មន្ត្រី​ជំនាញ​នៃ​ក្រសួង​កសិកម្ម​បញ្ជាក់​ថា​ ​កម្ពុជា​ពុំ​ទាន់​មាន​ជំងឺ​គ្រុន​ជ្រូក​អាហ្វ្រិក

ប៉ិច​ ​សុធា​រី​ / Khmer Times No Comments Share:
ជ្រូក​កម្ពុជា​ ​ពុំ​ទាន់​រក​ឃើញ​មាន​ផ្ទុក​ជំងឺ​គ្រុន​ជ្រូក​អាហ្វ្រិក​។​ ​​ រូបថត​ ​ជរ​ ​សុ​គន្ធា

ភ្នំពេញ​៖​ ​ស្រប​ពេល​មានការ​រាតត្បាត​ជំងឺ​គ្រុន​ជ្រូក​អាហ្វ្រិក​(​African​ ​Swine​ ​Fever​ ​(​AFS​)​)​ទៅដល់​ប្រទេស​ចិន​ ​និង​វៀតណាម​ខាងជើង​នោះ​ ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​កសិកម្ម​បាន​បញ្ជាក់​ថា​ ​មិនទាន់​រក​ឃើញ​មាន​ករណី​ជំងឺ​នេះ​នៅ​កម្ពុជា​នៅឡើយ​ ​ប៉ុន្តែ​មន្ត្រី​ក្រសួងសុខាភិបាល​​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ កុំ​ទទួលទាន​សាច់​ជ្រូក​ឈឺ​ឬ​ងាប់​ដែល​អាច​បណ្តាល​ឲ្យ​ឆ្លង​ជំ​ងឺ​ផ្សេង​ៗ​។​

អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​ ​និង​ផលិតកម្ម​សត្វ​នៃ​ក្រសួង​កសិកម្ម​​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​លោក​ ​តាន់​ ​ផាន់​ណា​រ៉ា​ ​បាន​ឲ្យដឹង​កាលពី​ថ្ងៃម្សិលមិញ​ថា​ ​ថ្មី​ៗ​នេះ​​មានការ​រក​ឃើញ​នូវ​វត្តមាន​ជំងឺ​គ្រុន​ជ្រូក​អាហ្វ្រិក​ ​បាន​ឆ្លង​ចេញពី​ប្រទេស​ចិន​ រាល​ដាល​ចូល​ដល់​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម​ ​ដែល​បណ្តាល​ឲ្យ​សត្វ​ជ្រូក​ក្នុង​កសិដ្ឋាន​មួយចំនួន ​ត្រូវ​បាន​សម្លាប់ចោល​ទាំងអស់​។​ ​លោក​បន្ត​ថា​ ​នៅ​កម្ពុជា​ ​មកដល់ពេលនេះ​​មិន​មាន​វត្តមាន​ជំងឺ​នេះ​ទេ​ ​ប៉ុន្តែ​ក្រសួង​បាន​ធ្វើការ​ពង្រឹង​ការ​ត្រួតពិនិត្យ​លើ​សត្វ​ជ្រូក​នៅ​តាម​ព្រំដែន​ ​និង​បាន​ធ្វើ​លិខិត​ទៅ​ក្រសួង​ពាក់ព័ន្ធ​ដូចជា​ ​ក្រសួងមហាផ្ទៃ​ ​ក្រសួង​ពាណិជ្ជកម្ម​ ​និង​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ដើម្បី​ជួយ​ទប់ស្កាត់​ការនាំចូល​សត្វ​ជ្រូក​ខុសច្បាប់​។​ ​

