​អង្គការ​ជប៉ុន KOVC ​បង្កើត​គម្រោង​សាកល្បង​ធនាគារ​គោ​ នៅខេត្តបាត់ដំបង

​ប៉ិច​ ​សុធា​រី​ / Khmer Times No Comments Share:
ប្រជា​សហគមន៍​ក្រីក្រ​រស់នៅ​ភូមិ​ព្រៃ​ព្រាល​ ​ឃុំ​តា​គ្រៀ​ម​ ​ស្រុក​បាណន់​ ​ខេត្តបាត់ដំបង​ ​ទ​ទូល​បាន​កម្ចី​ជា​សត្វ​គោ​យក​មក​ចិញ្ចឹម​។​ ​រូបថត​ ​សឹង្គ​ ​គា​

បាត់ដំបង​៖​ ​អង្គការ​ជប៉ុន​មួយ​ ​បាន​សហការ​ជាមួយ​អង្គការ AIM​ ​បាន​បង្កើត​គម្រោង​សាកល្បង​ធនាគារ​គោ​ ​ដើម្បី​ផ្តល់​កម្ចី​ជា​សត្វ​គោ​ដល់​ប្រជា​សហគមន៍​ក្រីក្រ​រស់នៅ​ភូមិ​ព្រៃ​ព្រាល​ ​ឃុំ​តា​គ្រៀ​ម​ ​ស្រុក​បាណន់​ ​ខេត្តបាត់ដំបង​ ​ក្នុង​គោលបំណង​ជួយ​លើកកម្ពស់​ជីវភាព​ ​និង​កាត់បន្ថយ​ការ​ចំណាកស្រុក​របស់​ពលរដ្ឋ​។​

លោក​ ​សឹង្គ ​គា​ ​នាយក​ប្រតិបត្តិ​អង្គការ​ ​AIM​ ​បាន​ឲ្យដឹង​កាលពី​ថ្ងៃម្សិលមិញ​ថា​ ​អង្គការ​ ​Kurume​ ​Overseas​ ​Volunteer​ ​Collaborations​ ​(​KOVC​)​ ​ដែល​បាន​ជួយ​ដល់់​ក្មេង​ក្រីក្រ​ក្នុង​សហគមន៍ ​ភូមិ​ព្រៃ​ព្រាល​តាំងពី​ឆ្នាំ២០១២មក​នោះ​ ​បានសម្រេច​បង្កើត​ធ​នាគា​គោ​នៅ​ឆ្នាំ២០១៥​ ​ក្រោម​ការសម្រប​សម្រួល​របស់​អង្គការ​ ​AIM​ ​ដើម្បី​ផ្តល់​សត្វ​គោ​ឲ្យ​ប្រជាពលរដ្ឋ​ខ្ចី​ ​ដើម្បី​យក​ទៅ​ចិញ្ចឹម​ ​និង​ប្រវាស់​ ​ដែល​ជា​ការ​ជួយ​លើកកម្ពស់​ដល់​ជីវភាព​គ្រួសារ​ ​និង​កាត់បន្ថយ​អត្រា​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នោះ​។​

លោក​ថា​៖​ ​«​គិត​មកដល់​ខែកុម្ភៈ​នេះ​ ​អង្គការ KOVC​ ​មាន​សត្វ​គោ​ចំនួន២០ក្បាល​ ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ខ្ចី​ ​ឬពាក្យ​ខ្មែរ​ហៅថា​យក​ទៅ​ប្រវាស់​ ​អីចឹង​ពេល​ដែល​សត្វ​គោ​នោះ​មានកូន១ យើង​នឹង​ផ្តល់​ឲ្យ​អ្នក​ដែល​ខ្ចី​​ហើយ​ពេល​មានកូន១ទៀត​ ​គឺ​ឲ្យ​មក​ខាង​អង្គការ​ ​KOVC​ ​ហើយ​ក្នុងករណី​បាត់គោ​ឬ​ងាប់​ ​អ្នកខ្ចី​ត្រូវ​សង​គោមួយ​ក្បាល​មកវិញ​ ដោយ​មិន​គិតថា​គោ​នោះ​នៅ​តូច​ឬក៏​ធំ​ទេ​»​។​

លោក​ ​សឹង្គ ​គា​ ​បាន​បន្ថែម​ថា​ ​ក្រៅពី​ការ​ផ្តល់​កម្ចី​ជា​សត្វ​គោ​តាមរយៈ​គម្រោង​ធនាគារ​គោ​នោះ​ ​អង្គការKOVC​ ​ក៏បាន​ជួយ​បណ្តុះបណ្តាល​ជំនាញ​កាត់ដេរ​ខ្នាត​តូច ​ដល់​ស្ត្រី​ក្រីក្រ​និង​បាន​ផ្តល់​នូវ​សម្ភារៈ​សិក្សា​ដល់​សិស្ស​ក្នុង​ភូមិ​ ​ព្រមទាំង​បង្កើត​នូវ​បណ្ណាល័យ​តូច​មួយ ​សម្រាប់​ជា​ជំនួយ​ដល់​ការសិក្សា​របស់​ពួកគេ​ផង​ដែរ​។​ ​លោក​ថា​៖​ ​«​អង្គការ​ហ្នឹង​គាត់​ជួយ​ដល់​ស្ត្រី​ក្រ​ក្រ​ ​ឲ្យ​រៀន​កាត់ដេរ​ ​ហើយ​ផលិតផល​ដែល​ដេរ​បាន​ហ្នឹង​ ​គាត់​យក​ទៅ​លក់​នៅ​ប្រទេស​ជប៉ុន​ ​អីចឹង​ប្រជាជន​ជប៉ុន​គាត់​អាច​ស្គាល់​ពី​ស្នាដៃ​របស់​ខ្មែរយើង​ផង​ដែរ​»​។​ ​

នាយក​ប្រតិបត្តិ​អង្គការ KOVC​ ​កញ្ញា​ ​Sayoe​ ​Nojima​ ​ពុំ​អាច​សុំ​ការ​អត្ថា​ធិប្បាយ​បានទេ​កាលពី​ថ្ងៃម្សិលមិញ​។​

ប៉ុន្តែ​កញ្ញា​បាន​ប្រាប់​សារព័ត៌មាន​ស្រុក​ថា​ ​គម្រោង​ធនាគារ​គោ​នេះ​ ​ជា​គម្រោង​សាកល្បង​មួយ​ ​ហើយ​អង្គការ​នេះ​ក៏​គ្រោង​នឹង​ពង្រីក​ចំនួន​សត្វ​គោ​បន្ថែម​ទៀត​ ​ដើម្បី​ផ្តល់​កម្ចី​ឬ​ប្រវាស់​ដល់​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​សត្វ​គោ​ ​ដើម្បី​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​ ​និង​លើកកម្ពស់​ជីវភាព​គ្រួសារ​របស់​ពួកគាត់​។​ ​អ្នកស្រី​ថា​៖​ ​«​ខ្ញុំ​ចង់បាន​បរិស្ថាន​ក្នុង​តំបន់​គោលដៅ​របស់ខ្ញុំ​ ​មាន​ភាព​ស្រស់បំព្រង​ជាមួយនឹង​ជីវភាព​ធូរធារ​របស់​ប្រជាជន​»​។​

ប្រជាពលរដ្ឋ​ម្នាក់​ដែល​ខ្ចី​សត្វ​គោមួយ​ក្បាល​ ពី​ធនាគារ​គោ​របស់​អង្គការ KOVC​ ​លោក​អូច​ ​សូយ​ ​អាយុ៥៦ឆ្នាំ​ ​បាន​និយាយ​ថា​ ​សត្វ​គោ​ដែល​គាត់​បាន​ខ្ចី​ពី​អង្គការ​នោះ​ ​បាន​កើតកូន​ជាបន្តបន្ទាប់​ ​ហើយ​លោក​ក៏បាន​យកកូន​គោ​នោះ​ទៅ​លក់​បន្ត​ដើម្បី​ជួយ​ទំនុក​បំរុង​ជីវភាព​គ្រួសារ​របស់​លោក​។​ ​លោក​ថា​៖​ ​«​កូនគោ​មួយ​ក្បាល​ហ្នឹង​ ​ខ្ញុំ​បាន​យក​ទៅ​លក់​បាន​លុយ​ជាង១៨០ដុល្លារ​ ​ហើយ​កូនគោ​មួយទៀត​ ​ខ្ញុំ​ប្រគល់​ទៅ​ឲ្យ​ខាង​អង្គការ​វិញ​ហើយ​ ​ប៉ុន្តែ​ខ្ញុំ​នឹង​បន្ត​ខ្ចី​គោម​ក​ប្រវាស់​បន្ថែម​ទៀត​ ​ដើម្បី​បាន​កូនស​ម្រាប​ចិញ្ចឹម​បន្ត​»​។​

អនុ​ភូមិ​ព្រៃ​ព្រាល​ ​លោក ​ផែន​ ​ទិង​ ​បាន​ឲ្យដឹង​ថា​ ​ការ​ជួយ​ផ្តល់​កម្ចី​ជា​សត្វ​គោ​ របស់​អង្គការ KOVC នេះ​ ​ពិតជា​បាន​ជួយ​មួយ​ផ្នែក​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ​ដែល​ជួប​ការ​ខ្វះខាត​។​ ​លោក​ថា​៖​ ​«​អង្គការ​នេះ​បាន​ជួយ​ផ្តល់​សត្វ​គោ​ឲ្យ​ប្រជាពលរដ្ឋ​ប្រវាស់​ ​ពេល​បានកូន​មក​ចែក​គ្នា​ម្នាក់១​ ​អីចឹង​ពលរដ្ឋ​គាត់​អាចយ​ក​គោ​នៅ​ទៅ​ប្រវាស់​បន្ត ​ឲ្យ​អ្នក​ផ្សេងទៀត​ ​អីចឹង​វា​ជួយ​ច្រើន​ដល់​ពលរដ្ឋ​នៅក្នុង​ភូមិ​នេះ​។​ ​

បើ​តាម​លោក​ផែន​ ​ទិង​ ​ក្នុង​ភូមិ​ព្រៃ​ព្រាល​នេះ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង៤៧០គ្រួសារ​ ​ហើយ​ពលរដ្ឋ​ភាគច្រើន​បាន​ចំណាកស្រុក​ ​ទៅកាន់​តំបន់​ផ្សេង​ៗ​ដោយសារតែ​ជីវភាព​ក្រីក្រ​៕​

Share and Like this post

Related Posts

Previous Article

មន្ត្រី​ជំនាញ​នៃ​ក្រសួង​កសិកម្ម​បញ្ជាក់​ថា​ ​កម្ពុជា​ពុំ​ទាន់​មាន​ជំងឺ​គ្រុន​ជ្រូក​អាហ្វ្រិក

Next Article

សម្រង់​ខ្លឹមសារ​សំ​ខាន់​ៗ​ក្នុង​អត្ថបទ៖​ ​គោលដៅ​សន្តិភាព​នៅក្នុង​ជំនួប​កំពូល​ ​អាមេរិក​-​កូរ៉េខាងជើង