cellcard cellcard

លោក​នាយក​រដ្ឋ​ម​្រន្តីប្រកាស​ឈប់​បង់​ប្រាក់

ម៉ៃ​ ទិត្យថារ៉ា Share:

ភ្នំពេញ៖ (ខ្មែរថាមស៍) លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​នាម​​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​លុប​ចោល​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន អេហ្សិត អុិន​វេសមេន (AZ Investment​) ដោយ​ប្រកាស​ថា ​នឹង​ឈប់​យក​លុយ​ពី​ប្រជាពល​រដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៤​ ចាប់​ពី​ម៉ោ​ង​១២យប់ ថ្ងៃ​ពុធ​ម្សិលមិញ​ត​ទៅ​។​

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភា​កាល​ពី​ថ្ងៃ​ពុធ​ថា លោក​ទទួល​បាន​សេចក្តី​រាយការណ៍​ថា​ក្រុមហ៊ុន​មិន​គោរព​តាម​ការ​ណែនាំ​របស់​លោកឲ្យ​បាន​ត្រឹមត្រូវ ​ក្នុង​ការ​មិន​ឲ្យ​យក​លុយ​ពី​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤។ លោក​ថ្លែង​ថា៖«ខ្ញុំ​ប្រកាស​លុប​ចោល​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​​ហើយ​ចាប់​ពី​ម៉ោង​១២​យប់​ថ្ងៃ​នេះការធ្វើរ​ចរាចរ​លើ​ផ្លូវ​ជាតិ​លេខ​៤​នេះមិន​ត្រូវ​បង់​កម្រៃ​អ្វី​ទាំង​អស់​អ្វី​ខ្ញុំ​សុំ​មក​វិញ​គឺ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា»។

លោក​បន្ថែម​ថា៖ «ឯកឧត្តម ​សុន ឆ័យ លោក​បាន​លើក​ក៏​ប៉ុន្តែ​រឿង​នេះ​វា​បាន​កើត​ឡើង​តាំង​ពី​យប់​ម្សិល​ថ្ងៃ​អង្គារ​»​។លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា មូលហេតុ​ដែល​លោក​លុប​កិច្ច​សន្យា​នេះ​ដោយសារ​តែ​ក្រុមហ៊ុន​មិន​បាន​អនុវត្តនូវ​អ្វី​ដែលលោក បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៥​ ខែ​មករា ថា ចាប់​ពី​ម៉ោង​សូន្យឈាន​ចូល​ថ្ងៃទី៧​មករា រថយន្ត​តាម​ដង ​ផ្លូ​វ​ជាតិ​លេខ​៤​ទាំង​ប៉ុន្មាន​មិន​ត្រូវ​បង់​ប្រាក់​ទេ ប៉ុន្តែ​លោក​បាន​សង្កេត​ឃើញ​ថាមាន​រថយន្ត​ចំនួន​២៧០​០​០​គ្រឿងក្នុង​ស្រុកអង្គស្នួល​បាន​​បង់​ប្រាក់​។

គួរ​បញ្ជាក់​ថាកាល​ពី​ថ្ងៃ​ទី៥ខែ​មករាលោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែនបាន​ប្រកាស​ថា​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​អម​ជាប់​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​មិន​ត្រូវ​បង់​លុយ​ត​ទៅ​ទៀត​ទេ​សម្រាប់​រថយន្ត​ធ្វើ​ដំណើរ​ឆ្លង​កាត់​។​ លោក​បញ្ជាក់​ថា​រថយន្ត​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៤មាន​២៣៩០៧​គ្រឿង ហើយ​ការ​ឆ្លង​បញ្ជរ ត្រូវ​បង់​ប្រាក់​១៨០០​រៀល​ទៅ​និង​មក​វិញ​១៨០០រៀល​។​

តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ លោក សុន ឆ័យ​ដែល​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​លុប​ចោល​គម្រោង​វិនិយោគ​លើ​ផ្លូវ​ជាតិ​លេខ​៤ ដោយ​លោក​ថា​គម្រោង​នោះ​ពុំ​មាន​ការ​ដេញ​ថ្លៃ​ត្រឹមត្រូវ​ និង​ការ​ប្រមូល​ចំណូល​ ពី​ប្រជាពល​រដ្ឋ​បាន​ច្រើន​ហើយ​ការ​ជួសជុល​មាន​តិច​តួច បាន​ថ្លែង​ថា​លោក​ស្វាគមន៍​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ​ពីព្រោះប្រជាពល​រដ្ឋ​ចំនួន​៣​ខេត្ត​ ដូចជា​កំពង់​ស្ពឺ កណ្តាលនិងក្រុង​ព្រះសីហនុបាន​ទទួល​រង​នូវ​ការ​លំបាក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ លោក​បាន​ថ្លែង​ថា ៖«​ការ​សម្រេច​នេះ​គឺ​មិន​ត្រឹម​តែ​មិន​ប៉ះពាល់​ដល់​ថវិកា​ជាតិ​នោះ​ទេ​គឺ​បង្កើន​ប្រាក់​ចំណូល​សេដ្ឋកិច្ច​ ដោយសារ​តែ​ពលរដ្ឋ​លែង​ត្រូវ​ចំណាយ​ប្រាក់ ហើយ​រថយន្ត​ឈ្នួល​អាច​នឹង​បញ្ចុះ​តម្លៃ​»​។