លោ​ក​ផាន់​ណា​រ៉ា​ ​បាន​និយាយ​ថា​៖​ ​«​ហើយ​ថ្មី​ៗ​នេះ​ ​ក្រោយពី​ជំងឺ​នេះ​រាលដាល​ដល់​ប្រទេស​វៀតណាម​ ​ក្រសួង​ក៏បាន​ចេញ​សារាចរណែនាំ​ឲ្យ​ពង្រឹង​នៅ​ច្រកចេញ​ចូល​ព្រំដែន ​ឲ្យ​ពិនិត្យ​វិញ្ញា​បត្រ​សុខភាព​សត្វ​ឲ្យបាន​ត្រឹមត្រូវ​ ​ហើយ​ត្រួតពិនិត្យ​សត្វ​ឲ្យបាន​ត្រឹមត្រូវ​ហើយ​នៅពេល​ដែល​សត្វ​ជ្រូក​មកដល់​កន្លែង​សត្វឃាត​ដ្ឋាន​ ​ក៏​យើង​មានការ​ត្រួតពិនិត្យ​បន្ថែម​ទៀត​»​។​

ក្រៅពីនោះ​ ​លោក​ថា​ ​ក្រសួង​ក៏បាន​ចេញ​វិធានការ​បន្ទាន់​មួយទៀត​ផង​ដែរ​ ​ដោយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នាំចូល​សត្វ​ជ្រូក​ចំនួន៣​ ​ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន៤​ ​បង្វែរ​ការនាំចូល​សត្វ​ជ្រូក​ពី​ប្រទេស​វៀតណាម​មក​កម្ពុជា​ ​ហើយ​ងាក​ទៅ​នាំចូល​សត្វ​ជ្រូក​ពី​ប្រទេស​ថៃ​វិញ​ ​ខណៈ​ដែល​ក្រសួង​មានការ​ព្រួយបារម្ភ​ខ្លាច​ជំងឺ​នេះ​ឆ្លង​មក​កម្ពុជា​ ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​វិស័យ​ចិញ្ចឹមសត្វ។​ ​

លោ​ក​ផាន់​ណា​រ៉ា​ ​បាន​បន្ថែម​ថា​៖​ ​«​អ្វី​ដែល​ខ្ញុំ​ព្រួយបារម្ភ​ខ្លាំង​មួយទៀត​នោះ​ ​គឺ​ផលិតផល​ពី​សាច់​ជ្រូក​ដូចជា​ ​សាច់ក្រក​ជាដើម​ ​ដែល​នាំចូល​មក​កម្ពុជា​ ​ព្រោះអី​អ្នកទេសចរ​មួយចំនួន​គាត់​យក​ចូល​មក ​ដោយ​យើង​ពិបាក​នឹង​ទៅ​ឆែក​និង​ពិនិត្យ​ ​ព្រោះ​បើ​សាច់ក្រក​ដែល​ធ្វើ​ពី​សាច់​ជ្រូក​ដែល​ងាប់​ដោយសារ​ជំងឺ ​នេះ​អាច​នៅ​មាន​មេរោគ​នៅក្នុង​នោះ​អីចឹង​ពេល​ដែល​គាត់​នាំចូល​មក​ប្រទេស​យើង​ ​ហើយ​នាំទៅ​កន្លែង​ចិញ្ចឹមសត្វ​អីចឹង​វា​អាច​ឆ្លង​ទៅ​សត្វ​បាន​»​។​

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ ​លោក​លី​ ​សូ​វ៉ាន់​ ​បាន​ឲ្យដឹង​ដែរ​ថា​ ​ជំងឺ​ប្រភេទ​ថ្មី​ផ្តាសាយ​ជ្រូក​អាហ្វ្រិក​នេះ​ ​បាន​ឆ្លង​ខ្លាំង​ទៅលើ​សត្វ​ជ្រូកស្រុក​ ​និង​ជ្រូកព្រៃ​ ​នៅ​ប្រទេស​មួយចំនួន​ធំ​នៅ​អាហ្វ្រិក​ ​និង​បាន​ចំលង​មក​ប្រទេស​ចិន​ ​និង​វៀតណាម​ខាងជើង​ ​ប៉ុន្តែ​ជំងឺ​នេះ​មិន​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ឡើយ​។​ ​លោក​ថា​៖​ ​«​ទោះជាយ៉ាងណា​ ​បងប្អូន​មិន​ត្រូវ​បរិភោគ​សាច់​ជ្រូក​ឈឺ​ឬ​ងាប់​ ដែល​ពុំ​ដឹង​មូលហេតុ​ឡើយ​ដែល​អាច​ចំលង​ជំងឺ​ឆ្លង​ផ្សេង​ៗ​បាន​»​។​

