cellcard cellcard cellcard

ពិធីជួបជុំអ្នកសារព័ត៌មាន និងការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) ដើម្បីយល់ពីប្រតិបត្តិការ និងការរួមចំណែករបស់ប្រព័ន្ធរាយការណ៍ឥណទាន ក្នុងវិស័យហិរញ្ញវត្ថុ

Share:

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ការិយាល័យឥណទាន​កម្ពុជា (ស៊ីប៊ីស៊ី)បាន​ផ្តួច​ផ្តើម​កម្មវិធីពិសារអាហារថ្ងៃត្រង់ជាមួយអ្នកសារព័ត៌មានប្រចាំកម្ពុជា ប្រារព្ធនៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ ដើម្បីចែករំលែកព័ត៌មានស្តីពីប្រតិបត្តិការ និងការរួមចំណែករបស់ប្រព័ន្ធរាយការណ៍ឥណទានក្នុងវិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។

កម្មវិធីនេះ មានការស្វាគមន៍ និងចូលរួម​យ៉ាងខ្ពង់ខ្ពស់ពីលោក អឿ សុធារ័ត្ន នាយកប្រតិបត្តិរបស់​ការិយា​ល័យ​ឥណទាន បុគ្គលិកក្រុមហ៊ុន និងក្រុមអ្នក​សារព័ត៌មាន​នានានៅ​ក្នុង​ប្រទេសកម្ពុជា។

នៅក្នុងកិច្ចពិសារអាហារដ៏សំខាន់នេះ លោកស្រី ស៊ីសុវត្ថិ រស្មី នាយិកាអភិវឌ្ឍអាជីវកម្ម បានធ្វើបទបង្ហាញចែករំលែកអំពីប្រវត្តិ និងក្របខ័ណ្ឌគតិយុត្តិនៃការបង្កើតការិយាល័យឥណទានកម្ពុជា ការចូលរួមចំណែករបស់ការិយាល័យឥណទានកម្ពុជាក្នុងវិស័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ចប្រទេសកម្ពុជា។

បន្ថែមពីលើនេះ លោកស្រីក៏បានបង្ហាញពីសេវាដំណោះស្រាយអាជីវកម្មរបស់ស៊ីប៊ីស៊ី ដែលជួយដល់ស្ថាប័នជាសមាជិកក្នុងការគ្រប់គ្រងហានិភ័យ និងពង្រីកអាជីវកម្មរបស់ខ្លួន។ ជាពិសេស ចាប់ពីឆ្នាំ២០១៩តទៅ ការិយាល័យឥណទានកម្ពុជា នឹងដាក់អោយដំណើរការនូវប្រព័ន្ធរបាយការណ៍ឥណទានក្រុមហ៊ុនដែលអនុញ្ញាតអោយស្ថាប័នជាសមាជិក​អាចធ្វើការឆែករបាយការណ៍ឥណទានរបស់ក្រុមហ៊ុនដែលស្នើសុំឥណទានអាជីវកម្ម។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិរបស់ការិយាល័យឥណទានកម្ពុជា បានមានប្រសាសន៍ថា៖ «អស់រយៈពេលជាង៦ឆ្នាំហើយដែលស៊ីប៊ីស៊ីបានដំណើរការក្នុងប្រទេសកម្ពុជា ដែលអនុញ្ញាតអោយស្ថាប័នជាសមាជិកទាំង ១៥៨​ស្ថាប័នអាចឆែករបាយការណ៍ឥណទានលក្ខណៈបុគ្គល (Credit Report) តាមរយៈប្រព័ន្ធរបស់ស៊ីប៊ីស៊ី។ តាមរយៈប្រព័ន្ធនេះ វាបានជួយរួមចំណែកដល់ការគ្រប់គ្រងហានិភ័យឥណទាន និងផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់ស្ថាប័នជាសមាជិកក្នុងការសម្រេចចិត្ត ជួយដល់អតិថិជនក្នុងការស្វែងរកឥណទាន និង ជួយដល់សេ្ថរភាពវិស័យហិរញ្ញវត្ថុ និង សេដ្ឋកិច្ចទាំងមូល។ ដោយមើលឃើញអត្ថប្រយោជន៍ និង​ភាពចាំបាច់នៃប្រព័ន្ធ ទើបនៅឆ្នាំ ២០១៨នេះ ការិយាល័យឥណទានកម្ពុជាបានសហការជាមួយស្ថាប័នជាសមាជិក និងស្ថាប័នដៃគូរពាក់ព័ន្ធនានាក្នុងការបង្កើតប្រព័ន្ធរាយការណ៍ព័ត៌មានឥណទានលក្ខណៈក្រុមហ៊ុន(និតីបុគ្គល)»។

លោកបានបន្តថា៖ «ជាលទ្ធផល យើងមានមោទនភាពក្នុងការដាក់អោយប្រើប្រាស់ប្រព័ន្ធរាយការណ៍ព័ត៌មានឥណទានលក្ខណៈក្រុមហ៊ុន (និតីបុគ្គល) ចាប់ពីខែមករា ឆ្នាំ ២០១៩តទៅ ដែលអនុញ្ញាតអោយស្ថាប័នជាសមាជិកអាចធ្វើការឆែករបាយការណ៍ឥណទានរបស់ក្រុមហ៊ុនដែលស្នើសុំឥណទានបាន»។

ក្រៅពីសេវាកម្មដែលបម្រើដល់ស្ថាប័នជាសមាជិក ស៊ីប៊ីស៊ីក៏អនុញ្ញាតអោយអតិថិជនទូទៅឆែក​របាយការណ៍ឥណទានផ្ទាល់ខ្លូនបានដែរ ដែលបច្ចុប្បន្នតម្រូវអោយសាធារណជនអញ្ជើញមកការិយាល័ស៊ីប៊ីស៊ីផ្ទាល់។ ដោយកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាខ្ពស់ក្នុងការផ្ដល់ជូននូវសេវាកម្មប្រកបដោយ​ភាពជឿជាក់និងតម្លាភាពជូនស្ថាប័នសមាជិក និង ប្រជាពលរដ្ឋទូទៅ។

​ការិយាល័យឥណទាន​កម្ពុជា គ្រោងនឹងដាក់​អោយដំណើរការជាផ្លូវការ​នូវ ​«សេវា​ត្រួត​        ពិនិត្យ​​សុខភាពហិរញ្ញ​វត្ថុ_Financial Health Check​» តាមរយៈការសហការដៃគូរជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ ដែលអនុញ្ញាតអោយអតិថជនអាចឆែករបាយការណ៍ឥណទានផ្ទាល់ខ្លួនបាន ចាប់ពីខែមករាឆ្នាំ២០១៩តទៅ នៅតាមសាខាមួយចំនួនរបស់ស្ថាប័នទាំងពីរ។ សេវាកម្មនេះ នឹងពង្រីកបន្ថែមជាមួយ​ស្ថាប័នដៃគូរក្នុងគោលដៅគ្របដណ្តប់ គ្រប់សាខាទូទាំងប្រទេសក្នុងឆ្នាំ២០១៩ ផងដែរ។

(សម្រាប់ព័ត៌មានបន្ថែមអំពីការិយាល័យឥណទាន​កម្ពុជា(CBC) សូមចូលទៅកាន់​គេហទំព័រ​៖​​ https://www.creditbureau.com.kh/)។

អំពីការិយាល័យឥណទាន (CBC)

 ការិយាល័យឥណទានកម្ពុជាជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ព័ត៌មានឥណទាន ឧបករណ៍​វិភាគ និងសេវាកម្មរាយការណ៍ដល់ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា គ្រឹះស្ថានឥណទានជនបទប្រតិបត្តិករឥណទាន និងអ្នកប្រើប្រាស់នានាក្នុងព្រះរាជាណាចក្រកម្ពុជា។​ ស៊ីប៊ីស៊ី ត្រូវបានបង្កើតឡើងក្នុងខែមិនា ឆ្នាំ​២០១២ ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា (NBC) សមាគមធនាគារនៃកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)។

ស៊ីប៊ីស៊ី ជំរុញលំនឹងសេដ្ឋកិច្ចអោយមានភាពកាន់តែប្រសើរឡើង ដោយផ្ដល់ទិន្នន័យទាន់ហេតុការណ៍ប្រកបដោយសុក្រឹតភាពខ្ពស់ដល់អ្នកប្រើប្រាស់ និងវិស័យហិរញ្ញវត្ថុក្នុងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនៃអាជីវកម្មរបស់ពួកគេ។ យើងជួយស្ថាប័នជាសមាជិកក្នុងការគ្រប់​គ្រង​​​ហានិភ័យនៃឥណទាន ការពារការក្លែងបន្លំព័ត៌មាន និងការធ្វើសេចក្ដីសម្រេចចិត្តប្រកប​ដោយប្រសិទ្ធិភាពខ្ពស់។ ស៊ីប៊ីស៊ី ក៏ជួយអ្នកប្រើប្រាស់ក្នុងការត្រួតពិនិត្យរបាយការណ៍ឥណទាន​របស់ពួកគាត់ដើម្បីធានាថាពួកគាត់អាចទទួលបានប្រាក់កម្ចី ហិរញ្ញវត្ថុ និងការពារខ្លួនពីការក្លែងបន្លំអត្តសញ្ញាណផងដែរ៕

Previous Article

CP celebrates new year and thank you for all movie lovers

Next Article

Smart extends SmartPay into Apple ecosystem