ការផ្លាស់ប្ដូរជីវិតដ៏លំបាកពីក្មេងរើសសំរាមស្ទឹងមានជ័យតាមរយៈការអប់រំ

សែន ដាវិត / Khmer Times No Comments Share:

ស្ថិតនៅក្នុងអាយុ ៩ឆ្នាំ ឱក ណៃហៀង ត្រូវបានម្ដាយបញ្ជូនមកពីខេត្តកណ្តាលដើម្បីមករស់នៅជាមួយអ៊ំស្រីនៅរាជធានីភ្នំពេញដើម្បីឱ្យនាងអាចទទួលបានឱកាសក្នុងការសិក្សា។ ជីវិតរស់នៅជិតទីលាន​ចាក់សំរាមស្ទឹងមានជ័យ ឱក ណៃហៀង ត្រូវប្រមូលសំបកកំប៉ុង និងរបស់ប្រើប្រាស់ផ្សេងៗពីកន្លែងចាក់សំរាមដើម្បីរកប្រាក់ផ្ដល់ឱ្យទៅអ៊ំស្រីរបស់នាង។ ទោះបីជាយ៉ាងណាក៏ដោយ នាងអរគុណដល់អង្គការក្រៅរដ្ឋាភិបាលមួយដែលបានសង្រ្គោះក្មេងរើសសំរាមនៅស្ទឹងមានជ័យជាច្រើននាក់ និងធ្វើឲ្យពួកគេ អាចបញ្ចប់ការសិក្សានៅសកលវិទ្យាល័យនិងមានការងារជាក់លាក់មួយនាពេលបច្ចុប្បន្ន។

សព្វថ្ងៃនេះ ឱក ណៃហៀង និងបងស្រី ស្ថិតនៅកន្លែងមួយដែលមានភាពខុសគ្នាខ្លាំងជាងពេលដែលនាងធំដឹងក្ដីនៅ​ទីលានចាក់សំរាម។

ណៃហៀង ទើបតែបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ ហើយនាងមានការរំភើបអំពីដំណើរជីវិតថ្មីរបស់នាងក្រោយពីត្រូវបានសង្រ្គោះពីទីលានចាក់សំរាមកាលពីឆ្នាំ២០០៤។

. .

ណៃហៀងបានឲ្យដឹងថា៖ «ពេលដែលខ្ញុំនៅក្មេង ខ្ញុំមិនដែលស្រម៉ៃថាខ្ញុំមានការងារដែលសមរម្យមួយនៅក្នុងសង្គមទេ។ នៅពេលនោះ ខ្ញុំត្រូវបានគ្របដណ្តប់ដោយភាពកខ្វក់ចាប់ពីក្បាលដល់ចុងជើងជាមួយនឹងក្លិនស្អុយផងដែរ»។

យុវត្តីដែលមានអាយុ ២៤ឆ្នាំរូបនេះ អាចទទួលបានការអប់រំបន្ទាប់ពីរូបនាងទទួលបានជំនួយពីមូលនិធិកុមារកម្ពុជាហៅថា (CCF) ដែលជាអង្គការមិនមែនរដ្ឋាភិបាលមួយដែលធ្វើការផ្តោតលើកុមារក្រីក្រ។ ​កញ្ញា ឱក ណៃហៀង បាននិយាយថាអង្គការនេះបានចាប់ផ្តើមនៅឆ្នាំ ២០០៤ នៅ​​​គំនរ​សំរាម​ស្ទឹង​មានជ័យ រាជធានីភ្នំពេញ។

នៅអាយុ៩ឆ្នាំ កញ្ញានិង​បងស្រី ឱក ណៃហួយ ចាកចេញពីខេត្តកណ្តាលដើម្បីមករស់នៅជាមួយអ៊ំស្រីរបស់នាងនៅរាជធានីភ្នំពេញនិងទទួលបានការអប់រំ។ ទោះជាយ៉ាងណាក៏ដោយ ការកើតចេញមកពីគ្រួសារក្រីក្រ មានន័យថាពួកគេក៏ត្រូវខិតខំធ្វើការដែរដើម្បីចំណាយលើការរស់នៅ។