ចំណែក​ ​លោក​ឧកញ៉ា​ ​ម៉ុង​ ​ឬ​ទ្ធី​ ​សមាជិកព្រឹទ្ធសភា​ ​និង​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ដែរ​នោះ​ ​ក៏​ធ្លាប់​បាន​អំពាវនាវ​ដល់​បណ្តា​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ទាំង​ខ្នាត​តូច​ ​មធ្យម​ ​និង​ខ្នាត​ធំ​ទាំងអស់​ ​ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​លើ​ជីវ​សុវត្ថិភាព​ឲ្យបាន​ខ្ពស់​ក្នុង​ការ​ចិញ្ចឹមសត្វ​ជ្រូក​។​ ​លោក​ថា​៖​ ​«​ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​ប្រជាកសិករ​ដែល​ប្រកបរបរ​ចិញ្ចឹម​ជ្រូក​ទាំងអស់​ ​ចូលរួម​បង្ការ​ហានិភ័យ​នេះ​ ​ដោយ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់​បំផុត​ ​ហើយ​បើ​មាន​ករណីនេះ​កើតឡើង​នៅ​តំបន់​ណា​ ​សូមកុំ​លាក់​ព័ត៌មាន​ ​និង​ត្រូវ​យក​សត្វ​ទាំងនោះ​ទៅ​កប់​ចោល​ ​និង​កុំ​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​ឲ្យសោះ​ នាំឲ្យមាន​បញ្ហា​ដល់​សុខភាព​មនុស្ស»។​

កាលពី​ថ្ងៃទី២១ខែកុម្ភៈ​នេះ​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​បាន​ចេញ​សារាចរណែនាំ​មួយ​ស្តី​ពី​វិធានការ​បន្ទាន់​មួយចំនួន​ ​ដើម្បី​ត្រួតពិនិត្យ​ ​និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្​រិក​នេះ​ផង​ដែរ​។​ ​លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ ​ជំងឺ​នេះ​ជា​ជំងឺ​កាច​សាហាវ​ដែល​ពិបាក​លុបបំបាត់​បំផុត​ ​ហើយ​វា​រុ​ស​ដែល​បង្ក​ជំងឺ​នេះ​អាច​រស់នៅ​បាន​យូរ​ក្នុង​សាច់​និង​ផលិតផល​សាច់​ជ្រូក​ ​និង​នៅ​មិនទាន់​មាន​វ៉ាក់សាំង​ការពារ​នៅឡើយ​។​ ​

បើ​តាម​ក្រសួង​កសិកម្ម​ ​ជំងឺ​នេះ​បាន​និង​កំពុង​ផ្ទុះ​រាលដាល​តាម​បណ្តា​ខេត្ត​ចំនួន២៥នៅ​ប្រទេស​ចិន​ ​ខណៈ​ដែល​ប្រទេស​វៀតណាម​ ​មាន​ករណី​ផ្ទុះ​ជំងឺ​នេះ​នៅ​កសិដ្ឋាន​ចំនួន៣ក្នុង​ខេត្ត​ ​Hung​ ​Yen​ ​and​ ​Thai​ ​Binh​ ​ដែល​នាំឲ្យមាន​ការ​សម្លាប់សត្វ​ជ្រូក​ទាំងអស់​ក្នុង​កសិដ្ឋាន​ទាំងនោះ​៕​

Share and Like this post

Related Posts

Previous Article

អាជ្ញាធរ​ជាតិ​អប្សរា​ ​ទទួល​ពានរង្វាន់​បេតិកភណ្ឌ​អង្គរ​គ្មាន​ផ្សែង​បារី​

Next Article

​អង្គការ​ជប៉ុន KOVC ​បង្កើត​គម្រោង​សាកល្បង​ធនាគារ​គោ​ នៅខេត្តបាត់ដំបង