ស្ត្រី​រងគ្រោះ ​ពីការបង្ខាំងជំរិត​ទារប្រាក់​ថ្លៃព្យាបាល ​ទាមទារ​សំណង​ជំងឺចិត្ត​ចំនួន​៥ពាន់​ដុល្លារ

ប៉ិច សុធារី / Khmer Times No Comments Share:
ស្ត្រី​រងគ្រោះ​ដែល​ត្រូវ​​បុគ្គលិក​មន្ទីរពេទ្យវ៉ិច​តូរៀ​ បង្ខាំងជំរិត​ទារប្រាក់​ថ្លៃព្យាបាល​កាលពីអំឡុង​ដើម​ខែមករា​​.  រូបថត សហការី

ភ្នំពេញ៖​ ស្ត្រី​រងគ្រោះ​ដែល​ត្រូវ​​បុគ្គលិក​មន្ទីរពេទ្យវ៉ិច​តូរៀ​ បង្ខាំងជំរិត​ទារប្រាក់​ថ្លៃព្យាបាល​កាលពីអំឡុង​ដើម​ខែមករា​​នោះ បាន​ចូលខ្លួន​ទៅបំភ្លឺ​នៅ​សាលា​ដំបូង​រាជ​ធានីភ្នំពេញ កាលពី​ថ្ងៃម្សិលមិញ ដោយបានស្នើ​ដល់​តុលាការ​រក​យុត្តិ​ធម៌តាមផ្លូវច្បាប់ និង​ទាមទារ​សំណង​ជំងឺចិត្ត​ចំនួន​៥ពាន់​ដុល្លារ។

កាលពី​ថ្ងៃ​ទី​២០​​​​កុម្ភៈ ចៅក្រមស៊ើប​សួរ លោក​​ ហម ម៉េង​សែ បាន​ចេញ​ដី​កា​​​បង្គាប់​ឲ្យ​ជន​រង​គ្រោះ​ និង​ជា​ដើមបណ្តឹង ឈ្មោះ ភឿង មួយ​​ហ៊ាង ភេទ​​ស្រី អាយុ១៨ឆ្នាំ រស់នៅផ្ទះជួល​ក្នុង​ខណ្ឌជ្រោយ​ចង្វារ រាជធានីភ្នំពេញ ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​​ពាក់ព័ន្ធនឹង​ករណី​​​បង្ខាំង​​ដោយ​​ខុស​​ច្បាប់​ និង​កំហែង​យក​ និង​ផ្តើម​គំនិត​ក្នុងបទ​បង្ខាំង​ដោយ​ខុស​ច្បាប់ និងផ្តើម​គំនិត​​ក្នុងបទ​កំហែង​​​​យក ​ដែលបង្ក​ឡើង​ដោយ​ ​ឈ្មោះLi Zhi ភេទប្រុស​, ឈ្មោះ Yang Yan Hong ភេទស្រី និង​ឈ្មោះ Li Guan Hua ភេទប្រុស ជាជនជាតិចិន ​​បាន​ប្រព្រឹត្ត​​​នៅចំណុច​​មន្ទីរ​​ពេទ្យ​វ៉ិច​តូរៀ​ ស្ថិត​ក្នុងសង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក រាជ​ធានី​ភ្នំពេញ​។

ក្នុងចំណោមជនបង្ក​ទាំង៣នាក់ ចៅក្រម​ស៊ើប​សួរ​បាន​សម្រេចឃុំខ្លួន​ជាបណ្តោះ​អាសន្ន​ម្នាក់ ឈ្មោះ Li Zhi កា​ល​ពី​ថ្ងៃ​ទី​១៨​មករា ខណៈ​ជន​បង្ក​ពីរនាក់ទៀត​បាន​រត់​គេច​ខ្លួន។

កញ្ញា​​ភឿង​ មួយ​ហ៊ាង បាន​និយាយ​នៅក្រោយ​ពេល​ចូល​ទៅបំភ្លឺនៅតុលាការបានថ្លែង​​​ថា រូប​គាត់និង​ម្តាយ​បានចូលខ្លួន​ទៅ​តាម​ការ​កោះ​ហៅ​របស់​ចៅក្រម​ស៊ើបសួរ ដោយ​បាន​ឆ្លើយ​ទៅតាមសាច់រឿងដែលបាន​កើត​ឡើង​នៅ​ថ្ងៃ​កើត​​ហេតុ។ កញ្ញា​ថា៖ «ខ្ញុំបានប្រាប់ទៅតុលាការតាមដំណើររឿង​ហើយ​ ថា​ថ្ងៃនោះខ្ញុំបានចូលទៅរកសេវាព្យាបាល​នៅ​មន្ទីរ​ពេទ្យ​វ៉ិច​តូរៀ ហើយ​គេបង្ខំឲ្យ​ខ្ញុំវះ​កាត់ភ្លាមៗ​​ក្នុង​​​តម្លៃសេវា​ថ្លៃ ដល់​​ពួក​ខ្ញុំអត់មាន​​លុ​យគ្រប់គ្រាន់ ​ក៏​ស្រាប់​តែ​គេ​បង្ខាំង​​ចាក់​​សោរ​​ពួក​ខ្ញុំមិនឲ្យ​ចេញ​ក្រៅតែម្តង»