ចាប់តាំងពីព្រឹកព្រលឹមរហូតដល់ថ្ងៃត្រង់ ណៃហៀង ត្រូវរកប្រាក់បានប្រហែលមួយម៉ឺនរៀល​ពីការ​រើស​កំប៉ុង​យកទៅលក់ដើម្បីផ្ដល់ឲ្យអ៊ំស្រីរបស់នាង។ កញ្ញាបាននិយាយថា៖ ​«ឥឡូវនេះ ខ្ញុំមានសំលៀកបំពាក់ស្អាតដើម្បីស្លៀកពាក់ និងមានការងារមួយមានប្រាក់ចំណូលសមរម្យដើម្បីផ្គត់ផ្គង់គ្រួសារ»។

កញ្ញា ឱក ណៃហៀង បានបន្តថា៖ ​«ខ្ញុំប្រមូលសំបកកំប៉ុងហើយលក់បានប្រាក់ចំនួន ១០,០០០ រៀល។ ខ្ញុំមិនហ៊ានទុកខ្លះសម្រាប់ខ្លួនឯងនោះទេ ព្រោះជីវិតរបស់ខ្ញុំត្រូវពឹងពាក់លើអ៊ំស្រីរបស់ខ្ញុំ»។

. .

ជីវិតគឺពិតជាខុសគ្នាឆ្ងាយណាស់ពីអ្វីដែលនាងធ្លាប់ឆ្លងកាត់។

 

 

យុវតី ឱក ណៃហៀង ពេលសម្ភាសន៍ជាមួយកាសែតខ្មែរថាមស៍។ រូបថត ម៉ៃ វិរៈ

កញ្ញា ណៃហៀង បានឲ្យដឹងថា៖ ​«អ៊ំស្រីរបស់ខ្ញុំរស់នៅជិតគំនរសំរាមហើយផ្ទះរបស់គាត់ត្រូវបានហ៊ុំព័ទ្ធដោយគំនរសំរាម។ វាខុសប្លែកពីគ្នាពីផ្ទះនៅឯស្រុកកំណើតរបស់យើង ដែលពោរពេញទៅដោយធម្មជាតិជុំវិញ មានទឹក និង ខ្យល់បរិសុទ្ធ។»

កញ្ញាបានបន្ថែមថា៖ ​«យើងមិនទទួលបានខ្យល់អាកាសបរិសុទ្ធនៅទីនោះទេ។ ការរស់នៅជិតគំនរសំរាមធ្វើឲ្យយើងហត់នឿយខ្លាំងណាស់ជាមួយក្លិន ប៉ុន្តែយើងគ្មានជំរើសផ្សេងនោះទេ»។

ថ្ងៃមួយ ណៃហៀង និងបងស្រីរបស់នាងត្រូវបានជនបរទេសម្នាក់មកជួបហើយប្រាប់នាងថានាងអាចទទួលការសិក្សា និងការស់នៅបានច្រើននៅក្នុងជីវិត។

កញ្ញា ណៃហៀង បានឲ្យដឹងថា៖ ​«នៅពេលនោះខ្ញុំកំពុងតែប្រមូលសំរាម ហើយជនបរទេសម្នាក់ឈ្មោះ Scott បានដើរសំដៅមករកខ្ញុំហើយសួរថាតើខ្ញុំមកពីណា។ គាត់សួរខ្ញុំអំពីសាលារៀននិងសួរថាតើខ្ញុំចង់ទៅនៅជាមួយអង្គការរបស់គាត់ឬអត់»។

. .

