cellcard cellcard

យុទ្ធនាការ​លើក​កម្ពស់​ការ​យល់​ដឹង​ផ្នែក​ហិរញ្ញ​វត្ថុ «តោះ! ​និយាយ​ពី​លុយ​»

Share:

ភ្នំពេញ៖ ស្រប​ពេល​ដែល​វិស័យ​ធនាគារ​នៅ​កម្ពុជា បាន និង​កំពុង​បន្ត​រីក​ចម្រើន​ជា​លំដាប់ និង​គួរ​ឲ្យ​កត់​សម្គាល់ វិស័យ​នេះ​ក៏​ជួប​ប្រទះ​បញ្ហា​ប្រឈម​មួយ​ចំនួន​ ដែល​ក្នុង​នោះ កិច្ច​ការពារ​អតិថិជន ក៏​ជា​បញ្ហា​ប្រឈម​មួយ​ដែល​ត្រូវ​ដោះស្រាយ​ ។ កន្លង​មក​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ពង្រឹង​បទ​ប្បញ្ញត្តិ​ និង​ការ​ត្រួត​ពិនិត្យ​ក្នុង​គោល​បំណង​លើក​កម្ពស់​ការ​ផ្តល់​សេវា​របស់់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​តម្លាភាព យុត្តិធម៌ សម​ហេតុផល និង​ការ​ទទួល​ខុស​ត្រូវ សំដៅ​ធានា​ផល​ប្រយោជន៍​របស់​អតិថិជន ជាពិសេស អតិថិជន​ដែល​ក្រីក្រ និង​ងាយ​រង​គ្រោះ​បំផុត។
 
ទោះ​ជា​យ៉ាងណា វិធាន​ការ​ទាំង​នោះ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ ។ ធនាគារ​ជាតិ​នៃ​កម្ពុជា ទទួល​ស្គាល់​ថា​ការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​ពង្រឹង​សមត្ថភាព​ផ្នែក​ហិរញ្ញ​វត្ថុ​របស់​អតិថិជន​គឺ​ជា កត្តា​គន្លឹះ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេស​សល់ ជាពិសេស​គឺ​ការ​កេង​ប្រវ័ញ្ច​គ្រប់​រូបភាព។
 
ដោយ​យល់​ឃើញ​ពី​សារៈសំខាន់​នេះ ធនាគារ​ជាតិ​នៃ​កម្ពុជា​​ និង​អង្គការ​ Good Return របស់​ប្រទេស​អូស្រ្តាលី​ បាន​សហការ​រៀបចំ​យុទ្ធនាការ​មួយ​ឈ្មោះ​ថា​ «តោះ! ​និយាយ​ពី​លុយ​»​ ក្នុង​គោល​បំណង​ផ្លាស់​ប្តូរ​ឥរិយាបថ​ហិរញ្ញ​វត្ថុ​ និង​ពង្រឹង​ការ​ប្រើ​ប្រាស់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដែល មាន​ចំណូល​ទាប​ និង​ងាយ​រងគ្រោះ​។
 
យុទ្ធនា​ការ​នេះ​មាន​គោល​ដៅ​ជំរុញ និង​លើក​ទឹក​ចិត្ត​យុវជន មាន​អាយុ​ចាប់​ពី ១៥ ទៅ​៣០​ឆ្នាំ ​នៅ​តំបន់​ជនបទ និង​ទីប្រជុំជន​ឲ្យ​ពិភាក្សា​បញ្ហា​លុយ​កាក់​ក្នុង​ក្រុម​គ្រួសារ​ និង​មិត្ត​ភក្តិ​ ដើម្បី​ឲ្យ​ពួក​គេ​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ប្រសើរ​ជាង​មុន ។​ ជា​រួម​ប្រធាន​បទ​សំខាន់​ៗ ៤​ គឺ​ ​ជ្រើស​រើស​ ​ប្រើប្រាស់​ ​តថ្លៃ​​ និង​ ​ទំនាក់​ទំនង​ នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា ដោយ​ប្រធាន​បទ​នីមួយ​ៗ​
 
ភ្ជាប់​ជាមួយ​នូវ​សារ​អប់រំ​អំពី​ការ​ជ្រើស​រើស​ និង​ប្រើ​ប្រាស់​ផលិតផល​ហិរញ្ញ​វត្ថុ​ ចៀស​វាង​បំណុល​លើស​លុប ​រៀនត​ថ្លៃ​ដើមី្ប​ទទួល​បាន​សេវា​ហិរញ្ញ​វត្ថុ​ទៅ​តាម​តម្រូវ​ការ​​ និង​បង្កើត​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ផ្តល់​សេវា​​ហិរញ្ញ​វត្ថុ​។
 
យុទ្ធនាការនេះ​​ក៏​បង្ហាញ​ជូន​នូវ​ខ្សែ​វីដេអូ​ខ្លី​ចំនួន ៦ ដែល​មាន​ខ្លឹមសារ​ស្រប​តាម​ប្រធាន​បទ​ខាង​លើ ហើយ​ខ្សែ​វីដេអូ​ខ្លី​ទាំង​នោះ​រួម​មាន ៖​​ ១)-សន្សំ​ ២)- ដើរ​ត ៣)- អត់​បញ្ហា ៤)-ត្រី​មួយ​កំណាត់ ៥)-អ្នក​ដើរ​ផ្សារ និង ៦)-ខ្សឹប​ខ្សៀវ​ ។​
 
ធនាគារ​ជាតិ​នៃ​កម្ពុជា​មាន​កិត្តិយស​សូម​ប្រកាស​បើក យុទ្ធនាការ «តោះ! ​និយាយ​ពី​លុយ​»​​ ចាប់​ពី​ថ្ងៃទី១៤ ខែ​មីនា នេះ​ត​ទៅ៕ 
 
សម្រាប់​ព័ត៌មាន​បន្ថែម​ពី​យុទ្ធនាការ​នេះ សូម​ចូល​ទៅ​កាន់៖
– គេហ​ទំព័រ៖ www.talkmoney.info
– បណ្តាញ​សង្គម៖ www.facebook.com/talkmoneyinfo 

Previous Article

MFIs Moving Swiftly on Mobile Banking

Next Article

Time is Right to Enter Cambodia for Swiss Luxury Brand