សាលា​ភូមិន្ទ​រដ្ឋបាល​ចុះ MOU ជាមួយ​សាកលវិទ្យាល័យ​ការពារជាតិ ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​អប់រំ

តន វិបុល / Khmer Times Share:
អនុស្សរណៈ​ការយោគយល់​គ្នា​ត្រូវចុះ​ហត្ថលេខា​ដោយ​លោក សុខ សេង​យ៉​ន នាយក​រង​សាលា​ភូមិន្ទ​រដ្ឋបាល និង​ឧ​ត្ត​ម​សេនីយ​ឯក ដោក សុ​ផា សាកលវិទ្យាធិការ​សាក​ល​វិទ្យាល័យ​ការពារ​ជាតិ។ រូបភាព៖ សាលា​ភូមិន្ទ​រដ្ឋបាល

សាលា​ភូមិន្ទ​រដ្ឋបាល​នៅក្រោម​ក្រសួង​មុខងារ​សាធារណៈ​និង​សាកលវិទ្យាល័យ​កា​ពារ​ជាតិ​នៅ​ក្រោម​ក្រសួងការពារជាតិ​បាន​ចុះ​អនុស្សរណៈ​ការ​យោគយល់​គ្នា​ពី​ម្សិលមិញ ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​បស់​គ្រឹះស្ថានសិក្សា​ទាំងពីរ​លើ​វិស័យ​អប់រំ បណ្ដុះបណ្ដាល និង​គម្រោង​កម្មវិធីផ្សេងៗលើ​គោលការណ៍​ពិគ្រោះ​យោបល់​ឯកភាព សមភាព យុត្តិធម៌ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​គូភាគី​ទៅវិញទៅមក។

អនុស្សរណៈ​ការយោគយល់​គ្នា​ត្រូវបាន​ចុះ​ហត្ថលេខា​ដោយ​លោក សុខ សេង​យ៉​ន នាយក​រង​សាលា​ភូមិន្ទ​រដ្ឋបាល និង​ឧ​ត្ត​ម​សេនីយ​ឯក ដោក សុ​ផា សាកលវិទ្យាធិការ​សាក​ល​វិទ្យាល័យ​ការពារ​ជាតិ​នៅ​ចំពោះមុខ​លោក យក់ ប៊ុន​ណា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​មុខងារសាធារណៈ​និង​ជា​នាយក​សាលា​ភូមិន្ទ​រដ្ឋបាល និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការពារជាតិ។

ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​គ្រឹះស្ថានសិក្សា​ទាំងពីរ​នេះ មាន​ការ​ចូលរួម​ពី​មន្ត្រី ពល​ទាហាន​ នាយទាហានរង នាយ​ទាហាន និង​យោធា​ចា​រ្យ​មកពី​សាកលវិទ្យាល័យ​ការពារជាតិ និង​ថ្នាក់ដឹកនាំ​របស់​សាលា​ភូមិន្ទ​រដ្ឋបាល​របស់​ក្រសួង​មុខងារសាធារណៈ​ជាច្រើន​នាក់​ផងដែរ។

ឧ​ត្ត​ម​សេនីយ៍​ឯក ដោក សុ​ផា បាន​ថ្លែងថា ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ គឺ​ផ្តោត​សំខាន់​លើ​ការបង្កើត​កិច្ចសហប្រតិបត្តិការ​និង​ការ​លើកកម្ពស់​ការគាំទ្រ​គ្នា​ទៅវិញទៅមក​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​សមត្ថភាព​យោធិន​កងយោធពល​ខេមរភូមិន្ទ​លើ​ការអប់រំ​ការបណ្តុះបណ្តាល ការ​ស្រាវជ្រាវ និង​គម្រោង​កម្មវិធីផ្សេងៗ ដោយ​ផ្អែក​លើ​គោលការណ៍​ពិគ្រោះ​យោបល់​ឯកភាព សមភាព យុត្តិធម៌ និង​ផ្តល់​ផលប្រយោជន៍​ជូន​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​ការពារជាតិ។

លោក​បន្ថែមថា វា​ក៏​ជាការ​រួមចំណែក​ថែរក្សា​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ​មាតុភូមិ​ដែល​សាលា​ភូមិន្ទ​រដ្ឋបាល​កំពុង​បំពេញ​បេសកម្ម​របស់ខ្លួន​ដោយបាន​ដើរតួនាទី​យ៉ាង​សំខាន់ ដើម្បី​លើកកម្ពស់​សមត្ថភាព​និង​ប្រសិទ្ធិភាព​ការបណ្តុះបណ្តាល។

លោក យក់ ប៊ុន​ណា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​មុខងារសាធារណៈ​បាន​ថ្លែងថា អនុស្សរណៈ​យោគយល់​គ្នា​នេះ​បាន​ឆ្លុះបញ្ចាំង​អំពី​សាកលវិទ្យាល័យ​ការពារជាតិ​ក្លាយជា​ដៃគូរ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយទៀត​របស់​សាលា​ភូមិន្ទ​រដ្ឋបាល ដើម្បី​ចូលរួម​រៀបចំ​ឥរិយាបថ​របស់​ពល​ទាហាន​ឱ្យបាន​សមជា​មន្ត្រី​បម្រើ​ជាតិ និង​ប្រជាជន​ដែល​អាចឆ្លើយតប​ទាន់ពេលវេលា​ទៅ​នឹង​តម្រូវការ​ពិតប្រាកដរ​បស់​ក្រសួង ព្រមទាំង​ស្របតាម​គោលនយោបាយ​និង​កម្មវិធី​កែ​ទម្រង់​ទាំង​ឡាយ​របស់​រដ្ឋាភិបាល។

លោកថា ស្មារតី​កំណែទម្រង់​រ​បស់​រដ្ឋា​ភិបាល​បាន​គូសបញ្ជាក់​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី១ និង​បាន​ដាក់ចេញ​ចក្ខុវិស័យ​ច្បាស់លាស់ គឺ​ការបន្ត​កែទម្រង់​ស្ថាប័ន​និង​អភិបាល​កិច្ច​ឱ្យសម្រេចបាន​នូវ​រដ្ឋបាល​សាធារណៈ​មួយ​ដែល​មាន​សមត្ថភាព​ខ្ពស់ ខ្លាំង វៃឆ្លាត និង​​ស្អាត​ស្អំ ហើយ​បំពេញការងារ​ក្នុង​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែ​មួយ៕

Related Posts

Previous Article

កម្ពុជា-ឡាវ ផ្លាស់ប្ដូរ​បទពិសោធ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ

Next Article

រចនា​សម្ព័ន្ធ​ខ្លះ​របស់​ប្រាសាទ​បុរាណ​ជាច្រើន​នៅ​សៀមរាប​ត្រូវ​ការ​ស្ដារ​ឡើង​វិញ