បុរស​វ័យ​ចំណាស់​ម្នាក់​ស្លាប់​ដោយសារ​ជំងឺឆ្កែឆ្កួត​ ​បន្ទាប់ពី​មិនបាន​រក​សេវា​ព្យាបាល​

​ប៉ិច​ ​សុធា​រី​ / Khmer Times No Comments Share:
​ជនរងគ្រោះ​ ​ទឹម​ ​ហេង​ ​អាយុ​ ​៥៨ឆ្នាំ​ ​ស្លាប់​ដោយសារ​ជំងឺឆ្កែឆ្កួត​។​ ​រូបថត​ ​ហ្វេ​សប៊ុ​ក​

ត្បូងឃ្មុំ​៖​ ​បុរស​វ័យ​ចំណាស់​ម្នាក់​រស់នៅ​ភូមិ​ទួល​មានជ័យ​ ​ឃុំ​ប្រធាតុ​ ​ស្រុក​អូររាំងឪ​ ​ខេត្ត​ត្បូងឃ្មុំ​ ​បាន​ស្លាប់​ដោយសារ​ជំងឺឆ្កែឆ្កួត​ ​កាលពី​ថ្ងៃអង្គារ​ ​ក្រោយពី​សត្វ​ឆ្កែ​ក្នុង​ស្រុក​បាន​ក្រញៅ​អស់​រយៈពេល​ជាង២ខែ​ ​ដោយ​មិនបាន​រក​សេវា​ព្យាបាល​។​

មេឃុំ​ប្រធាតុ​ ​លោក​ ​ទ្រី​ ​ពៅ​ ​បាន​ឲ្យដឹង​ថា​ ​ជនរងគ្រោះ​ដែល​ស្លាប់​នោះ​ ​មានឈ្មោះ​ ​ទឹម​ ​ហេង​ ​អាយុ​ ​៥៨ឆ្នាំ​ ​ត្រូវ​បាន​គ្រូពេទ្យ​បញ្ជាក់​ថា​ពិតជា​បាន​ស្លាប់​ដោយសារ​ជំងឺឆ្កែឆ្កួត​ពិតមែន​ ​ក្រោយពី​ជនរងគ្រោះ​ត្រូវ​បាន​សត្វ​ឆ្កែ​ដែល​មាន​មេរោគ​ឆ្កែឆ្កួត​បាន​ក្រ​ពៅ​ ​កាលពី​ថ្ងៃទី២៥​ ​ខែធ្នូ​។​ ​លោក​ថា​៖​ ​«​បើ​តាម​សាច់​ញាត្តិ​ ​ដំបូង​ឡើយ​ជនរងគ្រោះ​គាត់​ប្រឡែង​លេង​ជាមួយ​សត្វ​ឆ្កែ​ចិញ្ចឹម​របស់​គាត់​ ​ហើយ​វា​ក៏បាន​ក្រញៅ​ចំពោះ​ ​ហើយ​ភ្លាម​ៗ​នោះ​គាត់​អត់​បាន​ទៅ​រក​សេវា​ចាក់​វាក់​សាំង​ការពារ​ទេ​ ​ព្រោះ​គិតថា​ជា​រឿង​ធម្មតា​ ​ប៉ុន្តែ​ដល់ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ស្រាប់តែ​មាន​រោគសញ្ញា​ជំងឺឆ្កែឆ្កួត​នេះ​កើតឡើង​បណ្តាល​ឲ្យ​ស្លាប់​តែម្តង​»​។​

