ​ម្តង»

ប្រធាន​ការិយាល័យ​សុវត្ថិភាព​ចំណី​អាហារ​នៃ​នាយកដ្ឋាន​ឱសថ ចំណី​អាហារ បរិក្ខា​ពេទ្យ និង​គ្រឿង​សំអាងនៃ​ក្រសួង​​សុខា​ភិបាល លោក អាំង ហុក​ស្រ៊ុន បាន​ឲ្យ​ដឹង​កាល​ខែមុនថា ការ​ពុល​ចំណី​អាហារ ឬស្រា កាល​ពីខែ​មករា​ បាន​បញ្ជាក់ថា ការ​​ពុល​ចំណី​អាហារ​​បង្ក​ឡើង​ដោយសារ​ចំណីអាហារ​ចម្អិន​មិន​ឆ្អិន​​​ល្អ មិន​ស្អាត​ មាន​មេរោគ​ ជូរផ្អូម​ ឬ​មានសារ​ធាតុ​គីមី ដែល​​បណ្តាល​ឲ្យមាន​បញ្ហា​សុខ​ភាព ដូចជា ឈឺ​ពោះ រាគ​រូស និង​ក្អួត​ជា​ដើម។

លោក​បាន​ណែនាំ​នូវ​វិធានការគន្លឹះ​​ចំនួន​ ៥ចំណុច ដើម្បីទប់ស្កាត់​ការ​ពុលចំណី​អាហារ​​ ក្នុងនោះ​រួមមាន ទី​១ ​ត្រូវ​មាន​ភាព​ស្អាត ​ដោយ​ត្រូវគិត​​គូរ​ពីកន្លែង​ចំអិន​ឲ្យបាន​ស្អាត លាងដៃ​នៅពេល​យើង​ចាប់​កាន់​ចំណី​អាហារ​ឬ​គ្រឿង​​​ផ្សំផ្សេង​ៗក្នុងការ​​​​​ផលិត​​​ចំណី​អាហារ​, ទី​២​ ត្រូវ​ទុកដាក់​ចំណី​អាហារ​ឆ្អិន​ និង​ឆៅ​ដាច់​ដោយ​ឡែក​ពីគ្នា, ទី​៣ ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រើ​ប្រាស់​នូវ​ឧបករណ៍​ធ្វើ​ម្ហូប​អាហារ​​រវាង​អាហារ​​ឆៅ​ និង​អាហារ​​​ឆ្អិន, ទី​៤ ​ត្រូវ​​ទុក​ដាក់​អាហារ​ក្នុង​​​​​​សីតុណ្ហ​​ភាព​ត្រឹមត្រូវ និង​ទី​៥ ត្រូវ​គិតគូរពី​អនាម័យ​ទឹក ឬ​ត្រូវ​ប្រើ​ប្រាស់​ទឹកស្អាត។

បើ​តាម​លោក ហុក​ស្រ៊ុន ករណី​ពុលចំណី​អាហារ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៨ បាន​កើត​មាន​ចំនួន ១៣​ដង បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១២ នាក់ និង​អ្នកជំងឺ ២០៣ នាក់៕

. .
Share and Like this post
Previous Article

មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ​ចុះ​បង្ក្រាប​ទីតាំង​ចែកចាយ​ផលិតផល​កាបូប​ក្លែងក្លាយ​ម៉ាក​ ​Charles & Keith​ ​និង​ ​Pedro​

Next Article

លោក​ ​ប្រាក់​ ​សុ​ខុន​ ​រិះគន់​សហភាព​អឺរ៉ុប ប្រើ​ស្តង់ដា​ពីរ​ ​ក្នុង​ការ​វាយ​តំលៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *