កម្ពុជា-ឡាវ ផ្លាស់ប្ដូរ​បទពិសោធ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ

ហង្ស ពណ្ណរាយ / Khmer Times Share:
ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ឆ្វេង) និង​លោក សុន​សាយ សី​ផាន់​ដន នាយករដ្ឋមន្ត្រី​ឡាវ។ រូបភាព៖ ACU

កម្ពុជា និង​ឡាវ ផ្លាស់ប្ដូរ​បទពិសោធ និង​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​ឆ្លងដែន ក្នុងនាម​ជា​ប្រទេស​ជាប់​ព្រំដែន ដើម្បី​លើកកម្ពស់​ស្ថាប័ន​អង្គភាព​អំពើពុករលួយ​ទ្វេភាគី និង​ពង្រីក​កិច្ចសហប្រតិបត្តិការថ្មីៗរួមគ្នា​បន្ថែមទៀត​សម្រាប់​ផលប្រយោជន៍​ប្រទេស និង​ប្រជាជន។

ការពង្រីក​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​ទ្វេភាគី​ខាងលើនេះ ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​លោក សុន​សាយ សី​ផាន់​ដន នាយករដ្ឋមន្ត្រី​ឡាវ និង​មន្ត្រី​អាជ្ញាធរ​អធិការកិច្ច​រដ្ឋ​ឡាវ នៅ​ទីក្រុង​វៀង​ច័ន្ទ​ន៍ ប្រទេស​ឡាវ កាល​ពី​ថ្ងៃ​អង្គារ។

កាលពី​ថ្ងៃ​អង្គារ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កម្ពុជា ប្រកាស​ព័ត៌មាន​ថា ភាគី​កម្ពុជា និង​ឡាវ បាន​សម្ដែង​ការរីករាយ និង​សាទរ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​ទាំង​ពីរ​ក្នុង​ពេល​កន្លង​មក ជាពិសេស​បាន​ពិភាក្សា និង​ផ្លាស់​ប្ដូរ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ស្ថានភាព​ទូទៅ​ពាក់ព័ន្ធ​សេដ្ឋកិច្ច និង​នយោបាយ​ក្នុង​ប្រទេស​ទាំង​ពីរ។

លោក សុន​សាយ សី​ផាន់​ដន បាន​ផ្តាំ​ផ្ញើ​សួរសុខទុក្ខ​លោក ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​បាន​ចូល​រួម​អបអរសាទរ​ចំពោះ​លទ្ធផល​ការងារ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ទទួលបាន​ជោគជ័យ​ក្នុង​រយៈពេល​មួយឆ្នាំ និង​បានចេញ​ដំណើរ​បំពេញ​ការងារ​ប្រកប​ដោយ​ស្វាហាប់ និង​ឈ្លាសវៃ។

ភាគី​ទាំង​ពីរបាន​ពិភាក្សា​ស៊ីជម្រៅ ចែក​រំលែក និង​ផ្លាស់ប្ដូរ​បទពិសោធ​រវាង​ស្ថាប័ន​ទាំង​ពីរ​លើ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ពុក​រលួយ​ក្នុងប្រទេស អំពើពុករលួយ​ឆ្លង​ដែន និង​ការ​ប្រយុទ្ធប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ក្នុង​តំបន់ និង​ពិភពលោក ជាពិសេស​ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​បន្ថែម​រវាង​ប្រទេស ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ក្នុង​នាម​ជា​បងប្អូន និង​ជា​អ្នក​ជិត​ខាង​ល្អ។

លោក ឱម យ៉ិនទៀង និង​លោក សុន​សាយ សី​ផាន់​ដន ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​រវាង​អាជ្ញាធរ​អធិការកិច្ច​រដ្ឋ​ឡាវ និង​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​កម្ពុជា ទាំង​អតីតកាល និង​បច្ចុប្បន្ន។

អង្គភាព​ប្រឆាំង​អំពើពុករលួយ​កម្ពុជា បញ្ជាក់ថា កម្ពុជា-ឡាវ បានផ្តល់​ការ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ស្ថាប័ន​ទាំង​ពីរ​បន្ត និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាក់ព័ន្ធ​បន្ថែមទៀត ដើម្បី​ផលប្រយោជន៍​រួម​រវាង​ប្រទេស និង​ប្រជាជន។

លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​ឱ្យដឹងថា បច្ចុប្បន្ន​កម្ពុជា និង​ឡាវ ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ដូចគ្នា ហើយ​ភាគី​ទាំង​ពីរ​តែង​ទាមទារ​ពង្រឹង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស ព្រោះ​អំពើពុករលួយ​ធ្វើឱ្យ​រាំងស្ទះ​ដល់​ដំណើរ​ការ​កសាង​ប្រទេសជាតិ។

លោក​ថា ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រ​វាង​កម្ពុជា-ឡាវ ពាក់ព័ន្ធ​នឹង​វិស័យ​ប្រយុទ្ធ​ប្រឆាំង​អំព​ើពុករលួយ គឺជា​ការ​បង្ហាញ​ពី​ចំណង​មិត្តភាព ​និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​កាន់​តែ​ល្អ​ក្នុងនាម​ជា​ប្រទេស​ជិត​ខាង។

លោក​បន្តថា បច្ចុប្បន្ន​កម្ពុជា​តែងមាន​ទំនាក់ទំនង​ល្អជា​មួយ​ភាគី​ប្រទេសជិតខាង​ទាំង​វិស័យ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ នយោបាយ វប្បធម៌ ការពារជាតិ សុខភាព និង​ប្រវត្តិសាស្ត្រ ដូច្នេះ​ក្នុងនាម​ជា​អ្នក​ជិតខាង​បើ​មាន​ទំនាក់ទំនង​ល្អ និង​មាន​ភាពស្មោះត្រង់ គឺមាន​ប្រយោជន៍​ច្រើន​គ្រប់​វិស័យ ជាពិសេស​អាច​រួម​រស់​ជាមួយគ្នា​ប្រកប​ដោយ​សន្តិភាព និង​ភាព​រីករាយ​រវាង​ប្រជាជន​និង​ប្រជាជន។

ក្នុង​កិច្ចប្រជុំ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រចាំឆ្នាំ​លើក​ទី៣ រវាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កម្ពុជា (ACU) អាជ្ញាធរ​អធិការកិច្ច​រដ្ឋ​ឡាវ (SIA) និង​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ថៃ (NACC) នៅ​ខេត្ត​សៀមរាប កាលពី​សីហា លោក ឱម យ៉ិនទៀង បញ្ជាក់ថា ការប្រយុទ្ធប្រឆាំង​អំពើពុករលួយមិនមែន​គ្រាន់តែ​អនុម័ត​បទ​ប្បញ្ញត្តិ និង​អនុវត្ត​ប៉ុណ្ណោះ​ទេ តែ​ទាមទារ​ពេលវេលា និង​ការ​ប្រឹងប្រែង​រួមគ្នា​ក្នុងការ​លើកកម្ពស់​ការ​អប់រំ និង​ទប់ស្កាត់ ដើម្បី​កាត់បន្ថយ និង​ចុង​ក្រោយ​ធានា​គ្មាន​អំពើពុករលួយ។

លោក​បន្ថែមថា រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​បាន​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់​កាល​ទី១ ឆ​្នាំ២០២៣-២០២៨ ដែលមាន​ការងារ​ប្រឆាំង​អំពើ​ពុក​រលួយ​ជា​ស្នូល​ដ៏​សំខាន់ និង​ជំរុញ​ឱ្យ​បន្តធ្វើ​កំណែទម្រង់ ព្រមទាំង​ពង្រឹង​អភិបាលកិច្ច​ល្អ ជាពិសេស​លើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ស្អាតស្អំ៕

Related Posts

Previous Article

រដ្ឋសភា​កម្ពុជា​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​១០ការិយាល័យ នៅ​អា​ស៊ែ​បៃ​ហ្ស​ង់ ក្នុងនាម AIPA

Next Article

សាលា​ភូមិន្ទ​រដ្ឋបាល​ចុះ MOU ជាមួយ​សាកលវិទ្យាល័យ​ការពារជាតិ ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​អប់រំ