អធិការរង​នគរបាល​ស្រុក​អូររាំងឪ​ ​លោក​វរសេនីយ៍ទោ​ ​ម៉េ​ង​ ​ឡាយ​ ​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​កន្លងមក​ ​បើ​ទោះជា​មានការ​ផ្សព្វផ្សាយ​ពី​ជំងឺឆ្កែឆ្កួត​នេះ​តាមរយៈ​អាជ្ញាធរ​ភូមិ​ឃុំ​ក៏ដោយ​ ​ក៏​ប្រជាពលរដ្ឋ​ហាក់​ពុំសូវ​ខ្វល់ខ្វាយ​ស្វែងរក​ការ​ចាក់​វាក់​សាំង​បង្ការ​ជំងឺឆ្កែឆ្កួត​ ​ក្រោយ​សត្វ​ឆ្កែ​ឬ​ឆ្មា​ខាំ​ឬ​ក្រញៅ​នោះ​ទេ​ ​ដោយ​ពួកគាត់​គិតថា​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​អ្នក​រស់នៅ​ជនបទ​។​ ​លោក​ថា​៖​ ​«​ពេល​សត្វ​ឆ្កែ​ឬ​ឆ្មា​ខាំ​គាត់​តែង​គិតថា​មិន​អី​ ​ដល់ពេល​មាន​ជំងឺ​នេះ​រើ​ឡើង​ ​គាត់​ទៅ​រក​សេវា​ព្យាបាល​ ​ពេទ្យ​ប្រាប់​ថា​ហួសពេល​ហើយ​ ​ដូច្នេះ​សូមឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ ​និង​ត្រូវ​ស្វែងរក​សេវា​ចាក់​វាក់​សាំង​បង្ការ​ជំងឺ​នេះ​ជាបន្ទាន់​ក្រោយពី​សត្វ​ទាំងនោះ​ខាំ​ឬ​ក្រញៅ​»​។​ ​

. .

អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ត្បូងឃ្មុំ​ ​លោក​ ​ឆន​ ​មុនី​ ​បាន​ឲ្យដឹង​ដែរ​ថា​ ​មន្ទីរ​ការងារ​ខេត្ត​បាន​បង្កើត​ក្រុមការងារ​បច្ចេកទេស​មួយ​ ​ដើម្បី​ចុះ​ស្រាវជ្រាវ​ ​និង​អប់រំ​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​នៃ​ជំងឺឆ្កែឆ្កួត​នេះ​ទៅដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ ​និង​នៅ​តាម​សាលារៀន​ជាដើម​។​ ​ទោះ​យ៉ាងណា​ ​លោក​បាន​អំ​ពាវ​នាវ​ដ​លប្រ​ជា​ពលរដ្ឋ​ទាំងអស់​ ​ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ ​និង​កុំ​ប្រឡែង​លេង​ជាមួយ​សត្វ​ឆ្កែ​ឬ​ឆ្មា​ ​និង​សត្វ​ដែល​មាន​វិ​រុ​ស​ជំងឺឆ្កែឆ្កួត​នេះ​ ​ហើយ​ត្រូវ​ប្រញាប់​ទៅ​រក​សេវា​ព្យាបាល​ ​និង​ចាក់​វាក់​សាំង​ការពារ​ជំងឺ​នេះ​ជាបន្ទាន់​នៅ​តាម​មន្ទីរពេទ្យ​បង្អែក​ ​និង​គ្លីនិក​ឯកជន​ ​ក្រោយពី​មាន​សត្វ​ឆ្កែ​ឬ​ឆ្មា​ខាំ​ឬ​ក្រញៅ​។​ ​

កាលពី​ថ្ងៃម្សិលមិញ​នេះ​ដែរ​ ​នៅក្នុង​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ២០១៨​ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០១៩របស់​រដ្ឋបាល​ខេត្តបាត់ដំបង​ ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ​ស​ ​ខេង​ ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​នឹង​ជំងឺឆ្កែឆ្កួត​នេះ​ ​ដោយ​មិន​ត្រូវ​ទៅ​ប្រលែង​លេង​ជាមួយ​សត្វ​ឆ្កែ​និង​ឆ្មា​ ​និង​ត្រូវការ​ពារ​ខ្លួន​កុំ​ឲ្យ​សត្វ​ទាំងនោះ​ខាំ​។​ ​លោក​បន្ត​ថា​៖​ ​«​បើ​ក្នុងករណី​សត្វ​ទាំងនេះ​វា​ខាំ​ហើយ​ ​គឺ​ត្រូវ​ប្រញាប់​ទៅ​ចាក់ថ្នាំ​ភ្លាម​ក្នុងរយៈពេល​មួយថ្ងៃ​ឬ​ពីរ​ថ្ងៃក្រោយ​ហេតុការណ៍​នេះ​ ​ហើយ​មន្ត្រី​មូលដ្ឋាន​ត្រូវ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ពី​បញ្ហា​នេះ​»​។​