កញ្ញា​ បានបន្តថា៖ ​«នៅពេលនោះ ខ្ញុំមានការភ័យខ្លាច ព្រោះខ្ញុំគិតថាគាត់នឹងយកខ្ញុំទៅលក់នៅកន្លែងផ្សេង »។ ទោះជាយ៉ាងណាក៏ដោយ ណៃហៀង និងបងស្រីរបស់នាងបានសម្រេចចិត្ដជម្នះការភ័យខ្លាចរបស់ពួកគេហើយទៅកាន់អង្គការមូលនិធិកុមារកម្ពុជា  ដើម្បីអាចទៅសាលារៀនបាន។

ណៃហៀង បានឲ្យដឹងថា៖ ​«ខ្ញុំមិនស្គាល់សូម្បីតែអង្គការក្រៅរដ្ឋាភិបាលនោះជាអ្វីទេ ខ្ញុំគ្រាន់តែដឹងថាខ្ញុំចង់ទទួលបានការសិក្សាមួយដូចក្មេងដទៃ។ ប៉ុន្តែនៅពេលដែលខ្ញុំត្រូវបានទទួលឲ្យរស់នៅដោយ អង្គការមូលនិធិកុមារកម្ពុជា  ខ្ញុំដឹងថាខ្ញុំក៏នឹងទទួលបានអាហារនិងកន្លែងរស់នៅផងដែរ»។

ចាប់តាំងពីឆ្នាំ ២០០៤ អង្គការមូលនិធិកុមារកម្ពុជា បានធ្វើការជាមួយសហគមន៍ក្រីក្រនៅកម្ពុជា​ពិសេស​នៅតំបន់ចាក់សំរាមស្ទឹងមានជ័យ។

ការងាររបស់អង្គការនេះផ្លាស់ប្ដូរសិស្សចំនួនប្រហែល ២០០០ នាក់ដែលកំពុងឆ្ពោះទៅរកភាពប្រសើរឡើងសម្រាប់ពួកគេ។

បើទោះបីជាកន្លែងចាក់សំរាមបានបិទនៅឆ្នាំ ២០០៩ ក៏ដោយ អង្គការមូលនិធិកុមារកម្ពុជា នៅតែបន្តការងាររបស់ខ្លួននៅតំបន់ស្ទឹងមានជ័យ ដែលត្រូវបានគេចាត់ទុកថាជាកន្លែងដែលអាចចូលមកកាន់រាជធានីភ្នំពេញសម្រាប់គ្រួសារដែលគ្មានទីលំនៅនិងគ្មានជំរើស។

ចំពោះ កញ្ញា ណៃហៀង និងបងស្រីរបស់គាត់ ពួកគេនឹងនៅជាមួយ អង្គការមូលនិធិកុមារកម្ពុជា រហូតដល់ថ្ងៃបញ្ចប់ការសិក្សា។

ណៃហៀង បានឲ្យដឹងថា៖ ​«អង្គការមូលនិធិកុមារកម្ពុជា បានបង្រៀនជំនាញជាច្រើនដល់រូបខ្ញុំ និងក្មេងដទៃទៀត ដូចជា របៀបក្នុងការប្រើប្រាស់កុំព្យូទ័រ ការនិយាយភាសាអង់គ្លេស និងជំនាញដេរ ប៉ុន្តែការរៀនសូត្រមិនចប់នោះទេនៅទីនោះ ព្រោះខ្ញុំអាចទៅសាលារៀនបាន។ បន្ទាប់មក ខ្ញុំបានបន្តការសិក្សានៅសាកលវិទ្យាល័យលើមុខជំនាញឧស្សាហកម្មទេសចរណ៍។ ហើយសព្វថ្ងៃ ខ្ញុំធ្វើការឱ្យក្រុមហ៊ុនទេសចរណ៍មួយ»។

ជាមួយនឹងថវិការដែលកញ្ញាទទួលបានពីក្រុមហ៊ុនទេសចរណ៍សព្វថ្ងៃនេះ កញ្ញាមានលទ្ធភាពផ្ញើប្រាក់ទៅកាន់ស្រុកកំណើតក្នុងខេត្តកណ្តាលវិញដើម្បីជួយក្រុមគ្រួសាររបស់នាង។

