សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាស្ថាប័នហិរញ្ញវត្ថុជំរុញការអភិវឌ្ឍវិស័យឯកជននៅក្នុងប្រទេសអភិវឌ្ឍន៍តិចតួចបានបង្កើនការវិនិយោគរបស់ខ្លួនពី១៦៧.៥ លានដុល្លារដល់ ៤៣៨.៥ លានដុល្លារនៅក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា កើនឡើង២៦០ ភាគរយក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។
ជម្រាបជូនលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Asad Yaqub តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំកម្ពុជាមានប្រសាសន៍ថា IFC បានបង្កើនទំហំវិនិយោគរបស់ខ្លួនក្នុងវិស័យហិរញ្ញវត្ថុ។
ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា លោក Yaqub បានកោតសរសើរចំពោះទំនាក់ទំនងរវាងកម្ពុជា និង IFC ក្នុងកិច្ចសហប្រតិបត្តិការលើកកម្ពស់ជីវភាពប្រជាជន ជាពិសេសក្នុងវិស័យហិរញ្ញវត្ថុ IFC បានបង្កើនប្រភពហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម រហូតដល់៩៩ ភាគរយសម្រាប់ប្រតិបត្តិការអាជីវកម្មសរុបនៅក្នុងប្រទេស។
លោកបានគូសបញ្ជាក់ថា ក្នុងអាណត្តិរយៈពេល៥ឆ្នាំរបស់លោក IFC បានបង្កើនទំហំវិនិយោគរបស់ខ្លួនពី ១៦៧.៥ លានដុល្លារដល់ ៤៣៨.៥ លានដុល្លារ។
លោកបានបន្ថែមទៀតថា លើសពីនេះ IFC ផ្តល់សេវាកម្មហិរញ្ញវត្ថុដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតអោយមានច្បាប់ National Payment System ក៏ដូចជាសេចក្តីព្រាងច្បាប់ និងបទប្បញ្ញត្តិក្នុងការចែករំលែកព័ត៌មានឥណទាន (CIS) ដែលរួមបញ្ចូលការបង្កើត Private Credit Bureau ចាប់ពីឆ្នាំ ២០១២ រហូតមកដល់បច្ចុប្បន្ន។
លោកបានបានលើកឡើងទៀតថា ក្រោមក្របខណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន IFC ក៏បានពង្រឹងសមត្ថភាពមន្រ្តីតាមរយៈការចូលរួមទស្សនកិច្ចសិក្សា និងវគ្គបណ្តុះបណ្តាល និងការផ្តល់សេវាទីប្រឹក្សា ដែលគាំទ្រដល់ការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធផងដែរ។
លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណលោក Yaqub ចំពោះការបំពេញការងារក្នុងរយៈពេល៥ ឆ្នាំកន្លងមក ដោយបានកសាងសមិទ្ធិផលជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា ជាពិសេសការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងកាលៈទេសៈដ៏លំបាកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 ។
លោកបានរំលឹកឡើងវិញពីការរួមចំណែករបស់ IFC ក្នុងវិស័យមួយចំនួនដូចជា ហិរញ្ញវត្ថុ កសិកម្ម ការអប់រំ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាប់តាំងពីឆ្នាំ២០០០ មក។
លោកបានបន្ថែមថា “IFC បានបង្កើតឱកាសការងារថ្មីៗ ប្រាក់ចំណូលកើនឡើង និងកាត់បន្ថយភាពក្រីក្រយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ដូច្នេះហើយក្រសួងបានត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ខ្លួនជាមួយ IFC ដើម្បីពង្រឹង និងពង្រីកគម្រោងនេះ”។
លោកបានស្នើឱ្យ IFC ពិនិត្យ និងគាំទ្រវិស័យថ្មីៗ រួមមាន ឌីជីថល សេដ្ឋកិច្ចបៃតង និងសហគ្រាសធុនតូច និងមធ្យម។
និយាយទៅកាន់កាសែតខ្មែរថាមស៍ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវសេដ្ឋកិច្ចសង្គម មានប្រសាសន៍ថា គោលបំណងសំខាន់របស់ IFC គឺលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជន និងការវិនិយោគនៅកម្ពុជា។
លោកបានបន្ថែម “ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ IFC បានផ្តោតលើសហគ្រាសធុនតូច និងមធ្យម ដោយប្រើប្រាស់យន្តការចំនួនបីដូចជា ជំនួយហិរញ្ញវត្ថុ ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព ឌីជីថលនីយកម្ម និងការបង្កើតស្តង់ដារផលិតផល ព្រមទាំងម៉ាលសម្គាល់ភូមិសាស្ត្រ (GI) ដើម្បីនាំចេញទៅក្រៅប្រទេស និងប្រកួតប្រជែងជាមួយនឹងផលិតផលអន្តរជាតិ ដែលបានរួមចំណែកយ៉ាងច្រើនក្នុងការបន្ថែមតម្លៃ បង្កើតការងារ និងបង្កើនប្រាក់ចំណូលសម្រាប់ពលរដ្ឋ»។
លោកបានបន្ថែមថា ដោយសារសហគ្រាសធុនតូច និងមធ្យមមានចំនួន៩៩ ភាគរយនៃអាជីវកម្មទាំងអស់ វិស័យនេះបានស្រូបយកកម្លាំងការងាររបស់កម្ពុជាប្រហែល៧០ ភាគរយ និងរួមចំណែកដល់៦៣ ភាគរយនៃផលិតផលក្នុងស្រុកសរុប ដូច្នេះសំណើររបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់ IFC គឺជារឿងដ៏ត្រឹមត្រូវមួយ។