លោក ខៀវ ផល្លាប្រជាពល​រដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​បាន​ថ្លែង​ថាលោក​មាន​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដោយ​សារ​លោក​ត្រូវ​ចំណាយ​ច្រើន​ទៅ​លើ​ការ​បង់​ថ្លៃ​ផ្លូវ​នេះ​ពីព្រោះ​លោក​ត្រូវ​ប្រកប​របរ​រក​ស៊ី​កាត់​ផ្លូវ​នេះ​មួយ​ថ្ងៃ​ក៏​៤​ដង​ដែរ​។ លោក​បាន​ថ្លែង​ថា ៖​«​ការ​សម្រេច​ចិត្ត​របស់​សម្តេច​នាយក​លើក​នេះ​ មិន​ត្រឹម​តែ​ខ្ញុំ​ទេគឺ​ប្រជាជន​មួយ​ប្រទេស​គេ​សប្បាយ​ចិត្ត​»​។

លោក ជួន វ៉ាន់ឌន នាយក​កិច្ចការ​ធុរកិច្ច​នៃ​ ក្រុមហ៊ុន AZ Investment បាន​បដិសេធ​ពុំ​ធ្វើ​ការ​អត្ថាធិប្បាយ​ទេ​ដោយ​លោក​មាន​ប្រសាសន៍​ថា ៖​«​សុំ​ទោស​ខ្ញុំ​ជាប់​ប្រជុំ​»​។គួរ​បញ្ជាក់​ថា​ ក្រុមហ៊ុន​អេហ្សិត អុិនវេសមេន (AZ Investment)បាន​ទទួល​ការ​វិនិយោគ​ផ្លូវជាតិ​លេខ​៤ ​ចាប់​តាំង​ពី​ឆ្នាំ​២០០២ ​ក្រោម​កិច្ច​សន្យា​សម្បទាន​ជាមួយ​រដ្ឋាភិបាល​រយៈ​ពេល​៣៥​ឆ្នាំ។ ផ្លូវ​ជាតិ​លេខ​៤​នេះ​ត្រូវ​បាន​ស្ថាបនា​ដោយ​អាមេរិក​កាំង​ហើយ​ពលរដ្ឋ​មួយ​ចំនួន​រិះ​គន់​ថា​ក្រុមហ៊ុន​មិន​បាន​ជួសជុល​ច្រើន​មុន​នឹង​ទទួល​ការ​វិនិយោគ​ពី​រដ្ឋាភិបាល​នោះ​ទេ​។
ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក សន ជ័យ នាយក​ប្រតិបតិ្ត​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​(​ANSA)បាន​ថ្លែង​ថាសម្រាប់​រូប​លោក​ គឺ​ពុំ​មាន​អ្វី​ដែល​ប្លែក​នោះ​ទេ​ គឺ​អ្នក​ណា​អ្នក​ចង​អ្នក​នោះ​គឺ​ជា​អ្នក​ស្រាយ​ប៉ុន្តែ​ការ​ស្រាយ​នេះ​វា​ហាក់​ដូច​ជា​យឺត​ពេល​បន្តិច​។ លោក​បាន​ថ្លែង​ថា៖ «​ការ​ចាប់​ផ្តើម​គម្រោង​នេះ​គឺ​ប្រធាន​សមាគ​អ្នក​រត់​តាក់ស៊ី​ត្រូវ​បាន​ចាប់​ដាក់​គុក​ ហើយ​ធ្វើ​ឲ្យ​អ្នក​រត់​តាក់ស៊ី​ជា​ច្រើន​រង​នូវ​ការ​ឈឺ​ចាប់​ដោយសារ​ត្រូវ​តែ​បង់​ប្រាក់​ឲ្យ​ក្រុម​ហ៊ុន​។ អ្វី​ដែល​សំខាន់​នោះ​គឺ​រដ្ឋាភិបាល​ត្រូវ​ត្រៀម​ថវិកា​សម្រាប់​ការ​ថែទាំ​ផ្លូវ​នេះ ​ពីព្រោះ​នេះ​គឺ​ជា​ផ្លូវ​សេដ្ឋកិច្ច​ធំ​»​៕  

Previous Article

ឥណ្ឌា​កំពុង​ត​្រមង់​ទៅ​រក​សមាហរណកម្ម​​ជាមួយCLMV

Next Article

អ្នកជំនាញ៖ ⁣អ្នកចិត្តវិទ្យានៅមានចំនួនតិច