ណៃហៀង បានបន្ថែមថា៖ «ខ្ញុំមិនដែលនឹកស្មានដល់ថាជីវិតរបស់ខ្ញុំនឹងមានភាពខុសប្លែកពីមុនទេ។ ខ្ញុំបានផ្លាស់ប្តូរពីក្មេងស្រីម្នាក់ដែលមិនមានអ្វីទាល់តែសោះ ក្មេងស្រីម្នាក់ដែលចេញពីគំនរសំរាមជាមួយនឹងសំលៀកបំពាក់កខ្វក់ ទៅជាមនុស្សម្នាក់ដែលមានការងារជាក់លាក់មួយ»។

ម្តាយរបស់ ឱក ណៃហៀងគឺ អ្នកស្រី សួន សុខឃីម អាយុ ៤៥ឆ្នាំ រស់នៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល​បានរៀបរាប់ពីដំណើររឿងដែលរូបគាត់ចង់ឱ្យកូនស្រីរបស់គាត់ផ្លាស់ប្តូរមករស់នៅ ភ្នំពេញដើម្បីទទួលបានការអប់រំ។

អ្នកស្រី សួន សុខឃីម បានថ្លែងថា៖ «ខ្ញុំដឹងថាកន្លែងដែលកូនស្រីរបស់ខ្ញុំរស់នៅពោរពេញទៅដោយសំរាម ប៉ុន្តែខ្ញុំនៅតែជំរុញឲ្យពួកគេផ្លាស់មករស់នៅទីក្រុង ព្រោះខ្ញុំចង់ឱ្យពួកគេទទួលបានការសិក្សានិងមានការតស៊ូនៅក្នុងជីវិត។ កូនស្រីរបស់ខ្ញុំរស់នៅទីនោះជាមួយអ៊ំស្រីរបស់គេ ដូច្នេះគាត់អាចទៅសាលារៀននៅក្នុងទីក្រុងបាន។ ខ្ញុំចង់ឱ្យរូបគាត់បានរៀនសូត្រ »។

អ្នកស្រី បានបន្ថែមថា៖ «សំណាងល្អ ណៃហៀងនិងប្អូនស្រីរបស់នាងបានជួបជាមួយលោក Scott ដែលអាចផ្តល់ទីជំរកនិងការសិក្សាសម្រាប់ពួកគេបាន ។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលឃើញកូនរបស់ខ្ញុំបានក្លាយជាអ្នកមានចំណេះដឹងនិងមានការងារធ្វើ»។

កាលពីខែធ្នូឆ្នាំ២០១៨កន្លងទៅ អង្គការមូលនិធិកុមារកម្ពុជា បានរៀបចំពិធីជប់លៀងមួយដើម្បីអបអរសាទរនិស្សិតទើបបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យចំនួន ៣០ នាក់ ដែលស្ថិតនៅក្រោមការជួយគាំទ្ររបស់ពួកគេ។

លោក Scott Neeson ស្ថាបនិក និងជានាយកប្រតិបត្តិរបស់អង្គការមូលនិធិកុមារកម្ពុជា បាននិយាយថាកុមារភាគច្រើនដែលត្រូវបាននាំយកមកាន់អង្គការគឺជាអ្នករើសសំរាមដូច កញ្ញា ណៃហៀងដែរ។

លោក Scott Neeson បានថ្លែងថា៖ «ពួកគេមកដើម្បើទទួលបានភាពជោគជ័យក្នុងជីវិតរបស់ពួកគេ។ វាពិបាកក្នុងការរៀបរាប់ថាតើពួកគេនឹងទៅជាយ៉ាងណា ប៉ុន្ដែយើងពិតជាមានមោទនភាពចំពោះពួកគេម្នាក់ៗ»។