កាលពី​ពាក់កណ្តាល​ខែកុម្ភៈ​នេះ​ ​ក៏​មាន​ករណី​កុមារី​ម្នាក់​រស់នៅ​ខេត្តស្វាយរៀង​ ​បាន​ស្លាប់​ដោយសារ​ជំងឺឆ្កែឆ្កួត​នេះ​ផង​ដែរ​ ​ក្រោយពី​សត្វ​ឆ្មា​ក្រញៅ​។​ ​បន្ទាប់ពី​មាន​ករណីនេះ​ ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កកកុញ​ ​បាន​នាំគ្នា​សំរុក​ទៅ​ចាក់ថ្នាំ​បង្ការ​ជំងឺឆ្កែឆ្កួត​ ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ​ទាំង​អ្នក​ដែល​ត្រូវ​សត្វ​ឆ្កែ​ឬ​ឆ្មា​ខាំ​ឬ​ក្រញៅ​ ​និង​អ្នក​ដែល​ពុំ​ត្រូវ​បាន​សត្វ​ទាំងនោះ​ខាំ​ឬ​ក្រញៅ។​ ​

ករណីនេះ​ ​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ​កុំ​ឲ្យ​មានការ​ភ័យ​តក់ស្លុត​ ​និង​ភ័យខ្លាច​នឹង​ជំងឺឆ្កែឆ្កួត​ ​ហើយ​គួរ​ផ្តល់​អាទិភាព​ដល់​អ្នក​ដែល​ត្រូវ​សត្វ​ឆ្កែ​ឬ​ឆ្មា​ខាំ​ទៅ​ព្យាបាល​ឲ្យបាន​ទាន់ពេល​វេលា​។​ ​

យោង​តាម​សារ​អប់រំ​របស់ក្រ​សួង​សុខាភិបាល​ ​បាន​ឲ្យដឹង​ថា​ ​ជំងឺឆ្កែឆ្កួត​ ​ជា​ជំងឺ​ដែល​បង្កឡើង​ដោយ​វីរុស​ដែ​កើតមាន​ទាំង​លើ​សត្វស្រុក​ ​និង​សត្វព្រៃ​ ​ដូចជា​ ​សត្វ​ឆ្កែ​ ​ឆ្មា​ ​ប្រចៀវ​ ​ស្វា​ ​និង​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ផ្សេងទៀត​ ​ហើយ​សម្រាប់​នៅ​កម្ពុជា​ ​ជំងឺឆ្កែឆ្កួត​ដែល​ឆ្លង​មកកាន់​មនុស្ស​ភាគច្រើន​បំផុត​តាមរយៈ​ឆ្កែខាំ​។​ ​ក្រសួង​បាន​បន្ត​ថា​ ​ជំងឺឆ្កែឆ្កួត​អាច​ធ្វើឲ្យ​មនុស្ស​ស្លាប់​បាន​ ​ប្រសិនបើ​ជនរងគ្រោះ​មិនបាន​ចាក់ថ្នាំ​បង្ការ​ឲ្យបាន​ទាន់ពេល​វេលា​ ​និង​គ្រប់គ្រាន់​បន្ទាប់ពី​ការ​ខាំ​របស់​សត្វ​ទាំងនោះ​៕​

. .

. .
Share and Like this post

Related Posts

Previous Article

រដ្ឋមន្ត្រី​ក្រសួងធនធានទឹក​ ​ស្នើរ​ដ្ឋ​សភា​ ​បង្កើន​ថវិកា​ ​ខណៈ​ប្រឈម​នឹង​ការ​ឡើង​កម្តៅ​ខ្លាំង​

Next Article

អាជ្ញាធរ​ជាតិ​អប្សរា​ ​ទទួល​ពានរង្វាន់​បេតិកភណ្ឌ​អង្គរ​គ្មាន​ផ្សែង​បារី​

Leave a Reply

Your email address will not be published. Required fields are marked *