ម្តាយ​របស់​មួយ​ហ៊ាង គឺអ្នកស្រី ជាវ ​ផារី អាយុ​ ៤៧ឆ្នាំ បាន​បន្ថែមថា ក្នុង​ពេលចូល​បំភ្លឺនោះ គ្រួសាររបស់​អ្នកស្រី បាន​ស្នើ​ដល់​ចៅក្រម​ស៊ើប​សួរ​ ជួយ​រក​យុត្តិធម៌ដល់​ពួកគាត់ និង​បាន​ទាមទារសំណង​ជំងឺចិត្ត​ចំនួន​៥ពាន់​ដុល្លារ ពីភាគី​ចុង​ចោទ។ អ្នកស្រីថា៖ «ពួកខ្ញុំជា​អ្នកក្រី​ក្រ មិន​​សូវ​យល់ដឹង​រឿង​ច្បាប់​​ទេ មាន​​តែ​សុំឲ្យតុលាការ​ជួយ​រកយុត្តិធម៌​ដល់​កូន​ស្រី​របស់​ខ្ញុំ​​ផង​»

ចៅក្រម​ស៊ើប​សួរសាលា​ដំបូងរាជធានីភ្នំពេញ លោក​ ហម ម៉េង​សែ និង​អ្នកនាំពាក្យ​ លោក​លី សុផាន់ណា ពុំអាច​សុំ​ការ​​​អត្ថាធិប្បាយ​បាន​ទេ កាលពីថ្ងៃម្សិល​មិញ។

គួរបញ្ជាក់ថា កាល​ពី​ថ្ងៃទី​១៣មករា ​ស្ត្រី​​​រង​គ្រោះ និងម្តាយ​​ បាន​ទៅ​រក​សេវាព្យាបាលបញ្ហា​គីស​ក្នុង​ដៃ​​ស្បូន ​នៅមន្ទីរ​ពេទ្យ​​​វ៉ិចតូរៀ ដែលនៅពេលនោះ ​គ្រូពេទ្យ​​បាន​តម្រូ​វ​ឲ្យជនរង​​គ្រោះ​​វះកាត់​ជាបន្ទាន់​​ ​ក្នុង​​​ថ្លៃ​សេវាចំនួន​៦០០ដុល្លារ ​ប៉ុន្តែ បន្ទាប់​ពីការ​វះកាត់​រួច ខាងមន្ទីរ​ពេទ្យ​បានចេញ​វិក័យបត្រឲ្យ​ជនរង​គ្រោះ​បង់ថ្លៃ​សេវា​ចំនួន​២ពាន់​ដុល្លារ​ ដែលនាំ​ឲ្យ​មាន​​ការប៉ះពាក្យ​សំដី​គ្នា ហើយ​​បុគ្គលិក​មន្ទីរ​ពេទ្យ​នេះ​ បាន​​បិទ​ទ្វារ​ចាក់សោរ​មិន​ឲ្យ​ជនរងគ្រោះចេញទៅណាឡើយ​ រហូត​ដល់​មាន​ការ​​ជួយអន្តរាគមន៍ពីសមត្ថកិច្ច។

មួយថ្ងៃ​បន្ទាប់ពីថ្ងៃ​កើត​ហេតុ ក្រសួង​សុខាភិបាល ក៏បាន​សម្រេចបិទ​មន្ទីរ​ពេទ្យ​វ៉ិច​តូរៀ​នេះ​ភ្លាម​ៗ​ផ​ងដែរ​៕

 

Share and Like this post

Related Posts

Previous Article

លោក​ ​ប្រាក់​ ​សុ​ខុន​ ​រិះគន់​សហភាព​អឺរ៉ុប ប្រើ​ស្តង់ដា​ពីរ​ ​ក្នុង​ការ​វាយ​តំលៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា

Next Article

​អង្គការ​ ​ចំនួន១២​ ​ស្នើ​ដល់​រាជរដ្ឋាភិបាល​ ​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ស្ត្រី​​