គោលបំណងចម្បងរបស់អង្គការជីវិតធម្មជាតិ(NatureLife Cambodia)គឺដើម្បីកសាងសមត្ថភាពរបស់គណៈកម្មាធិការតំបន់ការពារសហគមន៍និងអង្គការផ្អែកលើសហគមន៍ឱ្យមានសមត្ថភាពគ្រប់គ្រងតំបន់ប្រកបដោយប្រសិទ្ធភាព។
អង្គការជីវិតធម្មជាតិនៅកម្ពុជាកំពុងគាំទ្រដល់សហគមន៍តំបន់ការពារធម្មជាតិចំនួន ០៤ និងសហគមន៏អភិរក្សជីវចម្រុះចំនួន០១ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តរតនគិរី និងមណ្ឌលគិរីរួមមាន៖ សហគមន៍ការពារធម្មជាតិអូររៃ អូរគគី វាលកំបោរ រវាក់ និងសហគមន៏អភិរក្សជីវៈចម្រុះស្រែជ្រៃ។
ខណៈពេលដែលសមត្ថភាពរបស់គណៈកម្មាធិការតំបន់ការពារសហគមន៍និងអង្គការផ្អែកលើសហគមន៍ក្នុងការសរសេររបាយការណ៍ប្រចាំខែ នៅមានកម្រិត និងដោយមានការស្នើសុំពីគណៈកម្មាធិការទាំងនេះ អង្គការជីវិតធម្មជាតិបានរៀបចំវគ្គបណ្តុះបណ្តាលមួយដែលផ្តោតលើការសរសេររបាយការណ៍វឌ្ឍនភាពប្រចាំខែ និងធ្វើកំណត់ហេតុនៅពេលជួបបទល្មើសព្រៃឈើអំឡុងពេលល្បាត។
វគ្គបណ្តុះបណ្តាលនេះរៀបចំនៅទីរួមខេត្តរតនគិរី (បានលុង) ចាប់ពីថ្ងៃទី ១៩ ដល់ ២០ ខែ មិថុនា ឆ្នាំ ២០២៤ និងមានគណៈកម្មការសហគមន៍ចូលរួមចំនួន ១៩ នាក់ (ស្រី ៤នាក់)។
វគ្គបណ្តុះបណ្តាលនេះបានផ្តល់ឱ្យសិក្ខាកាមនូវចំណេះដឹងទ្រឹស្តី និងការអនុវត្តលើការសរសេររបាយការណ៍ និងកំណត់ហេតុ ដែលផ្តោតជាសំខាន់លើបទល្មើសធនធានធម្មជាតិ។
លើសពីនេះ សិក្ខាកាមបានបង្កើនការយល់ដឹងរបស់ពួកគេអំពីគំរូរបាយការណ៍ តួនាទី និងមុខងារ ការបំពេញ និងប្រសិទ្ធភាពនៃការប្រើប្រាស់របាយការណ៍។
បន្ទាប់ពីបញ្ចប់វគ្គសិក្សានេះ សមាជិកគណៈកម្មាធិការទទួលបានទំនុកចិត្តបន្ថែមទៀតលើការសរសេររបាយការណ៍ និងកំណត់ហេតុ។ សូមអរគុណ USAID-MorodokBaitangសម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការបណ្តុះបណ្តាលនេះ។