លោកបានឲ្យដឹងថា លោកបានមកប្រទេសកម្ពុជាជាលើកដំបូងក្នុងឆ្នាំ ២០០៤ ហើយបានទៅកាន់កន្លែងចាក់សំរាមនៅស្ទឹងមានជ័យដើម្បីស្វែងរកកុមារដើម្បីជួយពួកគេ។

លោក Scott Neeson បានថ្លែងថា៖ «ភាពភ័យរន្ធត់នៃកុមារទាំងនេះគឺ ពួកគេគ្មានអាហារគ្រប់គ្រាន់គ្មានឪពុកម្តាយ ហើយរស់នៅក្នុងគំនរសំរាម»។

លោកបានបន្តឲ្យដឹងថាក្មេងភាគច្រើនឥឡូវនេះបានផ្លាស់ប្ដូរជីវិតរបស់ពួកគេជាច្រើនពីកន្លែងដែលពួកគេបានចាប់ផ្តើម។

លោក Scott Neeson បានឲ្យដឹងទៀតថា៖ «សមិទ្ធិផលទាំងនេះពិតជាមានសារៈសំខាន់ណាស់ចំពោះនិស្សិតបញ្ចប់ការសិក្សានិងសិស្សដទៃទៀតក៏ដូចជាគ្រួសារនៃអង្គការមូលនិធិកុមារកម្ពុជា ទាំងមូល។ កត្តាដែលជម្រុញលើកទឹកចិត្តរបស់ពួកគេគឺការមើលឃើញនូវសមិទ្ធផលទាំងនេះ។ មិនមែនត្រឹមតែក្មេងៗនោះទេដែលទទួលបាន ប៉ុន្តែគ្រួសាររបស់គេទាំងមូលក៏ទទួលបានផងដែរ។ ពួកគេនឹងនាំគ្រួសាររបស់ពួកគេចេញពីកន្លែងដ៏លំបាកនេះ»។

កញ្ញា ណៃហៀង ថ្លែងថា កញ្ញាដឹងគុណជានិច្ចចំពោះលោក Neeson ដែលបានផ្តល់ឱកាសឱ្យជីវិតរបស់គាត់។

កញ្ញា ណៃហៀង បានបន្ថែមថា៖ «ខ្ញុំសូមថ្លែងអំណរគុណដល់អង្គការមូលនិធិកុមារកម្ពុជា ជាពិសេសលោក Scott ដោយសារតែលោកបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំអោយកាន់តែមានភាពប្រសើរឡើង»។ ហើយកញ្ញក៏មានជាសារសម្រាប់កុមារដែលកំពុងឆ្លងកាត់ដូចអ្វីដែលរូបកញ្ញាបានឆ្លងកាត់។

កញ្ញាបានឲ្យដឹងថា៖ «មានតែការអប់រំប៉ុណ្ណោះដែលអាចផ្ដល់ឲ្យយើងនូវអនាគតដ៏ល្អជាមួយនិងការងារសមរម្យ។ អង្គការមូលនិធិកុមារកម្ពុជា មិនមែនត្រឹមតែគាំទ្រខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកុមារជាច្រើនទៀតមកពីតំបន់ស្ទឹងមានជ័យនិងកុមារក្រីក្រដទៃទៀតមកពីជនបទ។ អង្គការមូលនិធិកុមារកម្ពុជាគាំទ្រពួកគេក្នុងការសិក្សានៅសាលារៀន ដូច្នេះពួកគេនឹងមានឱកាសក្នុងជីវិត»។

 

. .
Share and Like this post

Related Posts

Previous Article

ជនរងគ្រោះដោយទឹកអាស៊ីដ ដង្ហោយរកយុត្តិធម៌

Next Article

រដ្ឋមន្ត្រី​ក្រសួងធនធានទឹក​ ​ស្នើរ​ដ្ឋ​សភា​ ​បង្កើន​ថវិកា​ ​ខណៈ​ប្រឈម​នឹង​ការ​ឡើង​កម្តៅ​ខ្លាំង​

Leave a Reply

Your email address will not be published. Required fields are marked *